Tag Archives: បទវង្សវិចិត្រ

កំណាព្យ៖ “វិសាខបូជា”

(បទវង្សវិចិត្រ មេព្យាង្គ៩)

ថ្ងៃពេញបូណ៌មី ស្ដីប្រាប់ ត្រាប់ត្រងចាំ
ពិសាខឆ្លងឆ្នាំ ចាំទុក ទំនុកបុណ្យ
ឆ្លងឆ្នាំព្រះពុទ្ធ វិសុទ្ធ រង្គាត់មន្ត
លំឱនបន្ទន់ ជន់ជោរ បង្ហូរធម៌។

ថ្ងៃដប់ប្រាំកើត ខ្នើតពេញ ចេញពិសាខ
ជាថ្ងៃបើកឆាក ស្លាកឈ្មោះ ពីរោះខ្ទ័រ
ពុទ្ធសាសនា ថ្លាយង់ គង់វង្សល្អ
សូមផ្សាយបន្ត ធម៌ពិត ក្រឹត្យពាន់ឆ្នាំ។

វិសាខបូជា ជាថ្ងៃ អាល័យព្រះ
ដែលព្រះអង្គឈ្នះ លះបាន ក្សាន្តផុតកម្ម
ត្រៃសរណៈ ប្រចក្ស ឆ្លាក់បណ្ដាំ
ទូន្មានឱ្យចាំ ឆ្នាំព្រះ រះត្រ័យទ្វារ។

(បទកាកគតិ មេព្យាង្គ៤)

ចូលរួមអបអរ ទទួលអំណរ វិសាខបូជា
ជាបុណ្យសាកល ពេញដោយរមនា រំឭកគ្រប់គ្នា
ថ្ងៃសំខាន់បី។

ទី១ជាពេល ព្រះចាករង្វេល ប្រសូតចាកផ្ទៃ
ទី២ត្រាស់ដឹង អស់ភពផែនដី រីឯទី៣
ជាថ្ងៃនិព្វាន។

វិសាខបូជា តាំងចិត្តភាវនា រួមគ្នាឆ្លងស្ពាន
ពុទ្ធសករាជថ្មី កុំបីនៅឃ្លាន លើកជើងដើរឈាន
នឹងមានពន្លឺ។

សាសនាព្រះពុទ្ធ នៅតែជ្រៅមុត វិសុទ្ធរន្ទឺ
តេជះរុងរោចន៍ ដូចយប់ដែលភ្លឺ រស់មិនដែលព្រឺ
ព្រោះយល់ក្ដីស្លាប់។

ឆ្លងពុទ្ធសករាជ សូមមានអំណាច បាចសាចចំណាប់
អ្នកណាយល់ធម៌ ចរផុតផ្សែងអ័ព្ទ ដានព្រះទុកត្រាប់
ជាច្បាប់សន្តិ។
———
វិរិយា🌸

ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា គ.ស. ២០២១

កំណាព្យ៖ “ជីវិតលើផែនដី”

[បទវង្សវិចិត្រ មេព្យាង្គ ៤​+២+៤]

(១) និយាយរឿងងាប់ ទ្រាប់ទុក ទំនុកជីវិត
បង្ហាញរឿងពិត គិតទៅ នៅតែគេខ្លាច
មានច្បាប់ស្លាប់រស់ គោះប៉ោត បញ្ឆោតបិសាច
ពួកម្នឹះកំណាច កាចខ្លាំង ចាំងឆ្លុះនរក។

(២) ផែនដីនេះតូច ប្រដូច លម្អងធរណី
ល្អិតជាងធូលី គ្រវី គ្រវាត់វីវក់
ក្នុងចក្រវាល ក្រាលពាស មាសពេជ្រគម្រក់
គំរាមឱ្យភ្លក្ស គក់ទ្រូង ទូងស្គរក្លងខែក។

(៣) អស្មិមានះ ឈ្នះចាញ់ កណ្ដាញ់ដួងចិត្ត
កំណាញ់តោងស្អិត ប្រិតប្រៀង ផ្ទៀងចង់តែបែក
តាមពិតខ្លាចងាប់ គ្រាប់ផ្លោង កោងផ្ទុះរហែក
ក្ដែងៗខំស្រែក ចែកខណ្ឌ ប្រកាន់ពូជសាសន៍។

[#បទព្រហ្មគីតិ មេព្យាង្គ ៥+៦]

(៤) ភពផែនដែនដីយើង ស្នូលសុទ្ធភ្លើង ក្ដៅខ្លាំងណាស់
ទំនាយព្រះជាម្ចាស់ លោកបានត្រាស់ ថានឹងធ្លាយ។

(៥) ផែនដីយើងនឹងឆេះ ប៉ើងរបេះ ដូចទំនាយ
បន្ទាប់មករលាយ អណ្ដែតភាយ លាយអាកាស។

(៦) រឿងនេះពិតមិនខុស ចាំទុកចុះ ត្រឹមត្រូវច្បាស់
រស់នៅត្រូវចេះខ្មាស ជាន់ដានចាស់ ច្បាស់ជាខុស។

(៧) រឿងងាប់ត្រូវទន្ទេញ រឿងរស់វិញ ប្រយ័ត្នស្លុះ
ដង្ហើមចុងច្រមុះ ដាក់ភ្នែនចុះ ស្ទង់ចិន្ដា។

(៨) ផ្ចង់គិតរវាំងកាយ ក្រែងវាឆ្ងាយ ពីសុខា
ព្រោះមោហ៍បាំងបញ្ញា វាហានក្លា សម្លាប់ខ្លួន។

[#បទភុជង្គលីលា មេព្យាង្គ ៦+៤+៤]

(៩) ផែនដីនៃយើងរាល់គ្នា
នឹងក្លាយទៅជា ផេះផង់ក្រមួន។

(១០) ដោយភ្លើងរងើកឆេះស្ទួន
កក្រើកអង្រួន ព្រោះក្បួនបិសាច។

(១១) អ្នកល្អល្អិតល្អោចពួនខ្លាច
មេបក្សកំណាច បាចពិសតាមខ្យល់។

(១២) សត្វលោកច្របូកច្របល់
ព្រោះរស់ធ្លាប់ខ្វល់ ត្រឹមតែអាត្មា។

(១៣) លុះដល់ផែនដីមរណា
ប្រវេប្រវា ប្រាថ្នាសូមសុខ។

(១៤) អ្នកជិតអ្នកឆ្ងាយស្ដាយស្រុក
ធ្លាប់រស់ស្រណុក មិនដែលអាល័យ។

(១៥) ទូលរែកពួកម្នឹះចង្រៃ
ដូចចិញ្ចឹមចៃ លើក្បាលខ្លួនឯង។

(១៦) ឃើញខុស សរសើរក្ដែងៗ
ដូចឆ្កែកើតស្រែង ថ្លែងអួតគីង្គក់។

(១៧) អាស្រូវដូចឋាននរក
នាំគ្នាពង្វក់ បញ្ជោរតែគ្នា។

(១៨) លុះដល់វេនកម្មវេរា
ពាក្យបញ្ជោរគ្នា ក្លាយជាទោសៈ។

[#បទកាកគតិ មេព្យាង្គ ៤​+៤+៤]

(១៩) បើរស់សុខហើយ សូមអ្នកជួយឆ្លើយ
ដោះទុក្ខអ្នកខ្វះ កំពុងតែលតោល
ពិបាកខ្លាំងណាស់ ដូចសត្វឥតម្ចាស់
គេចាប់ដាក់ទ្រុង។

(២០) គ្រាន់តែស្មូមទាន សូមសិទ្ធិរស់រាន
គ្មានអាវុធភ្ជង់ នៅតែគេចាប់
បោចកន្ទេលមុង យកទៅញាត់ទ្រុង
ចោទជនក្បត់ជាតិ។

(២១) អ្នកខ្លះក្បែរគ្នា ប៉ុន្តែបែរជា
មិនហ៊ានចូលបៀត​ ខ្លាចជ្រុះបុណ្យសក្ដិ
ខ្លាចបង់អស់ញាតិ រឿងរ៉ាវគ្រោតគ្រាត
បំផ្លាញសាសន៍ឯង។

(២២) រឿងខ្លះរឿងល្បី គោះរង្គើដី
បន្ទរក្ដែងៗ ខំប្រឹងតស៊ូ
មតិបែកផ្សែង ត្រង់ជាតិសាសន៍ឯង
ទុកឱ្យគេជាន់។

(២៣) ចាំទុកទៅអ្នក វេនកម្មគង់ធ្លាក់
ចុះយ៉ាងទាន់ហន់ អ្នកណាអ្នកសាង
មិនបាច់ខំបន់ ច្បាប់កម្មបន្ទាន់
វន្តផលឥតខុស។

(២៤) ផែនដីនឹងផ្ទុះ គ្រាប់ផ្លោងទម្លុះ
ឆេះធ្លុះធ្លាយសុស គង់ងាប់ជុំគ្នា
ក្លាយផេះទាំងអស់ សត្វម្នឹះស្រីប្រុស
ស្លុះស្លុងក្លាយខ្យល់។

(២៥) មិនយូរទៀតទេ ផែនដីដាច់ថ្នេរ
យើងនឹងអស់កល គ្មានល្បិចបោកគ្នា
បានប៉ះកម្មផ្ទាល់ ចក្រវាលនៅសល់
ភពផ្សេងរាប់កោដិ។

(២៦) ថ្ងៃនោះមកដល់ ថ្ងៃដែលច្របល់
កំហឹងច្រឡោត ឱ្យរលាយខ្សុល
ទុកជាចំណោទ អ្នកណាឆោតៗ
ច្បាស់កើតមកទៀត។

(២៧) ច្នេះហើយបើដឹង សូមនៅសញ្ជឹង
ប្រឹងឱ្យខ្មីឃ្មាត ជួយសង្គ្រោះគ្នា
បងប្អូនរួមជាតិ ក្រែងបានស្លាប់បៀត
ក្បែរនឹងធម៌ព្រះ។
———
វិរិយា 🌸

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ មីនា គ.ស. ២០២២

ដែនដួងចិត្ត (កំណាព្យបទ៩ព្យាង្គ​ ចង្វាក់រណ្ដំ)

នាដីខ្មែរ ខែរំហើយ ត្រើយខាងកើត
ដប់បួនខ្នើត អើតលើមេឃ វែកពន្លឺ
ខែកត្ដិក ទឹកឡើងធំ ម៉ុមព្រួចព្រឺ
រន្ទាលភ្លឺ ឮយន្តហោះ បោះពួយជ្រែក។

រាជធានី ទីកន្លែង ប្លែងជីវិត
អង្គុយគិត រឹតតែខ្វល់ ទ័លដល់ដេក
ទន្លេមួយ ព្រួយអស់ត្រី ឆីរំលែក
រស់ក្រោមមេឃ រែកទុក្ខសោក ថោកដល់ផ្កាប់។

ដែនសុវណ្ណ ខ្មាន់ដួងចិត្ត ខិតមកក្បែរ
មិនបានថែ កែកុនការណ៍ ត្រាប្រថាប់
ពេលខ្លះថប់ ស្អប់អ្នកក្បែរ ស្នេហ៍អ្នកស្លាប់
ចង់ប្រាយប្រាប់ ឆាប់បានដឹង ថ្លឹងឱ្យស្គាល់។

ព្រំដែនចិត្ត ស្អិតលែងរីក ជីកលែងចុះ
ដីលែងស្លុះ ឆ្លុះមើលគល់ យល់មិនដល់
អ្នកនៅរស់ ពោះកំពីង ល្វីងរចល់
លើផ្លូវទ័ល ពាល់តែកម្ម ចាំចូលគុក។

ដែនបេះដូង ឈោងដៃទៅ នៅតែឆ្ងាយ
មេឃបាត់ផ្កាយ ស្រាយចម្ងល់ វ៉ល់ទំនុក
ច្រៀងរៀបរាប់ ផ្គាប់ចិត្តមេ គេខ្ពើមមុខ
ស្ពាយត្រាទុក លុកលុយបូក យកលេខស្មើ។

នាដីខ្មែរ ខែកត្ដិក ទឹកលិចក្រុង
ជើងជាប់ផុង ស្លុងហឫទ័យ រៃលែងហើរ
មេរោគកាច ខ្លាចលែងឆ្លង ដងផ្លូវដើរ
សុខសើៗ បន្ថើរសូម លោមយកជ័យ។
________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស.​២០២១

សន្តិភាពពិត (កំណាព្យបទវង្សវិចិត្រ មេព្យាង្គ១០)

សន្តិភាពពិត ឥតក្លែងក្លាយ ឆ្ងាយមន្ទិល
ស៊ីញ៉េផ្ដាច់ផ្ដិល រំកិលជាតិ ឃ្លាតឧទ្ទាម
ម្ភៃបីតុលា សញ្ញាស្ងប់ ចប់សង្គ្រាម
រំសេវធ្លាប់ឈ្ងៀម ឈាមធ្លាប់ហូរ ប្ដូរជាស្ងប់។

សន្តិភាពពិត ឥតបន្លំ ចំគោលការណ៍
ប៉ារីសចែងចារ ថាស្រុកយើង ភ្លើងឆេះចប់
សង្គ្រាមរ៉ាំរ៉ៃ ច្នៃរុងរោចន៍ ដូចកំណប់
ដូនតាបានកប់ ខ្ចប់ពេញដី ន័យពណ្ណរាយ។

សន្តិភាពពិត ឥតមានប្រែ ថែសម្បថ
នរណាហ៊ានក្បត់ ភ្លាត់ខុសផ្លូវ ទៅរាយមាយ
ច្បាស់ជាជាប់ទោស អូសឱ្យកឿង រឿងទំនាយ
ស្មើនឹងមាក់ងាយ ធ្លាយសម្បថ ក្បត់សន្យា។

សន្តិភាពពិត ឥតមានចែង ថ្លែងរឿងបក្ស
ពោលយ៉ាងប្រចក្ស ដាក់សាក្សី ដីខេមរា
គោរពឯករាជ្យ រាជាខ្ពស់ ហួសសិរសា
បង្រួមសាសនា អហិង្សា ចារប្រពៃ។

សន្តិភាពពិត ឥតមានភ្លាវ រាវផ្ដេសផ្ដាស
សរសេរច្បាស់ៗ ផ្លាស់របប ខ្លបច្បាប់ព្រៃ
ឈប់កាប់សម្លាប់ ចាប់បណ្ឌិត រិតឱ្យក្ស័យ
គុកកម្មចង្រៃ ច្នៃមកជា ធ្លាអប់រំ។

សន្តិភាពពិត ឥតពោលដល់ ខ្វល់អត់បាយ
សម្បូរសប្បាយ ឆ្ងាយទឹកភ្នែក រែកទូលភ្នំ
គ្មានការជិះជាន់ អាសន្នរុក ទុក្ខរងំ
សើចមិនបង្ខំ នាំអំណរ អរគុណពិត។
—————

[កំណាព្យសម្រាប់រំឭកដល់ថ្ងៃខួបសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា]

វិរិយា🌸

ថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ២១ ខែតុលា គ.ស. ២០២០

ដូងអើយ…

(កំណាព្យបទវង្សវិចិត្រ មេព្យាង្គ៩)

ដើមអើយដើមដូង ឈោងដៃស្រមៃបេះ
ដូងអើយខ្ពស់ម្ល៉េះ បេះម្ដេចនឹងដល់បាន
ម្លប់សែនត្រជាក់ អ្នកដុះសព្វភូមិឋាន
ឈរក្បែរថ្មើរម៉ាន ស្រានចិត្តគិតវែងឆ្ងាយ។

ប្រសិនឈោងដល់ ពាល់ប៉ះច្បាស់ជាសុខ
ដូងទុំម្ចាស់ស្រុក សំកុកចាំឥតណាយ
ឈរឬអង្គុយ ឥតលុយក៏សប្បាយ
ដូងខ្ពស់ដូចផ្កាយ ខ្ញុំស្ដាយឡើងមិនដល់។
———
វិរិយា🌸

ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ វិច្ឆិកា គ.ស. ២០២២

រូបថតនៅលើឆ្នេរឋានសួគ៌ កោះរ៉ុង ខេត្តព្រះសីហនុ ប្រទេសកម្ពុជា | ថ្ងៃទី៦ វិច្ឆិកា ២០២២