Tag Archives: កំណាព្យខ្មែរ

បណ្ដាំសម្រាប់នារី

បណ្ដាំសម្រាប់នារី

-ទឹកហូរមិនដែលចេះហត់ បើប្រុសៗស្បថ នាងអ៊ើយកុំជឿ
-ចង់ខ្ពស់ត្រូវធ្វើឫកអឿ កុំសាញតុញតឿ នាំប្រុសបានចិត្ត
-ដើរហើរដំណើរឆ្ងាយជិត បើគេមិនស្និទ្ធ កុំហារស្ដីមុន
-ទោះបីគេល្អគួរគន់ មិនស្មើនឹងមន្ដ ចរិយារៀបរយ
-ចេញឆ្ងាយកុំឲ្យថ្លោះធ្លោយ គំនិតស៊ុនស៊យ ព្រលយចិត្តផ្ដាស់
-ត្រូវគិតឲ្យបានហោចណាស់ ម៉ាឆ្នាំកន្លះ រួមទីប្រឹក្សា
-យ៉ាងហោចមានយាយមានតា ពូមីងត្រៀបត្រា ប្រាថ្នាជួយគិត
-បើស្មគ្រ័ត្រូវលះបង់ចិត្ត ផ្កាស្លាពិតៗ ហែជូនម្ដាយនាង
-ចុងក្រោយបន្លឺសូរសៀង បាយខុនចម្រៀង រៀបការតាមច្បាប់
-នេះទើបហៅល្អចំណាប់ មិនបាច់ស្បថប្រាប់ ក៏អាចជឿបាន
-ស្របតាមបណ្ដាំបុរាណ ប្រុសស្រីគ្រប់ប្រាណ ត្រូវចាំកុំភ្លេច!!!
—————–
ពី លឹម វីរីយ៉ា,
សៀមរាប ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ត្រូវនឹងថ្ងៃ ១៤រោច (ដាច់ខែមិគសិរ) ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

កន្ទួតឆុងស្ករ

កន្ទួតឆុងស្ករ

កន្ទួត កន្ទួត! ល្ងាចនេះសុំអួត កន្ទួតឆុងស្ករ
ឆុងទុកឲ្យហើយ រៀបរយបវរ
គ្របទុកឲ្យល្អ អប់ដោយក្លិនផ្កា។

កន្ទួតឆុងស្ករ បង្អែមតំណ តពីដូនតា
ចាស់ៗច្រើនធ្វើ ទុកលួងអាង៉ា
ពេលយំឡូឡា ស្រែករកចេកចៀន។

កន្ទួតឆុងស្ក កូនតូចអំណរ ពេលចេញពីរៀន
មិនដឹងល្បិចម៉ែ ថែទុកធ្វើស្ពាន
លួងលោមបង្រៀន អាង៉ាបាត់យំ។

កន្ទួតឆុងស្ករ ក្មេងផ្អើលឈូឆរ រត់មករោមជុំ
ចាស់ៗភូមិខ្ញុំ លៀងក្រោយជំនុំ
កន្ទួតបែកគុម្ព ញ៉ាំមិនដែលខាត។

បង្អែមកូនក្មេង ជួនចាស់ញ៉ាំលេង បន្លប់អណ្តាត

កុំឲ្យមួម៉ៅ គ្រលាស់ច្រើនខាត
ផ្លិបផ្លប់ផ្លុងផ្លាត បាតចានសល់គ្រាប់។
———————————
លឹម វីរីយ៉ា,
សៀមរាប, ថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧