
អ្នកដែលធ្វើកិច្ចការងារក្នុងវិស័យច្នៃម៉ូដ វិស័យសិល្បៈសម្ដែង ឬសិល្បៈពាក់ព័ន្ធផ្សេងៗ ប្រហែលមិនសូវរំលងព័ត៌មាននេះទេ គឺព្រឹត្តិការណ៍ Met Gala ដ៏ល្បីល្បាញក្នុងពិភពលោក ដែលត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរៃអង្គាសប្រាក់ជួយទ្រទ្រង់ ក្នុងវិស័យសម្លៀកបំពាក់។
“Met”ជាអក្សរកាត់ខាងដើមនៃពាក្យថា “Metropolitan” ដែលជាឈ្មោះសារមន្ទីរសិល្បៈដ៏ធំមួយឈ្មោះពេញហៅថា “Metropolitan Museum of Art” ស្ថិតក្នុងតំបន់ មេនហាត្ដាន (Manhattan) ទីក្រុង ញូយ៉ក នៃសហរដ្ឋអាមេរិក។

វាជាកន្លែងដែលមានមនុស្សដើរណែនណាន់តាន់តាប់ យ៉ាងមមាញឹកបំផុត ហើយក៏ជាកន្លែងផ្ដុំទៅដោយការបង្ហាញម៉ូដសម្លៀកបំពាក់ គ្រឿងអល័ង្ករណ៍ ម៉ូដសក់ ម៉ូដទ្រនាប់ជើងប្លែកៗទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នករចនាម៉ូដ។ ជារៀងរាល់ថ្ងៃ គឺគ្មានលើកលែងថ្ងៃណាទេ ដែលទីនោះ មានមនុស្សតែងតួ ចម្លែកៗ ដើរចុះឡើង ប្រសេចប្រសាច ដែលវាក្លាយជាទម្លាប់ធម្មតារបស់ប្រជាជនរស់នៅតំបន់នោះទៅហើយ។

សារមន្ទីរសិល្បៈមាតុធានី (Metropolitan Museum of Art) ជាសារមន្ទីរដែលដាក់តាំងគ្រប់វត្ថុសិល្បៈតម្រៀបគ្នាតាមលំដាប់លំដោយ។
មហោស្រព Met Gala ដែលមានឈ្មោះជាផ្លូវការថា “គុណប្រយោជន៍នៃវិទ្យាស្ថានសម្លៀកបំពាក់” (Costume Institute Benefit) ធ្វើឡើងក្នុងគោលដៅធំបំផុត គឺការប្រមូលថវិកាពីបណ្ដាអ្នកមាន មហាសេដ្ឋី បុគ្គលល្បីៗក្នុងវិស័យបង្ហាញម៉ូដ យកទៅជួយដល់សារមន្ទីរសិល្បៈ Metropolitan នោះ។ រីឯពាក្យថា “Gala” ប្រែថា “មហោស្រព” ឬ “មហាសមោសរ” ដែលធ្វើឱ្យមនុស្សសប្បាយភ្លើតភ្លើន ក្នុងបរិយាកាស ដែលមានការតុបតែងណែងណង ឆើតឆាយ រុងរឿង។

“Met Gala” ត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ម៉ូដដ៏មានកិត្យានុភាព និងអស្ចារ្យបំផុតរបស់ពិភពលោក។ តារាបង្ហាញម៉ូត អ្នកច្នៃម៉ូដល្បីៗ តារាសម្ដែង តារាភាពយន្ដ អ្នកច្រៀង អ្នករាំ អ្នកកីឡា អ្នកជំនួញ អ្នកនយោបាយ…។ល។ អាចទៅបង្ហាញខ្លួន បង្ហាញម៉ូដ យោងទៅតាមប្រធានបទដែលកម្មវិធីប្រកាសមុន។ ពួកគេ អាចទាញប្រយោជន៍ពីព្រឹត្តិការណ៍នោះក្នុងការផ្សាយពាណិជ្ជកម្មពីខ្លួនឯង ឬផលិតផលខ្លួនឯង ឬអ្វីផ្សេងទៀត ដែលគេចង់ឱ្យល្បី។ នរណាក៏អាចចូលរួមបានដែរ ឱ្យតែគេមានសេចក្ដីក្លាហាននឹងទៅ។ ហើយអ្នកដែលលេចធ្លោរ នឹងត្រូវបានចុះផ្សាយដោយទស្សនាវដ្ដីបង្ហាញម៉ូដ “Vogue”។
តម្លៃសំបុត្រសម្រាប់ ទៅឈរត្រេងត្រាងនៅលើកម្រាលព្រំក្រហម ឱ្យគេថតរូបផ្សាយ បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ឥតចុះវិញសោះ។ កាលពីឆ្នាំ ២០២៣ តម្លៃសំបុត្រ ១សន្លឹកតែ US$ 50,000 ទេ (៥ម៉ឺនដុល្លារ) ប៉ុន្តែក្នុងឆ្នាំ ២០២៤ នេះ តម្លៃសំបុត្រ គឺឡើងដល់ US$ 75,000 (៧ម៉ឺន ៥ពាន់ដុល្លារ) ក្នុង១សន្លឹក។ សូមបញ្ជាក់ថា Met Gala (ឬឈ្មោះផ្លូវការ Costume Institute Benefit) ធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងចំថ្ងៃចន្ទដំបូងគេ នៃខែឧសភា លើកលែងតែក្នុងឆ្នាំ ២០២១ គេលើកទៅធ្វើក្នុងខែកញ្ញា ដោយមូលហេតុវិបត្តិ Covid-19 កាលណោះ។
អ្នកដែលអាចចូលរួមបាន គឺរាប់បញ្ចូលស្ទើរតែគ្រប់វិស័យ សូម្បីតែអ្នកមិនមានអាជីពក្នុងវិស័យសិល្បៈក៏ដោយ ឱ្យតែមានលុយអាចទិញសំបុត្រចូលរួម ហើយមានភាពជឿជាក់លើខ្លួនឯង គឺសូមចុះឈ្មោះទៅចុះ។ យ៉ាងណាក៏ដោយ អ្នកដែលមានលុយជះលើតម្លៃសំបុត្រដែលស្មើនឹងផ្ទះវិឡាកូនកាត់មួយនៅភ្នំពេញទៅហើយនោះ ច្បាស់ជាមិនមែនមនុស្សម្រៀលៗទេ។

2024 | រូបថតពី https://www.vogue.com
ដូច្នេះ ប្រសិនបើ លោកអ្នកនាង កញ្ញា ដែលដឹងថាខ្លួនឯងមិនសូវមានសមត្ថភាពអ្វីក្នុងវិស័យផលិតថ្មី តែចង់ល្បី សូមជ្រើសរើស ចូលរួមក្នុង Met Gala វិញ នោះនឹងគ្មានការរិះគន់ទេ។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ ក្នុង Met Gala 2024 នាង “Kim Kardashian” ដែលពិភពលោកទាំងមូលស្គាល់ថាជាមនុស្សសម្បូររឿងអាស្រូវ សម្បូររឿងបំពុលសង្គមផុតលេខ ក៏នៅតែត្រូវបានទស្សនាវដ្ដីចុះផ្សាយព្រោងព្រាត ដោយសារតែម៉ូដសម្លៀកបំពាក់របស់នាង តឹងហួសហេតុ រហូតដល់ អ្នកទស្សនាឃើញហើយ ថប់ដង្ហើមជំនួសគ្រប់ៗគ្នា និងមានមតិរិះគន់ព្រោងព្រាតជុំវិញម៉ូដសម្លៀកបំពាក់របស់នាង ថាវាជាម៉ូដដែលគ្មានផាសុកភាពទាល់តែសោះ។
នាង Kim Kardashian ជាមនុស្សអសមត្ថភាពក្នុងវិស័យសិល្បៈ ប៉ុន្តែនាងសម្បូរលុយ ដែលបានមកពីមុខរបរលក់ផលិតផលផ្សេងៗ តាមអ៊ីនធើណិត និងបង្កើតព័ត៌មានបំពុលសង្គមញឹកញាប់ជាងគេ ក៏ទីបំផុតអាចល្បីល្បាញដោយសារតែ Met Gala នេះដែរ។

| សម្លៀកបំពាក់របស់នាងមានមតិរិះគន់២យ៉ាង ទី១ គឺភាពតឹងណែនហួសហេតុ ដែលអាចបណ្ដាលឱ្យខូចសរីរាង្គតម្រងនោម ឆ្អឹងខ្នងចង្កេះ និងមើលទៅធ្វើឱ្យស្ត្រេសខ្លាំង មួយទៀតគឺអាវនាង ដូចក្រណាត់ជជុះដែលគេទុកជូតជើង។ មិនដឹងថាជាចេតនានាង ចង់ឱ្យគេរិះគន់ ដើម្បីល្បីឬយ៉ាងណា ព្រោះកន្លងមក នាងតែងធ្វើរឿងឆ្កួតៗឡប់ៗមិនស្វាង ដើម្បីបានល្បីឈ្មោះ
Source from: www.vogue.com

ក្នុងបរិបទនេះ ដោយយោងទៅលើព្រឹត្តិការណ៍កំពុងតែល្បីល្បាញនៅកម្ពុជា ពាក់ព័ន្ធនឹងតារាខ្មែរខ្លះ ដែលមិនយល់ពីគោលគំនិតរួមនៃកម្មវិធីអន្តរជាតិ រហូតបណ្ដាលឱ្យមានការរិះគន់ផងនោះ ខ្ញុំក៏សូមបញ្ជាក់ផងដែរថា “មហោស្រពអក្សរសិល្ប៍” ជាកន្លែងប្រកួតប្រជែងស្នាដៃតែងនិពន្ធ ប្រលោមលោកវែង ខ្លី កំណាព្យ ផ្សេងៗ ។ល។ “មហាស្រពចម្រៀង” ជាកន្លែងដែលតារាចម្រៀងទៅបញ្ចេញសមត្ថភាពឬទទួលពានរង្វាន់ ។ “មហោស្រពគំនូរ” ជាកន្លែងដែលវិចិត្រករ ទៅបង្ហាញស្នាដៃគូររូបរបស់គេ។ “មហោស្រពរូបថត” ជាកន្លែងជាងថតល្បីៗ ទៅដាក់តាំងបង្អួតស្នាដៃថតរូបរបស់ពួកគេ។
ហើយក្នុងនោះដែរ “មហោស្រពភាពយន្ត” ជាកន្លែងប្រកួតប្រជែងស្នាដៃផលិតភាពយន្ដ។ ចំណែកតួសម្ដែងអាចមានសិទ្ធិខ្លះ និងអត់ខ្លះ ទៅតាមប្រភេទ ឬក្រេឌីតរបស់ផលិតកម្មកុន ដែលពួកគេបានសម្ដែង។
យ៉ាងណាមិញ មហោស្រពភាពយន្ដ ក៏អាចត្រូវបានគេឆ្លៀតឱកាស បង្ហាញម៉ូដខ្លះៗដែរ ប៉ុន្តែ វាមិនមែនជា ទស្សនវិស័យនៃព្រឹត្តិការណ៍ទាំងមូលទេ ដែលវាខុសផ្ទុយគ្នាស្រឡះពី Met Gala។ ដូច្នេះ ប្រសិនបើយើង ស្លៀកពាក់តែងតួ ឬបញ្ចេញកិរិយា ណាមួយ ខុសប្រធានបទឬចាកប្រធាន យើងនឹងក្លាយជាមនុស្សចម្លែក ឬអាចថាជាមនុស្ស មិនមានការយល់ដឹង។
វាប្រៀបដូចជា យើងយកភ្លេងខ្លកខែក ទៅចាក់ពេលហែរជំនូន ហើយយកភ្លេងមហោរី ទៅចាក់ពេលហែរខ្មោចអ៊ីចឹង។ វាភ្លាវណាស់ មិនសមទេ!


ឯកសារយោង៖ https://en.wikipedia.org/wiki/Met_Gala
បកប្រែនិងសម្រួលដោយ លឹម វិរិយា