Tag Archives: កម្ពុជា

ឱ! ដីស្រុកខ្មែរ

ឱ! ដីស្រុកខ្មែរ មានមន្តគួរស្នេហ៍
ថួនថែសម្រាំង ល្អស្រស់ឆើតឆាយ
ឆ្ងាយផុតពីខ្មាំង ខំរស់ប្រណាំង
នឹងសន្តិភាព។

ឱ! ដីស្រុកខ្មែរ នៅសល់ធំដែរ
តែរាស្ត្រនៅទាប ឈោងចាប់មិនដល់
ទីទ័លក្នុងឃ្នាប នឹកឡើងឈឺឆៀប
រៀបរាប់ជាប់ទោស។

ឱ! ដីស្រុកខ្មែរ ខ្ញុំសូមរស់ដែរ
កុំតែបន្ទោស សូមតែមួយដុំ
ផ្គុំទុកបញ្ចុះ ឲ្យគេឆ្លាក់ឈ្មោះ
ដាក់ជួសមុខផ្នូរ។
———
លឹម វីរីយ៉ា🌸

ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែ មិថុនា គ.ស ២០១៧

20170601_174119

នឹកម្ដាយ

ជំនោរភទ្របទស្លុតបេះដូង
១រោចដូចសូន្យបាត់តារា
ភិរុណបង្អុរដល់កាលណា
នឹកអនុស្សារកាលម្ដាយរស់។
 
កាលពីរឆ្នាំមុនក្នុងខែហ្នឹង
ខ្ញុំអង្គុយធ្មឹងប្រឹងគ្មានលស់
ទឹកភ្នែករហាមដាមដោយឈ្មោះ
អ្នកម្ដាយពេញពោះ ដួសមិនស្រាន្ត។
 
នឹកដល់ម្ដាយថ្លៃស្រម៉ៃគិត
បើម្ដាយនៅជិតស្ថិតក្បែរប្រាណ
ពរជ័យពិរោះ ព្រួសប្រៀបបាន
លោកពោលមិនខានបានដូចទិព្វ។
 
ខែភ្ជុំឆ្នាំទៅម្ដាយឈឺធ្ងន់
ឃើញលោកទារុណកូនអាណិត
ចង់ប្ដូព្រលឹងស្នងគុណពិត
តែព្រហ្មលិខិតបិទមេត្តា។
 
រាល់រដូវភ្ជុំងំដួងចៃ
ព្រោះកូនអាល័យថ្ងៃមរណា
អ្នកម្ដាយបិទភ្នែកសូន្យសង្ខា
នៅក្នុងហត្ថាកូនម្នាក់ឯង។
 
ថ្ងៃនោះមេឃភ្លៀងរៀងងងឹត
កូនឡើងស្លុតចិត្តពិតបែកផ្សែង
ស្រែកជេរយមរាជគ្មានរអែង
កូនយំក្ដែងៗ ផ្អើលខ្លែងស្រាក។
 
ក្នុងបេះដូងកូន ម៉ាក់សែនឆ្នើម
នឹកដល់ដង្ហើមដែលចេញចាក
ម៉ាក់កាន់ដៃកូនទាំងលំបាក
បិទភ្នែកសម្រាកក្នុងសុគតិភព។
 

———
ផ្ញើជូនអ្នកម្ដាយ “មុំ សុផុន ហៅ សេងជូ” ពីឋានកណ្ដាល!

កូនស្រីទី២_លឹម វីរីយ៉ា

សៀមរាប ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០
ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា គ.ស ២០១៦

*** នេះជារូបភាពម្ដាយខ្ញុំ (ពាក់អាវត្របកឈូក) និងអ៊ំស្រី គឹមសាន (អាវស) ជាមិត្តភក្ដិជិតដិតរបស់ម៉ាក់អង្កាល់អ៊ំនៅជាគ្រូពេទ្យក្នុងមន្ទីរពេទ្យធំខេត្តបាត់ដំបងជាមួយគ្នា តែអ៊ំបានផ្លាស់ទៅរស់នៅប្រទេសអូស្ត្រាលីជាង២០ឆ្នាំហើយ។ រូបនេះថតនៅឆ្នេរសមុទ្រ យ៉ុងតាវ ប្រទេសវៀតណាម ក្នុងឆ្នាំ ១៩៨៥។ ប៉ុន្មានថ្ងៃមុន កូនប្រុសអ៊ំសាន បានផ្ញើរូបថតនេះមកឲ្យខ្ញុំតាមប្រអប់សារ។ សូមអរគុណ!

%e1%9f%a1%e1%9f%a1%e1%9f%a1%e1%9f%a1

រាត្រីមុនបិណ្ឌ

ខ្នើតខែភទ្របទផុតយប់នេះ
រនោចគម្រិះ រស្មីឆ្អិន
ចូលខ្លួនយបស្អែកចែកវេនបិណ្ឌ
ដប់បួនថ្ងៃសិនមុនឆ្លងភ្ជុំ។

រាត្រីសួស្ដីយប់ពេញបូណ៌
ភ្លៀងស្រក់លើ ទ លាន់រងំ
លាយខ្យល់ត្រជាក់ធ្លាក់រង្គំ
ភ្នែកខ្ញុំផ្ដើមទន់លន់តួខ្នើយ។

គេងហើយ គេងហើយ ណាម្ចាស់ចិត្ត
លក់ស្កប់ស្កល់ពិតចិត្តរំហើយ
ស្អែកនេះបិណ្ឌ១ កុំកន្តើយ
ទៅវត្តឱ្យហើយបំពេញកិច្ច។
———-
លឹម វីរីយ៉ា

រាត្រីដែលមានសួស្ដី! 🌕

យប់១៥កើត ខែភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០
ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកញ្ញា គ.ស ២០១៦

148674944

នៅផ្ទះយាយម្លិះ

-ពីក្រោយខ្នងខ្ញុំមានបួននាក់
សូមមើលឲ្យជាក់ហើយចាំស្ដាប់
ខ្ញុំនឹងរៀបរាប់តាមលំដាប់
ខ្លាចមិនបានប្រាប់នាំស្ដាយក្រោយ។

-ម៉ាក់យាយសែនឆ្លាតឱហាតក្រៃ
រហស្សនាមយ៉ាងល្បីយាយផ្ដល់ឲ្យ
ចាស្ម៊ីន ខេស៊ី (១) មាំមិនខ្សោយ
មានចៅពីរហើយសុទ្ធស្រីស្អាត។

-គាត់ពាក់វ៉ែនតាចុច iPad
កំពុងតែច្បេតតែងកំណាព្យ
អោបចៅបណ្ដើរមិនឲ្យខាត
យោលនាងពៅស្អាតមិនឲ្យព្រួយ។

-ថ្លែងពីនារីភ្លីសក់ក្រាស់
ភ្នែកលឹបឃើញច្បាស់ដូចអាមួយ
អង្គុយអានសៀវភៅជាភូឈួយ
បកប្រែរឿងមួយជូនយាយសិន។

-គាត់ឈ្មោះសុភាព ត្រកូលចេន(២)
បើរាប់មែនទែនពូជកូនចិន
ប្រសព្វចំណាប់ប៉ិននុះប៉ិន
រកស៊ីកាច់កិនសន្សំលុយ។

-ក្រឡេកភ្នែកមើលក្នុងអង្រឹង
ចៅតូចព្រលឹងកំពុងងុយ
បិទភ្នែកគេងលក់ខ្ជិលដេញរុយ
ម៉ាក់យាយអង្គុយយោលបំពេ។

-នៅផ្ទះយាយម្លិះសប្បាយណាស់
ខាងលើស្រឡះវាលទំនេរ
ខ្យល់បក់ប៉ីប៉ីល្ហើយម្លេះទេ
សំយ៉ាប-លយទេរម្ខាងផ្សារផ្សោ។

-បើមានឱកាសនឹងទៅទៀត
បានរាប់ជាញាតិមិនឯកោ
ទម្រាំចៅធំយាយឡើងសោ (៣)
គិតទៅគិតមក ឱ! ជីវិត។

-សូមស្លេះសិនចុះក្រែងគេជិន
សរសេរបង្ហិនតែរឿងពិត
ទុកខ្លះកុហកថ្ពក់ស្នេហ៍ស្និទ្ធ
និស្ស័យកៀកស្អិតពិតជួបទៀត។
——
ដោយ លឹម វីរីយ៉ា
សៀមរាប ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា គ.ស ២០១៦

(១) Jasmine Kc
(២) Sopheap Chen
(៣) សោ = ហត់នឿយអស់កម្លាំង

13390874_10208389740157520_1602535980_n

គ្រូកំសត់

ភ្លៀងអ៊ើយរាំងទៅ ខ្ញុំនៅកំព្រា
ខ្យល់ខ្លាំងរងា ឥតគ្នាសាសង
ចាំសិស្សម្នាក់ឯង ចម្បែងបន់ផ្សង
ក្រែងខកបំណង ប៉ងខុសប្រាថ្នា។

ផ្គរអ៊ើយជួយចាំ ផ្ដាំសិស្សខ្ញុំផង
និស្ស័យយើងចង ឆ្លងនៅសាលា
ល្ងាចនេះកុំខាន មករៀនផងណា
ភ្លៀងខ្លាំងយ៉ាងណា គ្រូស៊ូរង់ចាំ។ 😢💦

ដោយ លឹម វីរីយ៉ា

viriya_lim_lonely_teacher

បើសិន…

បើព្រះអាទិនករ ឈប់រៀងរះ
ចន្ទ្រានឹងឈ្នះភពរាត្រី
អាចបំភ្លឺមនុស្សក្នុងលោកីយ៍
មិនពឹងរស្មីនៃសូរិយា។

បើសិនផ្កាយព្រឹកពេលព្រលឹម
បែរអស់សង្ឃឹមឈប់យាត្រា
ច្បាស់ជាផែនមេឃញែកតារា
ទោះហ្វូងទេវតាក៏គង់ក្ស័យ។

បើសិនសមុទ្រប្រែរសផ្អែម
មនុស្សលោកនឹងថែមជំងឺថ្មី
ពេលនោះព្រះព្រហ្មអស់ខន្តី
រំលាយផែនដីអាសារបង់។

ច្នេះហើយរស់នៅត្រូវគិតគូរ
សាងបុណ្យកុំយូរគ្រូតម្រង់
ជីវិតនៃមនុស្សរស់រញ៉ង់
ខ្លីណាស់កុំចង់ផ្ចង់អធម្ម។

បួងសួងសម្រួងលួងដោយស្មោះ
សូមបានផុតអស់ ខ្ទាស់បន្ត
នូវពរជោគជ័យ ជាអំណរ
ដង្ហើមសាទរ តែពាក្យឈ្នះ!
———
ដោយ លឹម វីរីយ៉ា
ថ្ងៃអង្គារ ទី១៣ ខែកញ្ញា គ.ស ២០១៦

img_7095

សិស្សចាស់មកលេង

សិស្សពីអឌិត គិតទៅ វាបីឆ្នាំប្លាយ
សព្វថ្ងៃហាក់ឆ្ងាយ ឆោមឆាយ ចេះនៅគិតគូរ
ប្រាប់ថានឹកណាស់ សិស្សចាស់ ចង់មកលេងគ្រូ
មិនបង្អង់យូរ អ្នកគ្រូ ទទួលបាយថ្ងៃ។

ញ៉ាំហើយមិនទៅ ពាលពៅ នៅតែញ៉េះញ៉ោះ
ព្រោកប្រាជ្ញ ឥតទាស់ ស្ម័គ្រស្មោះ សើចលួងដួងចៃ
ទាល់តែប្រាប់ថា Zen Ya ដល់ម៉ោងហើយថ្លៃ
ទើបឆ្លើយថា ហៃ!!! ថ្ងៃក្រោយ ចាំអូនមកទៀត!

១២៣៤

មាន់អាំងមិត្តខ្ញុំ

IMG_5349

មាន់អាំង មាន់អាំង ក្លិនឈ្ងុយឈ្ងប់ខ្លាំង
អាំងដោយមិត្តខ្ញុំ ដុំភ្លៅនិងស្លាប
ឆាបភ្លើងឆេះងំ ផ្សែងហុយត្រគុំ
រុំខ្លោចទាំងថ្ងៃ។

មាន់អាំងពិសេស រសជាតិឆ្ងាញ់ម្លេះ
បេះចែកគ្នាញ៉ៃ មិត្តខ្ញុំ លីស៊ុន
មុនហ្នឹងម្សិលម្ង៉ៃ គាត់អាំងជូនឆី
មានអី! អស់ស្ទះ!

មាន់អាំងអគ្គី ចែកឆី free free
ទីដំបូលផ្ទះ ខ្យល់បក់រសៀក
ខ្ញុំងាករូតរះ ជូតដៃស្អាតជ្រះ
ព្រលះចុកមាត់! :p

ឆ្ងាញ់ណាស់ពួកម៉ាក ចាំពេលសម្រាក
នឹងមិនឲ្យភ្លាត់ ឆៀងទៅម្ដងទៀត
សាកសួរហើយកត់ រៀនសូត្រម៉ត់ចត់
រូបមន្តអាំងមាន់!

IMG_5359
មាន់អាំងជ្រុលភ្លើង

លោកសំគិះ

ទោះបីលោកនេះ សំគិះក្រៃ

ភពមនុស្សចង្រៃ ប្រល័យគ្នា

ក៏ខ្ញុំទ្រាំរស់ ឈ្លោះមេឃា

ស្វែងយល់ធម៌ព្រះ ឈ្នះវេទនា ញញឹមសម្លាប់ ផ្កាប់ពួកមារ

សម្លឹងឲ្យធ្លុះ ពុះវេរា  មុននឹងហារមាត់ ផ្ទាត់ពាក្យលា

ស្វែងរំដោះពៀរ វៀរផុតគ្រោះ។

៚—–

(បទពាក្យ៧ បែបរ៉េប)

លឹម វីរីយ៉ា

ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍  ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០

ត្រូវនឹងថ្ងៃទី១៤ ខែសីហា គ.ស ២០១៦

IMG_2885

បណ្ដាញសមាគមស្ត្រី

IMG_4735

ខ្សែជីវិត គិតឲ្យដល់ ខ្វល់តែម្យ៉ាង

ព្រេងសំណាង សាងដោយព្រះ ឈ្នះដោយមនុស្ស

បើច្រអូស ខុសពីក្បួន ជួនអាចធ្លុះ

ចូរស្ទាស្ទុះ លុះធម្មា វៀរឈ្នះទុក្ខ។

 

កើតជាស្រី ន័យរុងរោចន៍ ដូចឥន្ទធនូ

ប៉ិនគិតគូរ ស៊ូការងារ ជាបន្ទុក

មិនទន់ជ្រាយ ងាយសង្វាត ឆ្លាតនាំមុខ

ចេះផ្ដាក់ទុក ស្ដុកដោយទ្រព្យ ផ្គាប់សិរី។

 

ជាស្រីខ្មែរ ថែចរិយា ប្រាថ្នាយស

កេរ្ដិ៍ខ្ពង់ខ្ពស់ រស់ដោយសក្ដិ ថ្នាក់ប្រពៃ

កុលធីតា ខេមរាជាតិ ឆ្លៀតលកលៃ

សាងតម្លៃ ច្នៃកិត្តិយស ជួសប្រឹថពី។

 

សមាគម ឃុំដោយច្បាប់ ត្រាប់បណ្ឌិត

ឈ្មោះហៅពិត ក្រិត្យក្រមការ ថានារី

សហគ្រិន ប៉ិនធុរកិច្ច ច្បិចរកស៊ី

ចងសាមគ្គី មីរមូលផ្ដុំ ផ្គុំជំនួញ។

 

សូមបុរស ខ្ទាស់បេះដូង ឈោងដៃផង

គ្រានេះម្ដង ក្រងជោគជ័យ ស្ត្រីជួញ

ភពផែនដី លៃលកភេទ ច្បេតពង្រួញ

រឿងទំនួញ ទួញយំសោក ក្រោកបញ្ឈប់។

 

ស្នើបង្អួត ត្រួតបង្ហាញ បណ្ដាញយើង

ស្រ្តីថ្កើង ចើងចរចា លក្ខណាគ្រប់

មិនមែនឆ្មើង ឡើងកន្ទ្រើង ពើងដល់ងប់
ស្ម័គ្រនាំមុខ សុខតាមក្រោយ ដោយមង្គល។

 

សូមសង្ខេប បែបសារខ្លី ន័យមិនជ្រៅ

ចង្អុលទៅ នៅតែគិត ស្ថិតរឿងថ្មី

ល្បើកបុរាណ ស្មានរំឭក នឹកទ្រឹស្ដី

ច្បាប់ស្ត្រី ស្ដីសាធារ ជារឿងខុស។

 

សូមជំទាស់ ខ្ទាស់នឹងច្បាប់ ចាប់ចងសិទ្ធិ

ស្រ្តីពិត ស្ថិតនៅនា គ្រាស្មើប្រុស

យុគសម័យ ថ្លៃប៉ុនគ្នា ជាចម្រុះ

សូមសណ្ដោស ប្រោសយោគយល់ ដល់ស្រីផង។

 

សូមប្រឆាំង ច្បាំងនឹងពាក្យ ច្រៀកជាក្បួន

តាមសំនួន ជួនគេពោល បូលត្រសង

ថាស្ត្រី ថ្លៃថ្នូរបាន ចង្រ្កានផង

គ្រានេះម្ដង ប៉ងឲ្យជ្រាប រៀបរឿងថ្មី។

 

សូមមេត្តា ចារប្រវត្តិ កត់ចាំទុក

ជាទំនុក ស្រុកខេមរា រអាស្រី

នាងរឹងមាំ ទ្រាំប្រយុទ្ធ ទ្រុតបាក់ដី

ទោះដល់ក្ស័យ ក៏ស្ត្រី ឈ្នះជានិច្ច!

———-

ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

សៀមរាប,

ថ្ងៃពុធ ១៥រោច ដាច់ខែអាសាឍ (ស្អែកចូល១កើត ខែស្រាពណ៍) ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី៣ ខែសីហា គ.ស ២០១៦