Tag Archives: Viriya Lim

លិខិតជូនបុប្ផាណា ៖ ៥០ឆ្នាំនៃការចងចាំ និងការតស៊ូ

ជូនចំពោះ អ្នកស្រី ហួត បុប្ផាណា ជាទីគោរពស្រលាញ់!

៥០ឆ្នាំ បានអណ្ដែតផុតទៅយ៉ាងឆ្ងាយ បក់ផាត់ ដោយទៅទាំងរំហូរទឹកភ្នែក របស់បងប្អូនរួមឈាមខ្មែរ ដែលហូរស្រក់ចុះមិនដាច់តំណក់ ដូចជាចរន្ដទឹកទន្លេដ៏សែនវែងអន្លាយ ជាទន្លេដែលហូររហ៊ឹមទៅដោយលម្អងមនោសញ្ចេតនាឈឺចាប់ និរាសព្រាត់ប្រាស ចារជាប់ក្នុងក្រាំងប្រវត្តិសាស្ត្រមនុស្សជាតិទូទាំងសាកលលោក។

ថ្វីដ្បិតថាពេលវេលាកន្លះសតវត្សរ៍ វាហាក់ដូចជាយូរអង្វែងក៏ពិតមែន ប៉ុន្តែរយៈពេលត្រឹមប៉ុណ្ណេះ តាមពិត វាខ្លីណាស់សម្រាប់ជនជាតិខ្មែរផ្ទាល់ ព្រោះមកដល់ពេលនេះ ស្រមោលអវិជ្ជន្ធការនោះ នៅតែមិនទាន់អាចផ្សះស្នាមរបួសផ្លូវចិត្តរបស់បងប្អូនខ្មែរយើងបានជ្រះស្រឡះ សះស្បើយនៅឡើយទេ។

ក្នុងនាមខ្ញុំជាស្ត្រីខ្មែរមួយរូប ដែលមានវិចារណញ្ញាណ តម្កល់នៅទីតាំងមួយ ស្រដៀងគ្នានឹងអ្នកស្រីដែរនោះ ខ្ញុំពិតជា មិនអាចឃាត់ខ្លួនឯងបាន ពីកម្លាំងជំរុញចិត្ត ឱ្យត្រូវតែសរសេរសំបុត្រមួយច្បាប់ផ្ញើទៅអ្នកស្រី ឱ្យបានក្នុងថ្ងៃនេះ។

ក្រោយពីខ្ញុំបានអានម្ដងហើយ ម្ដងទៀត នូវខ្លឹមសារ ក្នុងលិខិតជាច្រើនច្បាប់ ដែលអ្នកស្រីបាន ហៅខ្លួនឯងថាជានាង សិតា ផ្ញើសារទៅព្រះរាម ដែត ជាស្វាមី ដើម្បីអង្វរលន់តួប្ដី ឱ្យបានមកជួបជួន ជួយសង្គ្រោះជីវិត ដ៏អពមង្គលរបស់នាងចេញពីគុកនរក ដែលអ្នកស្រីហៅថា ជាក្រុងរាពណ៍ របស់ពួកហ្វូងយក្សកំណាចឈុតខ្មៅស្អីអស់នោះ ខ្ញុំសែនកោតស្ញប់ស្ញែងមនោសញ្ចេតនារបស់គូស្វាមីភរិយាអ្នកស្រីខ្លាំងណាស់ វាជាស្នេហាដ៏ខ្ពង់ខ្ពស់មួយ ជាគំរូនៃវិរភាពមួយ ដែលខ្ញុំ និងប្រហែលមានស្ត្រីឯទៀតផងដែរ បានផ្ដិតជាប់ក្នុងដួងចិត្តជាទីនឹករឭក។

 អ្នកស្រី ពិតជាមានសេចក្ដីក្លាហានណាស់ ដែលបានប្រថុយជីវិត ហ៊ានកាន់ដងប៉ាកកា​ សរសេរអក្សរ ទាំងខេមរភាសា និងភាសាបរទេស នៅលើក្រដាសជាច្រើនសន្លឹក ដើម្បីបង្ហាញចេញនូវឆន្ទៈដ៏មុតស្រួច មិនចុះញ៉មនឹងបដិវត្ដន៍ដ៏ឆ្កួតលីលាប់ របស់ពួកបិសាចផ្ដាច់ការ។ អ្នកស្រី អស្ចារ្យណាស់ ដែលហ៊ានបង្ហាញភក្ដីភាពស្នេហាបរិសុទ្ធចំពោះប្ដីខ្លួន ដោយឥតញញើតនឹងពាក្យថា ខ្មាំង ដែលពួកឈ្លបបិសាច តែងតែ យកទៅកម្ទេចចោល ឥតរលស់ពេល។ អ្នកស្រី បានបន្សល់ទុកនូវ អនុស្សាវរីយ៍ ដ៏មហាសែនក្ដុកក្ដួល រំជួលចិត្តពន់ប្រមាណ ចំពោះអ្នកដែលនៅរស់រានមានជីវិត ក្រោយរបបយង់ឃ្នង អវិជ្ជា នេះ។ អ្នកស្រី គឺជាអ្នកទោសមនសិការ មួយរូប ដែលបានបូជាជីវិតដើម្បីបុព្វហេតុ ជំរុញថាមពលផ្លូវចិត្តដល់ស្ត្រីដទៃផ្សេងទៀតរាប់មិនអស់នៅកម្ពុជា ឱ្យមានសេចក្ដីអង់អាចក្លាហានរហូតដល់ដង្ហើមចុងក្រោយនៃជីវិត។

អ្នកស្រី បុប្ផាណា ជាទីគោរព ជាទីស្រលាញ់អើយ! រឿងរ៉ាវឆាកជីវិតរបស់អ្នកស្រី ហាក់ដូចជាមានសំឡេង មានសម្រែកដ៏កងរំពង ពេញដោយការឈឺចាប់ខ្លាំងម្ល៉េះ! ខ្ញុំអានសំបុត្ររបស់អ្នកស្រី ម្ដងហើយម្ដងទៀត ហាក់មិនអស់ចិត្តទាល់តែសោះ។ ហេតុអ្វី បានជាស្ត្រីបញ្ញវន្ត ដ៏ស្លូតបូត និងរឹងមាំ ប្រកបដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ម្នាក់ មិនអាចទទួលបានសុភមង្គល ក្រោមទង់ក្រហមនៃអង្គការបដិវត្ដន៍ដ៏រុងរឿងនោះផង?

ខ្ញុំជឿជាក់ថា អ្នកស្រី ច្បាស់ជាបានបដិសន្ធិនៅក្នុងទីស្ថានដ៏ឧត្ដុង្គឧត្ដមមួយប្រកបដោយសន្តិភាព ជាមួយនឹងស្វាមីជាទីស្រលាញ់របស់អ្នកស្រីជារៀងរហូត!

ពីខ្ញុំ លឹម វិរិយា

ស្ត្រីខ្មែរមួយរូប

តើថ្ងៃទី ១៤ ខែមីនា មានលក្ខណៈអស្ចារ្យអ្វីខ្លះ?

ថ្ងៃនេះ គឺជា #ថ្ងៃនៃកាំរង្វង់_Pi (π)

អានតាមបារាំង “ពី”, អានតាមអង់គ្លេស “ផាយ”, នៅកម្ពុជា សិស្សានុសិស្ស ត្រូវបានគ្រូគណិតពួកយើងបង្រៀនឱ្យអានថា “ពីរ”។

ខ្ញុំធ្លាប់បានសរសេរអត្ថបទមួយទាក់ទងនឹងថាមពលពេលវេលានៃលេខពីរ កាលពីថ្ងៃទី ២២ ខែ ២ ឆ្នាំ ២០២២ ដែលកាលណោះ ដើម្បីឆ្លើយតបទៅនឹង ការបង្ហោះមិនសមហេតុផលនៃមនុស្សមួយចំនួន ដែលគេនាំគ្នាបួងសួង បន់ស្រន់ស្អីឯណាតែផ្ដេសតែផ្ដាស។

សូមចុចទីនេះដើម្បីអានអត្ថបទចាស់មួយនោះនៅក្នុងគណនីហ្វេសប៊ុគផ្ទាល់ខ្លួនរបស់ខ្ញុំ [តើនិមិត្តសញ្ញា Pi មានន័យខ្លឹមសារដូចម្ដេច?]

ប៉ុន្តែក្នុងថ្ងៃនេះ ខ្ញុំសរសេរ ជារឿងផ្សេងមួយទៀត ព្រោះកាលបរិច្ឆេទថ្ងៃនេះ ចំនៅលើ ថ្ងៃទី១៤ ខែមីនា ដែលតាមវប្បធម៌បស្ចិម គេសរសេរជា 3.14 ។ ហើយលេខ 3.14 គឺជាលទ្ធផលនៃការគណនា ពីរូបមន្ត π ដែលជា ចំណុចមួយនៅលើរង្វង់មូលនៃអង្កត់ផ្ចិត។

រំឭកឡើងវិញថា រូបមន្តធរណីមាត្រ π នេះ ត្រូវបានរកឃើញដោយ អ្នកប្រាជ្ញក្រិកបុរាណ ឈ្មោះ “អាហ្ស៊ីមែដស៍”(Archimedes) កាលពី ២៥០ ឆ្នាំ មុនគ្រិស្ដសករាជ។ ចំណែកឯ និមិត្តសញ្ញា π នេះ ត្រូវបានច្នៃបង្កើតដោយ វិល្លៀម ច្ហនស៍ (William Jones) អ្នកប្រាជ្ញនិរុត្តិវិទ្យា ជនជាតិអង់គ្លេស ក្នុងឆ្នាំ ១៧០៦ និង ចាប់ផ្ដើមល្បីល្បាញខ្លាំងតាមរយៈ ឡេអុនហាដ អ៊ុយឡឺរ៍ (Leonhard Euler) អ្នកប្រាជ្ញពហុវិទ្យាសាស្ត្រ ជនជាតិអាល្លឺម៉ង់ នៅក្នុងឆ្នាំ ១៧៣៧។

អាហ្ស៊ីមែដស៍ និងអ្នកប្រាជ្ញក្រោយៗមកទៀត បានប្រើរូបមន្តនេះ ដើម្បីគណនារកបច្ចេកទេសធរណីមាត្រពិសេសមួយ ដោយការគូសរង្វង់មូល និងរង្វង់ពហុកោណខាងក្នុង រួមទាំងគំនូសជុំវិញរង្វង់ជាច្រើនរាប់មិនអស់ផង។ វាជាគោលការណ៍ ក្នុងការឈានទៅបង្កើតរូបមន្តវិទ្យាសាស្ត្រជាច្រើន ក្នុងអំណឹះតមកទៀត ដោយអ្នកប្រាជ្ញជំនាន់ក្រោយជាច្រើន រហូតដល់អ្នកវិទ្យាសាស្ត្របច្ចុប្បន្ន អាចបង្កើតបច្ចេកវិទ្យាទំនើបៗ មិនគួរជឿ។

ក្រៅពីទាក់ទងនឹងរូបមន្តវិទ្យាសាស្ត្រហើយ ថ្ងៃនេះ ១៤ មីនា ឬ π = 3.14 នេះ ក៏ជាថ្ងៃសំខាន់ពីរ ក្នុងប្រវត្តិសាស្ត្រនៃការចងចាំរបស់មនុស្សជាតិផងដែរ គឺថ្ងៃលាចាកលោករបស់ កំពូលអ្នកប្រាជ្ញរូបវិទ្យាជនជាតិអង់គ្លេសឈ្មោះ ស្ដេហ្វិន ហូឃីង (Stephen Hawking) និងជាថ្ងៃកំណើត របស់ព្រះបិតានុយក្លេអ៊ែ ជនជាតិជ្វីវ សញ្ជាតិអាល្លឺម៉ង់ និងក្រោយមកអាមេរិកទិញយកផ្ដាច់មុខ នោះគឺ អាល់ប៊ើត អាញស្ដាញ (Albert Einstein) ។

ថ្ងៃនេះ ប្រទេសមួយចំនួននៅបស្ចិមលោក និងអាស៊ីកណ្ដាល គេធ្វើការធម្មតា ប៉ុន្តែគេប្រារព្ធពិធីខ្លះ ព្រោះគេបានចាត់វាជាថ្ងៃដែលគួរតែរំឭកនឹកដល់ហេតុដូចរៀបរាប់ខាងលើ។ ក្នុងនោះក៏មានប្រទេស អ៊ីស្រាអ៊ែល មួយដែរ ដែលជាទឹកដីនៃជនជាតិជ្វីវ ហើយនៅអ៊ីស្រាអ៊ែល ថ្ងៃនេះជាថ្ងៃសម្រាកថ្នាក់ជាតិ។ ចំពោះពិធីក្នុងថ្ងៃនេះ នៅតាមបណ្ដារប្រទេសទាំងនោះ គេច្រើនតែរៀបចំអបអរ ជប់លៀង ដោយក្រុមពួកអ្នកវិទ្យាសាស្ត្រ។

សូមបញ្ជាក់ថា ទោះបីជាកាលបរិច្ឆេទចំលើថ្ងៃដែលមានព្រឹត្តិការណ៍អ្វី ភាពចៃដន្យអ្វីក៏ដោយ ក៏វាគ្រាន់តែជាតួលេខនៃការសន្មតនៃនាមរូបតែប៉ុណ្ណោះ គ្មានការបន់ស្រន់ បួងសួងអ្វីដែលនាំទៅដល់ការហុចផលជាប្រត្យក្សនោះឡើយ។ ហើយទ្រឹស្ដីវិទ្យាសាស្ត្រដ៏អស្ចារ្យ និងជាក់ស្ដែងតែមួយគត់ គឺ The Law of Karma ។

វិរិយា 🌸

ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា គ.ស. ២០២៥

តើ “រឿងខ្លី” ជាអ្វី? | Short Story

រឿងខ្លី មិនមែនមានន័យថា សរសេរឱ្យបានខ្លី នឹងហៅថាជារឿងខ្លីនោះទេ។ ដោយសារតែការយល់ច្រឡំដូច្នេះហើយ ទើបបានជាកន្លងមក មានស្មេរជាច្រើន ដែលបានដាក់ពាក្យប្រកួតរឿងខ្លី បែរទៅយកប្រលោមលោក មកសរសេរសង្ខេបឱ្យខ្លី ដើម្បីបានហៅថាជារឿងខ្លី ដើម្បីដាក់ប្រកួតទៅវិញ។ ដូច្នេះ ឃើញថា នៅមានការភាន់ច្រឡំច្រើនដែរ ជាពិសេស អ្នកដែលមិនសូវបានអានសៀវភៅច្រើន ហើយចាប់ផ្ដើមសរសេរ។

រឿងខ្លី មិនអាចប្រើសូចនករណ៍ជាក់លាក់ណាមួយ មកធ្វើប្រមាណវិធីកំណត់ ឱ្យមានភាពសុក្រឹត្យ១០០%នោះទេ ព្រោះថា ស្ដង់ដារវា អាចប្រែប្រួលទៅតាមបរិបទសង្គម វប្បធម៌ចម្រុះ ខុសៗគ្នានៃវិស័យអប់រំក្នុងជាតិសាសន៍នីមួយៗ។

សម្រាប់ខ្ញុំផ្ទាល់ រឿងខ្លី គឺជារឿងដែលមានប្រវែងអំណាន សម្រាប់អ្នកអាន អាចឆ្លៀតអានបានពីដើមដល់ចប់ ក្នុងថេរវេលា ចន្លោះពី ១០ នាទី ទៅ ២០ នាទី។ អាចនឹងមានរឿងខ្លីខ្លះដែលយើងអានត្រឹមតែ ៥នាទីចប់ ក៏មាន។ រឿងខ្លី មានអត្ថន័យ ខ្លឹមសារ គ្រប់គ្រាន់ ដែលឆ្លុះបញ្ចាំងពី ព្រឹត្តិការណ៍អ្វីមួយ ឬលើសពីមួយ ប៉ុន្តែមិនបែកអូរហូរស្ទឹងច្រើនពេកឡើយ។ វាក៏ឆ្លុះបញ្ចាំងពី តួអង្គណាម្នាក់ ឬលើសពី១នាក់ ប៉ុន្តែមិនច្រើនខ្លាំងដូចប្រលោមលោកទេ។ ជាទូទៅ រឿងខ្លី ដែលទទួលបានការពេញនិយម ច្រើនតែជារឿងដែលអ្នកនិពន្ធ ចាប់ផ្ដើមសាច់រឿងពីពាក់កណ្ដាលទី ហើយបញ្ចប់នៅក្នុងសេចក្ដីផ្ដើមទៅវិញ។ និងរឹតតែធ្វើឱ្យស្នាដៃរឿងខ្លី ល្បីល្បាញខ្លាំង គឺអ្នកនិពន្ធ ពូកែបង្កើតឈុតឆាកនឹកស្មានមិនដល់នៅចុងបញ្ចប់នៃរឿង (Plot Twist) ដែលលក្ខណៈនេះ គេមិនសូវប្រើនៅក្នុងប្រលោមលោកខ្នាតវែង ឬប្រលោមលោកខ្លីទេ លើកលែងតែប្រភេទស៊េរីរឿងស៊ើបអង្កេត។

រឿងខ្លី មានឥទ្ធិពលក្នុងការបញ្ជ្រាបចំណេះដឹងបានល្អជាងរឿងវែង ដោយហេតុថា មនុស្សអានឆាប់ចប់ ធ្វើឱ្យគេចូលចិត្តអាន។ ម្យ៉ាងទៀត ខ្លឹមសាររបស់វា មានន័យគ្រប់គ្រាន់ និងងាយចាប់បាន ឆាប់យល់ ខុសពីរឿងវែង ដែលទាមទារអ្នកអាន ប្រើពេលវេលាយូរ ហើយត្រូវសមាធិក្នុងអំណានផង ព្រោះឈុតឆាកមានច្រើន តួអង្គច្រើន ព្រឹត្តិការណ៍ច្រើនពេក ដែលពិបាកចងចាំឱ្យអស់។ រឿងខ្លី ច្រើនក្លាយជាតួអង្គអក្សរសិល្ប៍ ដែលបង្កប់នូវការអប់រំ និងមានឥទ្ធិពលចំពោះសង្គមជាតិច្រើនជាង បើទោះបីជារឿងខ្លីនោះ ជារឿងប្រតិដ្ឋកែច្នៃក៏ដោយ។

កាលនៅតូច រឿងខ្លី ដែលមានឥទ្ធិពលចំពោះចិត្តគំនិតខ្ញុំខ្លាំង គឺសុទ្ធតែជាកម្រងប្រជុំរឿងព្រេងនិទានរបស់ខ្មែរ ដែលមានស្រាប់តាំងពីយូរលង់ណាស់មកហើយ ដែលដូនតាយើងបានសរសេរចងក្រងទុក ដើម្បីណែនាំកូនចៅជំនាន់ក្រោយ ឱ្យស្គាល់ប្រវត្តិសាស្ត្រ ទីតាំងភូមិសាស្ត្រ នយោបាយ សេដ្ឋកិច្ច វប្បធម៌ …។ល។ សព្វថ្ងៃ ខ្ញុំចូលចិត្តអានរឿងខ្លី ដែលបកប្រែពីបរទេស ព្រោះថា ចិត្តគំនិតអ្នកនិពន្ធខុសៗគ្នា ពីផ្នែកម្ខាងទៀតនៃផែនដីនេះ ធ្វើឱ្យសាច់រឿងមានសភាពប្លែក គួរជក់ចិត្តខ្លាំង។ សង្ឃឹមថា អ្នកនិពន្ធខ្មែរជំនាន់ក្រោយៗ នឹងចាប់អារម្មណ៍បង្កើតស្នាដៃរឿងខ្លី ដែលមានគុណភាព ដើម្បីជាទ្រព្យបន្សល់ទុកក្នុងពិភពអក្សរសិល្ប៍ ឱ្យបានសម្បូរហូរហៀរ ជាចំណីគំនិតប្រាជ្ញាដល់អ្នកបន្ដវេនយើង។

លឹម វិរិយា

ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែមករា គ.ស. ២០២៥

តើ Met Gala គឺជាអ្វី?

អ្នកដែលធ្វើកិច្ចការងារក្នុងវិស័យច្នៃម៉ូដ វិស័យសិល្បៈសម្ដែង ឬសិល្បៈពាក់ព័ន្ធផ្សេងៗ ប្រហែលមិនសូវរំលងព័ត៌មាននេះទេ គឺព្រឹត្តិការណ៍ Met Gala ដ៏ល្បីល្បាញក្នុងពិភពលោក ដែលត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរៃអង្គាសប្រាក់ជួយទ្រទ្រង់ ក្នុងវិស័យសម្លៀកបំពាក់។

“Met”ជាអក្សរកាត់ខាងដើមនៃពាក្យថា “Metropolitan” ដែលជាឈ្មោះសារមន្ទីរសិល្បៈដ៏ធំមួយឈ្មោះពេញហៅថា “Metropolitan Museum of Art” ស្ថិតក្នុងតំបន់  មេនហាត្ដាន (Manhattan) ទីក្រុង ញូយ៉ក នៃសហរដ្ឋអាមេរិក។

រូបថតសារមន្ទីរសិល្បៈមាតុធានី (Metropolitan Museum of Art) Source from : https://en.wikipedia.org

វាជាកន្លែងដែលមានមនុស្សដើរណែនណាន់តាន់តាប់ យ៉ាងមមាញឹកបំផុត ហើយក៏ជាកន្លែងផ្ដុំទៅដោយការបង្ហាញម៉ូដសម្លៀកបំពាក់ គ្រឿងអល័ង្ករណ៍ ម៉ូដសក់ ម៉ូដទ្រនាប់ជើងប្លែកៗទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នករចនាម៉ូដ។ ជារៀងរាល់ថ្ងៃ គឺគ្មានលើកលែងថ្ងៃណាទេ ដែលទីនោះ មានមនុស្សតែងតួ ចម្លែកៗ ដើរចុះឡើង ប្រសេចប្រសាច ដែលវាក្លាយជាទម្លាប់ធម្មតារបស់ប្រជាជនរស់នៅតំបន់នោះទៅហើយ។

រូបថតពីលើអាកាស នៃតំបន់ មេនហាត្ដាន ក្រុងញូយ៉ក | By Anthony Quintano – Flickr

សារមន្ទីរសិល្បៈមាតុធានី (Metropolitan Museum of Art) ជាសារមន្ទីរដែលដាក់តាំងគ្រប់វត្ថុសិល្បៈតម្រៀបគ្នាតាមលំដាប់លំដោយ។

មហោស្រព Met Gala ដែលមានឈ្មោះជាផ្លូវការថា “គុណប្រយោជន៍នៃវិទ្យាស្ថានសម្លៀកបំពាក់” (Costume Institute Benefit) ធ្វើឡើងក្នុងគោលដៅធំបំផុត គឺការប្រមូលថវិកាពីបណ្ដាអ្នកមាន មហាសេដ្ឋី បុគ្គលល្បីៗក្នុងវិស័យបង្ហាញម៉ូដ យកទៅជួយដល់សារមន្ទីរសិល្បៈ Metropolitan នោះ។ រីឯពាក្យថា “Gala” ប្រែថា “មហោស្រព” ឬ “មហាសមោសរ” ដែលធ្វើឱ្យមនុស្សសប្បាយភ្លើតភ្លើន ក្នុងបរិយាកាស ដែលមានការតុបតែងណែងណង ឆើតឆាយ រុងរឿង។

តារាបង្ហាញម៉ូដ ដែលបានទៅចូលរួមក្នុង Met Gala កាលពីថ្ងៃទី ៨ ឧសភា ២០២៤ | រូបថតរបស់ទស្សនាវដ្ដី Vogue | Source: https://www.vogue.com

“Met Gala” ត្រូវ​បាន​គេ​ចាត់​ទុក​​ថា​ជា​ព្រឹត្តិការណ៍​ម៉ូដ​ដ៏​មាន​កិត្យានុភាព និង​អស្ចារ្យ​បំផុត​របស់​ពិភពលោក។ តារាបង្ហាញម៉ូត អ្នកច្នៃម៉ូដល្បីៗ តារាសម្ដែង តារាភាពយន្ដ អ្នកច្រៀង អ្នករាំ អ្នកកីឡា អ្នកជំនួញ អ្នកនយោបាយ…។ល។ អាចទៅបង្ហាញខ្លួន បង្ហាញម៉ូដ យោងទៅតាមប្រធានបទដែលកម្មវិធីប្រកាសមុន។ ពួកគេ អាចទាញប្រយោជន៍ពីព្រឹត្តិការណ៍នោះក្នុងការផ្សាយពាណិជ្ជកម្មពីខ្លួនឯង ឬផលិតផលខ្លួនឯង ឬអ្វីផ្សេងទៀត ដែលគេចង់ឱ្យល្បី។ នរណាក៏អាចចូលរួមបានដែរ ឱ្យតែគេមានសេចក្ដីក្លាហាននឹងទៅ។ ហើយអ្នកដែលលេចធ្លោរ នឹងត្រូវបានចុះផ្សាយដោយទស្សនាវដ្ដីបង្ហាញម៉ូដ “Vogue”។

តម្លៃសំបុត្រសម្រាប់ ទៅឈរត្រេងត្រាងនៅលើកម្រាលព្រំក្រហម ឱ្យគេថតរូបផ្សាយ បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ឥតចុះវិញសោះ។ កាលពីឆ្នាំ ២០២៣ តម្លៃសំបុត្រ ១សន្លឹកតែ US$ 50,000 ទេ (៥ម៉ឺនដុល្លារ) ប៉ុន្តែក្នុងឆ្នាំ ២០២៤ នេះ តម្លៃសំបុត្រ គឺឡើងដល់ US$ 75,000 (៧ម៉ឺន ៥ពាន់ដុល្លារ) ក្នុង១សន្លឹក។ សូមបញ្ជាក់ថា Met Gala (ឬឈ្មោះផ្លូវការ Costume Institute Benefit) ធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងចំថ្ងៃចន្ទដំបូងគេ នៃខែឧសភា លើកលែងតែក្នុងឆ្នាំ ២០២១ គេលើកទៅធ្វើក្នុងខែកញ្ញា ដោយមូលហេតុវិបត្តិ Covid-19 កាលណោះ។

អ្នកដែលអាចចូលរួមបាន គឺរាប់បញ្ចូលស្ទើរតែគ្រប់វិស័យ សូម្បីតែអ្នកមិនមានអាជីពក្នុងវិស័យសិល្បៈក៏ដោយ ឱ្យតែមានលុយអាចទិញសំបុត្រចូលរួម ហើយមានភាពជឿជាក់លើខ្លួនឯង គឺសូមចុះឈ្មោះទៅចុះ។ យ៉ាងណាក៏ដោយ អ្នកដែលមានលុយជះលើតម្លៃសំបុត្រដែលស្មើនឹងផ្ទះវិឡាកូនកាត់មួយនៅភ្នំពេញទៅហើយនោះ ច្បាស់ជាមិនមែនមនុស្សម្រៀលៗទេ។

កន្លែងទទួលទានអាហារពេលល្ងាច ក្នុងសមោសរ Met Gala 08 May
2024 | រូបថតពី https://www.vogue.com

ដូច្នេះ ប្រសិនបើ លោកអ្នកនាង កញ្ញា ដែលដឹងថាខ្លួនឯងមិនសូវមានសមត្ថភាពអ្វីក្នុងវិស័យផលិតថ្មី តែចង់ល្បី សូមជ្រើសរើស ចូលរួមក្នុង Met Gala វិញ នោះនឹងគ្មានការរិះគន់ទេ។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ ក្នុង Met Gala 2024 នាង “Kim Kardashian” ដែលពិភពលោកទាំងមូលស្គាល់ថាជាមនុស្សសម្បូររឿងអាស្រូវ សម្បូររឿងបំពុលសង្គមផុតលេខ ក៏នៅតែត្រូវបានទស្សនាវដ្ដីចុះផ្សាយព្រោងព្រាត ដោយសារតែម៉ូដសម្លៀកបំពាក់របស់នាង តឹងហួសហេតុ រហូតដល់ អ្នកទស្សនាឃើញហើយ ថប់ដង្ហើមជំនួសគ្រប់ៗគ្នា និងមានមតិរិះគន់ព្រោងព្រាតជុំវិញម៉ូដសម្លៀកបំពាក់របស់នាង ថាវាជាម៉ូដដែលគ្មានផាសុកភាពទាល់តែសោះ។

នាង Kim Kardashian ជាមនុស្សអសមត្ថភាពក្នុងវិស័យសិល្បៈ ប៉ុន្តែនាងសម្បូរលុយ ដែលបានមកពីមុខរបរលក់ផលិតផលផ្សេងៗ តាមអ៊ីនធើណិត និងបង្កើតព័ត៌មានបំពុលសង្គមញឹកញាប់ជាងគេ ក៏ទីបំផុតអាចល្បីល្បាញដោយសារតែ Met Gala នេះដែរ។

រូបថតនាង Kim Kardashian ក្នុងអំឡុងមហាសមោសរ Met Gala 08 ឧសភា 2024 |
| សម្លៀកបំពាក់របស់នាងមានមតិរិះគន់២យ៉ាង ទី១ គឺភាពតឹងណែនហួសហេតុ ដែលអាចបណ្ដាលឱ្យខូចសរីរាង្គតម្រងនោម ឆ្អឹងខ្នងចង្កេះ និងមើលទៅធ្វើឱ្យស្ត្រេសខ្លាំង មួយទៀតគឺអាវនាង ដូចក្រណាត់ជជុះដែលគេទុកជូតជើង។ មិនដឹងថាជាចេតនានាង ចង់ឱ្យគេរិះគន់ ដើម្បីល្បីឬយ៉ាងណា ព្រោះកន្លងមក នាងតែងធ្វើរឿងឆ្កួតៗឡប់ៗមិនស្វាង ដើម្បីបានល្បីឈ្មោះ
Source from: www.vogue.com
រូបថតនាង Rihanna and Rocky ដែលបានទៅចូលរួម មហោស្រព Met Gala 2023 | រូបថតពី Getty Images តាមរយៈទស្សនាវដ្ដី Vogue

ក្នុងបរិបទនេះ ដោយយោងទៅលើព្រឹត្តិការណ៍កំពុងតែល្បីល្បាញនៅកម្ពុជា ពាក់ព័ន្ធនឹងតារាខ្មែរខ្លះ ដែលមិនយល់ពីគោលគំនិតរួមនៃកម្មវិធីអន្តរជាតិ រហូតបណ្ដាលឱ្យមានការរិះគន់ផងនោះ ខ្ញុំក៏សូមបញ្ជាក់ផងដែរថា “មហោស្រពអក្សរសិល្ប៍” ជាកន្លែងប្រកួតប្រជែងស្នាដៃតែងនិពន្ធ ប្រលោមលោកវែង ខ្លី កំណាព្យ ផ្សេងៗ ។ល។ “មហាស្រពចម្រៀង” ជាកន្លែងដែលតារាចម្រៀងទៅបញ្ចេញសមត្ថភាពឬទទួលពានរង្វាន់ ។ “មហោស្រពគំនូរ” ជាកន្លែងដែលវិចិត្រករ ទៅបង្ហាញស្នាដៃគូររូបរបស់គេ។ “មហោស្រពរូបថត” ជាកន្លែងជាងថតល្បីៗ ទៅដាក់តាំងបង្អួតស្នាដៃថតរូបរបស់ពួកគេ។

ហើយក្នុងនោះដែរ “មហោស្រពភាពយន្ត” ជាកន្លែងប្រកួតប្រជែងស្នាដៃផលិតភាពយន្ដ។ ចំណែកតួសម្ដែងអាចមានសិទ្ធិខ្លះ និងអត់ខ្លះ ទៅតាមប្រភេទ ឬក្រេឌីតរបស់ផលិតកម្មកុន ដែលពួកគេបានសម្ដែង។

យ៉ាងណាមិញ មហោស្រពភាពយន្ដ ក៏អាចត្រូវបានគេឆ្លៀតឱកាស បង្ហាញម៉ូដខ្លះៗដែរ ប៉ុន្តែ វាមិនមែនជា ទស្សនវិស័យនៃព្រឹត្តិការណ៍ទាំងមូលទេ ដែលវាខុសផ្ទុយគ្នាស្រឡះពី Met Gala។ ដូច្នេះ ប្រសិនបើយើង ស្លៀកពាក់តែងតួ ឬបញ្ចេញកិរិយា ណាមួយ ខុសប្រធានបទឬចាកប្រធាន យើងនឹងក្លាយជាមនុស្សចម្លែក ឬអាចថាជាមនុស្ស មិនមានការយល់ដឹង។

វាប្រៀបដូចជា យើងយកភ្លេងខ្លកខែក ទៅចាក់ពេលហែរជំនូន ហើយយកភ្លេងមហោរី ទៅចាក់ពេលហែរខ្មោចអ៊ីចឹង។ វាភ្លាវណាស់ មិនសមទេ!

ម៉ូដសម្លៀកបំពាក់ដែលត្រូវបានចុះបញ្ជីរក្សាសិទ្ធិម៉ូដច្នៃ បានបង្ហាញកាលពីព្រឹទ្ធិការណ៍ Met Gala 2024 នៅក្រុងញូយ៉ក | រូបថតរបស់ Getty Image
រូបថតពីឆ្នេងមកស្ដាំ៖ JLo-Zendaya-Bad-Bunny-Chris-Hemsworth | រូបរបស់ GettyImages ក្នុងសមោសរ Met-Gala- 5 May 2024

ឯកសារយោង៖ https://en.wikipedia.org/wiki/Met_Gala

បកប្រែនិងសម្រួលដោយ លឹម វិរិយា

ធ្វើបុណ្យរួចស្ដាយក្រោយ

អ្នកធ្វើបុណ្យហើយស្ដាយក្រោយនូវអំពើល្អដែលបានធ្វើនោះ ច្រើនតែទទួលបាននូវផលជាអ្នកមានភោគទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែបែរជាស្លាប់ចោលទ្រព្យនោះទៅវិញ ដោយមិនបានចាយវាយឡើយ។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

បើជាអ្នកធ្វើកិច្ចការងារស្មគ្រចិត្តជួយដល់សង្គម ហើយបែរមកដេកនឹកស្ដាយក្រោយថា មិនគួរសោះដែលខំប្រឹងលះបង់កម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ តែគ្មានអ្នកណាអើពើខ្វល់ខ្វាយជួយទំនុកបម្រុង ផ្ចុងផ្ដើម លើកតម្កើងឱ្យមានយសស័ក្ដិ កិត្តិនាមខ្ពង់ខ្ពស់ អីសោះ។ បុគ្គលនោះ នឹងបានទទួលផលមួយ គឺជាអ្នកដែលរស់នៅ មិនដាច់ពោះស្លាប់ទេ នឹងមានគេឧបត្ថម្ភទេយ្យទានមិនដាច់ឡើយ។ ពេលស្បៀងជិតអស់ ក៏ស្រាប់តែមានគេមកជួយផ្គត់ផ្គង់។ ពេលលុយចាយជិតអស់ ក៏នឹងមានគេយកលុយមកឱ្យបានចាយចិញ្ចឹមជីវិត គឺបានមួយរស់តាមដំណើរ ប៉ុន្តែនឹងជួបប្រទះតែមនុស្សចិត្តមិនស្មោះត្រង់ សម្បូរគេប្រមាថតិះដៀល មើលងាយ មើលថោក ដោយប្រការផ្សេងៗ ជាដើម។ មិនដាច់ពោះស្លាប់មែន តែរស់នៅក្នុងសភាពថោកទាបរហូត។ បើជាអ្នកនយោបាយវិញ ច្រើនតែទទួលបានឋានន្តរៈបុណ្យស័ក្ដិទៅតាមក្រឹត្យច្បាប់កំណត់ពិតមែន តែគ្មានអំណាចពិតប្រាកដក្នុងការសម្រេចកិច្ចការងារអ្វីមួយឡើយ។ នេះជាកម្លាំងកម្ម នៃការធ្វើបុណ្យដាក់ទាន ដោយចិត្តស្ដាយក្រោយ គឺបុណ្យមិនបរិសុទ្ធ។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ការធ្វើបុណ្យហើយស្ដាយក្រោយនេះ ឃើញកើតមានច្រើនក្នុងដួងចិត្តនៃបុថុជ្ជនធម្មតា គឺជនមានកិលេសក្រាស់។ ឧទាហរណ៍ ដូចជា ហៅគេទៅហូបបាយ ដល់តែគេហូបអស់ច្រើនពេក ក៏នឹកស្ដាយថា ដឹងអ៊ីចឹងនឹងមិនហៅវាមកហូបទេ អស់លុយសន្ធឹក ខានបានទិញរបស់ដែលខ្លួនប្រាថ្នា។

អ្នកខ្លះ ទានពីខាងដើមដូចជាជ្រះថ្លាណាស់ ដូចជា ឃើញគេឥតមានមធ្យោបាយធ្វើដំណើរ ក៏ហៅគេមកជិះជាមួយ ព្រោះនឹកថា រថយន្តបើកទៅតែឯងៗ ក៏គង់នឹងអស់សាំង អស់ប្រេង ជាជាងកៅអីទំនេរ ហៅគេអ្នកទីទ័លបានអាស្រ័យផងចុះ។ លុះចេញដំណើរ ស្រាប់តែមានអ្នកមានយសស័ក្ដិខ្ពង់ខ្ពស់មុខមាត់ ចង់សូមដោយសារ បែរជាមិនអាចទទួលគេបាន។ ម្ល៉ោះហើយម្ចាស់ទាននោះ ក៏នឹកស្ដាយក្រោយថា បើអាត្មាអញ មិនទទួលអ្នកក្រីក្រនេះមកជិះជាមួយ ច្បាស់ជាបានទទួលអ្នកល្អប្រសើរនោះមិនខាន។ ចិត្តក្ដៅក្រហាយក៏កើតមានឡើង ខឹងនឹងអ្នករួមដំណើរដែលខ្លួនឯងជ្រះថ្លាពីដំបូងទីទៅវិញ។ បុណ្យរបៀបនេះ នឹងមិនហុចផលជាកុសលទេ ព្រោះវាបានរហែកដាច់ដោចនៅខាងចុង។

ម្ចាស់ទាននោះ នឹងទទួលបានផលមួយ គឺពេលដែលជីវិតជួបនឹងឧបសគ្គរាំងស្ទះ នឹងមានគេមកជួយដោះស្រាយជូន ប៉ុន្តែទន្ទឹមនឹងនោះដែរ ក៏រមែងមានសត្រូវតូចធំ ពីទីជិតឆ្ងាយប៉ុនប៉ងយាយី ឈ្នានីស ព្យាបាទ ធ្វើឱ្យរស់នៅមិនបានសុខស្ងប់ឡើយ។ ដោះស្រាយបញ្ហាបានមែន តែរស់ប្រឈមនឹងការគំរាមកំហែងចំពោះជីវិតផ្ទាល់ខ្លួន ក៏ដូចជាសម្បូរគេប្រមាថកាតទាន មើលងាយ ធ្វើឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរក្នុងសង្គម។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ដូច្នេះ ក្រោយធ្វើទានរួចហើយ ត្រូវញាំងចិត្តឱ្យរីករាយជ្រះថ្លា សប្បាយ មោទនភាពនឹងទានដែលបានធ្វើនោះផង ទើបកុសលផលបុណ្យកើតឡើងមកបាន។ ដូច្នេះហើយ ទើបពុទ្ធបរិស័ទតែងពោលថា “អនុមោទនា” ក្រោយពីបានធ្វើបុណ្យរួច។ ពោលថា សាធុ អនុមោទនា តែមាត់ តែបើក្នុងចិត្តមិនត្រេកអរទេ នៅតែរហែកដាច់ខាងចុងដដែល ព្រោះតែវាមាន “ចិត្ត” ជាប្រធានរឿង។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ក្នុងធម្មបទគាថា ភាសាបាលី សរសេរថា ៖

មនោបុព្វង្គមា ធម្មា            មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន           តាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្ទេតិ             ចក្កំវ វហតោ បទំ ។

ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​( មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ត​ហើយ ពោល​ក្តី ធ្វើ​ក្តី (រមែង​ជា​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន ជើង​គោ​ដែល​កំពុង​អូស​ទៅ ។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

មនោបុព្វង្គមា ធម្មា               មនោសេដ្ឋា មនោមយា
មនសា ចេ បសន្មេន            តាសតិ វា ករោតិ វា
តតោ នំ សុខមន្ទេតិ              ឆាយាវ អនុបាយយិនី ។

ធម៌ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ជ្រះ​ថ្លា ហើយ ពោល​ក្តី​ធ្វើ​ក្តី​(រមែង​ជា​សុចរិត) ព្រោះ​សុចរិត​ទាំង​នោះ សុខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ ។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

អក្កោច្ឆិ មំ អវធិ មំ                 អជិនិ មំ អហាសិ មេ
យេ ច តំ ឧបនយ្ហន្តិ             វេរំ តេសំ ន សម្មតិ ។
អក្កោច្ឆិ មំ អវធិ មំ                អជិនិ មំ អហាសិ មេ
យេ ច តំ នូបនយ្ហន្តិ             វេរំ តេសូប​សម្មតិ ។

ជន​ទាំង​ឡាយ​ណា ចង​សេចក្តី​ក្រោធ​នោះ​ទុក​ថា អ្នក​ឯណោះ បាន​ជេរ​អញ អ្នក​ឯ​ណោះ​បាន​វាយ​អញ អ្នក​ឯ​ណោះ​បាន​ផ្ចាញ់​អញ អ្នក​ឯណោះ​បាន​លួច​យក​ទ្រព្យ​របស់​អញ ទៅ​ហើយ​(ដូច្នេះ) ពៀរ​របស់ជន​ទាំង​ឡាយ​នោះ មិន​រម្ងាប់ ឡើយ ។

ជនទាំង​ឡាយ​ណា មិន​ចង​សេចក្តី​ក្រោធ​នោះ​ទុក​ថា អ្នក​ឯណោះ បាន​ជេរ​អញ អ្នក​ឯណោះ​បាន​វាយ​អញ អ្នក​ឯណោះ​បាន​ផ្ចាញ់​អញ អ្នក​ឯណោះ​បាន​លួច​យក​ទ្រព្យ​របស់​អញ ទៅ​ហើយ​(ដូច្នេះ ) ពៀរ​របស់​ជន​ទាំង​ឡាយ​នោះ​ទើប​រម្ងាប់​បាន ។

ន ហិ វេរន វេរានិ សម្មន្តីធ កុទាចនំ
អវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។


តាំង​ពី​កាល​ណា​មក ក្នុង​លោក​នេះ ពៀរ​ទាំង​ឡាយ​ មិន​រម្ងាប់ដោយ​ការ​ចង​ពៀរ​ឡើយ (ពិត​មែន) ពៀរ​ទាំង​ឡាយ​តែង​រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ នេះ​ជា​បវេណី​ធម៌ ។

បរេ ច ន វិជានន្តិ មយមេត្ថ យមាម្ហសេ
យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា ។

ជន​ទាំង​ឡាយ​ដទៃ (ក្រៅ​អំពី​បណ្ឌិត) តែង​មិន​ដឹង​ខ្លួន​ថា​យើង​ទាំង​ឡាយ​នឹង​វិនាស​ក្នុង​កណ្តាល​នៃ​ពួក​នេះ ដូច្នេះ​ឡើយ​ចំណែក​ជន​ទាំង​ឡាយ​ណា​ក្នុង​ពួក​នេះ ដឹង​ខ្លួន​ថា យើង​ទាំង​ឡាយ​នឹង​វិនាស​ក្នុង​កណ្តាល​នៃ​ពួក​នេះ ដូច្នេះ ការ​ឈ្លោះ​ប្រកែក​ទាំ​ង​ឡាយ រមែង​រម្ងាប់​អំពី​ជន​ទាំង​ឡាយ​នោះ ។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា
រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

អារក្ខរក្សា (កំណាព្យបទព្រហ្មគីតិ)

អារក្ខបក្សបិសាច​ វាអង់អាច   ឥតខ្លាចអ្វី

មានចិត្តអន្យតិរ្ថិយ ស៊ីចង្រៃ  ជាអាហារ។

វាចូលចិត្តបំផ្លាញ អំណាចក្រាញ ពាសរដ្ឋា

បំពុលមនុស្សា ឱ្យមរណា ព្រោះស្រាល្បែង។

អារក្ខស្ដេចនរក ចិត្តគម្រក់  ឥតកោតក្រែង

នរណាវក់ស្រាល្បែង ច្បាស់វាក្លែង  បោកឱ្យខ្ចាត់។

វាចូលចិត្តបឺតឈាម ហើយអង្កៀម ជីវិតសត្វ

នរណាមិនប្រយ័ត្ន ច្បាស់ជាបាត់  ទាំងព្រលឹង។

អារក្ខមានមន្តរិស្ដ របៀនគ្រឹះ យ៉ាងមាំរឹង

គឺចេះខាបព្រលឹង អ្នកស្រវឹងឱ្យមរណា។

ជាតិមួយមានគេដឹក នាំឈ្លក់ទឹក ស្រវឹងស្រា

ដូចត្រូវបណ្ដាសា រស់ខ្លោចផ្សា រយពាន់ឆ្នាំ។

——

វិរិយា 🌸

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ គ.ស. ២០២៣

តម្លៃនៃជីវិតមនុស្សនៅកម្ពុជា

គ្រប់ពេលដែលខ្ញុំធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ហានិភ័យនៃការរស់រានមានជីវិតរបស់ខ្ញុំ គឺនៅសល់តែ ៥០% ប៉ុណ្ណោះ។ ការប្រុងប្រយ័ត្ន មិនមែន ត្រឹមតែគោរពច្បាប់ចរាចរណ៍តែម្យ៉ាងនោះទេ ប៉ុន្តែត្រូវប្រុងស្មារតីក្នុងការគេចចេញឱ្យបានលឿនរហ័សពីអ្នកបើកបរផ្សេងដែលធ្វេសប្រហែស។ អ្នកទាំងនោះ ប្រហែលជាបើកបរដោយភាពស្រវឹងជោកជាំ ដែលបណ្ដាលពីឥទ្ធិពលស្រា ឬថ្នាំញៀន។ ពេលឆ្លងភ្លើងបៃតងម្ដងៗ ក៏ត្រូវតែប្រយ័ត្ន ព្រោះថាពេលខ្លះ មានអ្នកមកកាត់ទទឹងផ្លូវដែលមិនគោរពភ្លើងសញ្ញា។ ពេលឆ្លងផ្លូវបំបែកម្ដងៗ សុខចិត្តធ្វើជាអ្នកចាញ់រហូត រង់ចាំឱ្យអ្នកព្រហើនកោងកាច បានចេញទៅមុនអស់។

ដោយសារតែហេតុនេះហើយ ទើបខ្ញុំមិនដែលហ៊ានបណ្ដោយកូនៗបើកបរម៉ូតូកង់ខ្លួនឯងនៅលើដងផ្លូវនៅក្នុងស្រុកខ្មែរទេ បើទោះជាពួកគេធំៗអស់ទៅហើយក្ដី។ ខ្ញុំជូនកូនដោយផ្ទាល់តាំងពីតូចដល់ធំពេញវ័យ រហូតដល់អ្នផងពេបជ្រាយថាថ្នមកូនហួសហេតុពេក។ មិនមែនខ្ញុំមិនហត់នឿយទេ ប៉ុន្តែព្រោះក្ដីបារម្ភមួយនេះ។ ហេតុអ្វីបានជាជីវិតមនុស្សនៅលើដងផ្លូវហាក់ដូចជាថោកខ្លាំងម្ល៉េះ?

មនុស្សពូកែៗ មានសមត្ថភាព ជាធនធានដ៏កម្ររបស់ប្រទេសជាតិ ដែលគួរទទួលបានការថ្នាក់ថ្នម លើកតម្កើងនិងថែរក្សា បែរមកត្រូវបាត់បង់ជីវិតយ៉ាងអណោចអធម៌ ដូចជាសត្វឆ្កែឆ្មានៅលើដងផ្លូវ ដោយសារជនបង្កដែលប្រព្រឹត្ដអបាយមុខ គឺការសេពគ្រឿងស្រវឹង ដែលជាការហាមឃាត់យ៉ាងដាច់ខាតពីព្រះគ្រប់សាសនាក្នុងលោក។ ហេតុអ្វីដែលប្រទេសជាតិមួយ ហូរហៀរទៅដោយងារថា បណ្ឌិត រាប់ចាប់តាំងពីក្បាលម៉ាស៊ីនកំពូល ដល់មន្ត្រីតូចតាចផងនោះ បែរជាបណ្ដោយឱ្យប្រទេសជាតិខ្លួនឯង ត្រូវបានបំផ្លិចបំផ្លាញឱ្យខ្ទេចខ្ទីអស់ ដោយសារតែអំពើពាលាអាវាសែអស់ទាំងនេះ?

វាដូចជាល្មមដល់ពេល វះកាត់ជំងឺមហារីកនៃសង្គមមួយនេះចោលហើយ! នៅស្ដាយសាច់ស្អុយមួយដុំហ្នឹងដល់ណាទៀត? បើវាជាសាច់ដែលនាំមកនូវតែការឈឺចាប់ និងការបំផ្លាញឥតល្ហែបែបនេះ?

ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនៅតែរក្សាជំហរក្នុងការប្រឆាំងជាដាច់ខាតនឹងរបៀបដឹកនាំប្រទេស ដែលអនុញ្ញាតឱ្យមានការផលិតនិងផ្សព្វផ្សាយគ្រឿងស្រវឹង ដែលជាអបាយមុខបំពុលសង្គម និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ខ្ញុំសូមថ្កោលទោស ដល់ជនទាំងឡាយណា ដែលបានចូលគាំទ្រ លើកតម្កើង គ្រឿងស្រវឹង ទោះជាដោយផ្ទាល់ ឬដោយប្រយោល។ កុំរង់ចាំរហូតដល់ថ្ងៃមួយដែលកូនៗចៅៗរបស់លោកអ្នក ដេកស្ដូកស្ដឹងនៅពីក្រោមកង់រថយន្ដរបស់ជនប្រមឹក ទើបភ្ញាក់ខ្លួន! សូមភ្ញាក់រឭកឱ្យឆាប់ៗឡើង…… ប្រទេសជាតិយើងកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈគ្រប់វិនាទី!

——

សូមគ្រប់គ្នារក្សាសីល៥ ឱ្យបានខ្ជាប់ខ្ជួន

១- បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះគន្លង គឺសម្លាប់សត្វ។

២- អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាកាន់យកនូវវត្ថុដែលគេមិនបានឱ្យដោយកាយ ឬដោយវាចា។

៣- កាមេសុ មិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។

៤- មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាពោលនូវពាក្យកុហក។

៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ។

ដីទុកធ្វើផ្នូរ (កំណាព្យបទកាកគតិ)

នេះដីកេរឪ បន្សល់ទុកនៅ

អាពៅសង់ផ្ទះ ទទឹង៣ម៉ែត្រ

បណ្ដោយអស់ស្ទះ សង់រួចនឹងឈ្នះ

បេះដូងម៉ែក្មេក។

ឮតែគេថា បេីចង់រៀបការ

ទាល់មានផ្ទះដេក តូចក្ដីធំក្ដី

អាចផ្សំដំណេក ល្អជាងទៅដេក

ផ្ទះឪផ្ទះម៉ែ។

ប្លង់ផ្ទះចង្អៀត តែចិត្តមិនត្បៀត

ព្រោះវាមានស្នេហ៍ បេះដូងរីកធំ

ធំប៉ុនវាលស្រែ អាចរស់ល្ហេីយល្ហែ

ឥតប្រែប្រួលថ្វី។

ដីនេះពីដេីម ឪវាទុកផ្សេីម

ត្រៀមធ្វេីចេតិយ លុះកូនធំឡេីង

វាឥតចេះអី ចង់បានតែដី

យកទៅសង់ផ្ទះ។

ទម្រាំដឹងរឿង អាពៅចិត្តសឿង

វាចង់តែឈ្នះ វាមានសង្សារ

ចង់ការរូតរះ ម៉ែក្មេកវាលះ

សួរផ្ទះសម្បែង។

ពេលនេះរួចរាល់ ថ្ងៃការជិតដល់

វាអរមិនលែង អនាគតវា

ច្បាស់ជាខែងរ៉ែង សប្បាយហុយផ្សែង

ផ្ទះប៉ុនផ្នូរខ្មោច។

———

វិរិយា🌸

ថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

រឿង សៀវភៅនាង

បុរសដ៏ស្រស់សង្ហាម្នាក់កំពុងរស់នៅក្នុងបន្ទប់អាថ៌កំបាំងមួយ នៃជ្រុងម្ខាងភពផែនដី លួចស្រលាញ់នារីដ៏ស្រស់សោភាម្នាក់យ៉ាងសម្បើមអស្ចារ្យ។ ជាញឹកញាប់នារីវ័យក្មេង ដ៏មានប្រជាប្រិយភាព និយមចូលចិត្តថតរូបក្របសៀវភៅ បង្ហាញម៉ូដសៀវភៅ បង្ហោះក្នុងបណ្ដាញសង្គមផ្សេងៗ ហាក់ដូចជាចង់បង្អួតពិភពលោកថា នាងស្រលាញ់ចូលចិត្តសៀវភៅហ្នឹងណាស់ ព្រមដោយសារជាអក្សរខ្លីៗ ភ្ជាប់ជាមួយផង។ នាងគ្រាន់តែសរសេរខ្លះៗពីសេចក្ដីសង្ខេបនៃសៀវភៅដែលនាងចម្លងចេញមកពីអារម្ភកថាអ្នកនិពន្ធ ដែលមានបោះពុម្ពស្រាប់លើក្រប ឬក្នុងទំព័រទី១ជាដើម។

ហ្វេនដ៏កម្សត់រូបនោះ ដោយហេតុតែស្រលាញ់នាងពេក គ្រប់ពេលដែលឃើញរូបថតសៀវភៅដែលនាងបង្ហោះបង្ហាញ គេតែងតែលបទិញស្ងាត់ៗ យកមកអានទាល់តែចប់ៗ… មិនមែនអានយកចប់លំៗទេ គឺអានយកឱ្យយល់ច្បាស់តែម្ដង ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីខ្លឹមសារក្នុងសៀវភៅដែលម្ចាស់បេះដូងថ្លើមប្រមាត់គេពេញចិត្ត។ គេតែងគិតថា បើនាងចូលចិត្តអ្វី គេត្រូវតែព្យាយាមយល់ពីវត្ថុនោះដូចគ្នាដែរ ដើម្បីងាយស្រួលទាក់ទង ដណ្ដើមបេះដូងនាងនៅពេលក្រោយ។

៣ឆ្នាំកន្លងផុតទៅ ដែលនាងថតបង្ហោះសៀវភៅអប់រំ អស់ជាច្រើនក្បាល ក្នុងនោះរួមមានតាំងពីអក្សរសិល្ប៍បរទេស ប្រវត្តិសាស្ត្រ នយោបាយ សាសនា វប្បធម៌ ប្រលោមលោកស្នេហា បទស៊ើបអង្កេតពីអាថ៌កំបាំងធម្មជាតិ ហើយសៀវភៅប៉ុន្មានក្បាលចុងក្រោយ គឺជាសៀវភៅទស្សនវិជ្ជាអប់រំ និងលួងលោមផ្លូវចិត្តដ៏អស្ចារ្យមួយ ដែលបង្រៀនមនុស្សឱ្យរៀនរស់នៅម្នាក់ឯងដោយក្ដីរីករាយ និងសន្តិភាព។

គឺសៀវភៅចុងក្រោយនោះឯង ដែលគេ ចាប់ផ្ដើមមើលដឹងថា តាមការពិត “នាង” គ្រាន់តែជាអ្នកលក់សៀវភៅតាមហ្វេសប៊ុគធម្មតាម្នាក់ ជានារីល្ងីល្ងើម្នាក់ដែលចេះត្រឹមតែបង្ហោះរូបសៀវភៅ លក់អនឡាញស៊ីកុំមីស្យុងពីអ្នកផលិត តែមិនដែលអានសៀវភៅឱ្យចប់បានមួយក្បាលណាឡើយ។

មន្តស្នេហ៍ដែលនាងមាន… ទីបំផុតទៅ គេបានឈ្វេងយល់ដោយឯងៗថាវាត្រឹមតែជាសម្បករូបខាងក្រៅរបស់នាង វាលែងក្លាយជាទីទាក់ទាញតទៅទៀត សូម្បីតែប៉ុនល្អងធូលី……

គេឈប់តាមដាន ទំព័រផ្លូវការរបស់នាងទៀតហើយ… គេបានរស់នៅជាមួយភាពរឹងមាំពីខាងក្នុងខ្លួនយ៉ាងមានក្ដីសុខសុភមង្គល តាំងពីពេលនោះដរាបរៀងអើយ!

——–

វិរិយា🌸 (អ្នកនិពន្ធអត់ហាងឆេង)

សូមបានជួបពេលថ្ងៃរះ

(កំណាព្យបទ ៦ព្យាង្គ ចង្វាក់ផ្ទួនរណ្ដំ)

ថ្ងៃរះ ជះសែង ស្ដែងជោគ
លៃលក យកជ័យ ន័យចំ
រៀបឫក្ស នឹករឿង សឿងសម
លាយឡំ ក្រំក្រៀម ត្រៀមក្រឹត្យ។

បានជួប ផ្គួបដៃ ថ្ងៃមុន
សាងគុណ លន់តួ សួរចិត្ត
រាយរាប់ ជាប់រឿង កឿងស្អិត
រោយរឹត ដិតដោយ ក្រោយដូរ។

សូមបាន ត្រាណត្រើយ ស្បើយទុក្ខ
ស្នេហ៍មុខ យុគថ្មី ដីហូរ
លើកទង់ រង់ចាំ ជ័យោ
ផ្ដាច់ប្ដូរ យកពាន ហ៊ានឈ្នះ!
———
វិរិយា🌸 

ថ្ងៃព្រហស្បតិ៍ ៨រោច ខែ បឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៥ កក្កដា គ.ស. ២០១៨