(បទវង្សវិចិត្រ មេព្យាង្គ៩)
ថ្ងៃពេញបូណ៌មី ស្ដីប្រាប់ ត្រាប់ត្រងចាំ
ពិសាខឆ្លងឆ្នាំ ចាំទុក ទំនុកបុណ្យ
ឆ្លងឆ្នាំព្រះពុទ្ធ វិសុទ្ធ រង្គាត់មន្ត
លំឱនបន្ទន់ ជន់ជោរ បង្ហូរធម៌។
ថ្ងៃដប់ប្រាំកើត ខ្នើតពេញ ចេញពិសាខ
ជាថ្ងៃបើកឆាក ស្លាកឈ្មោះ ពីរោះខ្ទ័រ
ពុទ្ធសាសនា ថ្លាយង់ គង់វង្សល្អ
សូមផ្សាយបន្ត ធម៌ពិត ក្រឹត្យពាន់ឆ្នាំ។
វិសាខបូជា ជាថ្ងៃ អាល័យព្រះ
ដែលព្រះអង្គឈ្នះ លះបាន ក្សាន្តផុតកម្ម
ត្រៃសរណៈ ប្រចក្ស ឆ្លាក់បណ្ដាំ
ទូន្មានឱ្យចាំ ឆ្នាំព្រះ រះត្រ័យទ្វារ។
(បទកាកគតិ មេព្យាង្គ៤)
ចូលរួមអបអរ ទទួលអំណរ វិសាខបូជា
ជាបុណ្យសាកល ពេញដោយរមនា រំឭកគ្រប់គ្នា
ថ្ងៃសំខាន់បី។
ទី១ជាពេល ព្រះចាករង្វេល ប្រសូតចាកផ្ទៃ
ទី២ត្រាស់ដឹង អស់ភពផែនដី រីឯទី៣
ជាថ្ងៃនិព្វាន។
វិសាខបូជា តាំងចិត្តភាវនា រួមគ្នាឆ្លងស្ពាន
ពុទ្ធសករាជថ្មី កុំបីនៅឃ្លាន លើកជើងដើរឈាន
នឹងមានពន្លឺ។
សាសនាព្រះពុទ្ធ នៅតែជ្រៅមុត វិសុទ្ធរន្ទឺ
តេជះរុងរោចន៍ ដូចយប់ដែលភ្លឺ រស់មិនដែលព្រឺ
ព្រោះយល់ក្ដីស្លាប់។
ឆ្លងពុទ្ធសករាជ សូមមានអំណាច បាចសាចចំណាប់
អ្នកណាយល់ធម៌ ចរផុតផ្សែងអ័ព្ទ ដានព្រះទុកត្រាប់
ជាច្បាប់សន្តិ។
———
វិរិយា![]()
ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា គ.ស. ២០២១












