Tag Archives: លឹមវីរីយ៉ា

វាលស្រែស្នេហ៍ខ្ញុំ…

វាលស្រែស្នេហ៍ខ្ញុំ...

សម្រស់វាលស្រែ ខែស្រាពណ៍ឆ្នាំម្សាញ់
ទឹកភ្លៀងដក់ពេញ រលេញគុម្តស្រូវ
ធម្មជាតិបៃតង ផ្សងចិត្តប៉ងនៅ
ស្រូបខ្យល់រដូវ ត្រជាក់ដួងចិត្ត។

សម្រស់ស្រុកខ្មែរ ក្បែរដងបុព្វតា
វែងផុតនេត្រា ចាររឿងអឌិត
កាលបងនិងអូន សាងក្បូនស្នេហ៍ពិត
ប្រលោមកាយស្និទ្ធ ក្រោមទឹកសន្សើម។

វាលស្រែវាលស្រូវ ខ្ទមស្បូវរនាប
បងលូកដៃស្ទាប អង្អែលថ្ពាល់ឆ្នើម
វាយោត្រជាក់ ធ្លាក់ឈ្លក់ដង្ហើម
អស្ចារ្យសម្បើម ផ្ដើមស្នេហ៍ថែចង។

សម្លឹងមើលមេឃ ផ្លេកបន្ទោព្រាក
ភ្ញាក់ខ្លួនស្ទុះងាក ក្រសោបអោបបង
នឹកឡើងសែនខ្មាស់ កំពិសក្តាមខ្យង
ហិចហែលត្រសង ចងចិត្តម្ចាស់ថ្លៃ។

សម្រស់ស្រុកខ្មែរ វាលស្រែជើងភ្នំ
ផ្គរលាន់រងំ ប្រគំយប់ថ្ងៃ
ភិរុណបង្អុរ ជោគដួងហឫទ័យ
ថ្ងៃស្អែកថ្ងៃថ្មី យើងជួបគ្នាទេ?

——————————
ដោយ លឹម វីរីយ៉ា
សៀមរាប, ថ្ងៃទី ៣១ កក្កដា ឆ្នាំ២០១៣

នំបញ្ចុកខ្មែរ…

នំបញ្ចុកខ្មែរ...

នំអ៊ើយនំខ្មែរថែសាវតា
នំពីដូនតាឆីមិនណាយ
បានភ្លក្សពិតឆ្ងាញ់សើចក្អាកក្អាយ
នំស្រាវចង្វាយហៅបញ្ចុក។

រសជាតិគួរគាប់ជាប់ចិត្តក្រៃ
រសជាតិស្នាដៃខ្មែរបុរាណ
ចេះស្លចេះស្លុកយ៉ាងថ្កើងថ្កាន
មួយចានពីរចានជូនមិនថ្វី។

មានទាំងប្រហើរ និង ការី
ញាតិមិត្តមូលមីររើសតាមចិត្ត
អន្លក់ខ្ចីស្រស់ហាន់ឡើងល្អិត
ធ្វើល្បោយលោមស្និទ្ធឆ្អិតជាប់មាត់។

បញ្ចុកនំខ្មែរស្រុកស្រែក្រុង
ត្រៀមចាំបំរុងដោយចិត្តស្មោះ
ជប់លៀងជុំញាតិឆ្ងាញ់មិនទាស់
អញ្ជើញចូលចុះតាមត្រូវការ។

ឃើញនំបញ្ចុកនឹកដល់ម៉ែ
នឹកដល់ស្រុកស្រែទីកំណើត(១)
អនុស្សាវរីយ៍តាំងពីកើត
អាហារកំណើតភ្លេចមិនបាន។

(១) ចេះតែសរសេរហ្អេ តាមពិតខ្ញុំកើតនៅក្នុងក្រុងសោះ!
————————————-
ដោយ លឹម វីរីយ៉ា
សៀមរាប, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣

កូនប្រុសប្រិមប្រិយ…

IMG_3590

ថុញថប់អផ្សុកក្នុងអារម្មណ៍
ខំប្រឹងធ្វើការទាំងយប់ថ្ងៃ
បើសិនមានម្នាក់ជួយបំភ្លៃ
ទុក្ខសោករីងរៃរលាយបាន។

អីយ៉ាស់កូនឆ្កែធ្មេញប្រាំបី
ភ្ញាក់ឡើងថ្មីៗពីសម្រាន្ដ
ឲ្យគេលើក-ព ដោយក្លាហាន
សើចគ្មានរំខានពេញត្រចៀក។

មុខមានមន្តស្នេហ៍ថែមិនណាយ
មង្គលរសាយថ្វាយជូនញាតិ
ឲ្យតែអានាងនៅមិនឃ្លាត
អ្នកផងព្រោងព្រាតបៀតមិនឆ្ងាយ។

ពាក់អាវក្រហមសមអ្វីម្លេះ
ដូចសុរិយារះឈ្នះហ្វូងផ្កាយ
ទឹកមាត់រងើមស្រក់ខ្ចាត់ខ្ចាយ
អញ្ជើញញាតិជិតឆ្ងាយមេត្រីស្និទ្ធ។
—————————————

ដោយ ម៉ាក់យ៉ា
សៀមរាប, ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៣

សំណោកបេះដូង

សំណោកបេះដូង

ផឹកស្រាតែងកាព្យ កំណាព្យគ្មាននយ័
ចុងជួនខ្លីៗ ស្រដីរ៉ាយរ៉ាប់
រាត្រីចន្រ្ទរះ មិនឈ្នះសាសព្ទ
រឿងគេមិនស្តាប់ ប្រាប់ចោលតាមខ្យល់។

តឹងទ្រូងស្ទើរបែក រហែកជាពីរ
អារម្មណ៍វក់វី មីរតែអំពល់
ខែណាឆ្នាំណា ទើបផុតសោកសល់
រលាយរំបល់ ខ្វល់ចិត្តរងកម្ម។

ស្នេហានៃយើង ផ្តើមឡើងដោយចិត្ត
ចងក្រងជាមិត្ត ស្និទ្ធគ្នារយឆ្នាំ
ចំណងគ្រួសារ មិនដែលប្រេះស្រាំ
ថ្ងៃនេះម្តេចកម្ម ស្រាំចិត្តលែងស្ងប់។

តើខ្ញុំខុសអ្វី ស្រដីបានទេ?
កុំបែរងាករេ ទេសនាបន្លប់
បើអ្នកអស់ចិត្ត ឬអ្នកចង់ក្បត់
ខ្ញុំក៏មិនឃាត់ ព្រាត់ក៏មិនថ្វី។

ទំពក់វារទៅ ទើបព្នៅវារមក
ហេតុផលក្នុងលោក ស្រាក់គ្នារញ៉ៃ
សុភមង្គលត្រូវបានប្រលយ័
ថ្ងៃនេះថ្ងៃថ្មី សូមសិរីកើត។
——————————

ដោយ លឹម វីរីយ៉ា
សៀមរាប ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣

យប់ស្ងាត់បាត់ស្នេហ៍

យប់ស្ងាត់បាត់ស្នេហ៍

យប់យន់ស្ងាត់ឈឹងព្រលឹងទៅណា
បាត់ទាំងវាចារធ្លាប់ផ្តាំតាមខ្យល់
ថ្ងៃលិចមិនទាន់ ចាប់ផ្តើមមានកល
បង្វិលឲ្យខ្វល់ឆ្ងល់ស្ទើរមរណា។

យប់ស្ងាត់ណាស់ហើយនៅឡើយតែខ្ញុំ
រវាមច្រិមច្រុមម្តុំវេរ៉ង់ដា
ទៅមុខទៅក្រោយមិនដឹងទៅណា
ឬមួយជីវ៉ាភ្លេចផ្លូវចូលផ្ទះ?

កាលគ្រាក្រក្រីគ្មានអ្វីឲ្យហ្មង
ផ្អែមល្ហែមសាសងក្រងដោយតេជៈ
ពេលមានលុយច្រើនបងប្រែហ៊ឹកហ៊ាក់
ផ្តើមចេះគេចផ្ទះ ស្នេហាអស់នយ័។

យប់យន់ត្រជាក់ខ្យល់ធ្លាក់ពីជើង
អនុស្សាយើងហាក់នៅថ្មីៗ
ប៉ុន្មានឆ្នាំសោះបងចេះបំភ្លៃ
កុហក់អូនស្រីគ្មានថ្ងៃទំនេរ។

យប់ជ្រៅណាស់ហើយកូនអ្ហើយគេងទៅ
ដាក់ក្បាលកើយភ្លៅម៉ែច្រៀងបំពេរ
នៅផ្ទះយើងគ្មានខារ៉ាអូខេ
ទើបប៉ាចង់ជ្រេ ថេរក្រៅវាល្ហើយ។

គេងទៅៗអាពៅកូនម្តាយ
ញាតិមិត្តជិតឆ្ងាយលង់លក់អស់ហើយ
ចាំមាន់រងាវម៉ែងើបគោះខ្នើយ
បញ្ចុកបាយត្រាណត្រើយហើយម៉ែទៅផ្សារ។

រាត្រីសួស្តីញាតិមិត្តបងប្អូន
លិចកើតជើងត្បូងគ្រប់ទ្វីបលោការ
សូមសុបិន្តល្អនិន្រ្ទាសុខា
កុំឲ្យឈឺផ្សានឹកស្នេហ៍ដូចខ្ញុំ។

រាត្រីសួស្តីពីកម្ពុជា
សៀមរាបរមនា អង្គរសុខុម
ផ្ញើរដួងចិត្តស្មោះដល់ប្រុសឫកហំ
រាត្រីភ្លៀងធំ សុំស្នេហ៍វិលវិញ។

លឹម វីរីយ៉ា