Category Archives: កំណាព្យខ្មែរ

អាម៉ុកត្រីរ៉ស់

អាម៉ុកត្រីរ៉ស់

អាម៉ុកអ៊ើយអាម៉ុកត្រីរ៉ស់
អន្ទងខាបអស់ស្លឹកញក្រោយផ្ទះ
អាម៉ុកថ្ងៃនេះធ្វើដោយរូតរះ
ប៉ុបប៉ាប់ខ្ទឹមម្ទេសស្រេះចិត្តលោកប្ដី។

អាម៉ុកផ្ទះខ្ញុំមិនចាយស្លឹកចេក
ព្រោះប្រញ៉ាប់ពេកខ្លាចមិនទាន់ឆី
ចំហុយម៉ាចានអស់បាយម៉ាល្អី
មានទៅតិចអីត្រីបីគីឡូហ្អ៎!!!
———————-
ផ្ញើរជូនពីផ្ទះបាយ លឹម វីរីយ៉ា,
សៀមរាបថ្ងៃពុធ ៣កើត ខែចេត្រ ឆ្នាំម្សាញ់បញ្ចសក័ ព.ស ២៥៥៧ ត្រូវនឹងថ្ងៃទី២ ខែមេសា គ.ស ២០១៤

សកវាទ៍…

សកវាទ៍...

សកវាទ៍ ឱណាផ្ការំចេក ឯនាយជើងមេឃ ភ្លឺផ្លេកតាមប្លង់
សកវាទ៍ ឱណាផ្ការំចង់ អ្នកស្រុករហង់ ជញ្ជាត់ត្រីក្រាញ់
សកវាទ៍ ឱផ្កាក្រឡាញ់ រូបរាងគួរខ្នាញ់ មើលពីចម្ងាយ
សកវាទ៍ ឱណាផ្កាកាឆាយ រលាស់គូថខ្ចាយ សប្បាយស្រុកយើង…
————————
ត្រូវការអ្នកបន្ទរ តទៅមុខទៀតណា……
វីរីយ៉ា,
សៀមរាប, ថ្ងៃ៦កើត ខែផល្គុន ឆ្នាំម្សាញ់ បញ្ចសក័ ពស ២៥៥៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី៦ ខែមិនា គ.ស ២០១៤

ញញឹម…

ញញឹម...

ញញឹមចេញធ្មេញ ហៅញញឹមស្រស់
ញញឹមសើចអស់ ស្រស់ដូចស្រង៉ែ
តែញញឹមខ្ញុំ មើលទៅម្យ៉ាងដែរ
ញញឹមដាក់ស្នេហ៍ នៅក្បែរមាត់ជ្រោះ។

បណ្ដាំសម្រាប់នារី

បណ្ដាំសម្រាប់នារី

-ទឹកហូរមិនដែលចេះហត់ បើប្រុសៗស្បថ នាងអ៊ើយកុំជឿ
-ចង់ខ្ពស់ត្រូវធ្វើឫកអឿ កុំសាញតុញតឿ នាំប្រុសបានចិត្ត
-ដើរហើរដំណើរឆ្ងាយជិត បើគេមិនស្និទ្ធ កុំហារស្ដីមុន
-ទោះបីគេល្អគួរគន់ មិនស្មើនឹងមន្ដ ចរិយារៀបរយ
-ចេញឆ្ងាយកុំឲ្យថ្លោះធ្លោយ គំនិតស៊ុនស៊យ ព្រលយចិត្តផ្ដាស់
-ត្រូវគិតឲ្យបានហោចណាស់ ម៉ាឆ្នាំកន្លះ រួមទីប្រឹក្សា
-យ៉ាងហោចមានយាយមានតា ពូមីងត្រៀបត្រា ប្រាថ្នាជួយគិត
-បើស្មគ្រ័ត្រូវលះបង់ចិត្ត ផ្កាស្លាពិតៗ ហែជូនម្ដាយនាង
-ចុងក្រោយបន្លឺសូរសៀង បាយខុនចម្រៀង រៀបការតាមច្បាប់
-នេះទើបហៅល្អចំណាប់ មិនបាច់ស្បថប្រាប់ ក៏អាចជឿបាន
-ស្របតាមបណ្ដាំបុរាណ ប្រុសស្រីគ្រប់ប្រាណ ត្រូវចាំកុំភ្លេច!!!
—————–
ពី លឹម វីរីយ៉ា,
សៀមរាប ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ត្រូវនឹងថ្ងៃ ១៤រោច (ដាច់ខែមិគសិរ) ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

ជួបដោយនិស្សយ័

ជួបដោយនិស្សយ័

ជំនោរមិគសិរខ្យល់ត្រជាក់
អព្ទ័ក្រាស់ចុះធ្លាក់នៅស្រុកខ្មែរ
សៀមរាបអង្គរមិនប្រួលប្រែ
ណាត់ជួបម្ចាស់ស្នេហ៍តារាល្បី។

កេរ្តិ៍ឈ្មោះក្រអូបដូចផ្កាម្លិះ
សុះសាយគ្រប់ទិសទាំងប្រាំបី
អ្នកណាមិនស្គាល់ Jasmine ស្រី
សាសងរាល់ថ្ងៃតែកាព្យា។

ទោះបីឥន្រ្ទជិតគង់ខន្តី
លួចបង្ខិតដីឲ្យជិតគ្នា
គ្រាន់បានជួបភក្រ្ត័មួយវេលា
ដប់ឆ្នាំឃ្លាតគ្នា មិនអល់អែក។

ជួបហើយនិងព្រាត់ជាធម្មតា
ទោះជាតិទេវតាក៏គង់បែក
ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក
និស្សយ័ល្អឯកយើងជួបទៀត។
——————————–
លឹម វីរីយ៉ា, ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៣

កំសាន្តក្នុងព្រៃ

កំសាន្តក្នុងព្រៃ

គយគន់មើលចុងព្រឹក្សា
បក្សីខ្ញៀវខ្ញារ ចរចារអ៊ឺងកង
ញីឈ្មោលហិចហើរត្រសង
ហាក់ដូចឌឺដង បំណងដៀមដាម
ខ្ញុំដើរញើសហូររហាម
គ្មានអ្នកដើរតាម រអាមដួងចៃ
កំសាន្តលើស្ពានក្នុងព្រៃ
ពន្លឺរស្មី ចាំងជះកាយា
ថ្ងៃនេះបើសិនម្តេចម្តា
សូមកុំតវ៉ា មេត្តាកុំមាត់
ចាស់ៗទម្លាប់ហាមឃាត់
នារីស្គមធាត់កុំពាក់ស៊ិចស៊ី
សុំច្បាប់តែប្រាំនាទី
ថតរូបស៊ិចស៊ីបង្អួតFacebook
ថ្ងៃនេះតទៅថ្ងៃមុខ
យីអ៊ុនលែងស្រុត ផុតសៅហ្មងអ៊ើយ………!!!
———————
លឹម វីរីយ៉ា, កំពង់ភ្លុក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣

រាត្រីឈឺចាប់

រាត្រីឈឺចាប់

កក្តិក២រោច រនោចលាក់តួ
គិតឡើងមិនគួរនាំខួរវង្វេង
យប់នេះស្រវឹងប្រឹងយំតាមភ្លេង
អស់ស្រាដប់ពែងទើបស្ងប់ចិន្តា។

យប់យន់ត្រជាក់ខ្យល់ធ្លាក់ត្រសៀក
ខ្លួនទន់រងាក ព្រោះគ្រៀកដបស្រា
ផឹកហើយផឹកទៀត ឆ្លៀតលោមអាត្មា
រស់នៅឯកាកំដរខ្លួនប្រាណ។

មានឈ្មោះលោកស្រីស្រ្តីកូនពីរ
ញាតិមិត្តមូលមីរញីរាប់អាន
មានអ្នកនាំសើចនាំលេងកម្សាន្ត
តាមពិតហួសស្មាន រស់បានដល់ណា?

កក្តិក២រោចរនោចងងិត
រាត្រីវិបរិតចងចិត្តខ្លោចផ្សា
បេះដូងរងាកំព្រាក្រៃណា
នឹកឡើងពើតផ្សា ឱរាស្ទើរប្រេះ។
—————————–
រាត្រីនៅសៀមរាប, ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣

ផ្លូវទៅផ្ទះខ្ញុំ

ផ្លូវទៅផ្ទះខ្ញុំបត់ទៅកើត
ម្តុំស្រុកកំណើតនៃកូនខ្ញុំ
ត្រង់កន្លែងដែលមនុស្សមូលផ្តុំ
កណ្ដាលផ្លូវធំមានដើមឈើ។

ផ្លូវទៅផ្ទះខ្ញុំទួលដីខ្ពស់
ម្តុំនោះមានឈ្មោះហៅផ្សារលើ
មានសុទ្ធអូតែលខ្ពស់ជំទើរ
ជាប្លង់ដី ឌើ មុខសង្កាត់។

ផ្លូវទៅផ្ទះខ្ញុំមានហូរហែ
អ្នកលក់តាប៉ែគុយទាវកាត់
ស្ទើរម្ភៃបួនម៉ោងមិនដែលស្ងាត់
មានទាំងក្លឹបហាត់ ការ៉ាតេ។

ផ្លូវទៅផ្ទះខ្ញុំមានពេទ្យធ្មេញ
មានយាយលក់ម្តេញដាក់កញ្ឆេ
មានតាសប់កង់ដាច់ជាងគេ
មិនដែលឈប់ទេ ព្រោះខ្លាចឈឺ។

ផ្លូវទៅផ្ទះខ្ញុំមានសាលា
គេរៀនភាសាចិនកុកងឺ
ម្ង៉ៃៗកណ្តឹងចុចទើសភ្លឺ
សូរខ្លាំងរន្ទឺ គឺម៉ោងពីរ។

ផ្លូវទៅផ្ទះខ្ញុំសុទ្ធតែចិន
គេប៉ិននុះប៉ិនខាងរកស៊ី
មានអ៊ីចាប់ហួយផ្ទះល្វែងពីរ
លក់ដាច់វក់វី ម៉ូយរញ៉ៃ។

ផ្លូវទៅផ្ទះខ្ញុំចាក់បេតុង
សភាពខាងក្នុងសុខដុមក្រៃ
មិនសូវក្តៅស្អុះទោះពេលថ្ងៃ
ព្រោះផ្ទះដប់ម្ភៃជារបង។

ផ្លូវទៅផ្ទះខ្ញុំមិនឆ្ងាយទេ
បើសិនទំនេរចូលលេងផង
ម្ចាស់ផ្ទះត្រេកអរក្រៃកន្លង
បើបានប្អូនបងប៉ងរាប់អាន។ផ្លូវទៅផ្ទះខ្ញុំ

មោទកភាពនៃឈ្មោះខ្ញុំ

មោទនភាពនៃឈ្មោះខ្ញុំ

បេះដូងជម្ពូ គូរនៅលើថ្ម
វាសដោយដី-ស លម្អដោយឈ្មោះ
លឹមវីរីយ៉ា បួនម៉ាត់យ៉ាងខ្ពស់
មិនខ្លីវែងហួស ជួសចាំងាយបាន។

ឈ្មោះពីកំណើត កើតពីម៉ាក់ប៉ា
តាក់តែងចែងចា នយ័ថាក្លាហាន
មោះមុតរឹងប៉ឹង មិនត្អឹងសាមាន្យ
ប៉ាម៉ាក់រុញច្រាន ឲកូនខ្មីឃ្មាត។

មិនដែលក្រឡាស់ ឬផ្លាស់ឈ្មោះថ្មី
ព្រោះឈ្មោះមាននយ័ ស្តីរាប់ដោយញាតិ
មិនដូចក្មេងក្មាង ផ្តេសផ្តាសព្រោងព្រាត
ដាក់ឈ្មោះចោលម្សៀត ឃ្លាតចាកនយ័ពិត។

មោទនភាពខ្ញុំ គឺភាពស្មោះត្រង់
រក្សាបានខ្ញង់ ផ្ចិតផ្ចង់ជីវិត
មិនភូតមុសា រចនាបាំងបិទ
លឹមវីរីយ៉ាពិត ផ្តិតជាប់រយឆ្នាំ។

ឈ្មោះចារលើខ្សាច់…

ឈ្មោះចារលើខ្សាច់...

រលកបោកខ្សាច់ផ្តាច់ស្នាមស្នេហ៍ចាស់
ទឹកហូរបញ្ច្រាស់ដាស់ខ្យល់សមុទ្រ
ឈ្មោះបងបីម៉ាត់ដែលអូនចារទុក
មិនទាន់រលុបពីបេះដូងឡើយ។

រលករលេញប្រដេញមិនដាច់
រលាស់គ្រាប់ខ្សាច់ផ្ដាច់ឈ្មោះអូនហើយ
Lim Viriya ដែលបងឆ្លាក់ឲ
ទឹកប្រៃដង្ហោយហូរគ្មានសល់អ្វី។

ឈ្មោះបងអូនបានឆ្លាក់ក្នុងបេះដូង
ប៉ុន្តែឈ្មោះអូនបងឆ្លាក់លើដី
អនុស្សាវរីយ៍ហាក់នៅថ្មីៗ
សមុទ្រសាក្សីរឿងស្រីនិងបង។

ឩ ទឹករលកកុំបោកខ្លាំងពេក
ខ្ញុំស្ទើរដួលដេកឈឺចាប់កន្លង
នៅលើលោកនេះគ្មានអ្នកស្មោះម្ដង
ឈប់គិតឈប់ផ្សងហើយក្នុងជាតិនេះ។
————————————————–
លឹម វីរីយ៉ា, ថ្ងៃអាទិត្យ ១កើត ខែកត្តិក ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧