Tag Archives: Viriya Lim
ខែដប់ ហប់ខ្យល់
១០កើត អស្សុជ ហុចភ្នែក ជ្រែកស្នេហា
ចង់តែផ្ញើសារ ប្រាប់ថា ជីវ៉ានឹក
តែទៅមិនរួច ព្រួចគិត ចិត្តញ័រក្អឹក
ភ្លេចបាយភ្លេចទឹក ភ្លឹកភ្លាំង គាំងនេត្រា។
រសៀលជ្រាលជ្រេ ទេរទន់ លន់តួមេឃ
ក្ដៅស្អុះខ្លាំងពេក ដេកថ្ងៃ ស្រមៃថា
បើមានភ្លៀងព្យុះ នុះច្បាស់ ម្ចាស់សីមា
ហុចឈោងហត្ថា វាចារ ស្រុះស្រួលគ្នា។
កណ្ដាលខែដប់ ហប់ឈឹង មិនដឹងខ្យល់
អស្សុជហុចកល់ ដល់គិត ខិតវេលា
ដល់ខែដប់មួយ ជួយចាំ ផ្ដាំផ្ដន្ទា
រឿងល្អរឿងជា គ្រប់គ្រា មិនសូវគ្រាំ។
អ្នកខ្លះគេឆ្ងល់ ពាល់ខុស ស្លុះបេះដូង
ស៊ើបការអន្ទោង លងលប ឈ្លបឡើងមាំ
ស៊ើបសួររកបក្ស ឆ្លាក់ឈ្មោះ ពីរោះហំ
មុខខ្ញុំនេះសម ទ្រាំបាន ក្សាន្តជានិច្ច។
ចង់ដឹងចង់ស្គាល់ ឆ្ងល់អី ពិសីបង?
អញ្ជើញផ្ដោះផ្ដង ឆ្លងឆ្លើយ កើយពាក្យពេចន៍
សាកសួរតួរង ឆ្គងឆ្គាំ ជាំបន្តិច
អ្នកកើតអ្នកលិច លបក្ដិច ប្រយ័ត្នបាប។
——–
លឹម វីរីយ៉ា🌸
ថ្ងៃ អង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ០៨ ខែតុលា គ.ស. ២០១៩

ទឹកជ្រៅតែងស្ងប់…
ខ្លែងហោះបានខ្ពស់ ព្រោះកម្លាំងខ្យល់
មារយាទលាក់កល ព្រោះខ្វល់កិលេស
ដូងផ្អែមថែមរស ព្រោះគល់កប់ផេះ
ម្នឹះល្ងង់ធេីចេះ អាចឆេះផែនដី។
ទឹកជ្រៅតែងស្ងប់ កប់ចិត្តអ្នកប្រាជ្ញ
អ្នកឆោតមាត់ដាច ប្រសាចសម្ដី
បេីទឹកត្រជាក់ ជាក់ជាផ្ដុំត្រី
ពេចន៍ផ្អែមមានន័យ ស្រីប្រុសប្រឡាញ់។
ពួកបក្សបីសាច ខ្លាចខ្មោចក្នុងផ្នូរ
គោះប៉ោតទូងស្គរ ជន្លបោះបាញ់
ទាត់ចោលពាក្យព្រះ ឈ្នះទៅទាំងចាញ់
សាងគ្រាប់ទុកបាញ់ ប្រមាញ់គ្នាឯង។
————-
លឹម វីរីយ៉ា🌸
០៥ តុលា ២០១៩

ដងព្រែក…
ព្រឹកព្រាងថ្ងៃរះ ជះប៉ះចុងដួន
ចុះស្រែថែសួន ពួនតាមដងព្រែក
ជីវិតស្រុកស្រែ ខ្មែរនៅក្រោមមេឃ
តោះ! ងេីបពីដេក ទៅរែកអាចម៍គោ។
ខេត្តព្រះត្រពាំង ឃាំងដោយទឹកប្រៃ
ដងព្រែកពេញព្រៃ ដីដុះហួសអូរ
ខ្មែរលេីខ្មែរក្រោម ឡោមរកពុទ្ធោ
អ្នកណាស៊ីជោរ មកកូរគ្នាលេង។
លឹម វីរីយ៉ា🌸
២៩ កញ្ញា ២០១៩

ទៅបុណ្យភ្ជុំឆ្លងស្រុក…
ភ្លៀងធ្លាក់មិនដាច់គ្រាប់ គាប់ចិត្តអ្នកស្រែ
ឮសូរតែរ៉ែៗ ក្បែរភពមនុស្សា
វេនបិណ្ឌក្នុងថ្ងៃនេះ វិសេសមហា
រីករាយក្នុងចិន្ដា ជ្រះថ្លាកន្លង។
យេីងទៅបុណ្យភ្ជុំធំ ម្ដុំខ្មែរខាងត្បូង
កុំឱ្យខ្មោចវាលង អន្ទងផ្ដោះផ្ដង
ខេត្តឃ្លាំងពាំងថ្មភ្នំ មុំផ្លោះរបង
ជាតិខ្មែរថែគ្នាផង ខ្ញុំឆ្លងទៅហេីយ។
————
លឹម វីរីយ៉ា🌸
២៥ កញ្ញា ២០១៩

ភ្ជុំបិណ្ឌនៅកម្ពុជា…
ភ្ជុំបិណ្ឌនៅកម្ពុជា
អ្នកណាបាត់គ្នា ហួចជាសញ្ញា។
អញ្ជើញណាត់ជួបតាមសារ
សាសងផ្លែផ្កា ចរចាចិចី។
រដូវបុណ្យទានឈានដី
ណាត់មិត្តប្រុសស្រី ប្រាស្រ័យរាក់ទាក់។
ភ្ជុំបិណ្ឌក្លិនចំប៉ាលក្ខណ៍
រដូវភ្លៀងធ្លាក់ ជំពាក់ម្ចាស់ថ្លេីម។
អ្នកណាប៉ិនទប់ដង្ហេីម
ចំហៅថាឆ្នេីម ផ្ដេីមច្នៃផ្ដោះផ្ដង។
ផ្ការីកនៅក្នុងរបង
អ្នកក្លាហានឆ្លង ចម្លងដួងចិត្ត។
ភ្ជុំរួចខ្នួចចងក្រងក្រិត្យ
ក្រាបដៃយកស្និត ទុកសិតសក់ក្រង។
សៀតផ្កាចំប៉ីមួយទង
ពានាល្បាប់ផង ដងទឹកផ្កាម្លិះ។
បួងសួងលួងសូមជំនិះ
ដែលព្រះឥន្ទជិះ ឆ្លងឡេីងឋានសួគ៌។
សារខ្លីន័យវែងពេញតួ
បេីគួរមិនគួរ កុំប្រកាន់ថ្វី។
រឿងអាថ៌កំបាំងផែនដី
អ្នកណាវៀងវៃ លៃលកយកបុណ្យ។
ឆ្គាំឆ្គងរំលងថ្ងៃមុន
សូមត្រឹមម្ចាស់គុណ គន់គិតអភ័យ។
សូមបានសិរីសួស្ដី
ស្ដុកស្ដម្ភថ្លាថ្លៃ មានជ័យជោគអ៊េីយ!
———
លឹម វិរិយា🌸
២៥ កញ្ញា ២០១៩

ដើម្បីក្លាយជាអ្នកនិពន្ធ

ខ្ញុំមិនទាន់បានក្លាយជាអ្នកនិពន្ធនៅឡើយទេ បើទោះបីជាខ្ញុំឆ្កួតវង្វេងនឹងការសរសេរជារៀងរាល់ថ្ងៃក៏ដោយ។ ខ្ញុំក៏មិនដែលបានស្វះស្វែងរកគ្រូបង្រៀនតែងនិពន្ធផងទេ ប៉ុន្តែជារឿយៗ ខ្ញុំស្រាវជ្រាវពីភាពជាអ្នកនិពន្ធ និង រឿងរ៉ាវផ្សេងៗទាក់ទិននឹងការបោះពុម្ពផ្សាយសៀវភៅ។
ខ្ញុំធ្លាប់បានសាកសួរ មនុស្សចំនួន៣នាក់ ថា “តើនរណាជាអ្នកនិពន្ធដែលមានស្នាដៃល្អជាងគេ ល្បីជាងគេនាពេលបច្ចុប្បន្ន?” មនុស្ស៣នាក់ដែលខ្ញុំបានសួរ សុទ្ធតែផ្ដល់ចម្លើយមកដូចៗគ្នា គឺ “ម៉ីសន សុធារី”។ 
និយាយដោយត្រង់ទៅចុះ ខ្ញុំមិនធ្លាប់ដែលស្គាល់ឬសូម្បីតែឮឈ្មោះរបស់គាត់ពីមុនមកសោះ។ ប្រហែលបណ្ដាលមកពីខ្ញុំមិនសូវចាប់ភ្លឹក ចងចាំឈ្មោះអ្នកនិពន្ធពេលអានអត្ថបទអប់រំផ្សេងៗក្នុងអ៊ីនធើណិត ម្យ៉ាងទៀត ខ្ញុំមិនចូលចិត្តអានប្រលោមលោកប្រតិដ្ឋ ដែលភាគច្រើនបងសុធារី ជាអ្នកនិពន្ធប្រលោមលោក។
ក្រោយពេលស៊ើបសួរដឹងឈ្មោះរួចហើយ ខ្ញុំក៏បានស្វែងរកគាត់ឃើញក្នុងបណ្ដាញសង្គម ហ្វេសប៊ុគ។ ក្រោយភ្ជាប់ទំនាក់ទំនងរួច ទើបខ្ញុំផ្ដើមកត់សម្គាល់ឃើញថា រវាងគាត់និងខ្ញុំ តាមពិតស្ថិតក្នុងសង្គមស្រដៀងៗគ្នា និងមានមិត្តភក្ដិរួមគ្នាច្រើន។ ខ្ញុំជួបគាត់លើកទី១ គឺការអង្គុយរួមតុ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍មិត្តភក្ដិ និង លើកទី២ ក្នុងថ្ងៃសម្ពោធសៀវភៅប្រលោមលោកស៊ើបអង្កេត រឿង “ស្ទីឌីយោលេខ៧” ដែលគាត់បានអញ្ជើញខ្ញុំដោយផ្ទាល់។
និយាយបញ្ច្រាសទៅលើវិញបន្តិច គឺមុនពេលដែលខ្ញុំបានទៅជួបគាត់នៅហាងកាហ្វេម្ដុំបឹងកេងកង ក្នុងពិធីសម្ពោធសៀវភៅនោះ ខ្ញុំធ្លាប់បានសាកល្បងទៅបណ្ណាគារពីរបីកន្លែងល្បីៗនៅភ្នំពេញ គោលបំណងដើម្បីទៅ ស្វែងរកសៀវភៅ ដែលមានចំណងជើងថា “ទម្រាំក្លាយជាអ្នកនិពន្ធ” ដែលជាសៀវភៅ ខ្ញុំឃើញគេផ្សាយតាមអ៊ីនធើណិត តែរកមិនប្រទះសោះ។ ខ្ញុំមិនចង់បញ្ជាទិញសៀវភៅត្រឹម១ក្បាល ហើយរំខានគេឲ្យដឹកយកមកឲ្យខ្ញុំដល់ផ្ទះនោះទេ បើទោះជាធ្វើរឿងនោះមែន ក៏ខ្ញុំគេចមិនផុតពីការឲ្យលុយធីបអ្នកដឹកនោះបន្ថែមជាច្រើនដែរ។ ប៉ុន្តែនៅទីបំផុត ខ្ញុំអាចទិញវាបាននៅថ្ងៃសន្និសីទកាសែត និងសម្ពោធសៀវភៅរឿងប្រលោមលោកស៊ើបអង្កេតរបស់គាត់ នៅថ្ងៃទី ១៨ ខែសីហា ២០១៩ ដែលរៀបចំឡើងដោយក្រុម “តម្រា”។ ខ្ញុំទិញយកគ្រប់រឿង មួយមុខមួយក្បាល សម្រាប់អានពេលឆ្លៀតបាន។ ខ្ញុំមិនដែលមានពេលទំនេរសម្រាប់អានសៀវភៅទេ ប៉ុន្តែខ្ញុំតែងតែឆ្លៀតពេលអានសៀវភៅ ហើយពេលដែលល្អឥតខ្ចោះរបស់ខ្ញុំក្នុងការអាន គឺពេលធ្វើដំណើរ។

ម្សិលមិញក្នុងអំឡុងពេលធ្វើដំណើរចេញពីផ្ទះ មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមដំណក់ភ្លៀងនៃជំនោរភទ្របទ វេលាម៉ោង៥ល្ងាចទៅហើយ ចរាចរណ៍នៅតាមដងផ្លូវស្ទះគ្រប់ខ្សែទាំងអស់។ តៃកុងឡានតាក់ស៊ី បើកបណ្ដើររអ៊ូរទាំបណ្ដើរទាំងមិនចេះខ្ជិល។ ខ្ញុំឥតខ្វល់យកចិត្តទុកដាក់នឹងគាត់ទេ ព្រោះខ្ញុំមានសៀវភៅតូចមួយនៅក្នុងដៃ សម្រាប់ kill time (បន្លប់ពេលវេលា កុំឲ្យធុញ)។ សៀវភៅនោះតូចល្មម កាន់ដៃម្ខាងបានយ៉ាងពេញលេញ និងស្រាលស្រទន់ ងាយអាន។ ខ្ញុំចាប់ផ្ដើមបង្កើតផែនការក្នុងខួរក្បាលទៅរប៉ុយៗ ថាបើនឹងបោះពុម្ពសៀវភៅ ត្រូវតែធ្វើឲ្យអ្នកអានងាយដាក់តាមខ្លួន ស្រួលកាន់ ស្រួលអាន អ៊ីចឹងដែរ។
ពីផ្ទះដល់ព្រលានយន្តហោះ ខ្ញុំអានបានពាក់កណ្ដាល រយៈពេលរង់ចាំនៅក្នុងព្រលាន និងរយៈពេលហោះហើរមួយម៉ោងមកសៀមរាប ខ្ញុំបានបញ្ចប់វាល្មម។ ខ្ញុំបានរកឃើញខ្លួនឯងច្បាស់នៅក្នុងសៀវភៅមួយនេះ “ទម្រាំក្លាយជាអ្នកនិពន្ធ” ដោយ “ម៉ីសន សុធារី”។ ពីដើមដល់ចប់ បងសុធារី មានល្បោយសម្ដីស្រដៀងនឹងខ្ញុំច្រើនមែនទែន។ ទាំងគំនិតអប់រំ និងសិល្បៈចែករំលែកតាមរយៈអត្ថបទសរសេរ។ ថ្វីត្បិតតែគាត់ជាអ្នកនិពន្ធជើងចាស់ ដែលបានប្រលូកគ្រប់បទនិពន្ធ រួមមានតាំងពី ល្ខោនវិទ្យុ ល្ខោនទូរទស្សន៍ រឿងខ្លី រឿងវែង រឿងភាគ ។ល។ ថែមទាំងការងារក្រោយឆាកសម្ដែងផ្សេងៗផងនោះ គាត់បាននាំខ្ញុំឱ្យស្លុងចូលទៅក្នុងមេរៀននៃភាពជាអ្នកដឹកនាំដ៏អស្ចារ្យ ដែលកន្លងមកខ្ញុំនៅស្រពេចស្រពិល ហើយមិនដែលហ៊ានសួរគេ។
ខ្ញុំលបគិតស្មានៗថា ប្រហែលជាមានតែខ្ញុំនេះហើយ ជាមនុស្សខ្ជិល ដែលនិពន្ធរឿងមិនដែលចប់ចុងចប់ដើម ហើយយកជាការអីមិនកើត។ តាមពិត ស្ថិតិពិត អ្នកនិពន្ធភាគច្រើន មានអត្តចរិតបែបនេះមែន។ ដូច្នេះហើយ ទើបបានជា ក្នុងវិស័យតែងនិពន្ធនៅកម្ពុជា យើងកម្រប្រទះឃើញសៀវភៅដែលចេញមកពីការច្នៃប្រតិដ្ឋថ្មី។ សៀវភៅភាគច្រើនដែលខ្ញុំរកឃើញក្នុងបណ្ណាគារ សុទ្ធតែសៀវភៅបកប្រែពីបរទេស និងសៀវភៅបែបរៀបរៀង កាត់ត កាត់ផ្គុំ ដែលវាហាក់ដូចជាគ្មានតម្លៃអ្វីសោះសម្រាប់ឈ្មោះថាអ្នកនិពន្ធ។

បញ្ចប់អំណានសៀវភៅមួយនេះ ខ្ញុំអាចទូទាត់ចម្ងល់ជាមួយខ្លួនឯងក្នុងចំណុច ៣ធំៗ៖
ទី១ អ្នកនិពន្ធ ត្រូវតែសរសេរដោយខ្លួនឯងផ្ទាល់
បើយើងយកលុយទៅជួលគេសរសេរ ហើយដាក់ឈ្មោះខ្លួនឯងថាអ្នកនិពន្ធ ដូច្នេះនរណាៗក៏អាចក្លាយជាអ្នកនិពន្ធបានដែរ ព្រោះងារមួយនេះ អាចទិញបានដោយលុយ។ ប្រហែលជាករណីនេះ មានច្រើនមើលទៅ ទើបបងសុធារី លើកវាឡើងមក។
ទី២ អ្នកនិពន្ធ ដែលសរសេរសៀវភៅតែ១ក្បាល ហើយសម្រាកជារៀងរហូត មិនខុសគ្នាពីអ្នកចម្រៀង ដែលច្រៀងតែ១បទ ហើយឈប់
ដូច្នេះ មិនបាច់ពន្យល់វែងឆ្ងាយទេ អ្នកអានច្បាស់ជាយល់ដោយខ្លួនឯង។
ទី៣ ដើម្បីក្លាយជាអ្នកនិពន្ធ ក្រៅពីមានទេពកោសល្យដែលបានពីការហ្វឹកហាត់សរសេរជាប្រចាំហើយ គេត្រូវមានវិន័យយ៉ាងតឹងតែងចំពោះខ្លួនឯង ទើបអាចបង្កើតសមិទ្ធិផល ឱ្យអ្នកដទៃរំភើបជាមួយ។ ខ្ញុំសូមគោរពកោតសរសើរដែល បងសុធារី តែងតែដាក់ម៉ោងដាស់ពីដំណេកវេលា ៤ទៀបភ្លឺរាល់ថ្ងៃ ហើយកំណត់ទំព័រដែលត្រូវសរសេរឱ្យបានគ្រប់ចំនួន។ ខ្ញុំមិនដែលដាក់វិន័យខ្លួនឯងធ្ងន់ដល់ម្លឹងសោះ! អីចឹងហើយ ទើបមិនអាចចេញជាអ្វីឱ្យយកជាការណ៍បាន។
សៀវភៅមួយក្បាលនេះ គាត់បាន រៀបរាប់ច្រើនតាំងពី A ដល់ Z គ្រាន់តែថា៣ចំណុចដែលខ្ញុំលើកមកបញ្ជាក់នេះ វាជាកូនសោរ សម្រាប់ខ្ញុំឈានឆ្ពោះទៅវិថីជាអ្នកនិពន្ធដ៏ពេញលេញ នៅថ្ងៃអនាគត។ សម្រាប់អ្នកដែលស្រឡាញ់វិស័យតែងនិពន្ធ ហើយមានបំណងបញ្ចេញស្នាដៃ គួរតែរកអានសៀវភៅមួយនេះ ដើម្បីជាអំពូលបំភ្លឺ ភាពស្មុគ្រស្មាញផ្លូវចិត្ត និងស្មារតី ដែលកន្លងមក តឹងតែង គិតមិនចេញ ហើយរកចំណុចចាប់ផ្ដើមមិនឃើញ ឬ រកឃើញហើយ វង្វេងកណ្ដាលផ្លូវ មិនដល់គោលដៅ។
សូមអរគុណ អ្នកនិពន្ធដ៏មហិមា “ម៉ីសន សុធារី” សម្រាប់ការចែករំលែកមួយនេះ។ បើទោះបីជាសៀវភៅនេះ បងស្រី បោះពុម្ពលក់យកលុយ ក៏ពិតមែន ប៉ុន្តែគុណតម្លៃពិតនៃសៀវភៅនេះ វាថ្លៃលើសពីការចំណាយរបស់ខ្ញុំរាប់រយដង។
លឹម វិរិយា🌸
២២ កញ្ញា ២០១៩
តើអ្នកស្លាប់ទៅហើយគួរនៅរក្សាងារអាជីពវិជ្ជាជីវៈកាលនៅរស់ដែរឬទេ?
មនុស្សរាល់រូប ដែលកើតមក មានរចនាសម្ព័ន្ធរាងកាយដូចៗគ្នា គឺភ្នែក២ ត្រចៀក២ ដៃ២ ជើង២ មាត់១និងច្រមុះ១ ក៏មានឈ្មោះតែមួយរួមដូចៗគ្នាដែរ ដែលក្នុងមួយជីវិត សុទ្ធតែត្រូវបានគេហៅ គឺ “សព”។ ឈ្មោះមួយនេះ វានឹងផ្លាស់ប្ដូរដោយស្វ័យប្រវត្តិ ត្រឹមតែប៉ុន្មានម៉ោង ឬ ប៉ុន្មាននាទី ក្រោយពេលមនុស្សរលត់ដង្ហើម។ 
នៅលើដងវិថីសាធារណៈ ជនរងគ្រោះដល់ស្លាប់ដោយគ្រោះថ្នាក់ចរាចរ នឹងត្រូវបានគេយកក្រណាត់ស មកគ្របជិត។ អ្នកដែលមកចោមរោមឈឺឆ្អាល ច្បាស់ជាស្រែកថា “លើកសពដាក់ឡានពេទ្យ”។ មនុស្សឈឺស្លាប់នៅលើគ្រែ ទោះជាឈ្មោះអ្វីក៏ដោយ គ្រាន់តែបេះដូងឈប់ដើរ គ្រូពេទ្យទាញក្រណាត់គ្របមុខ គ្មាននរណាហៅឈ្មោះម្ចាស់រូបស្ដូកស្ដឹងនោះទៀតទេ “យកសពទៅធ្វើបុណ្យ”។ ពេលលើកដាក់មឈូស ក៏គេមិនហៅឈ្មោះអ្នកស្លាប់នោះដែរ អាចារ្យ នឹងប្រកាសថា “លើកសពដាក់ចូលមឈូស”។

ពេលនៅរស់ ទោះបីអ្នកមានងារជាអ្វីក៏ដោយ មិនថា ឯកឧត្ដម លោកជំទាវ លោក-អ្នកឧកញ៉ា លោកបណ្ឌិត សាស្ត្រាចារ្យ ឬអ្វីផ្សេងទៀតដ៏ដោយ នៅក្រោយពេលចលនាឈាមរត់ ត្រូវគាំងរឹងកំព្រឹសអស់ភ្លាម គ្មានទៀតឡើយ ងារទាំងអស់នោះ។ គ្មានអាចារ្យណា ដែលប្រកូកថា “លើកឯកឧត្ដមបណ្ឌិត ដាក់ចូលក្នុងឡ” គឺអត់មានទេ! វានៅតែ “លើកសពដាក់ចូលក្នុងឡ” ដដែល។ រឿងទាំងអស់នេះ ឥតមានចែងក្នុងច្បាប់ក្រដាសទេ តែវាចែងក្នុងច្បាប់ធម្មជាតិ។

ក្រោយស្លាប់ទៅ ងាររបស់មនុស្ស ត្រូវបានគេឆ្លាក់នៅលើផ្នូរ នៅមុខចេតិយ ដោយមានងាររួមដូចៗគ្នាថា ឧបាសក ឬ ឧបាសិកា (សម្រាប់ពុទ្ធសាសនិក) បើសិនជាអ្នកនោះនៅរស់ ជាអ្នកមានសីលខ្លះៗ។ ជួនកាល ដោយហេតុតែកិលេសរបស់សាច់ញាតិដែលនៅមានជីវិត គេអាចលបបន្ថែមថា មហាឧបាសក មហាឧបាសិកា ទៅតាមចំណង់ចំណូលចិត្ត ដែលគ្មាននរណាធ្លាប់ពោលថា ខុស ឬ ត្រូវ។ បើជាស្ដេចផែនដីផង អាចនឹងមានហោរាគន់គូរ ប្រសិទ្ធិនាមថ្មីៗសម្រាប់ហៅឱ្យបានសមរម្យស្របតាមឋានៈ និងគុណូបការៈ កាលនៅមានជន្មាយុ។
អ្នកណាក៏ដោយ ក្រោយតម្កល់ធាតុក្នុងចេតិយ ឬ កប់ក្នុងផ្នូររួចរាល់ហើយ គ្មានងារ លោក លោកស្រី អ្នកនាងកញ្ញា លោកតា លោកយាយ ទៀតទេ។ គឺសល់តែឈ្មោះម្យ៉ាងគត់។

ឧទាហរណ៍ ស្ទីវ ចប កំពូលស្ថាបនិកផលិតផល អេបផល ក្រោយស្លាប់ទៅ គេនាំគ្នាធ្វើសម្រង់សម្ដីរបស់គាត់ ដោយដាក់ឈ្មោះថា “Steve Jobs” វាមិនដែលមាននរណាគេសរសេរថា “Mr. Steve Jobs” នោះទេ។ Bruce Lee (លី ស៊ាវឡុង) ដែលជាកំពូលវិរបុរសក្បាច់គុនកុងហ្វូចិន និងជាតារាភាពយន្ត ដ៏ល្បីល្បាញ និងមានងាររាប់មិនអស់ ក៏នៅមុខផ្នូរគាត់ មានតែអក្សរ Bruce Lee ពីរម៉ាត់គត់។ គ្មានស្អីផ្សេងពីខាងមុខទេ!
ទាញចេញពីបទបរិយាយខាងលើ ខ្ញុំសូមបើកសេចក្ដី រិះគន់មួយ ក្នុងសង្គមខ្មែរបច្ចុប្បន្ន ទាក់ទងនឹងបញ្ហានេះ។ នៅក្នុង បណ្ដាញសង្គម ហ្វេសប៊ុគ ពេលខ្លះ ខ្ញុំឃើញ គេសរសេរស្លាកឈ្មោះសព ដាក់លើក្រោនកម្រងផ្កាមុខមឈូសថា “លោកជំទាវ xxx” ឬ “ឯកឧត្ដមនាយឧត្ដមសេនីយ៍xxx” ជាដើម។ តើអ្នករាល់គ្នា គិតថា អ្នកស្លាប់ទៅហើយនោះ នឹងនៅតែជាជំទាវ និងនៅតែជា ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឯឋានយមរាជទៀតឬយ៉ាងណា? វាមិនសូវទើស ទាស់ខុសអីប៉ុន្មានទេ បើត្រឹមតែប្រកូកប្រកាស ក្នុងពិធីបុណ្យសព ដើម្បីសម្ញែងឫក្សដល់អ្នកមិនទាន់ស្លាប់។ ប៉ុន្តែ នៅវាលកប់សព និងនៅចេតិយខ្លះក្នុងទីវត្តអារាម ខ្ញុំបានឃើញ គេសរសេរស្លាកឈ្មោះអ្នកស្លាប់ ដោយទាំងងារអាជីពវិជ្ជាជីវៈ កាលនៅរស់។ អ៊ីចឹង មានន័យថា នៅមានតួនាទី ឋានៈមុខងារ ការងារដែលត្រូវតែបំពេញរាល់ថ្ងៃទៀត មែនទេ? មានន័ថា ខ្មោចនោះ ងើបមកធ្វើការរាល់ថ្ងៃ មែនទេ? គេមិនបាន សម្រាកក្នុងឋានសុគតិភពឡើយ!

ចំណែករឿងមួយទៀត គឺរឿង អស់លោកពិធីករ ស្រីប្រុស តាមបណ្ដាស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ រួមទាំងពេលខ្លះមានទាំងអ្នកសារពត៌មាន អ្នកស្រាវជ្រាវផ្សេងៗផង បានគាស់កកាយ មរតកចម្រៀងដើម របស់អ្នកចម្រៀងក្នុងសម័យមុនខ្មែរក្រហម មកចាក់ផ្សាយឡើងវិញ ជាមួយពំនោលដ៏ខុសឆ្គង។ អ្នកខ្លះ គេនិយាយថា “សូមស្ដាប់ចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត និងលោកយាយ រស់ សេរីសុទ្ធា”។ មានខ្លះទៀត “នេះជាសំឡេងរបស់លោកតាតួត ស៊ីន ស៊ីសាមុត” អ៊ីចឹងៗជាដើម។
សំណួរសួរថា មនុស្សដែលស្លាប់បាត់ទៅហើយ អាចដែរឬ ដែលនាំគ្នាហៅថា លោកតា លោកយាយ លោកតាតួត លោកយាយតួត បែបនេះ? បើតាមភាពពិតជាក់ស្ដែងដែលយើងរាល់គ្នាសុទ្ធតែដឹង គឺ ពួកគាត់បានស្លាប់ទៅ ទាំងនៅក្មេងៗនៅឡើយទេ។ មិនទាន់បានសក់ស្កូវ បាក់ធ្មេញ ជ្រីវជ្រួញ ឯណាដល់កម្រិតដែលត្រូវហៅថា លោកតាតួត លោកយាយតួត នោះ? បើអ្នកនាំគ្នាហៅអ៊ីចឹង ចុះម្ភៃឆ្នាំក្រោយ នៅពេលដែលកូនចៅរបស់យើងធំឡើង ពួកគេនឹងហៅថាយ៉ាងម៉េចវិញ? “លោកតាលួត ស៊ីន ស៊ីសាមុត” អ៊ីចឹងទៅឬ? មានន័យថា ស៊ីន ស៊ីសាមុត មិនទាន់ស្លាប់ទេ កំពុងតែនៅវិវឌ្ឍនាការរូបរាងកាយ អាយុ វ័យ ឥតឈប់ឈរឡើយ។

ត្រង់ចំណុចមួយនេះ សូមពិចារណាឡើងវិញផង! មនុស្សដែលស្លាប់បាត់ទៅ គ្មានទេ ងារទាំងអស់នោះ។ សូមចែកគ្នាឲ្យដាច់រវាង មនុស្សស្លាប់ និង មនុស្សរស់។ គិតមើល៍! សូម្បីតែរូបថត ក៏គេមិនដាក់តាំងស្មើគ្នា ទន្ទឹមនឹងអ្នកនៅរស់ដែរ។ រូបអ្នកស្លាប់ ត្រូវតែតាំងឆ្ងាយ ឬ ខ្ពស់ជាង ឬ ដាច់ដោយឡែក។ តែនៅក្នុងសង្គមយើងរាល់ថ្ងៃនេះ មហាសែនខុស និយាយមិនរួច ខ្ញុំ បានត្រឹមតែសរសេរ។
សរុបសេចក្ដីមកវិញ ច្បាប់ធម្មជាតិ បានចែកខណ្ឌផែនភព របស់មនុស្សរស់ និង មនុស្សស្លាប់ផ្សេងពីគ្នាដាច់ស្រឡះ មិនមានជំពាក់វាក់វណ្ឌឡើយ។ មនុស្សងងឹត រមែងបង្កើតខ្សែកណ្ដាញ់ យកមករិត មកចង មកស្រែះឱ្យទៅជាជំពាក់ជំពិន ដោះមិនរួច ចែកគ្នាលែងដាច់ រវាងសេចក្ដីស្លាប់ និងជីវិតរស់នៅ។
លឹម វិរិយា


កម្មពៀរមានពិត…
កម្មពៀរមានពិត គិតមេីលខ្លួនឯង
បំផ្លាញបែកផ្សែង គ្មានក្រែងអារក្ខ
ខ្មោចព្រាយព្រាត់ប្រាស ព្រោះម្នឹះចិត្តខ្វាក់
ស្រេកឃ្លានមាសប្រាក់ បំផ្លាញផែនដី។
កម្មពៀរមានពិត ជិតផលបង្កេីយ
បណ្ដាសាឆ្លេីយ កម្ទេចឱ្យក្ស័យ
អ្នកណាលោភលន់ នឹងរស់រីងរៃ
ដង្ហើមដកខ្លី ដង្ហោយឈឺចាប់។
កម្មពៀរមានពិត ខិតចូលមកដល់
ម្នឹះបៀមកិច្ចកល នឹងខ្វល់រាយរ៉ាប់
ប្រឌិតសាច់រឿង បំភ្លៃសម្លាប់
ចុងក្រោយនឹងស្លាប់ ត្រាប់ឈ្មោះតៃហោង។
កម្មពៀរមានពិត ផ្ដិតពាក្យប្រដៅ
ម្នឹះលោកក្បាលខ្មៅ សែនខ្លៅប្រហោង
បង្ហិនខ្លួនឯង រួចស្រែកច្រឡោង
ព្រះហុចដៃតោង ក៏មិនរួចឡេីយ។
កម្មពៀរមានពិត សូមគិតឱ្យជ្រៅ
ឈប់វង្វេងផ្លូវ ងាកត្រូវរកត្រេីយ
គោលដៅជីវិត គឺរស់ឱ្យស្បេីយ
រស់នៅត្រូវហេីយ សឹមស្លាប់ឱ្យសម។
កម្មពៀរមានពិត អ្នកល្ងិតហេីយល្ងេី
ឈប់ល្ងង់ភ្លីភ្លេី ស្លឺស្លុងខុសក្រម
កុំប្រឆាំងមេឃ រែកតាមសណ្ដំ
ជឿព្រះឈ្នះមាំ នាំសុខរៀងអ៊េីយ!
————-
លឹម វិរិយា🌸
២០ កញ្ញា ២០១៩

កណ្ដាលរាត្រី…
កណ្ដាលរាត្រី ស្រីគេងមិនលក់
ខ្ជិលនៅទ្រមក់ ស្ទក់កាយសម្ពឹក
ងេីបលីងខ្ទឹមម្ទេស បេះទុកពីព្រឹក
ឈ្ងុយទ្រុប ងប់ភ្លឹក នឹកចង់ក្រហាយ។
គ្រឿងផ្សំ ហំហួន អង្រួនឱ្យឃ្លាន
បាយឆ្ងាញ់លេីកពាន គ្មានអីខ្វល់ខ្វាយ
ប្រហុកអាំងខ្ចប់ កប់ទៅទាំងកាយ
កៀរគរអ្នកឆ្ងាយ ឱ្យចេះស្ដាយស្រុក។
រាត្រីសួស្ដី ចង្ក្រានចុងភៅ
ម្ទេសខ្ទឹមដាក់ទៅ ហៅសែនស្រណុក
ញ៉ាំច្រើនស្រណោះ អង្គុយសំកុក
សោយរាជ្យសែនសុខ មុខក្នុងបង្គន់។
————-
លឹម វីរីយ៉ា🌸
១៩ កញ្ញា ២០១៩
