បើស្នេហាជាតិត្រូវខំរៀន
កសាងធនធានមានបញ្ញា
សង្គ្រោះប្រទេសផុតទុក្ខា
តាមក្បួនតម្រាចារដោយព្រះ!
___
រក្សាសិទ្ធិដោយ លឹម វីរីយ៉ា

បើស្នេហាជាតិត្រូវខំរៀន
កសាងធនធានមានបញ្ញា
សង្គ្រោះប្រទេសផុតទុក្ខា
តាមក្បួនតម្រាចារដោយព្រះ!
___
រក្សាសិទ្ធិដោយ លឹម វីរីយ៉ា

លឿងរាជខែចេត្ររីកនៅស្រុកខ្មែរ គន់ហើយជាប់ស្នេហ៍ដកចិត្តមិនរួច
លឿងរាជចោលក្លិនសេកសោមបូលហួច សារិកាអរព្រួចលួចស្រូបគន្ធា។
ផ្ការាជរីកល្អ អបអរចូលឆ្នាំ អ្នកស្រុកចំណាំផ្ដាំតៗគ្នា
លឿងរាជស្រុកខ្មែរស្រស់ស្អាតរមនា រំចេក-ក្ដាំងងា គង់ប្រៀបមិនបាន។
រាជអ៊ើយកុំរោយ ធ្លោយចិត្តអាល័យ សូមចាំដល់ថ្ងៃ ចប់បុណ្យសង្ក្រាន្ត
ទុកគ្រាន់ស្វាគមន៍ ទេសចរគ្រប់ប្រាណ បានគន់កុំខាន សម្រាន្តចិន្តា។
ឱ! លឿងរាជអ៊ើយ សូមឆ្លើយបានទេ? ឆ្នាំនេះម្ចាស់ស្នេហ៍ខ្ញុំនៅឯណា?
ស្ងាត់ឈឹងយូរហើយចាំភ្នែកឡើងផ្សា ចាំលុះមរណា នាដីអង្គរ។

លឹម វីរីយ៉ា,
សៀមរាប – ថ្ងៃព្រហស្បត្តិ៍ ១កើត ខែចេត្រ ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា គ.ស ២០១៦
បេះដូងកវីដូចផ្ទៃសាគរ
អារម្មណ៍ជន់ជោរហូរនាចគ្មានឈប់
ដូចទឹករលកព្រលឹមព្រលប់
ទោះព្រួយនឹងមុខគង់សុខនឹងកាព្យ។
ទឹកចិត្តកវី ទឹកប្រៃមិនស្មើ
អាចលូនហោះហើរ ប្រើអក្ខរាខាប
អន្ទងដួងចិត្ត មិត្តភ័ក្ដ្រដុនដាប
ដូចព្រោះសំណាបសាងស្លាបសង្ឃឹម។
ដើមទ្រូងកវី គ្មានថ្ងៃវាស់បាន
ប្រាំហត្ថកុំស្មាន បានស្មើនឹងខ្លឹម
សូម្បីរលក បោកផ្ទប់ទ្រហឹង
គង់នៅស្ងៀមទ្រឹង ធ្មឹងលែងប្រណាំង។
អារម្មណ៍កវី បីដូចពពក
វិលវល់ទៅមក លើមេឃក្ដៅខ្លាំង
ស៊ូទ្រាំមិនភ្លៀង តាមផ្ទៀងថ្ងៃបាំង
ជួយមនុស្សតតាំងច្បាំងសែងសុរិយា។
សំណេរកវី គ្មានន័យអាក្រក់
មិនដែលគិតល្អក់ ដក់ត្រងវាចា
ច្រោះតែន័យខ្ពស់ ព្រួសតែខ្លឹមសារ
មនុស្សលោកមុសា ថាកវីឆ្កួត។
ពាក្យពេចន៍កវី ន័យជ្រៅត្រជាក់
រួមអភិរក្ស ជាក់ច្បាស់មិនអួត
កវីម្នាក់នេះ មិនមែនមនុស្សឆ្កួត
សមុទ្ររីងហួត ទើបស្ងួតចិត្តខ្ញុំ!
———-
លឹម វីរីយ៉ា
ថ្ងៃច័ន្ទ ៧រោច ខែមាឃ ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩
ត្រូវនឹងថ្ងៃទី ២៩ កុម្ភ: គ.ស ២០១៦

រំឭកឡើងវិញផាមួង-កទា
កាលយើងរាល់គ្នារស់នៅក្រក្រី
ច្នៃម៉ូដស្រស់ស្អាតផ្គាប់ចិត្តស្រីៗ
គ្រប់ពណ៌ល្បាញល្បីថ្មីចាស់មិនចោល។
ស្រណោះផាមួងគេល្បួងបោះបង់
កំព្រា រញង់ បង់បាត់ស្រមោល
ស្ងាត់ច្រៀបដប់ឆ្នាំរស់នៅតែលតោល
រស់ដោយប្រយោលក្នុងក្រោលតម្បាញ។
ផាមួង-កទា វេទនាស្ទើរស្លាប់
សូត្រសៀមចំបាប់ប៉ងចាប់បំផ្លាញ
ចាប់ចងទាំងខៀន(១) គ្មានសិទ្ធិបង្ហាញ
ស៊ូទ្រាំនៅក្រាញខ្ជិលសូញសាញឈ្លោះ។
ឥលូវផាមួង លួងចូលផ្សារខ្មែរ
ក្មេងចាស់ហូរហែ ប្រែចិត្តជួយលស់
ជាងដេរមានធម៌ ជួយផ្សាយសាបព្រួស
ស្ទូចយោងកេរ្ដិ៍ឈ្មោះ រស់ដោយកេរខ្មែរ។
ផាមួងស្រស់ស្អាត មិនខាតថ្លៃដើម
ច្នៃម៉ូដល្អឆ្នើម ពេញថ្លើមម្ចាស់ស្នេហ៍
ទោះមនុស្សមិនស្អាត គង់ចង់នៅក្បែរ
ព្រោះផាមួងខ្មែរ អប់ស្នេហ៍តាមថ្ងៃ។
ផាមួងខ្ញុំស្លៀកហៅពណ៌ស៊ីលាប
បុរាណប្រៀបធៀបភពពុធចរណៃ
សម្បុរសម្បកដូចត្រួយស្លឹកខ្ចី
ជួយលើករាសីអ្នកស្លៀកថ្ងៃពុធ។
ផាមួងស៊ីលាបចាក់ឃ្នាបគោមជើង
ពណ៌មាសរលើង ពើតពើងមោះមុត
បើបានចងក្បិនច្បាស់ល្អបរិសុទ្ធ
អ្នកមើលស្រយុតស្លុតដល់រត់ពួន។
ពេលនេះសូមស្លេះខ្លាចឆេះអ្នកអាន
ឡើងប៉ុស្ដិ៍ថ្មើរម៉ាន បានតែអួតខ្លួន
ណ្ហើយចាំវគ្គក្រោយតែងឲ្យហំហួន
ឡើងមកអង្រួន តាមក្បួនដដែលទៀតណា!
______
សូមចែកចាយសម្រស់ពីជ្រុងម្ខាងនៃផែនដី
ស្មេរ៖ លឹម វីរីយ៉ា
(១)-ខៀន (ន.) = សំពត់ផាឌិបឬទេស មានផ្កាចម្រុះ បោះពុម្ពពណ៌ផ្សេងៗសម្រាប់ស្លៀកចងក្បិន។

ធ្លាប់ញញឹម ប្រិមប្រិយជាប់ គាប់ចិត្តបង
គ្រានេះម្ដង ល្បងធ្វើមុខ ទុក្ខក្រៀមក្រំ
ខ្ពើមញញឹម ស្រឹមបន្តិច ក្ដិចអារម្មណ៍
អាចបន្លំ ខំបន្លប់ ចប់មិនសូន្យ។
មុខប៉ុណ្ណឹង ដឹងឬនៅ? ព្រៅមិនយូរ
បងរអ៊ូ ធូរតែឯង ក្រែងតែអូន
ក្ដក់មួយម៉ាត់ ស្ងាត់មួយម៉ោង តោងរយោង
សាររាប់ផ្លូន អូនរាប់ភ្លេច ធ្មេចមិនខ្វល់។
កុំសូវហ៊ាន! មានគេបន់ ជាន់បន្ថែម
ថ្វាយសាច់ក្លែម ថែមអ្នកតា ប្រាថ្នាស្គាល់
ហ៊ានតែទៅ ពៅកើតទុក្ខ ស្មុគ្រអំពល់
ច្បាស់ច្របល់ ទាល់គំនិត ខិតមកវិញ។
ណ្ហើយកុំឡូយ! ធ្លោយជាជួប រួបរឹតហើយ
ធ្វើកន្តើយ ស្បើយកន្ទេល ពេលកន្ទេញ
តិចស្ដាយក្រោយ ឱ្យទៅហើយ ឆ្លើយមកវិញ
ដេកទន្ទេញ ចេញតែស័ព្ទ ប្រាប់ថានឹក។
ឈ្មោះរីយ៉ា ចារឱ្យជាប់ គាប់បេះដូង
ស្រស់បំព្រង ជ្រោងដោយយស ជួសធាតុទឹក
អស់ទាំងគេ ជ្រេចង់ស្នេហ៍ ក្បែរល្ងាចព្រឹក
បើឈប់ផឹក ដឹកដៃអូន កូនក៏អរ។
______
ចប់ល្បើកស្នេហា
ឆ្លងតាមអក្ខរា
វោហារជាប់ទង
មិនសូវក្បោះក្បាយ
បានរូបថតយោង
អញ្ជើញញាតិបងប្អូន
មើលម៉ាសេរី។
——–
ដោយ៖ លឹម វីរីយ៉ា



យប់ជ្រៅខ្យល់ធ្លាក់មេឃខ្ជាក់ភ្លៀង
រណ្ដំសំនៀងភ្លៀងរាត្រី
គេងមិនលក់សោះតាំងពីថ្ងៃ
អារម្មណ៍មមៃដូចឡប់ឡិន។
ធ្លាប់តែយប់ជ្រៅនៅមិនសុខ
ខ្លាចម្ដាយឈឺចុកជម្ងឺកិន
ងើបឡើងត្រេះត្រូុះឆ្លុះមើលសិន
ខ្លាចដេកបង្ហិនពេលវេលា។
ឥលូវអាធ្រាត្រដូចយប់មុន
អារម្មណ៍ត្រិមត្រុនឥតខុសគ្នា
ខ្លាចចង្កៀងភ្លឺមិនល្អជា
ខ្លាចលង់និន្រ្ទាដូចបញ្ឆោត។
សម្លឹងអ្នកម្ដាយឆ្ងាយផែនដី
ផ្ញើកូនប្រុសស្រីធាតុមួយកោដ្ឋ
ធូប៣សរសៃអុជហើយដោត
បង្គំមុខកោដ្ឋលុះថ្ងៃសូន្យ។
សូមដួងវិញ្ញាណក្ខន្ធនៃម្ដាយ
រួចចាកផុតឆ្ងាយភាពស្រពោន
សម្រាកសុខស្រួលលើសួគ៌ក្បួន
ដូចកូនបានឃើញក្នុងសុបិន្ត។
ខ្ទមស្រែឥតស្រូវនៅស្រះស្រង់
ក្បែរគុម្ពរំចង់ប្លង់ខាងត្បូង
ទេសភាពបៃតងវាលស្មៅយោង
គេងលេងយោលទោងក្រោមខ្ចុះស្បូវ។
ខ្ទមស្រែត្រជាក់ធ្លាក់សន្សើម
ស្រូបខ្យល់ដង្ហើមក្លិនម្រះព្រៅ
គន្ធាផ្កាម្អមដុះអមផ្លូវ
ព្រះខ្លបស្ដេចស្មៅដៅស្នាមដើរ។
ខ្ទមស្រែសាងមិត្តជិតបង្កើយ
ផ្អែកខ្នងគងខ្នើយមើលចាបហើរ
ញ៉ាំបាយមាន់ដុតគិតបណ្ដើរ
កម្សាន្តដំណើរស្នើរពីម្សិល។
អនុស្សាវរីយ៍ពីខ្ទមស្រែ
មានរឿងហូរហែសើចឡើងគឹល
មានរឿងឈឺចាប់ស្ដាប់មិនខ្ជិល
ក្រោមដើមអម្ពិលខ្ជិលបកស្រាយ។
ថ្ងៃនេះឆ្នាំមុន ដួងចិត្តទារុណ ព្រួយនឹងអ្នកម្ដាយ
ឈឺធ្ងន់ហួសថ្លែង មិនដែលរសាយ
កូនៗខ្វល់ខ្វាយ ខ្លាចម្ដាយទៅចោល។
ថ្ងៃនេះឆ្នាំមុន ម៉ាក់អ៊ើយកូនយំ ខ្លាចបាត់ស្រមោល
គ្រូពេទ្យលួចខ្សឹប ខ្ញុំសួរដេញដោល
ខ្លាចរស់តែលតោល ក្នុងក្រោលឥតម៉ែ។