Tag Archives: កំណាព្យខ្មែរ

ថ្ងៃចូលព្រះវស្សា

រាត្រីចន្ទរះធំមូលក្រឡង់ ពេញបូណ៌ផូរផង់ ត្រចង់ត្រចះ
បឋមាសាឍ យប់នេះដាច់ច្បាស់ ស្អែកសុរិយារះ ចូលព្រះវស្សា។

ថ្ងៃនេះទៅវត្តប្រគេនទានធំ រូបនាគសុខុមឆ្លាក់ដោយខេមរា
ទូងស្គរ លើកទង់ ជាមួយ យាយតា សែនថ្វាយទេវតា សូមពរសុខសាន្ដ។

សូមអនុមោទនា ប្រគេនមគ្គផល ឱ្យបានកើតដល់សាច់ញាតិសន្ដាន
ពេញដោយពន្លឺ ត្រចាលថ្កើងថ្កាន រុងរឿងស្មើបាន នៃឋាននិព្វាន។
———–
ប្រណមពីចម្ងាយ ដោយឧបាសិកា លឹម វីរីយ៉ា
សៀមរាប, ថ្ងៃព្រហស្បតិ៍ ១៥កើត ខែ បឋមាសាឍ ឆ្នាំមមែ សប្ដសក័ ព.ស ២៥៥៩។

IMG_8514

អនុស្សាវរីយ៍ ក្រុម ឌីសេវិន (D7)

ជំនាន់ទី១០ បញ្ចប់ផុតទៅ

បន្សល់ទុកនៅ សៀវភៅចំណេះ

និស្សិតស្រីប្រុស ស្រុះដៃចាក់ស្រែះ

ថ្ងៃល្អវិសេស ស្លេះត្រឹមពេលហ្នឹង។

គ្រប់គ្នាឆ្លៀវឆ្លាត សង្វាតសិក្សា

គ្រូបាអាចារ្យ ប្រាថ្នាសិស្សប្រឹង

ឫសគល់ជោគជយ័ ល្វីងណាស់ត្រូវដឹង

ជូរចត់ដល់ម្លឹង ព្រោះប្រឹងយកផ្លែ។

សូមជូនពរប្អូន រលូនដោយលាភ

កិត្តិយសគ្មានប្រៀប រាប់រៀបឥតល្ហែ

ថ្ងៃនេះទៅមុខ រឿងស្មុគ្រឈប់ក្បែរ

ភ្លឺដូចដួងខែ ចោមស្នេហ៍ដោយផ្កាយ។

អនុស្សាវរីយ៍ ជាទីស្នេហា

អ្នកគ្រូរីយ៉ា បោះត្រាពីឆ្ងាយ

ជូនជាបន្ទាន់ ទុកគ្រាន់សប្បាយ

ញញឹមស្រស់ស្រាយ ចាយមួយជីវិត។

ថ្ងៃក្រោយមានយស រស់នៅដោយសក្ដិ

មានងារខ្ពស់ថ្នាក់ ឆ្លាក់ឈ្មោះបណ្ឌិត

តែចូរកុំភ្លេច កុំគេចការពិត

ល្វីងពីអឌិត ផ្អែមឆ្អិតមួយជាតិ។

——————-

ពីអ្នកគ្រូ លឹម វីរីយ៉ា

សៀមរាប, ថ្ងៃព្រហស្បត្តិ៍ ២រោច ខែបឋមាសាឍ ឆ្នាំមមែ សប្ដសក័ ព.ស ២៥៥៩

ត្រូវនឹងថ្ងៃទី២ ខែកក្កដា គ.ស ២០១៥

រូបថតអនុស្សាវរីយ៍ ថ្ងៃបញ្ចប់ថ្នាក់ ជាមួយនិស្សិតសាកលវិទ្យាលយ័បៀលប្រាយ សាខាសៀមរាប
រូបថតអនុស្សាវរីយ៍ ថ្ងៃបញ្ចប់ថ្នាក់ ជាមួយនិស្សិតសាកលវិទ្យាលយ័បៀលប្រាយ សាខាសៀមរាប

ឆ្នេរខ្សាច់កែប

ឆ្នេរខ្សាច់ក្រុងកែបរដូវក្ដៅ
ឆត្រខ្ញុំយកទៅបាំងសម្ផស្ស
បង្អួតទេសភាពឡើងឆេះអស់
គ្រាប់ខ្សាច់ ស ក្បុសឆ្លុះចាំងមេឃ។

ចង់នៅឲយូរស៊ូមិនបាន
សុរិយារំខានក្ដៅខ្លាំងពេក
ចង់ងូតទឹកលេងក៏អល់អែក
សមុទ្រខែចេត្រ? កុំល្អជាង!!!

IMG_7013s

អនុស្សាវរីយ៍នៅកោះកុង

ឱ! ខេត្តកោះកុង ស្ថិតក្នុងចិត្តខ្ញុំ
ឋានសួគ៌ពទ្ធ័រុំដោយមហាសាគរ
ពីរថ្ងៃនឹងអ្នកសែនសុខគ្មានប្ដូរ
ទោះបីភ្លៀងផ្គរក៏ស្ងប់ដួងចៃ។

ឱ! កោះកុងអ៊ើយ ម្ដេចឡើយឆ្ងាយម្លេះ?
បើជិតត្រឹមណ្ណេះ ម្លេះទៅរាល់ថ្ងៃ
ឈរនៅមាត់ជ្រាំងមើលផ្ទៃទឹកប្រៃ
ថ្ងៃរះស្អែកថ្មី វិលវៃម្ដងទៀត។

កោះកុងកោះខ្មែរក្បែរព្រំស្រុកសៀម
អ្នកស្រុករវាមរកស៊ីខ្មីឃ្មាត
ស្នាមសើចអ្នកកោះចងចិត្តខ្ញុំទៀត
សូមកុំឆ្ងាយឃ្លាត កោះកុងខ្មែរអ៊ើយ!!!
——–
ពីសៀមរាប,
ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំមមី ឆសក័ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា គ.ស ២០១៥

កោះកុង (4)កោះកុង (1)កោះកុង (5)កោះកុង (2)

កូនប្រុសមាសឪពុក

ពាក្យថាកូនប្រុស ចូរកូនចាំចុះ

ប្រៀបសសរផ្ទះ ទ្រទ្រង់រឹងមាំ

ប៉ិនទ្រាំស៊ូឈ្នះ ពេញដោយឆន្ទះ

ជាទីបង្អែក។

ពាក្យថាកូនប្រុស ចរិយាមិនស្លុះ

ស្អប់ពាក្យចាំស្អែក រូតរះម្នីម្នា

ហត់មិនយំស្រែក ឈ្លាសវៃបែងចែក

រែកពុនជួសឪ។

ពាក្យថាកូនប្រុស ចេះស្គាល់កំហុស

ខុសដូរឲត្រូវ ក្រោកមុនថ្ងៃរះ

ឈ្នះអស់សត្រូវ ទោះភ្លាត់ខុសផ្លូវ

គង់មានខ្មោចជួយ។

ពាក្យថាកូនប្រុស ដោះបានទាំងអស់

មិនងាយរំអួយ ស្ថាបនិកគ្រួសារ

តួជាភូឈួយ ឪចាស់លែងព្រួយ

ព្រោះមានកូនប្រុស។

ច្នេះបើបានដឹង កូនប្រុសព្រលឹង

កុំនៅត្រេះត្រុះ ឆាប់ឡើងម្ចាស់ការ

ទេព្ដាយាងចុះ ឲពរកូនប្រុស

ឈ្នះអស់ភារកិច្ច។

ឥលូវឪចាស់ ជម្ងឺច្រើនណាស់

រស់សង្ឃឹមតិច ម្ដាយក៏មិននៅ

កូនហ្អើយធ្វើម្ដេច មានតែពាក្យពេចន៍

ផ្ដាំទុកជាទ្រព្យ។

បើសិនឪស្លាប់ កូនច្បាស់ជាយ៉ាប់

រស់នៅមិនគាប់ កំព្រាមេបា

ក្លាយជាអភព្វ័ ព្រោះកូនមិនធ្លាប់

ស្គាល់ភាពពិបាក។

អត់ម៉ែអត់ឪ ដំណើរឆ្ពោះទៅ

ឪក្លាចកូនយ៉ាក ជីវិតហេងហាង

រតេករតាក ទោះភ្ញាក់ខ្លួនខ្ញាក

វាហួសបាត់ហើយ។

កូនហ្អើយកូនប្រុស ឪខំបណ្ដុះ

សង្ឃឹមជាខ្នើយ ពេលដែលឪចាស់

បានផ្ដេកទ្រេតកើយ កូនស្គាល់តែល្ហើយ

ឪរស់យ៉ាងណា?

ណ្ហើយចុះកូនពៅ ឪបែបគ្មានផ្លូវ

តម្រង់ជីវ៉ា ឲភ្ញាក់រឭក

មុនមានសង្ខា ចាំឪមរណា

បួសភ្លើងឲផង។

ឥលូវសូមស្លេះ ព្រោះទាល់តម្រិះ

ខ្លាចកូនសៅហ្មង អាក់អន់មន្ទិល

ក្នុងគ្រានេះម្ដង ធ្វើម្ដេចឪផ្សង

មិនបានសម្រេច។

——————————–

ដោយ លឹម វីរីយ៉ា

ថ្ងៃចន្ទ័ ៦រោច ខែមាឃ ឆ្នាំមមី ឆសក័ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ គ.ស ២០១៥

មាឃបូជា ២៥៥៨

មាឃពេញបូណ៌មីប្រពៃខ្ពង់ខ្ពស់

រឭកនឹកឆ្ពោះដល់ពុទ្ធសាសនា

ថ្ងៃដែលព្រះអង្គចេញផ្សាយគោលការណ៍

ដប់មួយប្រការ “ឱវាទបាដិមោក្ខ” (១) ។

ច្នេះពុទ្ធបរិសទ័ សូមឱនគារវៈ

វន្ទាស្មោះស្មគ្រ័ទទួល មោក្ខធម៌ (២)

ដើរតាមលំអានព្រះពុទ្ធបវរ

រីករាយអំណរដល់ខួប ចតុរង្គ (៣)។

រឭកថ្ងៃបុណ្យហៅ “មាឃបូជា”

កូនខ្មែរគ្រប់គ្នាសូមថ្វាយបង្គំ

មានទៀនធូបផ្កាបូជា ជាធំ

បួងសួងបន់ស្រន់ឲដល់និព្វាន។

សូមបានចាកផុតវាលវដ្ដសង្សារ

វែងឆ្ងាយក្រៃណារកស្ងប់ផងគ្មាន

សូមរតនត្រៃ ច្នៃធ្វើជាស្ពាន

ឆ្លងគ្រប់ជំហានមានតែសន្តិ។

សូមពុទ្ធសាសនាស្ថិតនៅអមតៈ

ជាធម៌ប្រត្យក្ស ពេញដោយគតិ

អប់រំមនុស្សលោកឲលះអស្មិ

ទុក្ខំ នត្ថិ ចិរស្សំ (៤) រៀងអ៊ើយ!

សូមអធិដ្ឋានដល់ ទសបារមី (៥)

ដ៏អស្ចារ្យក្រៃគ្មានអ្វីប្រៀបឡើយ

សូមភពនៃមនុស្សបានឈានដល់ត្រើយ

មាឃបូជាហើយ ឆ្លើយថា សាធុ!

————————-

ដោយ លឹម វីរីយ៉ា

សៀមរាប

ថ្ងៃអង្គារ៍ ១៥កើត ខែមាឃ ឆ្នាំមមី ឆសក័ ព.ស ២៥៥៨

ត្រូវនឹងថ្ងៃទី៣ ខែ កុម្ភះ គ.ស ២០១៥

—————————

ពន្យល់វាក្យសព្ទ័

(១) “ឱវាទបាដិមោក្ខ” គោលការណ៍ទាំង១១ប្រការដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានប្រកាសឲមនុស្សលោកយកទៅអនុវត្តដើម្បីសេចក្ដីសុខក្នុងជីវិត។

(២) “មោក្ខធម៌” ធម៌ដែលនាំសត្វឲរួចចាកទុក្ខ។

(៣) មកពីពាក្យ “ចតុរង្គសន្និបាត” មាននយ័ថា៖ ការប្រជុំដោយអង្គ៤ របស់ព្រះសម្មាសម្ពុទ្ធ គ្រប់ព្រះអង្គដើម្បីទ្រង់សម្ដែងនូវ “ឱវាទបាដិមោក្ខ”។

(៤) ទុក្ខំ = សេចក្ដីលំបាក ទុក្ខព្រួយ / នត្ថិ = ដែលគ្មាន / ចិរស្សំ = យូរលង់ជាអង្វែង រៀងរហូត

(៥) “ទសបារមី” គឺបារមីទាំង១០ មាន៖ ១.ទានបារមី ២.សីលបារមី ៣.នេក្ខម្មបារមី ៤.បញ្ញាបារមី ៥.វិរិយបារមី ៦.ខន្តិបារមី ៧.សច្ចបារមី ៨.អធិដ្ឋានបារមី ៩.មេត្តាបារមី ១០.ឧបេក្ខាបារមី។ បារមី​ទាំង ១០ នេះ​ឯង​ដែល​ពោធិសត្វ​រាល់​ព្រះ​អង្គ​បំពេញ​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុ​ពុទ្ធ។

Makha Bucha Day (4)

បួងសួងជូនម្ដាយ

បើសិនលោកនេះមានបារមី
ពូកែខ្លាំងក្រៃដូចនិទាន
អាចចម្លងមនុស្សផុតស្រេកឃ្លាន
រស់ក្នុងនិព្វានឋានផុតទុក្ខ។

បើសិនជីវិតពិតមានកម្ម
កូនសុខចិត្តទ្រាំជំនួសមុខ
បួងសួងឧទ្ទិសម្ដាយបានសុខ
ផុតចាកក្ដីទុក្ខរួចគុកកម្ម។

សូមអធិដ្ឋានអស់បារមី
កំពូលខ្លាំងល្បី ចូរចងចាំ
បើម្ដាយខ្ញុំជា ផុតជ្រោះកម្ម
មិនបាច់រង់ចាំ ខ្ញុំសាងផ្នួស។

ដោយ លឹម វីរីយ៉ា

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤

viriya_lim_pray_for_mother

ភ្លើងប្រចណ្ឌ…

Jealousy Wifeនេះនឹងថ្លាថ្លែងចែងរឿងមួយ
ជារឿងទុក្ខព្រួយនៃមនុស្សលោក
មិនយល់ព្រះធម៌ចិត្តស្មោកគ្រោក
កខ្វក់រហូតថ្លែងមិនរួច។

កាលនៅក្មេងវយ័សម្ដីផ្អែម
ចេះលួងលោមថែមចងចិត្តកួច
សាងមេត្រីភាពស្អប់មិនរួច
ចងជាកំណួចមង្គលស្នេហ៍។

ប្រាំបីឆ្នាំប្លាយចាយវេលា
ចរិយាស្ងួនភ្ងាបានប្រួលប្រែ
អូនប្រចណ្ឌបងគ្មានពេលល្ហែ
បំផ្លាញក្ដីស្នេហ៍ដោយមោហៈ។

គេថាស្រ្តីតែងប្រចណ្ឌ
បងមិនប្រកាន់ស៊ូនៅស្មគ្រ័
តែអូនហួសហេតុឈានដល់ថ្នាក់
រាយភ្លើងទោសៈអបលក្សណ៍មិត្ត។

សំណាបយោងដីស្រីយោងប្រុស
ពាក្យចាស់មិនខុស ច្នោះគួរគិត
ញាតិគេមួយស្រុកមិនដែលស្និទ្ធ
ជ្រាបរឿងប្រឌិតអាស្រូវកេរ្តិ៍។

ប្រចណ្ឌតិចតួចគួរស្រលាញ់
ក្និកក្នក់គួរក្នាញ់ប្រមាញ់ស្នេហ៍
តែអូនប្រចណ្ឌទាំងព្រះខែ
អាទិត្យផងដែរខុសតម្រា។

ប្រចណ្ឌនេះហៅសែនចម្លែក
ប្រចណ្ឌខឹងប្លែកពីធម្មតា
មួម៉ៅរករឿងទាំងឆ្កែឆ្មា
មនុស្សសត្វរុក្ខាជុំវិញបង។

សែនខ្មាស់អស់ញាតិព្រោះតែអូន
កំហុសផ្ទួនៗខ្លួនឯងចង
មិនគិតខំស្រាយឲ្យរួចម្ដង
គិតតែពីចងទាំងមិនចេះ។

ភ្នំភ្លើងសុមេរុគង់នៅចាញ់
ចិត្តដែលកំណាញ់កណ្ដាញ់ប្រេះ
បាចសាចកំហឹងខឹងទាំងផេះ
ដុំធ្យូងមិនឆេះជេរចង្រ្កាន។

ភ្លើងអុសតូចមួយជួយបាយឆ្អិន
ភ្លើងស្នេហ៍អូនកិនក្លាយឆេះឋាន
ផែនដីក៏គង់រលាយបាន
ឆេះស្លាប់ទាំងប្រាណអូនខ្លួនឯង។

ច្នេះបើដឹងហើយសូមកែខ្លួន
ប្រចណ្ឌខុសក្បួនជួនចម្បែង
សិក្សារៀនសូត្រពីខ្លួនឯង
ស្រែកយំក្ដែងៗក្រែងចិត្តកូន។

អូនអ៊ើយអូនស្រីសម្ដីថ្លោស
ពោលសុទ្ធតែខុសប្រុសស្ទើរសូន្យ
ប្រចណ្ឌអស់ញាតិជាងម៉ាផ្លូន
ភ្នំភ្លើងសេ្នហ៍អូនមិនធម្មតា។

ឥលូវសូមប្រាប់ថាហត់នឿយ
ឈប់តតាំងហើយនឹងជីវ៉ា
បងសូមចុះចេញតែអាត្មា
រស់តាមយថាកម្មអូនចុះ។

ប្រហែលកម្មពៀរពីជាតិមុន
បងធ្វើទារុណសាងកំហុស
បានជាជាតិនេះបងរងទោស
អូនវាយមនុស្សស្មោះទាំងអយុត្តិ។

សន្មតចប់គ្នាត្រឹមប៉ុណ្ណេះ
កុំឲ្យភ្លើងឆេះរាលទៅមុខ
ខ្លាចស្លាប់មនុស្សលោករីករាលទុក្ខ
បងចូលក្នុងគុកឥតជញ្ជាំង។

សូមនៅបានសុខក្ដាប់អំណាច
អស់ព្រួយអស់ខ្លាចអូននឹងខ្លាំង
ក្លាយជាស្រីឆ្នើមរស់ប្រឆាំង
ប្រយុទ្ធតតាំងភាពមេម៉ាយ។
———————–
ដោយ លឹម វីរីយ៉ា,
សៀមរាប, ថ្ងៃសុក្រ ១កើត ខែអាសាឍ ឆ្នាំមមី ឆសក័ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា គ.ស ២០១៤

បណ្ដាំម្ដាយសម្រាប់កូនប្រុស…

បណ្ដាំម្ដាយសម្រាប់កូនប្រុស...

កូនស្ងួនត្រូវចាំបណ្ដាំម្ដាយ
រស់នៅកុំស្ពាយចិត្តឥច្ឆា
មនុស្សសត្វលើលោកគ្រប់អាត្មា
មានទាំងឫស្យា និង សណ្ដោស។

បើឃើញអាក្រក់កូនដើរចេញ
កុំបាច់ទោម្នេញនាំរឿងខុស
ឈ្លោះនឹងជនពាលនាំអាប់យស
ប្រទាញកូនឆ្ពោះឋានអបលក្ខណ៍។

កូនប្រុសទាំងពីរចូរចងចាំ
កុំមើលបំណាំត្រូវបណ្ដាក់
ការងារធ្ងន់ស្រាលជួយលើកដាក់
រឿងធំប្រត្យក្សច្បាស់ក្លាយតូច។

សមយ័ឥលូវគេជឿនលឿន
កូនហ្អើយ! ម៉ែតឿនខ្លាចកូនខូច
ស្រីក្មេងសព្វថ្ងៃឲ្យរប៉ូច
ម៉ែព្រួយប្រុសតូចចាញ់ល្បិចគ្នា។

កូនទៅសាលាត្រូវខិតខំ
ចំណេះសន្សំគ្រប់វេលា
កុំផ្ចាញ់ផ្ចាលគ្រូនាំអវិជ្ជា
បាបទោសវេរាធ្ងន់ខ្លាំងណាស់។

ពេលកូនរៀនចប់ចេញធ្វើការ
ត្រូវចេះឧស្សាហ៍កុំធ្វេសផ្ដាស់
សន្សំប្រាក់ខែត្រៀមពេលខ្វះ
យកលុយធ្វើម្ចាស់ជារឿងខុស។

ពេលអត់ពីម្ដាយត្រូវរាប់ញាតិ
សន្ដានមិនឃ្លាតទាំងស្រីប្រុស
រាប់ដោយសច្ចៈកុំតើយតោះ
បើកូនមិនស្មោះច្បាស់អស់មិត្ត។

បើកូនចង់រកគូវាសនា
កូនត្រូវចាំថានាងល្អចិត្ត
ល្អទាំងអម្បូរពូជសុក្រឹត
ពេញដោយលក័្សណ៍ពិតឥតក្លែងក្លាយ។

បើកូនមានភព្វ័បានឡើងធំ
ជាមន្រ្តីហំ ចូរកុំស្ដាយ
លះបង់ប្រយោជន៍ក្ដៅក្រហាយ
នាំលាភដល់កាយគ្រប់ៗរាស្រ្ត។

កូនប្រុសព្រលឹងចូរកុំភ្លេច
ថ្ងៃរះហើយលិចរាល់ទិវា
ជីវិតនៃមនុស្សក៏ដូចគ្នា
សប្បាយវេទនាគង់តែស្លាប់។

បំណាច់នឹងស្លាប់ ស្លាប់ឲ្យល្បី
កេរ្តិ៍ប្រជាប្រិយសាយខ្នាន់ខ្នាប់
ជីវិតនៅរស់ ឱ្យគេត្រាប់
រស់ជ្រកក្រោមច្បាប់មិនក្រហាយ។

ពាក្យពេចន៍ប៉ុណ្ណេះមិនទាន់គ្រប់
ប៉ុន្តែសូមឈប់អភិប្រាយ
ម៉ែខ្លាចកូនប្រុសមិនសប្បាយ
ស្ដាប់បណ្ដាំម្ដាយក្លាយជាទ្រាន់។

សូមទសបារមីដ៏ខ្ពង់ខ្ពស់
ជួយរក្សាយសឈ្មោះឧត្ដម
ពេញដោយអនុភាពថ្កើងសុខុម
មានដល់កូនខ្ញុំរហូតហោង!

ដោយ លឹម វិរិយា
ថ្ងៃចន្ទ័ ១៤កើត ខែពិសាខ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស ២០១៤

ចង់ស្ដាប់សំឡេងកំណាព្យនិងវិដេអូ “បណ្ដាំម្ដាយចំពោះកូនប្រុស” សូមចុចទីនេះ   https://www.youtube.com/watch?v=rKwt6Wleq88

បណ្ដាំប្រពន្ធគេ (បទភុជង្គលីលា)

បណ្ដាំប្រពន្ធគេ (បទភុជង្គលីលា)

លូកដៃទទួលរបស់
នាងអ៊ើយស្រណោះអាឡោះអ្នកឲ្យ។
ងក់ក្បាលទទួលអំណោយ
យកផស់គេហើយវាជាប់ចំណង។
ឈ្មោះថាក្រមុំមានម្ដង
នាងអ៊ើយកុំផ្សងប្រយត្ន័ខាតដើម។
ប្រពន្ធគេនៅមានដង្ហើម
គេរស់ចាប់ផ្ដើមតាំងពីក្រក្រី។
ជីវិតឈ្មោះប្រពន្ធប្ដី
អាក្រក់ល្អក្ដីតែគេស្របច្បាប់។
នាងល្អសាច់ ស ចំណាប់
ម្ដេចធ្វើឲ្យអាប់ដល់កេរ្តិ៍ផងស្រី?
ប្រុសព្រើលប៉ាវបាយពេលថ្ងៃ
ដល់ល្ងាចនុះនៃ នាងប៉ាវអីវិញ?
ពាក្យពេចន៍សង្ខេបអម្បាញ់មិញ
ផ្ញើរជូននាងល្មេញក្រមុំត្បាញអាយ។
ខ្វះលុយតែចង់សប្បាយ
មិនគិតដល់កាយកិត្តិយសកូនស្រី។
ប្រុសចាស់សក់ស្កូវចៅម្ភៃ
ក៏នាងលកលៃទាំងឥតកេរ្តិ៍ខ្មាស់។
នាងអ៊ើយចង្រៃខ្លាំងណាស់
គិតដល់ចិត្តព្រះកន្លោងនាងផង។
ចូរគិតហើយសូត្រម៉ាពាន់ដង
រឿងហេតុកន្លងដោយសាអ្នកណា?
កាំភ្លើងកេះកៃប្រហារ
លុះដល់មរណាស្លាប់ទៅជាខ្មោច។
អាស៊ីតគេជះឡើងខ្លោច
រស់យ៉ាប់ជាងខ្មោចព្រោះរឿងប្ដីគេ។
ទារុណវេទនាម្លេះទេ
រកាដែកកើនទ្វេឯឋាននរក។
មិនស្គាល់នាងអ៊ើយកុំភ្លក្ស
នាំធ្លាក់ចូលភក់អសោចច្រាស់ខ្យល់។
ដឹងហើយកែខ្លួនឈប់ខ្វល់
ផ្ដេសផ្ដាស់អំពល់រវល់តែខុស។
លើលោកមិនខ្វះទេប្រុស
ខ្លួនមួយកម្លោះញ៉ែញោះតាមចង់។
ប្ដីគេមិនត្រឹមខូចបង់
កេរ្តិ៍ម្ដាយផូផង់ បង់ទាំងជីវិត។
ប្រុសព្រើលបើនាងលែងស្និទ្ធ
ក៏លែងបានចិត្តឈប់គិតដែរហើយ។
ជូនពរនាងឲ្យដល់ត្រើយ
ផ្លូវចិត្តបានស្បើយរស់រានបានសុខ។
ពីនេះតទៅថ្ងៃមុខ
លាភចេកអំបុកទ្រនឹបផ្កាស្លា។
មានគូបុរសសង្ហា
ចូលដល់មេបាដណ្ដឹងនាងផង។
ឲ្យរស់សមតាមគន្លង
ដូចចិត្តនាងប៉ង សុខហង ជយ័អ៊ើយ!!!!
———————
ដោយ លឹម វីរីយ៉ា,

សៀមរាប, ថ្ងៃចន្ទ័ ១៣រោច ខែពិសាខ ឆ្នាំមមី ឆសក័ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា គ.ស ២០១៤