Tag Archives: កំណាព្យបទកាកគតិ

ដីទុកធ្វើផ្នូរ (កំណាព្យបទកាកគតិ)

នេះដីកេរឪ បន្សល់ទុកនៅ

អាពៅសង់ផ្ទះ ទទឹង៣ម៉ែត្រ

បណ្ដោយអស់ស្ទះ សង់រួចនឹងឈ្នះ

បេះដូងម៉ែក្មេក។

ឮតែគេថា បេីចង់រៀបការ

ទាល់មានផ្ទះដេក តូចក្ដីធំក្ដី

អាចផ្សំដំណេក ល្អជាងទៅដេក

ផ្ទះឪផ្ទះម៉ែ។

ប្លង់ផ្ទះចង្អៀត តែចិត្តមិនត្បៀត

ព្រោះវាមានស្នេហ៍ បេះដូងរីកធំ

ធំប៉ុនវាលស្រែ អាចរស់ល្ហេីយល្ហែ

ឥតប្រែប្រួលថ្វី។

ដីនេះពីដេីម ឪវាទុកផ្សេីម

ត្រៀមធ្វេីចេតិយ លុះកូនធំឡេីង

វាឥតចេះអី ចង់បានតែដី

យកទៅសង់ផ្ទះ។

ទម្រាំដឹងរឿង អាពៅចិត្តសឿង

វាចង់តែឈ្នះ វាមានសង្សារ

ចង់ការរូតរះ ម៉ែក្មេកវាលះ

សួរផ្ទះសម្បែង។

ពេលនេះរួចរាល់ ថ្ងៃការជិតដល់

វាអរមិនលែង អនាគតវា

ច្បាស់ជាខែងរ៉ែង សប្បាយហុយផ្សែង

ផ្ទះប៉ុនផ្នូរខ្មោច។

———

វិរិយា🌸

ថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

កុំទុកចិត្ត (កំណាព្យបទកាកគតិ)

កុំទុកចិត្តមេឃ ពេលយប់ចូលដេក
កុំធ្មេចលឿនលយ ក្រែងលោអាចម៍ផ្កាយ
ក្លាយជាបែកធ្លោយ ជ្រុះមករាយរោយ
ស៊យដល់ផែនដី។

កុំទុកចិត្តខ្យល់ យប់យន់ចូលដល់
កុំខ្វល់នឹងស្រី ជជែកញ៉ែងញ៉ង
ឆ្លងផុតយាមបី កណ្ដាលរាត្រី
ស្ដីច្រើនអស់កេរ។

កុំទុកចិត្តផ្កាយ តារារះឆ្ងាយ
ក្លែងក្លាយផងទេ ភ្លើងទៀនក្នុងគោម
គេលោមបំពេរ ហោះបាំងចង្អេរ
បន្លំចន្ទ្រា។

កុំទុកចិត្តដី ពុកផុយរាល់ថ្ងៃ
បំភ្លៃមេឃា បាក់ចូលទន្លេ
ហូរជ្រែដល់ហៀរ សណ្ដក្លាយជា
ពសុធាដូរឈ្មោះ។

កុំទុកចិត្តទឹក យប់ថ្ងៃល្ងាចព្រឹក
នឹកសៀងពីរោះ ហូរចូលដីក្រុង
ឡើងស្លុងរង្គោះ ចុងក្រោយសាបព្រោះ
គ្រោះកាចចង្រៃ។

កុំទុកចិត្តខ្ញុំ ចាត់ឱ្យនៅម្ដុំ
កុំចូលរញ៉ៃ ក្រែងខ្ញុំមានរោគ
ខូវីដចេញថ្មី មកប៉ះជើងដៃ
តិចក្ស័យទាំងរស់។
____________
វិរិយា🌸

ថ្ងៃ ចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា គ.ស.​២០២០

នេះជារូបថតអ្នកនិពន្ធណា តិចមើលឥតស្គាល់ចុះ!!!

ពេលអត់លុយ (កំណាព្យបទកាកគតិ)

មានលុយអត់លុយ កុំធ្វើមុខស្អុយ
នាំគេមើលងាយ ញញឹមកុំខ្លាច
បាចស្នេហ៍ពង្រាយ នឹងមានសម្ពាយ
ធ្លាយចូលហៅបុណ្យ។

បុណ្យនោះជាអ្វី? សូមប្រាប់សេចក្ដី
ន័យមិនដាបដុន ជាអារម្មណ៍មួយ
ដែលជួយដោះកុន រឿងទ័លយ៉ាកចុន
ក្លាយប៉ុនពងមាន់។

ក្ដីសុខដែលពិត មិនមែននៅជិត
កន្លែងអ្នកគ្រាន់ តាមពិតនៅឆ្ងាយ
ឆ្ងាយផុតគេជាន់ ផុតភ័យអាសន្ន
លាន់តែសន្តិ។

ខ្ញុំរស់មួយជាតិ រស់ឆ្ងាយពីញាតិ
ដែលមានអស្មិ ក្បាលធំជាងពោះ
យសគ្មានសុចិ បាត់ទាំងសតិ
រាប់មិនកើតទេ។

មានលុយអត់លុយ កុំទៅប្រថុយ
បែកស្លុយខ្ចីគេ នាំបង់ប្រវត្តិ
គេកត់ឈ្មោះផ្ទេរ បុលវាល់ចង្អេរ
ខូចកេរ្តិ៍អាស្រូវ។

អត់លុយហ៊ឺហារ មិនដែលសោកា
ឈឺផ្សាតាមផ្លូវ មុខស្រស់ជានិច្ច
មិនធ្មេចក្រញូវ បណ្ដាំម៉ែឳ
កូនត្រូវតែសើច។
————–
វិរិយា🌸

ថ្ងៃចន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី១៩ ខែតុលា គ.ស. ២០២០

រូបថតនៅក្រុង តូក្យូ ប្រទេសជប៉ុន ខែកុម្ភៈ ឆ្នាំ ២០១៨
  • រឿង “ធ្វើសង្គ្រាមលើក្រដាស”

  • Karma Theory

    ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”

  • “អំនួត”

  • Sinner

    “កាឡកណ្ណី” (Kalakanni)

  • រឿង “ធ្វើសង្គ្រាមលើក្រដាស”

  • Karma Theory

    ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”

  • “អំនួត”

  • Sinner

    “កាឡកណ្ណី” (Kalakanni)

  • រឿង “ធ្វើសង្គ្រាមលើក្រដាស”

    រឿង “ធ្វើសង្គ្រាមលើក្រដាស”

    ចូវស៊ឺ ជាមេទព័ដ៏មានឈ្មោះល្បីល្បាញរបស់នគរចូវ។ គេមានកូនប្រុសម្នាក់ឈ្មោះ ចូវខ ដែលជាក្មេងចូលចិត្តអានសៀវភៅ ក្បួនតម្រាអំពីការធ្វើសឹកសង្រ្គាមជាខ្លាំង។ ចូវខ អាចអធិប្បាយអំពីការរៀបចំកងទ័ពសម្រាប់ការធ្វើសង្រ្គាមបានយ៉ាងស្ទាត់ជំនាញ សូម្បីតែពេលខ្លះ ឪពុករបស់គេក៏នឹកមិនឃើញដែរ។ ហេតុនេះហើយទើបបានជា ចូវខ គិតស្មានដោយខ្លួនឯងថា នៅលើលោកនេះ មិនមាននរណាអាចប្រៀបផ្ទឹមជាមួយខ្លួនបានឡើយ។ ទោះជាយ៉ាងណា ចូវស៊ឺ មិនដែលលើកសរសើរពីកូនរបស់ខ្លួនម្តងណាឡើយ ព្រមទាំងពោលដោយក្តីបារម្ភថា “នាពេលអនាគត បើនគរចូវមិនបានប្រគល់តំណែងមេទ័ពទៅឱ្យ ចូវខ ទេ នោះគឺជាប្រការល្អបំផុត និងបើនៅតែចចេស ប្រគល់ឱ្យ ចូវខ ទៅដឹកនាំកងទព័ គឺគេនោះហើយដែលជាអ្នកនាំក្តីវិនាសមកឱ្យនគរចូវ”។ កាលពីឆ្នាំ ២៦២ មុនគ្រិស្តសករាជ ពេលដែលកងទព័នគរឈិន លើកគ្នាវាយលុកមកលើនគរ ចូវ កងទព័ទាំងសងខាងបានប្រយុទ្ធតទល់ជាមួយគ្នានៅសមរភូមិ ឆាងភិង។ ពេលនោះ ចូវស៊ឺ បានទទួលអនិច្ចកម្មបាត់ទៅហើយ ឯ លិនសៀងយូ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ក៏មានជំងឺជាទម្ងន់ផងដែរ។ នគរចូវបានបញ្ជូន លានប៉ ដែលជាមេទ័ពជើងចាស់ឱ្យទៅដឹកនាំការប្រយុទ្ធនោះ។ កាលពីដំបូងៗ កងទ័ពនគរចូវ ត្រូវបរាជយ័ជាបន្តបន្ទាប់ តែក្រោយមក លានប៉ បានផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មី ដោយគ្រប់គ្រងកម្លាំងឱ្យនៅតែក្នុងមូលដ្ឋាន មិនឱ្យចេញប្រយុទ្ធអ្វីទាំងអស់។ សង្រ្គាមបានបន្លាយពេលរហូតដល់ទៅបីឆ្នាំ។…


  • ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”

    ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”

    ឃើញសំណួរគាត់តាំងពីម្សិលមិញ ប៉ុន្តែគិតថា បើនឹងឆ្លើយតបខ្លីៗពេក គាត់ពិបាកយល់។ ក្នុងនាមជាអ្នកសិក្សាបរមត្ថវិជ្ជាបានបន្តិចបន្តួច សូមសារភាពថា ខ្ញុំកាលពីមុន ក៏ធ្លាប់មានចម្ងល់ដូចគាត់អ៊ីចឹងដែរ ប៉ុន្តែ ពេលនេះ ចម្ងល់បែបនោះ លែងក្លាយជាមន្ទិលសង្ស័យទៀតហើយ។ សំណួររបស់លោក Khmer Washington បានសួរថា “ចុះអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និងកម្មយ៉ាងម៉េចដែរ?” ដំបូងយើងត្រូវដឹងឱ្យច្បាស់ជាមុនសិនថា តើអ្នកលួចនោះជានរណា មានសមាសភាពជាអ្វី មានស្ថានភាពជីវិតធ្ងន់ស្រាលកម្រិតណា? ហើយការលួចនោះទៀតសោត តើលួចយកអ្វី? និងលួចក្នុងគោលបំណងអ្វី? នៅក្នុងធម្មបទគាថា នៃបិដកលេខ ៥២ ទំព័រ ២១ សរសេរថា៖ “មនោបុព្វង្គមា ធម្មា   មនោសេដ្ឋា មនោមយា មនសា ចេ បទុដ្ឋេន  តាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្ទេតិ   ចក្កំវ វហតោ បទំ។” ប្រែថា៖ “ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​( មាន​ចិត្ត​ជា​ធំ)…


  • “អំនួត”

    “អំនួត”

    (កំណាព្យ បទ ៧ព្យាង្គ) អំនួតក្អេងក្អាង ច្រើនតែអន់ពេលព្រឹក លប បន់ ស្រន់សូមទ្រព្យរសៀលចេញអួត តាមទម្លាប់យប់ឡើងដេកទ្រាប់ កើយដៃគិត។ ស្អែកឡើងអួតទៀត ឆ្លៀតឥតឈប់អួតក្នុងអង្គប់ បន្លាស្អិតដៀលញាតិបងប្អូនធ្លាប់ជាមិត្តថាគេចង់ស្និទ្ធ ព្រោះអញខ្លាំង។ អួតរឿងមានលុយ ឡាន វិឡាអួតអលង្ការ ភ្លឺចែងចាំងអ្នកធ្លាប់បានជួយ ក្លាយជាខ្មាំងព្រោះតែមោហ៍បាំង បិទជិតមុខ។ អួតថាអញមានព្រោះអញឆ្លាតពូកែសង្វាតសន្សំទុកអួតថាអញខ្លាំងមានជង្រុកដែលពោរពេញផ្ទុកដោយមាសប្រាក់។ អួតនេះហៅចំមហាអន់ព្រោះពេលអាសន្នជាន់ច្រវាក់ចេះត្រឹមចំទាលដូចជនខ្វាក់ក្ដោបតែលុយកាក់មិនកាន់សីល។ អំនួតបែបនេះ ច្បាស់មិនយូរគង់រលាយហូរដូចអំបិលហៀរទៅតាមផ្លូវស្លែរអិលធ្លាក់រណ្ដៅទមិឡ រងទុក្ខា។ ឈប់អួត ឈប់អន់ ទាន់មេឃភ្លឺងាករកពន្លឺព្រះសាស្ដារក្សាសីលខ្ពស់ ឈ្មោះហៅថាបុគ្គលអស្ចារ្យ ព្រោះដឹងទោស។ សូមទម្លាក់ចុះនូវទិដ្ឋិមានះ អស្មិ ចចេសខុសឈប់ផ្ដន្ទាជនសប្បុរសឈប់សាងកំហុសបំពានធម៌។ សូមឱ្យអ្នកភ្ងារ រកឃើញត្រូវបានដើរលើផ្លូវដ៏បវរមានអ្នកគោរពដោយស្មោះសពាល់សច្ចធម្ម ព្រះនិព្វាន។________ វិរិយា 🌸 ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា គ.ស. ២០២៥


ដីខ្យល់ភ្លើងទឹក (កំណាព្យបទកាកគតិ)

ដីអើយដីចាស់ ទឹកហូរបញ្ច្រាស
ជ្រាបខះពីស្ទឹង ចិត្តមួយស្ទាក់ស្ទើរ
ស្ទាបទៅស្ងាត់ឈឹង ស្ពានបាត់លំនឹង
បាក់ទទឹងផ្លូវ។

ខ្យល់ខែរងា ទ្រនំធ្លាប់ជា
បែរលាលែងទៅ ទឹកភ្នែកតិកតក់
ដក់ដាមថ្ពាល់ពៅ ពោលដល់ពាល់ត្រូវ
ត្រូវតែរឿងខុស។

ភ្លើងឆេះឥតផ្សែង វាក្ដៅហួតហែង
គុម្ពត្រែងឆេះសុស ត្រងត្រាប់ដូនតា
ទំនៀមខាងប្រុស មាត់ស្ទឹងដីដុះ
ស្លុះបាក់ត្រើយម្ខាង។

ទឹកហូរលើស្ពាន ព្រោះព្យុះរុករាន
គ្មានខ្មោចណាកាង ស្ពានឈើកំពុក
ឥតមានសំណាង បាត់ឥតភ័ស្ដុតាង
ដានទឹកហូរពារ។
————
វិរិយា🌸
ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា គ.ស. ២០២១

បាត់ដំបង ស្រុកកំណើតខ្ញុំ (កំណាព្យបទកាកគតិ)

ស្រុកកំណើតខ្ញុំ កន្លែងមូលផ្ដុំ
ក្រុមអ្នកកវី តាំងពីបុរាណ
មានកេរ្តិ៍ល្បាញល្បី កំណាព្យតន្ត្រី
ប្រុសស្រីអស្ចារ្យ។

ក្រុងបាត់ដំបង កន្លែងចងក្រង
រាល់អនុស្សារ អ្នកច្រៀងអ្នករាំ
សមសក្ដិតារា លូតលាស់កាលណា
ច្រើនតែឃ្លាតឆ្ងាយ។

បាត់ដំបងល្អ រស់មានអំណរ
បវររៀងអាយ ទឹកដីត្រជាក់
ទាក់ចិត្តនិងកាយ សែនសុខសប្បាយ
មិនស្ដាយដង្ហើម។

សូមឱ្យស្រុកខ្ញុំ កំណើតកើតធំ
សុខុមដូចដើម លូតលាស់រុងរោចន៍
ដូចនគរឆ្នើម កាលគ្រាចាប់ផ្ដើម
ល្បីខ្លាំងដីស្អិត។

បាត់ដំបងក្រុង ទេសចរជាប់ផុង
អនង្គដួងចិត្ត ចំប៉ាចំប៉ី
រឿងព្រេងអម្រឹត មិនមែនប្រតិដ្ឋ
ដូចសៀមរាបឡើយ។

ឱ បាត់ដំបង! ជាតិនេះកើតម្ដង
ចម្លងដល់ត្រើយ រឭកនឹកគុណ
ស្រុកភូមិរំហើយ ខ្ញុំរស់បានស្បើយ
ឆ្លើយថានឹកណាស់។
———
វិរិយា🌸

ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា គ.ស. ២០២១

កំណាព្យមួយនេះខ្ញុំបានផលិតជាខ្សែវិដេអូ ដែលមានភ្លេង និងសំឡេងច្រៀងរបស់ខ្ញុំអមជាមួយ រូបភាពវិដេអូមួយចំនួនដែលថតនៅក្រុងបាត់ដំបង សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាវិដេអូនៅក្នុង YouTube

រូបថតនៅមុខផ្ទះដែលខ្ញុំបានកើតនិងធំធាត់ឡើង នៅបាត់ដំបង សព្វថ្ងៃជាផ្ទះរបស់លោកឪពុកខ្ញុំដែលគាត់ប្រើប្រាស់សម្រាប់ជីវិតចុងក្រោយ បន្ទាប់ពីចូលនិវត្ដន៍ក្នុងវ័យចាស់ជរា

ខ្ជិលរស់ (កំណាព្យបទកាកគតិ)

ស្រុកទេសអន់ក្រ អ្នកណាគេល្អ
ក៏គេបានរស់ អ្នកតូចអ្នកទាប
អ្នកទន់ឥតឈ្មោះ ត្រៀមតែដាច់ពោះ
រស់ស្អែកទាំងបន់។

អ្នកក្នុងអ្នកក្រៅ ទោះត្រជាក់ក្ដៅ
ហៅតែអាសន្ន បូលលែងសូវឮ
ភ្លឺឡើងដូចស្កន្ទ គេពុះអង្កន់
លាបពណ៌ឆ្លាស់គ្នា។

លឿងខ្ចីលឿងទុំ ក្រហមឆ្អៅងំ
រង្គំហូរហៀរ គេប៉ាតពាសវាល
ឆ្កៀលដោយអ្នកជា គង់ស្លាប់ជុំគ្នា
កុំឱ្យអផ្សុក។

អ្នកណាចិត្តសឿង ចេញមករករឿង
រកត្រីប្រហុក ច្បាស់ជាគេរុញ
រអឹលគូទអុក ជាប់ឃុំឆ្ងាយស្រុក
ដេកឱបតែផ្តិល។

ទ្រាំបានយ៉ាងយូរ បើកទ្វារមើលទូ
សុទ្ធតែអំបិល អំបែងចានឆ្នាំង
ក្ដាំងច្រែះឡើងរឹល ដូចកើតរោគខ្ជិល
ដូចលែងចង់រស់!
______

វិរិយា🌸

ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា គ.ស. ២០២១


[កំណាព្យនេះ សរសេរក្នុងអំឡុងពេលដែលយុគវិបត្តិ កូវីដ១៩ កំពុងវាយប្រហារសន្ទាប់ពេញទំហឹងមកលើជីវិតអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ កាលនោះ រដ្ឋាភិបាល បានបែងចែកតំបន់ហាមឃាត់ និងបង្កើតច្បាប់រឹតត្បិតដ៏តែងតែងខុសៗគ្នា ធ្ងន់ឬស្រាល តាមរយៈពណ៌ដែលគេគូសនៅលើផែនទីអេឡិចត្រូនិច។ កាលណោះ ពណ៌ក្រហម មានន័យថា ហានិភ័យខ្ពស់បំផុត ហាមចេញពីផ្ទះសោះតែម្ដង ពណ៌លឿងទឹកក្រូច​អាចចេញពីផ្ទះបានម្ដងម្កាល ជាដើម។]

រូបថតនៅក្នុងមជ្ឈមណ្ឌលវប្បធម៌អាល្លឹម៉ង់ រាជធានីភ្នំពេញ ក្នុងអំឡុងពេលខ្ញុំត្រូវបានអញ្ជើញជាវាគ្មិន និយាយពីបញ្ហាការងាររបស់ស្ត្រីខ្មែរ

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសមចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រុងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
វិរិយា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅលើយន្តហោះ កំពុងធ្វើដំណើរចេញពី ក្រុងកាតា ឆ្ពោះទៅទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសម្មាចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រោងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
លឹម វីរីយ៉ា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតភ្នំហិមាឡៃ យកមកពីគេហទំព័រ http://www.wallpaperflare.com