Category Archives: ម្ហូបអាហារស្រុកខ្មែរ

មាន់អាំងមិត្តខ្ញុំ

IMG_5349

មាន់អាំង មាន់អាំង ក្លិនឈ្ងុយឈ្ងប់ខ្លាំង
អាំងដោយមិត្តខ្ញុំ ដុំភ្លៅនិងស្លាប
ឆាបភ្លើងឆេះងំ ផ្សែងហុយត្រគុំ
រុំខ្លោចទាំងថ្ងៃ។

មាន់អាំងពិសេស រសជាតិឆ្ងាញ់ម្លេះ
បេះចែកគ្នាញ៉ៃ មិត្តខ្ញុំ លីស៊ុន
មុនហ្នឹងម្សិលម្ង៉ៃ គាត់អាំងជូនឆី
មានអី! អស់ស្ទះ!

មាន់អាំងអគ្គី ចែកឆី free free
ទីដំបូលផ្ទះ ខ្យល់បក់រសៀក
ខ្ញុំងាករូតរះ ជូតដៃស្អាតជ្រះ
ព្រលះចុកមាត់! :p

ឆ្ងាញ់ណាស់ពួកម៉ាក ចាំពេលសម្រាក
នឹងមិនឲ្យភ្លាត់ ឆៀងទៅម្ដងទៀត
សាកសួរហើយកត់ រៀនសូត្រម៉ត់ចត់
រូបមន្តអាំងមាន់!

IMG_5359
មាន់អាំងជ្រុលភ្លើង

ខ្ទមស្រែ

ខ្ទមស្រែឥតស្រូវនៅស្រះស្រង់
ក្បែរគុម្ពរំចង់ប្លង់ខាងត្បូង
ទេសភាពបៃតងវាលស្មៅយោង
គេងលេងយោលទោងក្រោមខ្ចុះស្បូវ។

ខ្ទមស្រែត្រជាក់ធ្លាក់សន្សើម
ស្រូបខ្យល់ដង្ហើមក្លិនម្រះព្រៅ
គន្ធាផ្កាម្អមដុះអមផ្លូវ
ព្រះខ្លបស្ដេចស្មៅដៅស្នាមដើរ។

ខ្ទមស្រែសាងមិត្តជិតបង្កើយ
ផ្អែកខ្នងគងខ្នើយមើលចាបហើរ
ញ៉ាំបាយមាន់ដុតគិតបណ្ដើរ
កម្សាន្តដំណើរស្នើរពីម្សិល។

អនុស្សាវរីយ៍ពីខ្ទមស្រែ
មានរឿងហូរហែសើចឡើងគឹល
មានរឿងឈឺចាប់ស្ដាប់មិនខ្ជិល
ក្រោមដើមអម្ពិលខ្ជិលបកស្រាយ។

Ktorm Sreh20151115_110518 20151115_112335 20151115_11430820151115_111351

អាម៉ុកត្រីរ៉ស់

អាម៉ុកត្រីរ៉ស់

អាម៉ុកអ៊ើយអាម៉ុកត្រីរ៉ស់
អន្ទងខាបអស់ស្លឹកញក្រោយផ្ទះ
អាម៉ុកថ្ងៃនេះធ្វើដោយរូតរះ
ប៉ុបប៉ាប់ខ្ទឹមម្ទេសស្រេះចិត្តលោកប្ដី។

អាម៉ុកផ្ទះខ្ញុំមិនចាយស្លឹកចេក
ព្រោះប្រញ៉ាប់ពេកខ្លាចមិនទាន់ឆី
ចំហុយម៉ាចានអស់បាយម៉ាល្អី
មានទៅតិចអីត្រីបីគីឡូហ្អ៎!!!
———————-
ផ្ញើរជូនពីផ្ទះបាយ លឹម វីរីយ៉ា,
សៀមរាបថ្ងៃពុធ ៣កើត ខែចេត្រ ឆ្នាំម្សាញ់បញ្ចសក័ ព.ស ២៥៥៧ ត្រូវនឹងថ្ងៃទី២ ខែមេសា គ.ស ២០១៤

អំបុកចេកទុំ…

អំបុកចេកទុំ…

(បទ ភុជង្គលីលា)

អំបុកស្រូវថ្មីចេកទុំ
កម្លោះក្រមុំ បន្ទុំចិត្តនឹក
បានឆីស្រម៉ៃឡើងភ្លឹក
ពីយប់ដល់ព្រឹក រឭកមិនណាយ
ឆីហើយអារម្មណ៍ស្រស់ស្រាយ
លែងនឹកនាបាយ អភិប្រាយទៀត
អំបុកចេកទុំមិនឃ្លាត
អាហារ-សរជាតិរវាតមិនបាន
ទំនៀមខ្មែរពីបុរាណ
រស់សុខក្សេមក្សាន្ត សម្រាន្តដោយស្រូវ
អំបុកនាដើមរដូវ
ក្រអូបពេកកូវ តម្រូវដូងខ្ចី
មានចេកណាំវ៉ាពីរបី
មិនគ្រាន់ទុកឆី ប្រឡែងព្រះខែ
អំបុកមួយចានជូនម៉ែ
នៅសល់ហូរហែ ទុកជូនដល់ឪ
អំបុកឈ្ងុយឈ្ងប់ពេកកូវ
វស្សាផុតទៅ តម្រូវរោងការ
ប្រុសស្រីសមយ័នេះណា
មិនដឹងសាវតារ អំបុកសាក្សី
ដើរតួក្នុងប្រពៃណី
ទម្លាប់ចូលស្តី សិរីនាំមុខ
ត្រូវមានអំបុកឈ្ងុយឈ្ងប់
ដាល់ពីព្រលប់ ស្តីពីព្រលឹម
ហែក្បួនដោយស្នាមញញឹម
ងើយមុខសង្ឃឹម អំបុកក្នុងដៃ
ដល់ហើយមិននៅតថ្លៃ
អំបុកពេញល្អី ស្រមយ័ដូរស្នេហ៍
យាយតាបងប្អូនពុកម៉ែ
ហេហាហូរហែ កន្តែរ៉ែរាំ
គោះស្គរគោះប៉ោតទន្ទ្រាំ
ស្រែកច្រៀងរេរាំ សុំកូនក្រមុំ
រឿងរ៉ាវសង្ខេបត្រឹមម្តុំ
ជារឿងប្រមុំ ប្រមូលចែកញាតិ
អានហើយកុំភ្លេចខ្មីឃ្មាត
រំលែកតទៀត ឲ្យញាតិដឹងផង!
——————————————
ដោយ លឹម វីរីយ៉ា,
សៀមរាប, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣, ត្រូវនឹងថ្ងៃអាទិត្យ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

កន្ទួតឆុងស្ករ

កន្ទួតឆុងស្ករ

កន្ទួត កន្ទួត! ល្ងាចនេះសុំអួត កន្ទួតឆុងស្ករ
ឆុងទុកឲ្យហើយ រៀបរយបវរ
គ្របទុកឲ្យល្អ អប់ដោយក្លិនផ្កា។

កន្ទួតឆុងស្ករ បង្អែមតំណ តពីដូនតា
ចាស់ៗច្រើនធ្វើ ទុកលួងអាង៉ា
ពេលយំឡូឡា ស្រែករកចេកចៀន។

កន្ទួតឆុងស្ក កូនតូចអំណរ ពេលចេញពីរៀន
មិនដឹងល្បិចម៉ែ ថែទុកធ្វើស្ពាន
លួងលោមបង្រៀន អាង៉ាបាត់យំ។

កន្ទួតឆុងស្ករ ក្មេងផ្អើលឈូឆរ រត់មករោមជុំ
ចាស់ៗភូមិខ្ញុំ លៀងក្រោយជំនុំ
កន្ទួតបែកគុម្ព ញ៉ាំមិនដែលខាត។

បង្អែមកូនក្មេង ជួនចាស់ញ៉ាំលេង បន្លប់អណ្តាត

កុំឲ្យមួម៉ៅ គ្រលាស់ច្រើនខាត
ផ្លិបផ្លប់ផ្លុងផ្លាត បាតចានសល់គ្រាប់។
———————————
លឹម វីរីយ៉ា,
សៀមរាប, ថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

ឆាល្ពៅផ្ទះខ្ញុំ

ឆាល្ពៅផ្ទះខ្ញុំ

ថ្ងៃនេះផ្ទះខ្ញុំមានឆាល្ពៅ
ស្នាដៃចុងភៅសែនចំណាន
មកពីធ្វើការដាក់មួយចាន
ចង់ធាត់ប៉ុន្មានមិនខ្វល់សោះ។

ឆាល្ពៅក្តៅៗហៅគ្នាឆី
ស្លឹកខ្ទឹមថ្មីៗបៃតងស្រស់
ច្របល់នឹងលឿងពណ៌ចម្រុះ
ក្លិនឈ្ងុយទ្រុបអស់គួរឲ្យចង់។

អញ្ជើញញាតិមិត្តម្នាក់មួយម៉ាត់
ឆាល្ពៅខ្ញុំណាត់បាយថ្ងៃត្រង់
បើបានជ្រាបហើយកុំបង្អង់
ត្រៀមចានត្រឹមត្រង់ប្រយត្ន័អស់។

មានទាំងវីតាមីនច្រើនអនែក
ជួយដល់កែវភ្នែកនិងសម្រស់
ញ៉ាំជាប្រចាំកុំឲ្យខុស
ត្រឹមតែប៉ុណ្ណោះងាយរកណាស់។

ឆាល្ពៅអាហារស្រុកខាងលិច
ផ្សំគ្រឿងតិចៗល្បិចចាស់ៗ

បញ្ឆោតក្មេងៗរើសម្ហូបផ្ដាស់

ឆាល្ពៅល្អណាស់ច្បាស់ជាឆ្ងាញ់។
——————————-
លឹម វីរីយ៉ា
សៀមរាប, ថ្ងៃអង្គារ៍ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

នំបញ្ចុកខ្មែរ…

នំបញ្ចុកខ្មែរ...

នំអ៊ើយនំខ្មែរថែសាវតា
នំពីដូនតាឆីមិនណាយ
បានភ្លក្សពិតឆ្ងាញ់សើចក្អាកក្អាយ
នំស្រាវចង្វាយហៅបញ្ចុក។

រសជាតិគួរគាប់ជាប់ចិត្តក្រៃ
រសជាតិស្នាដៃខ្មែរបុរាណ
ចេះស្លចេះស្លុកយ៉ាងថ្កើងថ្កាន
មួយចានពីរចានជូនមិនថ្វី។

មានទាំងប្រហើរ និង ការី
ញាតិមិត្តមូលមីររើសតាមចិត្ត
អន្លក់ខ្ចីស្រស់ហាន់ឡើងល្អិត
ធ្វើល្បោយលោមស្និទ្ធឆ្អិតជាប់មាត់។

បញ្ចុកនំខ្មែរស្រុកស្រែក្រុង
ត្រៀមចាំបំរុងដោយចិត្តស្មោះ
ជប់លៀងជុំញាតិឆ្ងាញ់មិនទាស់
អញ្ជើញចូលចុះតាមត្រូវការ។

ឃើញនំបញ្ចុកនឹកដល់ម៉ែ
នឹកដល់ស្រុកស្រែទីកំណើត(១)
អនុស្សាវរីយ៍តាំងពីកើត
អាហារកំណើតភ្លេចមិនបាន។

(១) ចេះតែសរសេរហ្អេ តាមពិតខ្ញុំកើតនៅក្នុងក្រុងសោះ!
————————————-
ដោយ លឹម វីរីយ៉ា
សៀមរាប, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣

បាយខ្ចប់ពងមាន់

បាយខ្ចប់ពងមាន់

បើគ្រាន់តែមើលសំបកក្រៅ អាហារនេះមិនជាស្រស់ស្អាតគួរឲ្យចង់ញ៉ាំប៉ុន្មានទេ ប៉ុន្តែ អ្វីដែលពិសេសនៅខាងក្នុងនោះគឺបាយដេលគេឆាផ្សំជាមួយគ្រឿងទេសន៍គ្រប់មុខ លើកលែងតែសាច់ (ព្រោះជាអាហារបួស)។ អ្វីដែលខ្ញុំកាន់តែចូលចិត្តនោះ គឺវាក្តៅជានិរន្តរ៍ ក្នុងអំឡុងពេលបរិភោគ។
មានអ្នកណាធ្លាប់ញ៉ាំដែរឬទេ?

បាញ់ឌុក

បាញ់ឌុក

 

បាញ់ឌុកបង្អែមយួនពួននៅស្រុកខ្មែរ

ដាក់លក់ហូរហែតាប៉ែនៅតាមផ្សារ
ជួនមានរែកដើរដឹកកង់តាមសាលា

ជួនមានបោះត្រាម៉ឺនុយនៅតាមហាង។

 

បាញ់ឌុក មុខស្រស់ព្រោះសំរស់ស្លឹកតើយ

បានដាក់ម៉ាចានហើយឆ្លើយចង់ដាក់ទៀត

សំរ៉ូបស្ករត្នោតរោយល្ងរឲ្យឈ្ងុយព្រាត

ខ្ទិះដូងមានជាតិបន្ថែមស្នៀតរសស្នេហ៍។

 

បាញ់ឌុក អ៊ើយ បាញ់ឌុក! ឌុកបាញ់ឆ្ងាញ់ង៉ន

បង្អែមសៃហ្កនពួកដួននាំមកឲ្យ

កូនខ្មែរជាន់ក្រោយខ្លះនៅមិនដឹងឡើយ
បានដល់មាត់ហើយខ្ជិលខ្វល់ពីប្រភព។

——————————–

វីរីយ៉ា,

ថ្ងៃសុក្រ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

ម្ហូបបួស

ម្ហូបបួស

Bhikkhu food for breakfast