Tag Archives: កំណាព្យខ្មែរ

អនុស្សាវរីយ៍ព្រៃរំដួល (កំណាព្យបទ៧ព្យាង្គ)

អនុស្សាវរីយ៍ ទីរឭក
រលកចិត្តនឹក ភ្លឹកដល់ពៅ
រលីងរលោង អន្ទងដៅ
លបហួចលួចហៅ ក្នុងសុបិន។

ស្លឹកឈើជ្រុះអស់ លាស់ត្រួយថ្មី
ខ្យល់ទិសនិរតី ដីភូមិន្ទ
ភូមិមួយធ្លាប់ស្ងប់ អប់រសក្លិន
រំដួលមាសឆ្អិន រីកក្រោយគេ។

ឥឡូវនៅសល់ តែសង្ឃឹម
ដោតផ្កាញញឹម ត្រឹមសំណេរ
សំណោកដួងចិត្ត ស្អិតម្ល៉េះទេ
ចង់ស្អប់កប់កេរ រេរាគិត។

បើសិនថ្ងៃស្អែក ហែកភពបាន
ព្រឹក្សព្រៃកល្យាណ ច្រានមកជិត
នឹងអាចឈានដល់ ពាល់ប៉ះរឹត
ពឹងពរវម្មិត ក្រឹត្យបង្ហើប។

សូមឱ្យទងផ្ការំដួលព្រៃ
បានរីកជាថ្មី លៃកាច់ថើប
ស្ញប់ស្ញែងក្រែងឫទ្ធិ ពិតគេស្ញើប
គន្ធាហៀរស្រើប ពិដោរសាយ។
———
វិរិយា 🌸

ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា គ.ស. ២០២១

អាសាឡ្ហបូជា (កំណាព្យបទ៧ព្យាង្គ)

ថ្ងៃដប់ប្រាំកើតខែអាសាឍ
ត្រូវតាមក្បួនខ្នាតបុរាណចាស់
ជាថ្ងៃរំឭកនឹករឿងខ្លះ
ទាក់ទងនឹងម្ចាស់នៃសាសនា។

ហៅបុណ្យអាសាឡ្ហបូជា
រំឭកនឹកគ្រាព្រះសាស្ដា
សម្មាសម្ពុទ្ធប្រដៅថា
ព្រះធម្មថ្លៃថ្លាជាទីពឹង។

ថ្ងៃដប់ប្រាំកើតខែអាសាឍ
ជម្រះឱ្យស្អាតចិត្តដែលរឹង
ទម្លាក់មានះនៅឱ្យនឹង
សម្ងំស្មាធិ៍ស្មិងសញ្ជឹងធម៌។

វិភាគហើយគិតព្រះធម្មក្ខន្ធ
កងធម៌ណែនណាន់មានខ្មៅ-ស
សភាវៈពិតអាក្រក់-ល្អ
មានជាប់តំណគ្រប់ៗប្រាណ។

អរិយសច្ចៈបួនប្រការ
ទីមួយ ទុក្ខាតាមលំអាន
ជាប់កង់រទេះដូចជាដាន
វិលគ្មានសម្រាន្តម្ដងណាឡើយ។

ទីពីរ កំណើតនៃក្ដីទុក្ខ
វាដុតរានរុកឆេះឥតស្បើយ
ឈ្មោះហៅតណ្ហាវានេះហើយ
ចាក់ដូចកន្ត្រើយរមាស់ក្រៃ។

ទីបី សេចក្ដីរំលត់ទុក្ខ
ធម្មល្អវិសុទ្ធខ្ពស់ថ្លាថ្លៃ
ជួយយើងដោះស្រាយរឿងចង្រៃ
រស់ចាកគ្រោះភ័យន័យនិរោធ។

ទីបួន អង្រួនមគ្គសច្ចៈ
ការពិតប្រចក្សរៀងរហូត
ប្រកាន់ឱ្យខ្ជាប់កុំរបូត
ទន្ទេញហើយសូត្រ-បដិបត្តិ។

ថ្ងៃដប់ប្រាំកើតខែអាសាឍ
សូមលាងឱ្យស្អាតសង្វាតហាត់
គិតព្រះសម្ពុទ្ធ អរហត្ត
ទុក្ខរលាយបាត់ និព្វានហោង។
_______
សូមអនុមោទនា អាសាឡ្ហបូជា និងបុណ្យចូលព្រះវស្សា!
Happy Āsāḷha-Pūjā and The Buddhist Vassa Rains Retreat!

ថ្ងៃ១៥ កើត ខែបឋមាសាឍ (អាសាឍទី១) ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា គ.ស.​ ២០២២
________
វិរិយា🌸
១៤កើត ខែអាសាឍ ២៥៦៦​ – ១២ កក្កដា ២០២២

ទំនុកដួងចិត្ត (កំណាព្យបទ១០ព្យាង្គ)

ទំនុកខ្ញុំតែង សូមថ្លែង ប្រាប់ពិភពលោក
រឿងមនុស្សគរគោក ជោកជាំ ទម្រាំបានជ័យ
កាត់ព្យុះជីវិត រឹតតឹង ថ្លឹងសូមសេរី
ក្រោមមេឃលើដី ខ្លីវែង រែងសូមស្មើភាព។

ទំនៀមបុរាណ ស្មានៗ បានតែស្មុគចិត្ត
រឿងបោកលម្អិត គេបិទ មិនឱ្យលេចជ្រាប
ជំនឿខ្លះខុស ស្លុះស្លុង ផុងបាក់រនាប
ទំពាំងដីទាប រៀបដុះ ខុសពូជឫស្សី។

ទង់ជ័យបីពណ៌ លម្អ តពូជផៅពង្ស
ខ្លះព្រមលើកទង់ រង់ចាំ គេហៅជាន់ដី
ចងជើងព្រាប-ស តថ្លៃ ព្រោះខ្លាចរស់ខ្លី
នឹងបានវិលវៃ រួមដៃ ច្នៃជោគវាសនា។

ទំនួញជើងកាព្យ ខាបចិត្ត អាណិតអ្នកតែង
ធ្លាប់ខ្ពស់ដូចខ្លែង លែងក្រែង ថ្លែងពេចន៍វោហារ
ទម្លាយអារម្មណ៍ ផ្សែផ្សំ បង្ខំអក្ខរា
គ្រាន់ចង់ផ្សះផ្សា ស្រវា សូមសន្តិភាព។
——-
វិរិយា🌸

ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ៤ ខែមេសា គ.ស. ២០២១

ចុចទីនេះដើម្បីស្ដាប់កំណាព្យនេះក្នុង YouTube ដែលខ្ញុំសូត្រ https://youtu.be/vAl0xIpfOgE

ដូងអើយ…

(កំណាព្យបទវង្សវិចិត្រ មេព្យាង្គ៩)

ដើមអើយដើមដូង ឈោងដៃស្រមៃបេះ
ដូងអើយខ្ពស់ម្ល៉េះ បេះម្ដេចនឹងដល់បាន
ម្លប់សែនត្រជាក់ អ្នកដុះសព្វភូមិឋាន
ឈរក្បែរថ្មើរម៉ាន ស្រានចិត្តគិតវែងឆ្ងាយ។

ប្រសិនឈោងដល់ ពាល់ប៉ះច្បាស់ជាសុខ
ដូងទុំម្ចាស់ស្រុក សំកុកចាំឥតណាយ
ឈរឬអង្គុយ ឥតលុយក៏សប្បាយ
ដូងខ្ពស់ដូចផ្កាយ ខ្ញុំស្ដាយឡើងមិនដល់។
———
វិរិយា🌸

ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ វិច្ឆិកា គ.ស. ២០២២

រូបថតនៅលើឆ្នេរឋានសួគ៌ កោះរ៉ុង ខេត្តព្រះសីហនុ ប្រទេសកម្ពុជា | ថ្ងៃទី៦ វិច្ឆិកា ២០២២

កំណាព្យ៖ សង្គ្រាម និង សន្តិភាព

(បទ៧ព្យាង្គ)

០១. សង្គ្រាមឈ្ងៀមដី ព្រៃឆេះខ្ទេច
ជើងត្បូងកើតលិច រេចគ្មានសល់
ជីវិតហិនហោច ល្អោចរចល់
សញ្ជឹងអស់កល សល់តែឆ្អឹង។

០២.​ គ្រាប់បែកបាញ់ប្លោង កោងជើងមេឃ
មនុស្សសត្វនឿយពេក ដេកទទឹង
ឈាមក្រហមពោរ ជោរតាមស្ទឹង
ហូរដាបក្លាយបឹង ថ្លឹងតែសព។

០៣. សំឡេងយន្តដែក រហែកមេឃ
រំពងខ្លាំងពេក ស្លេកសន្លប់
សម្លឹងទៅឆ្ងាយ ស្ដាយកំណប់
ខំរកខំកប់ ទ្រព្យសង្ឃឹម។

០៤. រូងភ្នំដីស្អិត ឥតអាសូរ
សម្រែកទ្រហោរ ផ្គរគ្រឹមៗ
ជម្រកបាក់ធ្លាយ រលាយធ្នឹម
ទឹកភ្នែករឹមៗ ហូរលាយឈាម។

០៥. ឈឺចាប់ច្បាប់ខ្លះ ផ្លាស់ក្រឡាច់
ក្រឡាប់ផ្ងារកាច់ ក្បាច់ឈ្លើងទាម
លុបសន្តិភាព ធៀបកូនចៀម
ប្រកាសសង្គ្រាម ត្រៀមយកជ័យ។

០៦. តាមពិតលើកទង់ រង់ចាំស្លាប់
អ្នកស្លន់បន់ច្បាប់ ត្រាប់ខុសន័យ
ក្រហមឬខៀវ គង់តែក្ស័យ
ផ្នូរមាសផ្នូរដី សុទ្ធតែខ្មោច។

០៧. ខំសាងកេរ្តិ៍ឈ្មោះ ពីរោះក្ដាត់
បែររលាយបាត់ ខ្ចាត់ខ្ចាយល្អោច
ព្រោះតែតណ្ហា ដុតកម្លោច
ឱ្យឆេះខ្មៅរោច ដូចនរក។

០៨. ពាក្យ “សន្តិភាព” ប្រៀបដុំមាស
គេយកថែមក្បៀស កៀសចូលភក់
តាមពិតសង់គុក ទុកជ្រលក់
លាបពណ៌ដោយជក់ពួកទេព្ដា។

០៩. អ្នកប្រាជ្ញបណ្ឌិត ងងឹតឈឹង
ជីវិតថ្មើរហ្នឹង នៅឯណា?
បាត់ឈ្មោះបាត់រូបពីតម្រា
សេចក្ដីថ្លែងការណ៍ គេកឹបទុក។

១០. ពាក្យ “សន្តិភាព” រៀបពេញថ្នល់
ខ្លះទូលលើកកល់ ពេញបន្ទុក
ខ្លះលាតត្រដាង ឆ្កាងក្នុងគុក
ខ្លះយំចេញមុខ ស្រែកទ្រហឹង។

(បទកាកគតិ)

១១. បើគិតឱ្យជ្រៅ គិតយូរៗទៅ
ច្បាស់ជាអាចថ្លឹង ថាសន្តិភាព
ស្ងាត់ច្រៀបល្អម្ល៉ឹង មិនមែនក្ដៅតឹង
ដូចគេប្រឹងទប់។

១២. ពាក្យ “សន្តិភាព” បើគិតប្រៀបធៀប
រៀបតាមគម្រប់ គឺជាឋានស្ងប់
ដណ្ដប់ពិភព លោកាដែលគ្រប់
ថ្ងៃយប់សុខសាន្ត។

១៣. សន្តិភាពពិត មិនមែនងងឹត
ជាភពសម្រាន្ត សម្រាករស់ស្រួល
គ្មានអ្នកផ្ដួលច្រាន ជីវិតប៉ុន្មាន
ឆ្លងបានមង្គល។

(បទព្រហ្មគីតិ)

១៤. “សង្គ្រាម” ពាក្យពីរម៉ាត់
តែខ្ចាយខ្ចាត់ ឆ្វាត់បំពុល
សម្លាប់មិនឱ្យសល់
រលាយវ៉ល់ ដល់ផែនដី។

១៥. ឯពាក្យ “សន្តិភាព”
បីមាត់ប្រៀបធៀបនឹងន័យ
ដែលសេសសល់អាល័យ
ពេញហឫទ័យនៃជីវិត។

១៦. សន្តិ និង សង្គ្រាម
សុទ្ធតែត្រៀមប្ដូរគំនិត
អ្នកស្លាប់លែងបានគិត
អ្នករស់ពិតរឹតតែខ្វល់។

១៧. សន្តិ និង សង្គ្រាម
ស្លាកពេញនាមដែលគេពាល់
ពេលពោលពំនោលដល់
ដឹងកិច្ចកល ស្គាល់ការណ៍ពិត។

១៨. សន្តិ និង សង្គ្រាម
ដូចព្រះរាម និងអមិត្រ
ប្រយុទ្ធដណ្ដើមឫទ្ធិ
ប្រជែងមិត្ត ខិតទង់ជ័យ។

១៩. សន្តិ និង សង្គ្រាម
ឆេះហើយក្រៀម បៀមទុក្ខភ័យ
ឈ្នះចាញ់នៅតែក្ស័យ
ល្អក់ចង្រៃរយពាន់ឆ្នាំ។

(បទភុជង្គលីលា)

២០. ចង់រស់ក្នុងសន្តិភាព
មិនបាច់រាប់រៀប ធៀបរឿងបនបក្ស។

២១. ពាក្យសន្តិភាពប្រត្យក្ស
ក្លាយរឿងហាស្លាក់ ខ្ជាក់ទៅវាស្លែង។

២២. សន្តិភាពមិនសម្ដែង
អាចឃើញជាក់ស្ដែង ពេលមនុស្សរស់ស្ងប់។

២៣. មិនបាច់អរគុណយកគាប់
យកគួរមកទ្រាប់ ជាប់ឈ្មោះពួកទ្រ។

២៤. ក្រាបលូនដូចល្មូនក្រោមផ្នូរ
សម្រែកជយោ! ហ៊ោដូចទ័ពខ្មោច។

២៥. ស៊ីពែ ទ្រគេ ឡើងហោច
កេរ្ដិ៍ឈ្មោះធ្លាក់ល្អោច បោចស្មៅអង្កៀម។

២៦. ខំប្រឹងរក្សាទំនៀម
ទម្លាប់បឺតឈាម អ្នកតូចទន់ខ្សោយ។

២៧. ហើយតាំងមកស្រែកដង្ហោយ
ចុះចែកអំណោយ ពាក់ស្លាកអ្នកល្អ។

២៨. តាមពិតជំរិតជាន់ក
សម្លាប់អ្នកក្រ តាមក្បួនមេបក្ស។

២៩. លើកទង់បង្អួតមនុស្សខ្វាក់
អ្នកភ្លើក្រោមថ្នាក់ បាក់បបខ្លបខ្លាច។

៣០. តាមពិតសុទ្ធតែបិសាច
សន្តិភាពកាច ខ្លាចអ្នកចេះដឹង។

៣១. ន័យសន្តិភាពបែបហ្នឹង
មិនបាច់ខំប្រឹង រក្សាទុកទេ។

៣២. ព្រោះវារលួយខុសគេ
ពុកផុយដាច់ថ្នេរ គេខ្ពើមរអើម។

៣៣. ដឹងខ្លួនសូមឆាប់ចាប់ផ្ដើម
ប្រោះទឹកសន្សើម ផ្សើមដីអ្នកស្រែ។

៣៤. នឹងអាចមានឈ្មោះរស់ក្បែរ
សន្តិភាពដែរ ថែថួនអ្នកស្រុក។

៣៥. សូមឈប់បំផ្លាញត្បាញចុក
វិលកសាងស្រុក រស់សុខនឹងគ្នា។

៣៦. សូមឈប់ចាប់ចងសងពៀរ
ព្យាបាទតគ្នា តជាសន្ដាន។

៣៧. ពូជអ្នករស់បានប៉ុន្មាន?
គង់រលាយប្រាណ សម្រាន្តក្រោមដី។

៣៨. ម្ល៉ោះហើយគួរមានអភ័យ
សន្ដោសប្រណី ភ្ជាប់ន័យសន្តិ។

៣៩. ឈប់ដើរតួដូចអស្មិ
មានះចចេស រឹងរូសទ្រុស្ដសីល។

៤០. សូមឈប់បំផ្លាញផ្ដាច់ផ្ដិល
សង្គមហោចរឹល ដោយតណ្ហាអ្នក។

៤១. សន្តិភាព គឺត្រជាក់
មិនមែនអន្ទាក់ ចាប់គ្នាប្រហារ។

៤២. សន្តិភាព គឺថ្លៃថ្លា
មិនមែនមរណា ងាប់ដូចខ្មោចសត្វ។

៤៣. សន្តិភាព គឺភពស្ងាត់
គ្មានពាក្យកម្ចាត់ ឆ្វាត់ឆ្វែងទ្រគ្នា។

៤៤. សន្តិភាព គឺរមនា
គ្មានទុក្ខវេទនា រស់ជាសុខហោង។


វិរិយា🌸

ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា គ.ស.​២០២១

រូបថត Artwork របស់ លឹម វិរិយា

ល្បើកម្នាងហ្វេសប៊ុគ (Facebook)

(កំណាព្យបទកាកគតិ)

១) នេះនឹងថ្លាថ្លែង រឿងគេរឿងឯង
ចែងឱ្យចេញស្នាម រឿងម្នឹះក្រោមមេឃ
រែកពន់រឿងកាម រហែករហាម
ប្ដូរសំរាមជុគ។

២) អ្នកខ្លះឥតដេក យប់ឡើងទឹកភ្នែក
ហូរជ្រែកហ្វេសប៊ុគ ដ្រាម៉ាកក្រើក
របើកចេញមុខ រាយរាប់រឿងទុក្ខ
រកទំនុកធូរ។

៣) អាស្រូវក្នុងផ្ទះ បែរយកមកជះ
ហៀរហូរតាមលូ ក្លិនស្អុយឆ្អេះឆ្អាប
ហូរដាបយូរៗ ហេតុចង់បន្ធូរ
បែរបន្ថយថ្លៃ។

៤) តិះដៀលរាលបែក ចាក់រុកហួរហែក
បែកខ្ទេចចង្រៃ កេរ្តិ៍ឈ្មោះធ្លាក់ទាប
អន់រាបដូចចៃ ជេរគេហាលថ្ងៃ
ខៃសារគម្រក់។

៥) ចាស់តែអាយុ ចេះត្រឹមសាធុ
ពីឋាននរក រស់ក្នុងខ្ទុះឈាម
បៀមតែលាមក ខួរក្បាលងាប់ស្ទក់
គក់ចេញដង្កូវ។

៦) រឿងម្នឹះឫសអន់ ភ័យនឹងផ្គរលាន់
ស្លន់ស្លោពេញផ្លូវ គួរឱ្យអាសូរ
គ្រប់ខួបរដូវ មើលយូរៗទៅ
នៅតែខ្លោចផ្សា។

៧) ខ្លះមុខស្អាតបាត ម្សៅក្រែមវិញប៉ាត
ស្អាតដូចទេវតា បង្ហោះហ្វេសប៊ុគ
លាយទំនុកសារ អានរួចកាលណា
ភាយអវិជ្ជា។

៨) ល្អរូបល្អរាង រស់ដូចអ្នកម្នាង
ទៀងតែអួតគ្នា អួតរឿងបានប្ដី
សេដ្ឋីទ្រព្យា មិនដែលភាវនា
រៀនធម៌សុខសោះ។

៩) កាព្យខ្លីន័យខ្លោច សរសេរផ្ញើខ្មោច
ឱ្យល្អោចអាឡោះ អ្នកណាមានខ្លួន
ឈប់ពួនបង្ហោះ សូមកែកុនដោះ
ស្រាយចំណងកម្ម។

១០) សូមអ្នកគិតផង បញ្ហាអ្នកចង
អ្នកត្រូវតែចាំ គិតគូរដោះស្រាយ
សស្រាក់សស្រាំ ឈប់ស្រោចតាមកាំ
ជណ្ដើរហ្វេសប៊ុគ។

១១) សូមអ្នកពិច័យ ពិនិត្យកែខៃ
ច្នៃឈប់រានរុក ឈប់ផ្សាយបំពុល
គេឯងចេញមុខ រឿងសុខរឿងទុក្ខ
កុំយកមកវះ។

១២) បើចង់ពិន័យ រឿងប្រពន្ធប្ដី
សូមស្ដីក្នុងផ្ទះ បាចឱ្យក្អែកចឹក
ក្លិនស្អុយសាយជះ ចុងក្រោយរយះ
ធ្លាយកេរ្តិ៍គ្រួសារ។

១៣) បើចង់ថ្លៃថ្នូរ រស់រកពុទ្ធោ
កុំហូរបាតផ្សារ ហៀរលាយសំរាម
ស្រមាមក្រៃណា ជាប់រោគមរណា
ប្រហារឱ្យក្ស័យ។

១៤) ឈប់ឈ្លក់នឹងកាម តណ្ហារហាម
ឆេះតាមជើងដៃ ឆេះរាលដល់ភូមិ
នាំគេចង្រៃ ហុយផ្សែងយប់ថ្ងៃ
អាល័យភ្លើងទោស។

១៥) ស្ដាប់ធម៌ខ្លះទៅ ក្រែងអាចនាំផ្លូវ
លែងសូវបន្ទោស ខ្លាំងខាងបញ្ចោរ
ចំអាសចំអូស អាចប្រាសអាយូស
ជាប់ទោសយូរឆ្នាំ។

១៦) សូមស្លេះល្បើកខ្លី ល្បើកម្នឹះប្រុសស្រី
ដែលល្បីរងកម្ម ល្បីខាងហែកកេរ្តិ៍
រលួយចិញ្ច្រាំ អ្នកស្រុកជួយចាំ
ឆ្មាំជាន់ពន្លិច។

១៧) សូមឱ្យល្បើកនេះ បានដល់អ្នកត្រិះ
ចេះរិះបែរគេច រឭកភ្ញាក់ខ្លួន
ភ្ងារឡើងលែងធ្មេច ដឹងថ្ងៃរះលិច
ជារឿងធម្មតា។

១៨) សូមបានចេះរស់ ហាលែងទ្រគោះ
រស់ដោយសម្មា ត្រេកអរនឹងស្ងប់
កប់ចិត្តមេត្តា នឹងផ្សាយសុខា
ជាអង្វែងហោង!
———–
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ១កើត ខែ បឋមាសាឍ (អាសាធតូច) ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា គ.ស. ២០២១

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសម្មាចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រោងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
លឹម វីរីយ៉ា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតភ្នំហិមាឡៃ យកមកពីគេហទំព័រ http://www.wallpaperflare.com

សូមអួតខ្លួនឯងមួយ (កំណាព្យបទព្រហ្មគីតិ)

មើលខ្ញុំសមសួនទេ? អាវសង់ត្រេកំប្លេរថ្មី
ពណ៌ល្អឆើតអាល័យ នៅក្នុងព្រៃមានតែមួយ។

ខ្សែ-ក-ពីរតម្លឹង ពាក់កាលហ្នឹងមិនសូវព្រួយ
ដាំពេជ្រធ្មេញបង្គួយ ចាំងមួយៗផ្លាតបែកភ្នែក។

សក់ក្ដោបម៉ូដបុរាណ តែកុំស្មានមើលងាយពេក
កាត់ជាងល្បីក្រោមមេឃ កន្ត្រៃផ្ដេកកាំបិតហោះ។

លាបក្រែមក្រហមឆ្អៅ សើចស្ញេញទៅនៅតែស្រស់
វែនតាសមទាំងអស់ នេត្រាឆ្លុះដល់ដួងចិត្ត។

ខ្ញុំឈរថតកាច់រាង ​ ក-រាងផ្អៀងឆ្វេងបន្តិច
មន្តស្នេហ៍ខ្ចាយព្រិចៗ មុនថ្ងៃលិចគួរបេតី។

សូមផ្ញើសារទៅអ្នក ពាក្យរាក់ៗ-ឃ្លាខ្លីៗ
គ្មានបានបង្កប់ស្អី មានតែន័យបង្អួតខ្លួន។

អានហើយសូមកុំក្អួត រឿងខ្ញុំអួតតាមពាក្យចួន
ព្រោះគ្មានអ្នកថែថួន មើលមាំមួនមករៀងអាយ។

ម្ល៉ោះហើយបើមិនអួត ខ្លាចតែឆ្កួតព្រោះដេកស្ដាយ
សម្រស់-ត-ពីម្ដាយ អត់មានក្លាយកាត់ទៅណា។

ឥតមានបានកែកុន នាំយ៉ាកចុនអស់ដុល្លារ
ល្អល្អាច់ពីដូនតា លើលោកាគ្មានពីរឡើយ។
____________

លឹម វីរីយ៉ា🌸

១០ / ០២ / ២០២១

រូបថតខ្ញុំ ថតនៅតាមដងផ្លូវជាតិក្នុងខេត្តស្ទឹងត្រែង កាលពីឆ្នាំ ២០១៥

បណ្ដាំម្ដាយខ្ញុំ (កំណាព្យ បទភុជង្គលីលា)

បង់បោយឱ្យសមនឹងប្រាណ
ឈានជើងដើរបាន ឱ្យប្រមាណដី។
រាក់ទាក់រកញាតិថ្មីៗ
កុំអាលហាស្ដី សូមខ្ចីលុយកាក់។
រៀនយល់ស្គាល់មនុស្សតាមថ្នាក់
នឹងមានយសសក្ដិ គេលើកដាក់ឱ្យ។
សង់ផ្ទះត្រូវទុកទ្វារក្រោយ
ក្រែងភ្លើងឆេះដោយ រួចរស់បានងាយ។
ដើរព្រៃកុំជេរពួកព្រាយ
ក្រែងវាកាច់ធ្លាយ តៃហោងឥតការណ៍។
កុហកច្រើនចាញ់អាត្មា
ផ្លូវដែលសុខា គឺពោលពាក្យពិត។
ប៉ុន្តែមុនពោលត្រូវគិត
អ្នកស្ដាប់ពាក្យពិត ជាចោរឬប្រាជ្ញ។
ភ្លើងយប់ត្រូវភ្លឺចិញ្ចាច
ចំណាយកុំខ្លាច អស់លុយចុងខែ។
ផ្ទះធំត្រូវចិញ្ចឹមឆ្កែ
បាយទឹកផងដែរ ឱ្យស៊ីពេលល្ងាច។
បាយថ្ងៃរួចកុំដេកស្អៀច
ប្រយ័ត្នកើតទាច ទឹកដក់ប៉ោងពោះ។
សំឡេងទោះបីពីរោះ
កុំច្រៀងឮហួស រំលងរបង។
ទុកផ្លូវសម្រាប់ដើរផង
ចេះស្ងាត់ទើបចង ចិត្តញាតិក្បែរខាង។
ក្បាច់គុនចេះកុំអួតអាង
ក្រែងគេនៅម្ខាង ផ្ចាញ់ដោយព្រួញពិស។
ជាមនុស្ស កុំធ្វើជាម្នឹះ
បើបានចាក់ឫស បំបែកមែកផង។
ភ្លៀងផ្គរនៅក្រៅរបង
កុំទៅឆ្លើយឆ្លង ក្រែងរន្ទះបាញ់។
ឃើញគេស្អាតគួរស្រលាញ់
កុំចេះតែក្នាញ់ លេបខាយផ្ដេសផ្ដាស់។
ក្រែងលោជួបអ្នកកាចឆ្នាស
បញ្ចោរឥតខ្មាស រយះខូចកេរ្តិ៍។
បើសិនមានពេលទំនេរ
ស៊ូផឹកកាហ្វេ ដេរប៉ះក្ដិតខោ។
ល្អជាងទៅញ៉ែប៉ប្រោ
រឿងក្នុងកន្ថោរ សុទ្ធតែលាមក។
ងើបព្រឹកកុំទម្លាប់ស្ទក់
អ្នកដែលទ្រមក់ ភ្លក្សតែភាពក្រ។
ឃើញមនុស្សមិនសូវមាត់ក
កុំថាគេល្អ ប្រយ័ត្នស្ដាយក្រោយ។
លូកដៃទទួលអំណោយ
យកផិនគេហើយ ជំពាក់កណ្ដាញ់។
បាយទឹកផ្ទះមិត្តសម្លាញ់
ទោះឆ្ងាញ់មិនឆ្ងាញ់ ត្រូវពោលអរគុណ។
រៀនរស់ឱ្យផុតទារុណ
ហ្វឹកហាត់ដឹងគុណ ហៅកតញូ។
បង្កើតទម្លាប់យូរៗ
គង់ធ្វើដោយធូរ ក្លាយជានិស្ស័យ។
ពេលនោះនឹងមានជោគជ័យ
ព្រោះទម្លាប់ថ្មី សាងសិរីកម្ម។
សូមចប់នូវពាក្យបណ្ដាំ
ម៉ែខ្ញុំគាត់ផ្ដាំ ចាំកុំភ្លេចឡើយ។
____________

លឹម វិរិយា🌸

ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ កុម្ភៈ គ.ស. ២០២១ 

រូបភាពពីក្នុងទំព៍រហ្វេសប៊ុគរបស់សកម្មជន ការពារសិទ្ធិសេរីភាពស្ត្រីភូមា ឆ្នាំ២០២១

ក្មេងៗឥលូវ (កំណាព្យ បទកាកគតិ)

០១. ក្មេងៗឥលូវ ជោរច្រើនពេកកូវ
មិនសូវខំរៀន រត់ដេញឧកញ៉ា
បោះចោលក្ដារខៀន ទន្ទេញរបៀន
ក្បួនបោកស្របច្បាប់។

០២. ក្មេងៗឥលូវ ចាស់តម្រង់ផ្លូវ
មិនសូវចង់ស្ដាប់ តែបើក្បួនចោរ
ប៉ប្រោចំណាប់ ខំរៀនខំត្រាប់
ត្រងច្បាប់ស្រូបលុយ។

០៣. ក្មេងៗឥលូវ សាងរឿងអាស្រូវ
មិនសូវខ្លាចនុយ ឃើញគេសម្ដែង
ក្លែងដើរអង្គុយ គេអួតប៉ាទ្រុយ
ដូចរុយប្រហុក។

០៤. ក្មេងៗឥលូវ បើគិតឱ្យត្រូវ
គឺបញ្ញាចុក មិនរៀនពីតូច
ដូចដបបិទឆ្នុក ខួរម៉ាសម្បុក
ស្ដុកសុទ្ធតែខ្លៅ។

០៥. ក្មេងៗឥលូវ យ៉ាប់ណាស់មិនសូវ
ចង់នៅហាលក្ដៅ ខ្លាចអាប់សាច់ឈាម
ក្រៀមស្បែកឡើងខ្មៅ ខ្លាចគេមិនហៅ
ថា-ស ដូចចិន។

០៦. ក្មេងៗឥលូវ ជោរតាមរដូវ
តាមផ្លូវបង្ហិន ខំប្រឹងចូលហ្វូង
ឈោងទាំងតឿក្រិន ឈោងចាប់សុបិន
មិនមែនផិនខ្លួន។

០៧. ក្មេងៗឥលូវ ជីវិតរស់នៅ
តាមផ្លូវឥតសួន សន្សំសំរាម
ទុកដាក់មាំមួន ថែមលាក់បំពួន
សន្សំរោគទៀត។

០៨. ក្មេងៗឥលូវ ដូច ម្រឹត្យូវ
មិនសូវដឹងស្នៀត ល្បិចពួកគ្រូបោក
គេខោកស៊កសៀត អ្នកណាខួរត្បៀត
គេឆ្លៀតប្រលេះ។

០៩. ក្មេងៗឥលូវ កូនបងកូនពៅ
សុទ្ធតែមិនខ្មេះ ថតរូបនឹងចោរ
ដែលឥតចំណេះ រីករាយស្ទើរឆេះ
កេះសួរឥតឆ្លើយ។

១០. ក្មេងៗឥលូវ ហ៊ានស៊ីដង្កូវ
ឥតខ្ពើមសោះឡើយ គេមានគ្រូធំ
ជោគជ័យកាត់ត្រើយ ឆ្លងគ្រូរួចហើយ
ស្បើយភាពថ្លៃថ្នូរ។

១១. ក្មេងៗឥលូវ វង្វេងពេកទៅ
ហៅចាស់ទៅប្រូ ប្រដៅឡងវិញ
ខ្លាំងណាស់ កុំជោរ! ទ្រឹស្ដីហែហូរ
ដូរអាចម៍គ្នាស៊ី។

១២. ក្មេងៗឥលូវ ចេះបោកទាំងឆៅ
ចេះដៅប្រឹថពី អាគមទឹកភ្លើង
ដីខ្យល់វក់វី ហ្វឹងស៊ុយធរណី
ធ្លាយចក្រវាល។

១៣. ក្មេងៗឥលូវ ស្រីហ៊ានសើយភ្លៅ
បញ្ចោររាលដាល ចំអាសសាធារណ៍
ហូរហៀរដល់ច្រាល ក្លាយជាកម្រាល
ក្រាលពាក្យជោគជ័យ។

១៤. ក្មេងៗឥលូវ ទាំងបងទាំងពៅ
ទៅរៀនវគ្គខ្លី រៀនចប់ចេះចាំ
បណ្ដាំមានន័យ សុទ្ធតែទ្រឹស្ដី
រវើរវាយ។

១៥. ក្មេងៗឥលូវ ឆៃថាវម្រះព្រៅ
ឬល្ពៅពពាយ មិនចេះដាំដុះ
តាមក្បួនព្រេងនាយ សុខចិត្តវេចស្ពាយ
ទិញចូលពីគេ។

១៦. ក្មេងអើយក្មេងក្មាង ទ្រព្យព្រេងសំណាង
គ្មានក្នុងមេឃទេ ច្បាប់ស្រូបល្មោភប្រាក់
ទ្រឹស្ដីខ្វាក់ខ្វេរ ឈុតបោកកំប្លេរ
គេរៀបអន្ទាក់។

១៧. ក្មេងអើយក្មេងក្មាង ឈប់ចេញមុខកាង
អាងយ៉ាងទៅអ្នក! ការពារគ្រូបោក
ដូចរៀបទៅធ្លាក់ នរកមានជាក់
ស្រូបទាញមុនលុយ។
_______________

លឹម វិរិយា🌸

ថ្ងៃ អង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ កុម្ភៈ គ.ស. ២០២១

រូបភាពពីគេហទំព័រ http://www.irancartoon.com