Tag Archives: កំណាព្យបទព្រហ្មគីតិ

អារក្ខរក្សា (កំណាព្យបទព្រហ្មគីតិ)

អារក្ខបក្សបិសាច​ វាអង់អាច   ឥតខ្លាចអ្វី

មានចិត្តអន្យតិរ្ថិយ ស៊ីចង្រៃ  ជាអាហារ។

វាចូលចិត្តបំផ្លាញ អំណាចក្រាញ ពាសរដ្ឋា

បំពុលមនុស្សា ឱ្យមរណា ព្រោះស្រាល្បែង។

អារក្ខស្ដេចនរក ចិត្តគម្រក់  ឥតកោតក្រែង

នរណាវក់ស្រាល្បែង ច្បាស់វាក្លែង  បោកឱ្យខ្ចាត់។

វាចូលចិត្តបឺតឈាម ហើយអង្កៀម ជីវិតសត្វ

នរណាមិនប្រយ័ត្ន ច្បាស់ជាបាត់  ទាំងព្រលឹង។

អារក្ខមានមន្តរិស្ដ របៀនគ្រឹះ យ៉ាងមាំរឹង

គឺចេះខាបព្រលឹង អ្នកស្រវឹងឱ្យមរណា។

ជាតិមួយមានគេដឹក នាំឈ្លក់ទឹក ស្រវឹងស្រា

ដូចត្រូវបណ្ដាសា រស់ខ្លោចផ្សា រយពាន់ឆ្នាំ។

——

វិរិយា 🌸

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ គ.ស. ២០២៣

កំណាព្យ៖ “ជីវិតលើផែនដី”

[បទវង្សវិចិត្រ មេព្យាង្គ ៤​+២+៤]

(១) និយាយរឿងងាប់ ទ្រាប់ទុក ទំនុកជីវិត
បង្ហាញរឿងពិត គិតទៅ នៅតែគេខ្លាច
មានច្បាប់ស្លាប់រស់ គោះប៉ោត បញ្ឆោតបិសាច
ពួកម្នឹះកំណាច កាចខ្លាំង ចាំងឆ្លុះនរក។

(២) ផែនដីនេះតូច ប្រដូច លម្អងធរណី
ល្អិតជាងធូលី គ្រវី គ្រវាត់វីវក់
ក្នុងចក្រវាល ក្រាលពាស មាសពេជ្រគម្រក់
គំរាមឱ្យភ្លក្ស គក់ទ្រូង ទូងស្គរក្លងខែក។

(៣) អស្មិមានះ ឈ្នះចាញ់ កណ្ដាញ់ដួងចិត្ត
កំណាញ់តោងស្អិត ប្រិតប្រៀង ផ្ទៀងចង់តែបែក
តាមពិតខ្លាចងាប់ គ្រាប់ផ្លោង កោងផ្ទុះរហែក
ក្ដែងៗខំស្រែក ចែកខណ្ឌ ប្រកាន់ពូជសាសន៍។

[#បទព្រហ្មគីតិ មេព្យាង្គ ៥+៦]

(៤) ភពផែនដែនដីយើង ស្នូលសុទ្ធភ្លើង ក្ដៅខ្លាំងណាស់
ទំនាយព្រះជាម្ចាស់ លោកបានត្រាស់ ថានឹងធ្លាយ។

(៥) ផែនដីយើងនឹងឆេះ ប៉ើងរបេះ ដូចទំនាយ
បន្ទាប់មករលាយ អណ្ដែតភាយ លាយអាកាស។

(៦) រឿងនេះពិតមិនខុស ចាំទុកចុះ ត្រឹមត្រូវច្បាស់
រស់នៅត្រូវចេះខ្មាស ជាន់ដានចាស់ ច្បាស់ជាខុស។

(៧) រឿងងាប់ត្រូវទន្ទេញ រឿងរស់វិញ ប្រយ័ត្នស្លុះ
ដង្ហើមចុងច្រមុះ ដាក់ភ្នែនចុះ ស្ទង់ចិន្ដា។

(៨) ផ្ចង់គិតរវាំងកាយ ក្រែងវាឆ្ងាយ ពីសុខា
ព្រោះមោហ៍បាំងបញ្ញា វាហានក្លា សម្លាប់ខ្លួន។

[#បទភុជង្គលីលា មេព្យាង្គ ៦+៤+៤]

(៩) ផែនដីនៃយើងរាល់គ្នា
នឹងក្លាយទៅជា ផេះផង់ក្រមួន។

(១០) ដោយភ្លើងរងើកឆេះស្ទួន
កក្រើកអង្រួន ព្រោះក្បួនបិសាច។

(១១) អ្នកល្អល្អិតល្អោចពួនខ្លាច
មេបក្សកំណាច បាចពិសតាមខ្យល់។

(១២) សត្វលោកច្របូកច្របល់
ព្រោះរស់ធ្លាប់ខ្វល់ ត្រឹមតែអាត្មា។

(១៣) លុះដល់ផែនដីមរណា
ប្រវេប្រវា ប្រាថ្នាសូមសុខ។

(១៤) អ្នកជិតអ្នកឆ្ងាយស្ដាយស្រុក
ធ្លាប់រស់ស្រណុក មិនដែលអាល័យ។

(១៥) ទូលរែកពួកម្នឹះចង្រៃ
ដូចចិញ្ចឹមចៃ លើក្បាលខ្លួនឯង។

(១៦) ឃើញខុស សរសើរក្ដែងៗ
ដូចឆ្កែកើតស្រែង ថ្លែងអួតគីង្គក់។

(១៧) អាស្រូវដូចឋាននរក
នាំគ្នាពង្វក់ បញ្ជោរតែគ្នា។

(១៨) លុះដល់វេនកម្មវេរា
ពាក្យបញ្ជោរគ្នា ក្លាយជាទោសៈ។

[#បទកាកគតិ មេព្យាង្គ ៤​+៤+៤]

(១៩) បើរស់សុខហើយ សូមអ្នកជួយឆ្លើយ
ដោះទុក្ខអ្នកខ្វះ កំពុងតែលតោល
ពិបាកខ្លាំងណាស់ ដូចសត្វឥតម្ចាស់
គេចាប់ដាក់ទ្រុង។

(២០) គ្រាន់តែស្មូមទាន សូមសិទ្ធិរស់រាន
គ្មានអាវុធភ្ជង់ នៅតែគេចាប់
បោចកន្ទេលមុង យកទៅញាត់ទ្រុង
ចោទជនក្បត់ជាតិ។

(២១) អ្នកខ្លះក្បែរគ្នា ប៉ុន្តែបែរជា
មិនហ៊ានចូលបៀត​ ខ្លាចជ្រុះបុណ្យសក្ដិ
ខ្លាចបង់អស់ញាតិ រឿងរ៉ាវគ្រោតគ្រាត
បំផ្លាញសាសន៍ឯង។

(២២) រឿងខ្លះរឿងល្បី គោះរង្គើដី
បន្ទរក្ដែងៗ ខំប្រឹងតស៊ូ
មតិបែកផ្សែង ត្រង់ជាតិសាសន៍ឯង
ទុកឱ្យគេជាន់។

(២៣) ចាំទុកទៅអ្នក វេនកម្មគង់ធ្លាក់
ចុះយ៉ាងទាន់ហន់ អ្នកណាអ្នកសាង
មិនបាច់ខំបន់ ច្បាប់កម្មបន្ទាន់
វន្តផលឥតខុស។

(២៤) ផែនដីនឹងផ្ទុះ គ្រាប់ផ្លោងទម្លុះ
ឆេះធ្លុះធ្លាយសុស គង់ងាប់ជុំគ្នា
ក្លាយផេះទាំងអស់ សត្វម្នឹះស្រីប្រុស
ស្លុះស្លុងក្លាយខ្យល់។

(២៥) មិនយូរទៀតទេ ផែនដីដាច់ថ្នេរ
យើងនឹងអស់កល គ្មានល្បិចបោកគ្នា
បានប៉ះកម្មផ្ទាល់ ចក្រវាលនៅសល់
ភពផ្សេងរាប់កោដិ។

(២៦) ថ្ងៃនោះមកដល់ ថ្ងៃដែលច្របល់
កំហឹងច្រឡោត ឱ្យរលាយខ្សុល
ទុកជាចំណោទ អ្នកណាឆោតៗ
ច្បាស់កើតមកទៀត។

(២៧) ច្នេះហើយបើដឹង សូមនៅសញ្ជឹង
ប្រឹងឱ្យខ្មីឃ្មាត ជួយសង្គ្រោះគ្នា
បងប្អូនរួមជាតិ ក្រែងបានស្លាប់បៀត
ក្បែរនឹងធម៌ព្រះ។
———
វិរិយា 🌸

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ មីនា គ.ស. ២០២២

រៀនរស់ (កំណាព្យបទព្រហ្មគីតិ)

នឹកដល់កល់រឿងចាស់ មានច្រើនណាស់ ពោលពុំអស់
សើចយំក្រពុំស្រស់ ចួនធ្លោយថ្លោះ អស់ទាំងប្រាក់។

កើតទុក្ខមុខឡើងជ្រួញ​ សរសៃរួញ ទួញអួលអាក់
ភ្នែកភ្លឺដូចជាខ្វាក់ ខ្វល់ដល់ស្លាក់ ខ្ជាក់ទៅស្លែង។

កាលណោះស្រុកសាន្តត្រាណ ទ្រព្យប៉ុន្មាន ភ្លើសម្ញែង
មិនសូវកោតគេឯង ឥតបើក្រែង ដល់នរណា។

ឥឡូវខុសពីមុន ធ្លាប់ទារុណ ពន់ទុក្ខា
ច្នោះហើយទើបគិតថា លាក់អាត្មា ទើបប្រពៃ។

បានរៀននឹងព្រះធម៌ លែងខ្វាក់ពណ៌ ឃើញតម្លៃ
សត្វលោករោគចង្រៃ ព្រោះស្រមៃ ខុសតម្រា។

បានដឹងថ្លឹងធម៌ព្រះ រស់យកឈ្នះ តួអាត្មា
គឺលះដល់ចិន្ដា ល្អក្រៃណា សែនវិសេស។

បានយល់ជន្ទល់កម្ម ព្រះពុទ្ធផ្ដាំ កុំបីធ្វេស
គ្រប់ពេលមិនប្រហែស ចើងចចេស នឹងជួបទុក្ខ។

ឥឡូវដូចស្រាលខ្លួន រោគធ្លាប់ពួន លែងរានរុក
ព្រោះតែមានជង្រុក សន្សំទុក ការពារឃ្លាន។

រៀនរស់លស់ដោយកម្ម ផលវាផ្ដាំ ចាំហេតុមាន
ទុក្ខសោកលែងទន្ទ្រាន ព្រោះចែកទាន ដល់អ្នកអត់។

ដើរផ្លូវត្រូវលះបង់ ពត់តម្រង់ ផ្ចង់អំណត់
ធម៌មួយជួយលែងខ្សត់ គឺសង្កត់ ឃាត់តណ្ហា។

ពេលនេះបានយល់ដឹង ថាជាតិហ្នឹង ស្បើយទុក្ខា
ព្រោះធម៌ល្អក្រៃណា ព្រះសាស្ដា រក្សាបាន។

នឹងលែងមានបារម្ភ រស់បានមាំ សមថ្កើងថ្កាន
រហូតអាចរុញច្រាន ឈានដល់បាន ឋាននិព្វាន។
_________
វិរិយា🌸

ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា គ.ស. ២០២១

រូបថតនៅមុខប្រាសាទអង្គរវត្ដខេត្តសៀមរាប ថតពេលព្រឹកព្រលឹមម៉ោង៧ ក្រោយទស្សនាថ្ងៃរះចំកំពូលកណ្ដាល Equinox Day Shooting Post

សូមអួតខ្លួនឯងមួយ (កំណាព្យបទព្រហ្មគីតិ)

មើលខ្ញុំសមសួនទេ? អាវសង់ត្រេកំប្លេរថ្មី
ពណ៌ល្អឆើតអាល័យ នៅក្នុងព្រៃមានតែមួយ។

ខ្សែ-ក-ពីរតម្លឹង ពាក់កាលហ្នឹងមិនសូវព្រួយ
ដាំពេជ្រធ្មេញបង្គួយ ចាំងមួយៗផ្លាតបែកភ្នែក។

សក់ក្ដោបម៉ូដបុរាណ តែកុំស្មានមើលងាយពេក
កាត់ជាងល្បីក្រោមមេឃ កន្ត្រៃផ្ដេកកាំបិតហោះ។

លាបក្រែមក្រហមឆ្អៅ សើចស្ញេញទៅនៅតែស្រស់
វែនតាសមទាំងអស់ នេត្រាឆ្លុះដល់ដួងចិត្ត។

ខ្ញុំឈរថតកាច់រាង ​ ក-រាងផ្អៀងឆ្វេងបន្តិច
មន្តស្នេហ៍ខ្ចាយព្រិចៗ មុនថ្ងៃលិចគួរបេតី។

សូមផ្ញើសារទៅអ្នក ពាក្យរាក់ៗ-ឃ្លាខ្លីៗ
គ្មានបានបង្កប់ស្អី មានតែន័យបង្អួតខ្លួន។

អានហើយសូមកុំក្អួត រឿងខ្ញុំអួតតាមពាក្យចួន
ព្រោះគ្មានអ្នកថែថួន មើលមាំមួនមករៀងអាយ។

ម្ល៉ោះហើយបើមិនអួត ខ្លាចតែឆ្កួតព្រោះដេកស្ដាយ
សម្រស់-ត-ពីម្ដាយ អត់មានក្លាយកាត់ទៅណា។

ឥតមានបានកែកុន នាំយ៉ាកចុនអស់ដុល្លារ
ល្អល្អាច់ពីដូនតា លើលោកាគ្មានពីរឡើយ។
____________

លឹម វីរីយ៉ា🌸

១០ / ០២ / ២០២១

រូបថតខ្ញុំ ថតនៅតាមដងផ្លូវជាតិក្នុងខេត្តស្ទឹងត្រែង កាលពីឆ្នាំ ២០១៥

ស្រណោះស្រុក…

(កំណាព្យបទព្រហ្មគីតិ មេពាក្យ៥ និង ៦)

* ស្រណោះ​ស្រុកខ្ញុំណាស់​ ទាំងក្មេងចាស់ច្រេីនអាត្មា

ដូចត្រូវបណ្ដាសា​ អនិច្ចា​រស់ដូចសត្វ។

* អបាយមុខ​ទាំងបី​ ល្បែងស្រាស្រីល្បីឡេីងខ្ចាត់

រួចហើយ​មិននៅស្ងាត់​ យកចំណាត់ថ្នាក់ពាលា។

* ដាំដុះមិនគិតគូរ​ បែរតស៊ូរឿងមិនជា

លេងភ្នាល់អាប៉ោងបៀ​ ស្រាហូរហៀរផឹកលិចថ្លេីម។

* កូនស្រី​វ័យជំទង់​ ក្លាយ​លិចលង់ខ្លះពោះផេីម

ព្រោះ​ឆ្ងាយពាក្យម្ដាយឆ្នេីម​ ឪសម្បេីមខាងកាប់ចាក់។

* ក្នុងភូមិស្រុកតែមួយ​ ស្អុយរលួយហេីមឡេីងខ្វាក់

ក្លិនស្អុយខ្លាំងដល់ថ្នាក់​ គុកច្រវាក់ទប់លែងជាប់។

* ជាម៉ែជាឪគេ​ ពេលទំនេរមិនរកទ្រព្យ

ឆ្កែឆ្មាក៏លែងរាប់​ រស់​អភ័ព្វ​ដូចខ្មោចប្រេត។

* ស៊ីផឹក​ស្រែក​ឡោងឡាង​ ឫកក្អេងក្អាងកាងអណ្ដែត

ម្ចាស់​ដីពីរបីម៉ែត្រ​ ស្លាប់កេីតប្រេតហេតុរដឹក។

* រស់ដូចសត្វតិរច្ឆាន​ ក្រោកថ្មេីម៉ានបានតែផឹក

ល្បែងពាលរាលកក្អឹក​ ថ្ងៃ​យប់​ព្រឹកនឹកតែបាប។

* សង្គមធ្លាក់ថោកទាប​ ម្នឹះពេញប្រៀបក្លិនឆ្អេះឆ្អាប

បណ្ឌិតគិតតែស្ងាប ​ លូនលត់ក្រាបក្រោមជេីងគេ។

* ឥតខ្វល់ដល់ជាតិសាសន៍​ ឥតបេីខ្មាសខ្មោចផងទេ

បណ្ដោយឱ្យខ្ទេចកេរ​ ចាប់ប្រាជ្ញស្មេរជ្រែញាត់គុក។

* អ្នកអេីយ! ល្មមចេះគិត​ យកការពិតផ្ដិតពីមុខ

យេីងខ្សោយពេញបន្ទុក​ ឈេីរនុកក៏ពុកអស់។

* សង្ឃឹម​ថាទំពាំង​ ក្រោយភ្លៀងរាំងនឹងលែងខ្សោះ

អាចលូតល្អឥតទាស់​ តែស្រណោះ​ ដីមិនកេីត។

* មាតុភូមិ​នៃខ្ញុំ ឥលូវផ្ដុំម្នឹះឥតខ្នើត

សាសន៍គេចូលឆាយឆើត ខោកបន្តើតម្ចាស់ស្រុកដើម។

* សូមលោកជួយមើលផង ក្រែងវាឆ្លងដល់ពូជឆ្នើម

ដែលធ្លាប់ល្អសម្បើម ក្លាយរអើមដូចគំរង់។

* ខ្ញុំមិនហ៊ានពោលប៉ះ ពាល់ដល់ម្ចាស់អ្នកលើកទង់

ឥលូវយើងលិចលង់ មុនក្រោយគង់តែវិនាស។

* ដូច្នេះសូមអភ័យ បន្ធូរដៃចាប់តែពាស

យកល្អខ្វល់ពីរាស្ត្រ ក្រែងនិរាសឥតផ្ទះនៅ។

* ដីយើងនៅសល់តូច យំផ្អូចៗស្រែឥតស្រូវ

បើលោកកាត់ទាំងផ្លូវ ប្រហែលនៅសល់តែផ្នូរ។

* ចុងក្រោយមានតែខ្មោច វិញ្ញាណល្អោចដោចអាសូរ

វិលវល់រកពុទ្ធោ ទោះបីថ្ងូរ គ្មានអ្នកឮ។

__________

លឹម វីរីយ៉ា🌸

ថ្ងៃអាទិត្យ ១រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤

ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា គ.ស.​២០២០

កម្រងរូបភាពដែលប្រមូលចងក្រងពីក្នុងបណ្ដាញសង្គមផ្សេងៗ