មិត្តភក្ដិសំណព្វ ខ្ចប់សំណេរ
សំណាងម្លេះទេ ស្មេរដៃឆើត
ចរចាជូនពរ ជោរជន់ខ្នើត
ដល់ម្ចាស់ខួបកើត បន្តើតសក្ដិ។
មានសារអង់គ្លេស សរសេរខ្មែរ
ស្ទីកឃើរ៍ផងដែរ ហែរហូស្ម័គ្រ
ដូចខាបបេះដូង អន្ទងដាក់
ឲ្យខ្ញុំអួលអាក់ ស្លាក់ទឹកភ្នែក។
ប៊ើស្ឌេយ៍ឆ្នាំនេះ សំគិះក្រៃ
ការងាររញ៉ៃ អាល័យញែក
ព្រឹកមិញធ្វើការ ភ័ក្ត្រាស្លេក
គ្មានទេនំខេក ថេហ្គរាត្រី។
យប់នេះការងារ ជាទម្លាប់
ព្រោះចង់ឲ្យខ្ជាប់ គាប់វិន័យ
ជាគំរូល្អ លម្អវ័យ
ប៊ើស្ឌេយ៍ឥតន័យ ស្រីស្រណោះ។
បើមានវាសនា ចារជាប់ជួន
ក្រោយម៉ោងប្រាំបួន ស្ងួនអាឡោះ
អាល័យជាប់ចិត្ត ក្រិត្យដូច្នោះ
ដូចចង់ផ្លោតផ្លោះ តោះ! ទៅតាម?
ខ្ញុំជាប់បង្រៀន គ្មានបង្រួម
បង្រួញតាមក្បួន ស្ទួនបម្រាម
បម្រើសេវា សិក្ខាកាម
ពង្រឹងរអាម រហាមខ្លួន។
សូមលើកម្រាមដប់ ជាប់កដៃ
ប្រណមវន្ទន្តី ស្ដីអង្រួន
អង្រន់ប្រាប់ញាតិ ឆ្លៀតបំពួន
ក្បាច់ក្បូរសមសួន ក្បួនបំពេ។
សូមមិត្តឆ្ងាយជិត ស្និទ្ធដោយយស
ប្រកបដោយឈ្មោះ ពីរោះកេរ្ដិ៍
ខ្ញុំសូមផ្ដោះផ្ដង ត្រងផ្ដាំស្មេរ
រុងរឿងឋិតថេរ ជ្រេរុងរោចន៍។
———
ពីនាងខ្ញុំ លឹម វីរីយ៉ា៚
———
រីករាយថ្ងៃកំណើតខ្លួនឯង ថ្ងៃដែលដួងវិញ្ញាណមួយដែលមិនដឹងប្រភពមកពីណា បានយោលយកជីវិតថ្មីលើភពផែនដីឋានកណ្ដាល និង រឭកនឹកដល់ថ្ងៃដែលអ្នកម្ដាយស្ពាយភាពឈឺចាប់ជាធរមានក្នុងដំណើរផ្ដល់កំណើតកូនស្រីម្នាក់នេះឲ្យមានរូបនិងដង្ហើមរស់ស្រោបដោយធម៌យ៉ាងជ្រាលជ្រៅសម្រាប់ចែករំលែកដល់ពិភពលោកទាំងមូលប្រកបដោយក្ដីសង្ឃឹមជានិច្ច។
———
ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា គ.ស ២០១៦
