Tag Archives: Viriya Lim

ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក | E-Commerce Law

ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់​ | Consumer Protection Law

ជាប់ទងលើដី

ទំនាក់ទំនង ទំនាស់ជាប់ទង ទំនងឥតទាស់

ចម្ការទំនាប ដីទាបគេរាស់ ទំនើបឥតខ្ចោះ

ទាស់តែក្រោមមេឃ។

ប៉ផ្អាក់ប៉ផ្អើក ប៉ផ្អូចដូចត្អើក ប៉ផ្អើកចង់ដេក

ចម្ការដំណាំដាំ ដុះល្អពេក ត្រួយល្ពៅត្រួយចេក

ដេកចាំតែបេះ។

ប៉ាភ្លីប៉ាភ្លើ ដើមដុះខាងលើ មើលក្រោមសុទ្ធផេះ

អាចម៍គោមាន់ទា គឺជាចំណេះ អ្នកដឹងអ្នកចេះ

ប្រលេះបានក្លែម។

ប្រវេប្រវា ប្រវត្តិគេចារ រឿងតាសក់ផ្អែម

ចម្ការភោគផល សល់រហូតថែម ទុកជាបង្អែម

បិតតែមសាងឈ្មោះ។

ល្ពៅល្ពាក់ ពៅនាងកុំស្ទាក់ ទងធ្លាក់រង្គោះ

ទីណាសល់ដី ទីនោះសាងយស ទំនើងពេញពោះ

រស់បានដោយស្រួល។

ក្រវល់ក្រវាយ ព្រួយភ័យខ្វល់ខ្វាយ ឆ្ងាយពីដីទួល

ទំនាបលិចទឹក នឹកឡើងឆាបឆួល វ៉ល់ៗអួលៗ

ដួលងើបរាប់ភ្លេច។

_________

លឹម វីរីយ៉ា🌸

ថ្ងៃអាទិត្យ ៨រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកា គ.ស. ២០២០

ចម្ការល្ពៅ នៅ Tanaka Farm, Irvine, California, USA ថ្ងៃអាទិត្យសម្រាក

ស្រណោះស្រុក…

(កំណាព្យបទព្រហ្មគីតិ មេពាក្យ៥ និង ៦)

* ស្រណោះ​ស្រុកខ្ញុំណាស់​ ទាំងក្មេងចាស់ច្រេីនអាត្មា

ដូចត្រូវបណ្ដាសា​ អនិច្ចា​រស់ដូចសត្វ។

* អបាយមុខ​ទាំងបី​ ល្បែងស្រាស្រីល្បីឡេីងខ្ចាត់

រួចហើយ​មិននៅស្ងាត់​ យកចំណាត់ថ្នាក់ពាលា។

* ដាំដុះមិនគិតគូរ​ បែរតស៊ូរឿងមិនជា

លេងភ្នាល់អាប៉ោងបៀ​ ស្រាហូរហៀរផឹកលិចថ្លេីម។

* កូនស្រី​វ័យជំទង់​ ក្លាយ​លិចលង់ខ្លះពោះផេីម

ព្រោះ​ឆ្ងាយពាក្យម្ដាយឆ្នេីម​ ឪសម្បេីមខាងកាប់ចាក់។

* ក្នុងភូមិស្រុកតែមួយ​ ស្អុយរលួយហេីមឡេីងខ្វាក់

ក្លិនស្អុយខ្លាំងដល់ថ្នាក់​ គុកច្រវាក់ទប់លែងជាប់។

* ជាម៉ែជាឪគេ​ ពេលទំនេរមិនរកទ្រព្យ

ឆ្កែឆ្មាក៏លែងរាប់​ រស់​អភ័ព្វ​ដូចខ្មោចប្រេត។

* ស៊ីផឹក​ស្រែក​ឡោងឡាង​ ឫកក្អេងក្អាងកាងអណ្ដែត

ម្ចាស់​ដីពីរបីម៉ែត្រ​ ស្លាប់កេីតប្រេតហេតុរដឹក។

* រស់ដូចសត្វតិរច្ឆាន​ ក្រោកថ្មេីម៉ានបានតែផឹក

ល្បែងពាលរាលកក្អឹក​ ថ្ងៃ​យប់​ព្រឹកនឹកតែបាប។

* សង្គមធ្លាក់ថោកទាប​ ម្នឹះពេញប្រៀបក្លិនឆ្អេះឆ្អាប

បណ្ឌិតគិតតែស្ងាប ​ លូនលត់ក្រាបក្រោមជេីងគេ។

* ឥតខ្វល់ដល់ជាតិសាសន៍​ ឥតបេីខ្មាសខ្មោចផងទេ

បណ្ដោយឱ្យខ្ទេចកេរ​ ចាប់ប្រាជ្ញស្មេរជ្រែញាត់គុក។

* អ្នកអេីយ! ល្មមចេះគិត​ យកការពិតផ្ដិតពីមុខ

យេីងខ្សោយពេញបន្ទុក​ ឈេីរនុកក៏ពុកអស់។

* សង្ឃឹម​ថាទំពាំង​ ក្រោយភ្លៀងរាំងនឹងលែងខ្សោះ

អាចលូតល្អឥតទាស់​ តែស្រណោះ​ ដីមិនកេីត។

* មាតុភូមិ​នៃខ្ញុំ ឥលូវផ្ដុំម្នឹះឥតខ្នើត

សាសន៍គេចូលឆាយឆើត ខោកបន្តើតម្ចាស់ស្រុកដើម។

* សូមលោកជួយមើលផង ក្រែងវាឆ្លងដល់ពូជឆ្នើម

ដែលធ្លាប់ល្អសម្បើម ក្លាយរអើមដូចគំរង់។

* ខ្ញុំមិនហ៊ានពោលប៉ះ ពាល់ដល់ម្ចាស់អ្នកលើកទង់

ឥលូវយើងលិចលង់ មុនក្រោយគង់តែវិនាស។

* ដូច្នេះសូមអភ័យ បន្ធូរដៃចាប់តែពាស

យកល្អខ្វល់ពីរាស្ត្រ ក្រែងនិរាសឥតផ្ទះនៅ។

* ដីយើងនៅសល់តូច យំផ្អូចៗស្រែឥតស្រូវ

បើលោកកាត់ទាំងផ្លូវ ប្រហែលនៅសល់តែផ្នូរ។

* ចុងក្រោយមានតែខ្មោច វិញ្ញាណល្អោចដោចអាសូរ

វិលវល់រកពុទ្ធោ ទោះបីថ្ងូរ គ្មានអ្នកឮ។

__________

លឹម វីរីយ៉ា🌸

ថ្ងៃអាទិត្យ ១រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤

ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា គ.ស.​២០២០

កម្រងរូបភាពដែលប្រមូលចងក្រងពីក្នុងបណ្ដាញសង្គមផ្សេងៗ

សរទរដូវនៅម៉ារីលេនដ៍

(កំណាព្យបទព្រហ្មគីតិ មេពាក្យ៥និង៦)

រដូវស្លឹកឈើជ្រុះ  អ័ព្ទសំព្រុសពេញវេហា

គេថតផ្ញើតាមសារ  ហើយវិចារសួរដួងចិត្ត។

ខែក្រោយនឹងធ្លាក់ខ្យល់ រងាដល់ដូចអម្រឹត

បានពាល់ស្គាល់តុសិត ច្បាស់រួមរិតចង់ជួបភក្ត្រ។

ឥលូវនៅសែនឆ្ងាយ  សែនសោកស្ដាយជំនោរធ្លាក់

បើសិនបានក្បែរអ្នក ទោះត្រជាក់ក៏សុខស្រួល។

សរទរដូវ តាមដងផ្លូវទ្រូងសែនអួល

ម្នាក់ឯងដើរស្ទើរដួល ជើងរមួលគ្មានអ្នកជួយ។

ស្លឹកឈើជ្រុះត្រៀបត្រា ពាក្យសន្យាក្នុងសារមួយ

ដែលធ្លាប់ពោលរំអួយ ថាថ្ងៃមួយនឹងឈោងដល់។

ពាក្យពេចន៍ធ្លាប់បានពោល ទុកពំនោលហើយតម្កល់

ថ្ងៃនោះយើងលែងខ្វល់ ហោះហើរដល់កាន់ហត្ថា។

សូមឱ្យមានពរជ័យ ពេញសិរីក្រាលលោកា

បន្ធូរអស់ទុក្ខា ជួបភ័ក្ត្រាសាងមង្គល។

សូមឱ្យក្ដីសុបិន បានភាយក្លិនសាយនិមល

ក្លាយពិតជិតជន្ទល់ យើងបានយល់តែក្ដីសុខ។

——————

លឹម វីរីយ៉ា🌸

២២ តុលា ២០២០

រូបថតមិត្តភក្តិនៅវ៉ាស៊ីងតោន ឌីស៊ី ផ្ញើមកជូន
រូបថតរដូវស្លឹកឈើជ្រុះនៅឌីស៊ី សហរដ្ឋអាមរិក កន្លែងដែលខ្ញុំធ្លាប់មានអនុស្សាវរីយ៍ជាមួយ
រូបថត ថ្ងៃទី ២២ តុលា ២០២០ ថតដោយមិត្តភក្តិរបស់ខ្ញុំនៅក្បែរគេហដ្ឋានរបស់គាត់
រូបថតទិដ្ឋភាពរដូវស្លឹកឈើជ្រុះ នៅវ៉ាស៊ីងតោន ឌីស៊ី ថតថ្ងៃទី ២២ តុលា ២០២០
មុនរដូវធ្លាក់ទឹកកកឈានចូលមកដល់ ទូទាំងរដ្ឋធានីវ៉ាស៊ីងតោន ពោរពេញដោយស្លឹកឈើជ្រុះរោយពាសពេញដី
Maryland, Washington DC, USA / 22 October 2020

សន្តិភាពពិត…

សន្តិភាពពិត ឥតក្លែងក្លាយ ឆ្ងាយមន្ទិល
ស៊ីញ៉េផ្ដាច់ផ្ដិល រំកិលជាតិ ឃ្លាតឧទ្ទាម
ម្ភៃបីតុលា សញ្ញាស្ងប់ ចប់សង្គ្រាម
រំសេវធ្លាប់ឈ្ងៀម ឈាមធ្លាប់ហូរ ប្ដូរជាស្ងប់។

សន្តិភាពពិត ឥតបន្លំ ចំគោលការណ៍
ប៉ារីសចែងចារ ថាស្រុកយើង ភ្លើងឆេះចប់
សង្គ្រាមរ៉ាំរ៉ៃ ច្នៃរុងរោចន៍ ដូចកំណប់
ដូនតាបានកប់ ខ្ចប់ពេញដី ន័យពណ្ណរាយ។

សន្តិភាពពិត ឥតមានប្រែ ថែសម្បថ
នរណាហ៊ានក្បត់ ភ្លាត់ខុសផ្លូវ ទៅរាយមាយ
ច្បាស់ជាជាប់ទោស អូសឱ្យកឿង រឿងទំនាយ
ស្មើនឹងមាក់ងាយ ធ្លាយសម្បថ ក្បត់សន្យា។

សន្តិភាពពិត ឥតមានចែង ថ្លែងរឿងបក្ស
ពោលយ៉ាងប្រចក្ស ដាក់សាក្សី ដីខេមរា
គោរពឯករាជ្យ រាជាខ្ពស់ ហួសសិរសា
បង្រួមសាសនា អហិង្សា ចារប្រពៃ។

សន្តិភាពពិត ឥតមានភ្លាវ រាវផ្ដេសផ្ដាស
សរសេរច្បាស់ៗ ផ្លាស់របប ខ្លបច្បាប់ព្រៃ
ឈប់កាប់សម្លាប់ ចាប់បណ្ឌិត រិតឱ្យក្ស័យ
គុកកម្មចង្រៃ ច្នៃមកជា ធ្លាអប់រំ។

សន្តិភាពពិត ឥតពោលដល់ ខ្វល់អត់បាយ
សម្បូរសប្បាយ ឆ្ងាយទឹកភ្នែក រែកទូលភ្នំ
គ្មានការជិះជាន់ អាសន្នរុក ទុក្ខរងំ
សើចមិនបង្ខំ នាំអំណរ អរគុណពិត។

ចូលរួមរំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ខួបលើកទី២៩
ថ្ងៃចុះសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស សម្រាប់កម្ពុជា
២៣ តុលា ១៩៩១ – ២៣​ តុលា​ ២០២០📜

លឹម វីរីយ៉ា🌸

ថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ២១ ខែតុលា គ.ស. ២០២០

“អ្នកចាញ់” មិនមែនជាព្រះ ទេ ហើយ “អ្នកឈ្នះ” ក៏មិនមែនជាមារដែរ

ពាក្យថា “ចាញ់ជាព្រះ ឈ្នះជាមារ” ជាពាក្យដែលជនជាតិខ្មែរបានឮមកឡើងស៊ាំត្រចៀកតាំងពីកើត ហើយក៏មិនដឹងថាគេបង្កើតពាក្យលួងលោមនេះតាំងពីជំនាន់ណាមកដែរ។ វាប្រហែលជា គេនិយាយសម្រាប់កំដរលទ្ធផលមនុស្សចាញ់ កុំឲ្យពិបាកចិត្តខ្លាំងពេក ទាំងដែលពាក្យនេះគ្មានសច្ចៈន័យអ្វីសូម្បីតែបន្តិច។

អ្នកណាក៏ដឹងដែរថា តួអង្គព្រះ គឺជាសភាវៈដ៏បរិសុទ្ធ និងខ្ពង់ខ្ពស់លើសអស់រូបធាតុនានាក្នុងដែនចក្រវាល។ ព្រះមិនដែលចាញ់នរណាទេ ព្រះឈ្នះអស់សូម្បីតែពពួកព្រហ្ម ទេវតា មនុស្ស សត្វតិរច្ឆាន អសុរកាយ ប្រេត និងសត្វនរក សុទ្ធតែមិនអាចផ្ចាញ់ព្រះបានឡើយ។ ពាក្យដែលគេនិយាយថា “សូម្បីតែព្រះ ក៏មានមារតាមផ្ចាញ់” ពិតជាត្រឹមត្រូវហើយ ប៉ុន្តែមិនមែនមានន័យថា ព្រះចាញ់មារទេ។

ហេតុអ្វីបានជាជនជាតិខ្មែរ និយមនាំគ្នាថែរក្សាផ្នត់គំនិតអន់ៗបែបនេះ? ឈប់សាបព្រោះគំនិតអន់ថយបែបនេះទៀតទៅ។ អ្នកចាញ់ គឺជាមនុស្សអន់ខ្សោយ បើគេខ្លាំង គេនឹងឈ្នះមិនខាន។ បើខ្លួនឯងខ្សោយរហូតដល់គេជាន់លិចក្បាលចូលក្នុងភក់ជ្រាំ សូមកុំហៅខ្លួនឯងធៀបទៅនឹងព្រះ។ អ្នកត្រូវស្វែងរកធម៌ព្រះមកអប់រំខ្លួនឯង ស្វែងរកគំនិតជាគន្លឹះដែលអាចជួយឲ្យឈ្នះគេមកវិញ។ អាវុធតែមួយគត់ដែលអាចជួយអ្នកឲ្យឈ្នះបាន គឺកម្លាំងបញ្ញា និងកម្លាំងបុណ្យដ៏បរិសុទ្ធ។ ដើម្បីបានអាវុធទិព្វទាំងនេះ អ្នកត្រូវនៅខាងព្រះ។

ធ្វើដូចម្ដេចទើបដឹងថាខ្លួនឯងកំពុងនៅខាងព្រះ ឬ នៅខាងមារ?

អ្នកនៅខាងព្រះ ជាអ្នករក្សាសីលទាំង៥ រួមមានដូចជា៖ ១. មិនសម្លាប់ជីវិតគេដើម្បីបំប៉នអំណាចខ្លួនឯងឬដើម្បីបានសប្បាយចិត្ត។ ២. មិនលួចទ្រព្យគេឬប្រព្រឹត្តិទុច្ចរិតពុករលួយ។  ៣. មិនវង្វេងក្នុងកាមរហូតដល់បំពានអ្នកដទៃ។ ៤.មិនកុហកបោកប្រាសគេដើម្បីបំពេញតណ្ហាខ្លួនឯង។  ៥. មិនផឹកស្រារហូតដល់ស្រវឹងវង្វេងស្មារតី។

អ្នកនៅខាងព្រះជាអ្នករក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ៖ សីល (រៀបរាប់ខាងលើ) សមាធិ (ប្រតិបត្តិរឿយៗជាប្រចាំ) និង បញ្ញា (សិក្សារៀនសូត្រគ្រប់ពេលវេលា)។

អ្នកនៅខាងព្រះ ដាច់ខាតមិនប្រព្រឹត្តិរឿងកខ្វក់ស្មោកគ្រោក ដូចជា៖ បញ្ចុះអាគមគាថា (ពាក់ខ្សែកថា ចារយ័ន្តផ្សេងៗ)។ រកគ្រូធ្មប់រៀបចំអាសនៈក្នុងផ្ទះសម្បែង ចិញ្ចឹមព្រលឹងខ្មោច ដើម្បីជាទាសករដាច់ថ្លៃឲ្យជួយជ្រោមជ្រែងហិរញ្ញវត្ថុខ្លួនឯង (បាបអាក្រក់ខ្លាំងណាស់)។ ទៅស្រោចទឹករំដោះគ្រោះជាប្រចាំ ធ្វើពិធីកម្មផ្សេងៗឧបកិច្ចដើម្បីលាងកម្មពៀរខ្លួនឯងដែលសាងមកអាក្រក់ៗ ដូចជា ព្រលែងចាប លែងអណ្ដើក អារកឆ្កែឆ្មាយកឈាមបូជាពួកអមនុស្ស ព្រាយបិសាច…។ល។ អ្នកគិតតែខំសាងកម្មទុច្ចរិត ហើយបន្ទាប់មកស្វែងរកពិធីរំដោះគ្រោះខ្លួនឯងដូច្នេះឬ? វាមិនត្រឹមតែជាជីវិតដ៏ស្មោកគ្រោកទេ ថែមទាំងល្ងង់ខ្លៅទៀតផង។ ព្រះតែងតែហាមរឿងទាំងនេះ ក្នុងលក្ខខណ្ឌដាច់ខាត។

ពិចារណាសាឡើងវិញ! តើអ្នកសព្វថ្ងៃ នៅខាងព្រះ ឬនៅខាងពួកមារ? បើជីវិតអ្នករាល់ថ្ងៃស្គាល់តែបរាជ័យឥតល្ហែ សូមភ្ញាក់រឭកគិតដល់ទម្លាប់ប្រចាំជីវិតអ្នកឡើងវិញទៅមើល៍។ “បុណ្យ” ជារឿងងាយធ្វើណាស់ ប៉ុន្តែ “បាប” វិញរិតតែងាយធ្វើជាងបុណ្យទៅទៀត ហើយមនុស្សដែលខ្វះសតិ ខ្វះសមាធិ ច្រើនតែភ្លាត់ចូលក្នុងបាប ហើយច្រឡំថាខ្លួនឯងកំពុងធ្វើបុណ្យទៅវិញ។

បើនៅខាងព្រះ​អ្នកត្រូវស្គាល់ព្រះឲ្យច្បាស់។ ក្នុងអត្ថបទនេះ ខ្ញុំមិននិយាយពីព្រះណាទាំងអស់​ ក្រៅពីព្រះពុទ្ធ។ ព្រះពុទ្ធចូលបរិនិពាន្វហើយ បើចង់សម្ដែងការគោរពចំពោះព្រះអង្គ ត្រូវដើរតាមធម៌របស់ព្រះអង្គ មិនមែនទៅលុតជង្គង់អុជធូប ដុតទៀន សូត្រមេរៀនជាភាសាបាលីដែលស្ដាប់មិនយល់អ្វីសោះនោះ ក៏ទេដែរ។ ហើយរិតតែខុសទៀត បើអ្នក ទៅបន់ស្រន់សូមពរពីព្រះពុទ្ធ។ នៅក្នុងសាសនាផ្សេង ប្រហែលគេបង្រៀនអ្នកឲ្យសូមពរពីព្រះ ប៉ុន្តែក្នុងបំណងព្រះពុទ្ធ នោះជារឿងខុស។ ព្រះពុទ្ធមិនដែលបានឲ្យពរនរណាទេ (ខ្ញុំនឹងបកស្រាយពីពុទ្ធពរទាំង៤ប្រការក្នុងអត្ថបទក្រោយ) ពុទ្ធសាសនាក៏មិនមែនជាសាសនាសម្រាប់បួងសួង ឬ បន់ស្រន់ដែរ។ ពុទ្ធសាសនា ជាសាលារៀនបែបវិជ្ជាជីវៈស្ដីពី ទស្សនវិជ្ជាជីវិត គឺបង្គាប់មនុស្សឲ្យរៀនរស់ឲ្យបានសម និងបានស្របជាមួយនឹងធម្មជាតិតែប៉ុណ្ណោះ។

ម្ដងទៀត ហើយទន្ទេញឲ្យចាំថា “បើនៅខាងព្រះ អ្នកនឹងឈ្នះជានិច្ច”

ដោយ លឹម វិរិយា🌸 (មនុស្សដែលគិតខុសពីគេក្នុងសង្គម)

ហេតុអ្វីបានជាមនុស្សសម័យនេះ នៅលីវបានយូរជាងសម័យមុន?

ពីដើមឡើយ ក្នុងរវាងទសវត្សរ៍ ១៩៩០ ដល់ ២០០០ ខ្មែរយើងរៀបការនៅអាយុប្រមាណជា ២០ ឆ្នាំ គិតជាមធ្យម។ បច្ចុប្បន្ន វ័យចូលរោងការបានអូសបន្លាយដល់អាយុជាង៣០ឆ្នាំ គិតជាមធ្យម។ តើកត្តាអ្វីខ្លះដែលបណ្ដាលឲ្យការសម្រេចចិត្តរៀបការរបស់មនុស្សម្នាក់ៗ កាន់តែចាស់ទុំជាងមុន?

សូមបញ្ជាក់ថា ខ្ញុំមិនមែនជាអ្នកឯកទេសសង្គមវិទ្យា ឬចិត្តវិទ្យា ឬអ្នកស្រាវជ្រាវទិន្នន័យផ្លូវការណាមួយឡើយ។ គ្រប់យ៉ាងដែលខ្ញុំសរសេរនៅទីនេះ គ្រាន់តែជាបទពិសោធជីវិតដែលខ្ញុំបាន និង កំពុងតែឆ្លងកាត់ យ៉ាងវីវក់ ជាមួយនឹងគេនឹងឯង ហើយខ្ញុំយកអ្វីដែលខ្ញុំជួបផ្ទាល់ភាគច្រើន ដើម្បីស្រាយចម្ងល់ខាងលើ។ ខ្ញុំបានរកឃើញកត្តាធំៗ៦យ៉ាងដែល ខ្ទប់សេចក្ដីសម្រេចចិត្តរបស់មនុស្សសម័យថ្មីឲ្យនៅលីវបានយូរ។

កត្តាទី១៖ លំហូរបច្ចេកវិទ្យាពត៌មាន និង ឧបករណ៍ឆ្លាតវៃ

ពីមុន ពេលដែលគ្មានអ៊ីនធើណិត គ្មានទូរស័ព្ទទំនើប គ្មានម៉ាស៊ីនថតរូបច្បាស់ល្អ គ្រប់យ៉ាងដើរទៅមុខតាមរបៀបធម្មជាតិ ឬ ហៅថា តាមប្រពៃណី ទំនៀមទម្លាប់។ មានន័យថា ការសម្រេចចិត្តរៀបការរបស់គូប្ដីប្រពន្ធ មួយគូៗ ត្រូវបានធ្វើតាមទម្លាប់តគ្នារបស់ឪពុកម្ដាយ ជីដូនជីតា។ បុរសនិងស្ត្រី ព្រមជឿតាមការណែនាំរបស់ចាស់ៗ បើគេប្រាប់ថាល្អ គឺច្បាស់ជាល្អមែនហើយ។ បន្ទាប់មក គេទៅរកហោរទាយ គន់គូរជើងលេខបន្តិចបន្តួចជាការឧបកិច្ច ឲ្យអស់ចិត្ត។ ចំណងអាពាហ៍ពិពាហ៍ភាគច្រើន បណ្ដាលមកពីឥទ្ធិពលចំណងទាក់ទងរបស់ឪពុកម្ដាយជាមុនសិន។ បើចាស់ៗបានត្រូវរ៉ូវគ្នាហើយ ការបញ្ចុះបញ្ចូលក្មេងៗជារឿងងាយស្រួលបំផុត បើទោះបីជាកូនៗមានគូស្នេហ៍រួចទៅហើយ ក៏នៅតែមិនឈ្នះអំណាចឪពុកម្ដាយដែរ។

ប៉ុន្តែរឿងបែបនេះ ប្រហែលជាមិនសូវមានទេ ក្នុងយុគសម័យឌីជីថល។ មនុស្សស្ទើរតែគ្រប់រូប មានទូរស័ព្ទទំនើបជាប់ខ្លួនគ្រប់ពេលវេលា ដែលផ្ទុកទិន្នន័យសព្វគ្រប់បែបយ៉ាងដែលគេអាចទាញយកបាន ពេលដែលត្រូវការ។ បុរស និង ស្ត្រី អាចសម្លឹងមើលគ្នាទៅវិញទៅមកដោយសេរីក្នុងលំហរអ៊ីនធើណិត។ បណ្ដាញសង្គម ដែលមនុស្សខ្លះញៀនដល់កម្រិតប្រកាសអាសន្នរបស់ពេទ្យផ្លូវចិត្ត នៅតែមានឥទ្ធិពល ក្នុងគ្រប់ស្រទាប់វណ្ណៈ គ្រប់ស្ថាប័នការងារ ក្រុមហ៊ុនឯកជន អង្គការនានា ។ល។ បណ្ដាញសង្គម បានក្លាយជាឧបករណ៍ឆ្លុះបញ្ចាំងអត្តចរិត លក្ខណៈរបស់បុគ្គលដែលជាអ្នកប្រើប្រាស់ផ្ទាល់ បង្ហាញពីរូបសម្ផស្ស អំណាចហិរញ្ញវត្ថុ ចំណេះដឹង និង ឥទ្ធិពលផ្សេងៗទៀត ទាំងវិជ្ជមាន និង អវិជ្ជមាន។ ការមានលទ្ធភាពទទួលបានពត៌មានពីមនុស្សម្នាក់ៗ ជាពិសេសអ្នកនៅលីវ ដែលកំពុងសម្លឹងមើលគ្នាទៅវិញទៅមកនោះ បានធ្វើឲ្យទំហំការពិចារណា ប្រៀបធៀបគ្នា កាន់តែវែងឆ្ងាយ យឺតយ៉ាវ និងអូសបន្លាយកាន់តែយូរឡើង។

បើយើងនិយាយមួយជ្រុងទៀត គឺថា មនុស្សមានអ៊ីនធើណិតកំដរ មិនសូវអផ្សុក ហើយតែងតែព្រលែងចោលពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនសូវខ្វល់ពីសម្ព័ន្ធភាពពិតប្រាកដ ដែលអាចឈានដល់ចំណងជីវិត។

កត្តាទី២៖ ការសិក្សាអប់រំ

បច្ចុប្បន្ន ការទទួលបានលទ្ធភាពសិក្សារបស់បុរសនិងស្ត្រី កាន់តែល្អប្រសើរជាងសម័យដើម។  នៅពេលដែលម្នាក់ៗ (បុស និង ស្ត្រីនៅលីវ) រៀនបានកាន់តែខ្ពស់ មានចំណេះដឹងកាន់តែច្បាស់លាស់ ការងារក៏កាន់តែរវល់មមាញឹករាល់ថ្ងៃ។ ភាពរវល់នឹងការងារ ធ្វើឲ្យម្នាក់ៗមិនសូវមានពេលគិតគូររឿងរៀបចំក្រុមគ្រួសារ។ ភាពជោគជ័យក្នុងការងារ ធ្វើឲ្យម្នាក់ៗត្រេកត្រអាលនឹងការកសាងស្នាដៃឲ្យកាន់តែច្រើនឡើង ហើយទុករឿងរៀបការ ជាជម្រើសទី២។ ក្នុងបរិបទនេះ ឪពុកម្ដាយ ក៏មិនសូវហ៊ានមាត់កអ្វីធំដុំជាមួយកូនៗដែរ ព្រោះតែពួកគាត់ខ្លួនឯង ក៏បានឈានចូលក្នុងរបត់ផ្នត់គំនិតថ្មីនេះ តាមរយៈការសិក្សារបស់កូនៗ ដែលបង្ហាញចេញ។

ការងារល្អៗ បណ្ដាលឲ្យបុរសស្រ្តីមានប្រាក់ចំណូលប្រសើរជាងសម័យមុន។ ការមានចំណូលច្រើន ធ្វើឲ្យមនុស្សរិតតែមានមោទកភាពនឹងខ្លួនឯងកាន់តែខ្លាំង។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុនេះហើយ ដែលធ្វើឲ្យស្ត្រីលែងនឹកនាដល់ ការរៀបការយកប្ដី បង្កើតកូន និងក្លាយជាមេផ្ទះ។ សមត្ថភាពដ៏ឈ្លាសវៃនេះហើយ ដែលធ្វើឲ្យមនុស្សស្រីនៅលីវបំពាក់ស្លាកឈ្មោះខ្លួនឯងថាជា ម្ចាស់ក្សត្រី ទាំងដែលភ្លេចគិតថា បុរសពូកែៗជាច្រើនផ្សេងទៀត ក៏បានចងស្លាកឈ្មោះខ្លួនឯងថាជា ព្រះរាជបុត្រ ដែរ។ ដូច្នេះ តែកាលណាទាំងសងខាង ម្នាក់ជា ម្ចាស់ក្សត្រី និងម្នាក់ទៀតជា ព្រះរាជបុត្រ ហើយ ពិតជាពិបាកចុះសម្រុងនឹងគ្នាណាស់ ព្រោះតែម្ខាងៗ ពោរពេញដោយអំណួត និងភាពមានៈរឹងរូស។

កត្តាទី៣៖ ការយល់ដឹងពីបញ្ហាសុខភាព និង សម្រស់

ពីដើម នៅតាមភូមិស្រុកនានា រួមទាំងទីក្រុងផង ស្ទើរតែរកគ្មាន កន្លែងហាត់ប្រាណកសាងរាងកាយ ហើយក៏មិនមាននរណារត់ហាត់ប្រាណនៅតាមដងផ្លូវសាធារណៈដែរ ភាគច្រើនមានតែជនបរទេស។ បើនិយាយដល់គ្លីនីកកែសម្ផស្សផង ខ្ញុំមិនដែលឮទាល់តែសោះ។  ផ្ដាសាយទៅពេទ្យ ជារឿងកំប្លែងដែលគេឮហើយសើចចុកពោះ។   រឿងទៅពិនិត្យសុខភាព បើបានឮ គឺមានតែក្នុងខ្សែភាពយន្តបរទេស។

ការមិនថែទាំសុខភាពនោះហើយ ដែលបណ្ដាលឲ្យមនុស្សជំនាន់មុនឆាប់ចាស់ខ្លាំង។ អាយុខ្ទង់ត្រឹមតែ៣០សោះ មុខមាត់ចំណាស់មនុស្សខ្ទង់៤០ប្លាយសម័យនេះទៅហើយ។ ដូច្នេះ ការប្រញាប់ប្រញាល់រៀបការ ជាជម្រើសមួយក្រោមហេតុផលថា ខ្លាចចាស់ជាងនេះ គ្មានអ្នកស្រឡាញ់ ហើយពិបាករកដៃគូជីវិត។

ដោយឡែក មនុស្សសម័យនេះ យកចិត្តទុកដាក់ខ្លាំងពីសុខភាពរាងកាយ សុខភាពផ្លូវចិត្ត ការថែទាំសម្ផស្ស មិនថាបុរស ឬ ស្ត្រី គ្រាន់តែរបៀបថែទាំមានវិធីខុសៗគ្នាទៅតាមចំណូលចិត្ត។ នៅពេលដែលមនុស្សនៅលីវ អាចរក្សាបានរូបសម្ផស្សឲ្យមើលទៅឃើញក្មេងបានយូរ ពួកគេលែងរាប់អាយុជារឿងសំខាន់តទៅទៀតហើយ។ ស្ត្រីនៅទីក្រុងដែលមានជីវភាពចាប់ពីមធ្យមឡើង មានរូបសម្ផសដូចអាយុខ្ទង់២០ឆ្នាំ ខណៈដែលអាយុពិត ឈានដល់ខ្ទង់៣០ ឬ ៤០ប្លាយ។ នេះជាកត្តាមួយដែរ ដែលរួមចំណែក ធ្វើឲ្យមនុស្សនៅលីវបានយូរ។

កត្តាទី៤៖ ការប្រកួតប្រជែងគ្នានៅគ្រប់ទិសទី

អង្កាល់ខ្ញុំនៅពីក្មេង ខ្ញុំកម្របានស្ដាប់ឮ ពាក្យថាពានរង្វាន់ណាស់។ សម្រាប់ត្រចៀក និង ខួរក្បាលខ្ញុំ ពាក្យថាពាន រង្វាន់ ហាក់ដូចជាមានទំហំធំប៉ុនមេឃ ហើយមានតែ១គត់ និងតែ១ដងគត់ ក្នុងប្រទេសជាតិ១។ ក្នុងរវាង២ទសវត្សរ៍មុន ពានរង្វាន់ ច្រើនតែសំដៅលើ ការប្រឡងចម្រៀង និងប្រឡងបវរកញ្ញា។ នោះ ក៏ដោយសារតែ ខ្ញុំបានឆ្លងកាត់យុវវ័យមួយដែលសង្គមជាតិ មិនសូវគិតគូរលើកទឹកចិត្តមនុស្សពូកែ។

សព្វថ្ងៃ ពានរង្វាន់ មាននៅគ្រប់ច្រកល្ហក ស្ទើរតែក្លាយជាអតិផរណាពានរង្វាន់។ ព្រឹត្តិការណ៍ចែកពាន ទូងស្គរ កើតមានស្ទើរតែរាល់ថ្ងៃ និងផ្សព្វផ្សាយពាសពេញបណ្ដាញពត៌មាន។ វារួមបញ្ចូលតាំងពី គំនិតអាជីវកម្ម គំនិតជ្រោងសង្គមជាតិ សហគ្រិនភាព សិស្ស និស្សិតពូកែ អ្នកសិល្បៈក្នុងគ្រប់វិស័យ ។ល។ ម្លោះហើយ អ្នកដែលនៅលីវ ហាក់ផ្ដោតគោលដៅជីវិតទៅលើការលើកពានឲ្យបានច្រើនដងជាមុនសិន មុននឹងគិតគូរដល់រឿងការរៀបការប្ដីប្រពន្ធ។ ជួនកាល ការទទួលបានជោគជ័យផ្ទួនៗគ្នាច្រើនដងពេក ល្បីពេក ខ្លាំងពូកែពេក  គេបែរជាពិបាកស្វែងរកអ្នកដែលសក្ដិសម ឬ មានគុណសម្បត្តិប្រដំប្រសងគ្នា។

ភាពជោគជ័យជ្រុលពេក បណ្ដាលឲ្យបុសស្ត្រី ក្លាយជាមនុស្សក្រអឺតក្រទម ចំពោះគ្នានិងគ្នា។ ហើយពួកគេ ក៏ជ្រើសរើសការអូសបន្លាយពេលវេលា ដោយយកបេសកកម្មប្រកួតប្រជែងឥតព្រំដែននោះ មកធ្វើជាអលង្ការ លម្អឆាកជីវិតទៅវិញ។ បន្ទាប់មក គេបង្កើតសហគមន៍ ក្រុមអ្នកខ្លាំងៗដូចគ្នា នៅលីវដូចៗគ្នា ដើម្បីបន្លប់ស្ថានភាពនៅព្រៅនោះ។

កត្តាទី៥៖ បរិមាណដ៏ច្រើនសម្បើមរបស់ប្ដីប្រពន្ធជំនាន់មុនដែលបានលែងលះគ្នា

ជំនាន់មុន ចាស់ៗបានរៀបការដោយប្រថុយប្រថាន តាមភាសាផ្សាយពាណិជ្ជកម្មរបស់មេអណ្ដើក របស់បងប្អូនសាច់ញាតិ មិត្តភក្តិដែលបង្អាប់ ចំអន់ ហើយពេលខ្លះ ប្រថុយដោយខ្លួនឯងផ្ទាល់ ឬជឿតាមទំនាយហោរា ថាល្អអីចេះ ល្អអីចុះ។ ម្លោះហើយ ការរស់នៅមិនចុះសម្រុងគ្នាជាអចិន្ត្រៃយ៍ បានជំរុញជីវិតអាពាហ៍ពិពាហ៍ រហូតឈានដល់បែកបាក់ លែងលះគ្នា  ដែលបញ្ហានេះ មានអត្រា កើនខ្ពស់ខ្លាំងគួរឲ្យកត់សម្គាល់។

អង្កាល់មិនទាន់មានអ៊ីនធើណិតទូលំទូលាយ  ស្ត្រីមេម៉ាយភាគច្រើន បានក្លាយជាជនរងគ្រោះបែបប្រពៃណី។ សង្គមខ្មែរដែលកាលនោះ មិនសូវសម្បូរអ្នកចេះដឹងច្រើន បានវាយសន្ធប់លើស្ត្រីដែលលែងលះគ្នា ដោយប្រការអវិជ្ជមានផ្សេងៗ រហូតមានពាក្យដំណាលតៗគ្នាមកថា “មេម៉ាយចំណាយមាត់ញាតិ”។ ឃ្លានេះ មានសេចក្ដីប្រែសម្រាយមកថា តែកាលណាលែងលះគ្នាហើយ ស្ត្រីមេម៉ាយ ច្រើនត្រូវបានបុរសៗចំអន់លេបខាយ លេងសើចជាការសប្បាយ ព្រោះគេជឿថា ស្ត្រីមេម៉ាយជាស្ត្រីចិត្តងាយ ខុសពីនារីនៅក្រមុំ (នៅលីវ) ដែលប្រកាន់ខ្លួន។ គេច្រើននិយាយថា ស្ត្រីមេម៉ាយ ក្រៅពីមិនចេះប្រកាន់ខ្លួនប្រាណហើយ នៅបង្កបញ្ហាដល់ជីវិតប្ដីប្រពន្ធអ្នកដទៃទៀតផង។ រហូតមានមនុស្សជាច្រើន គ្រាន់តែឮថា នារីណាម្នាក់មេម៉ាយភ្លាម គេខ្សឹបគ្នាថា “ប្រយ័ត្ននាងនោះ ដណ្ដើមប្ដី” ។

តើការណ៍នេះ វាពិតជាដូចគេចោទប្រកាន់ដែរឬទេ? ទោះបីជាវាពិត ឬ មិនពិត ប៉ុន្តែជនជាតិខ្មែរ បានដក់ជាប់នូវផ្នត់គំនិតថា “មេម៉ាយ មិនល្អ”​។ ដូច្នេះ ដើម្បីបង្ការកុំឲ្យថ្លោះធ្លោយ ក្លាយជាមេម៉ាយ ត្រូវតែមើលចិត្តគ្នាជាមុន ឲ្យបានយូរឆ្នាំតាមដែលអាចធ្វើបាន។ នេះជាមូលហេតុមួយ ក្នុងចំណោមហេតុផ្សេងៗ ដែលស្ត្រីខ្មែរបច្ចុប្បន្នព្យាយាមនៅលីវបានយូរជាងជំនាន់មុន។ បើគ្មានអត្រាលែងលះដ៏ច្រើនសន្ធឹកសន្ធាប់របស់ ប្ដីប្រពន្ធជំនាន់មុនមកទេ ក៏ប្រហែលជា វាគ្មានឥទ្ធិពលអ្វីបណ្ដាលឲ្យបុរសស្ត្រីសម័យនេះ ត្រូវនៅលីវដល់អាយុខ្ទង់សាមសែ ពេញទឹកពេញដីដែរ ជាពិសេសអ្នកទីក្រុង។

ឆ្លៀតបន្ថែមបន្តិចទៀតថា មិនមែនតែស្ត្រីមេម៉ាយទេ ដែលប្រឈមនឹងការរើសអើង ក្នុងជីវិតគូស្រករលើកទី២ សូម្បីតែបុរសពោះម៉ាយក៏ប្រឈមដូចគ្នា បើសិនជាពួកគេមានកូនដែលត្រូវចិញ្ចឹមក្រោយលែងលះ។ ហេតុអ្វី? ព្រោះស្ត្រីដែលមិនធ្លាប់រៀបការ មិនចង់បានបុរសដែលចែករំលែកហិរញ្ញវត្ថុសម្រាប់ប្រពន្ធមុន សម្រាប់កូនដើម នាំឲ្យស្មុគ្រស្មាញទេ។ វាពិតជារឿងឈឺក្បាលនឹងពន្យល់ច្រើនជាងនេះ បើសិនជា យើងវិភាគវែកញែកដល់ ប្រភេទនៃសំណុំរឿងលែងលះ ដែលមានទម្រង់ខុសៗប្លែកពីគ្នាផងនោះ។

កត្តាទី៦៖ អាពាហ៍ពិពាហ៍សម័យនេះ ចាយលុយធំពេក

កាលពីមុន ពិធីរៀបការតាមប្រពៃណីយ មិនមានភាពស្មុគ្រស្មាញផ្នែកលុយកាក់ប៉ុន្មានទេ។ សម្ភារៈផ្សេងៗ មានតម្លៃធូរល្មម ហើយពិធីទាំងមូលក៏មិនទំនើបហួសហេតុដូចសម័យនេះដែរ។  ទីក្រុងមិនសូវចង្អៀត គេអាចជិះឡាន ម៉ូតូ ដើរអញ្ជើញភ្ញៀវដល់ផ្ទះប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង។  ម្ហូបអាហារ ពិធីការ ការតុបតែង ក៏មិនសូវសម្បើមដៃដូចឥលូវដែរ។ ក្នុងទសវត្សរ៍១៩៩០ និងដើម២០០០ រោងការមានតែប៉េងប៉ោង ដើមចេក ដើមដូង គល់ឫស្សី និងសម្ភារៈងាយៗ។ ជាងថតរូបមានតែ១នាក់ ឬ ២នាក់យ៉ាងច្រើន​ ហើយក៏មិនថ្លៃប៉ុន្មានដែរ។ ម្ហូបអាហារបត់បែនតាមស្រុកភូមិនីមួយៗ។ ភ្ញៀវដែលចូលរួម គ្មានកាមេរាថតរូបតាមខ្លួនដូចសម័យនេះទេ ដែលជាហេតុគេមិនខ្វល់ពីការតុបតែងរោងការប៉ុន្មាន។

LUXURY WEDDING VENUES

ងាកមកមើលការចំណាយបច្ចុប្បន្ននេះវិញ  មុនរៀបការ គេត្រូវចាយលុយខ្ទង់ពាន់ដុល្លារសម្រាប់ការថតរូបបែបវិជ្ជាជីវៈ ដោយក្រុមហ៊ុនថតរូបល្បីៗ ឬ ជាងថតជំនាញ ដែលគេនិយមហៅថា Pre-Wedding Photograph។ ហើយបើគណនាត្រួសៗ គ្រាន់តែ Pre-Wedding Photo មួយ ចាយប្រាក់ប្រហែលពាក់កណ្ដាលពិធីរៀបការទាំងមូលរបស់មនុស្សជំនាន់មុនបាត់ទៅហើយ។ នេះ មិនទាន់រាប់បញ្ចូលពិធីភ្ជាប់ពាក្យដ៏ឆើតឆាយ ស្រស់បំព្រង នៅឡើយផង។ ដោយសារតែសម័យនេះ គ្រប់រូបភាព មិនអាចគេចផុតពីលំហរអ៊ីនធើណិត បណ្ដាញសង្គមនានា ដែលបានជ្រាបដល់ភ្នែកមនុស្សក្នុងពិភពលោក អីចឹងហើយ ម្ចាស់ដើមការត្រូវតែខិតខំចាយប្រាក់ឲ្យខ្លាំងអស្ចារ្យ ដើម្បីគ្រប់រូបភាពដែលអណ្ដែតត្រសែតចូលក្នុងលំហរមេឃ មានអត្តចរិតប្រកួតប្រជែងនឹងគេដែរ។

សូមមិនរៀបរាប់វែងឆ្ងាយពេកទេ ទាក់ទងនឹងបញ្ហានេះ។ គ្រាន់តែសរុបខ្លីមកវិញថា ខ្ទង់ចំណាយធំពេក នៃពិធីរៀបអាពាហ៍ពិពាហ៍ ធ្វើឲ្យមនុស្សនៅលីវ ទ្រាំពន្យាពេលរៀបការកាន់តែយូរ ដើម្បីសន្សំលុយកាក់ជាមុន។ ប៉ុន្តែ មិនមែនមានន័យថា គូស្នេហ៍មិនបានរស់នៅជាមួយគ្នាទេ។  គូស្នេហ៍កាន់តែច្រើនឡើង ជាពិសេសនៅរាជធានីភ្នំពេញ បានជ្រើសរើសការរស់នៅជាមួយគ្នាជាមុន ក្នុងឈ្មោះថាសង្សារ មុនសម្រេចចិត្តចូលរោងការពិតប្រាកដ ដែលជាដំណាក់កាលដាក់ខ្នោះជីវិតទាំងពីរនាក់ជារៀងរហូត។

អត្ថបទរក្សាសិទ្ធិដោយ លឹម វីរីយ៉ា

ថ្ងៃទី៤ ខែកម្ភ: ឆ្នាំ ២០២០

ខែដប់ ហប់ខ្យល់

១០កើត អស្សុជ ហុចភ្នែក ជ្រែកស្នេហា
ចង់តែផ្ញើសារ ប្រាប់ថា ជីវ៉ានឹក
តែទៅមិនរួច ព្រួចគិត ចិត្តញ័រក្អឹក
ភ្លេចបាយភ្លេចទឹក ភ្លឹកភ្លាំង គាំងនេត្រា។

រសៀលជ្រាលជ្រេ ទេរទន់ លន់តួមេឃ
ក្ដៅស្អុះខ្លាំងពេក ដេកថ្ងៃ ស្រមៃថា
បើមានភ្លៀងព្យុះ នុះច្បាស់ ម្ចាស់សីមា
ហុចឈោងហត្ថា វាចារ ស្រុះស្រួលគ្នា។

កណ្ដាលខែដប់ ហប់ឈឹង មិនដឹងខ្យល់
អស្សុជហុចកល់ ដល់គិត ខិតវេលា
ដល់ខែដប់មួយ ជួយចាំ ផ្ដាំផ្ដន្ទា
រឿងល្អរឿងជា គ្រប់គ្រា មិនសូវគ្រាំ។

អ្នកខ្លះគេឆ្ងល់ ពាល់ខុស ស្លុះបេះដូង
ស៊ើបការអន្ទោង លងលប ឈ្លបឡើងមាំ
ស៊ើបសួររកបក្ស ឆ្លាក់ឈ្មោះ ពីរោះហំ
មុខខ្ញុំនេះសម ទ្រាំបាន ក្សាន្តជានិច្ច។

ចង់ដឹងចង់ស្គាល់ ឆ្ងល់អី ពិសីបង?
អញ្ជើញផ្ដោះផ្ដង ឆ្លងឆ្លើយ កើយពាក្យពេចន៍
សាកសួរតួរង ឆ្គងឆ្គាំ ជាំបន្តិច
អ្នកកើតអ្នកលិច លបក្ដិច ប្រយ័ត្នបាប។
——–
លឹម វីរីយ៉ា🌸

ថ្ងៃ អង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ០៨ ខែតុលា គ.ស. ២០១៩

រូបថតនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ខែមេសា ២០១៩