Tag Archives: Khmer poem

គ្រូបង្រៀនស្រុកស្រែ

ជាគ្រូបង្រៀននៅស្រុកស្រែ
គ្មានទេប្រាក់ខែដុល្លារធំ
មានតែក្រដាសគរដូចភ្នំ
សៀវភៅជិតជុំសុទ្ធរហែក។

ជាគ្រូបង្រៀនប្រៀនអ្នកក្រ
រស់ទាំងត្រដរកំដរស្អែក
សង្ឃឹមធូរធារជារឿងប្លែក
សូមត្រឹមតែស្អែកមានបាយឆី។

ជាគ្រូបង្រៀនគ្មានមាសប្រាក់
ទឹកភ្នែកអួលអាក់ស្លាក់អាល័យ
ធ្វើការធ្ងន់ពេកដូចរែកដី
កម្លាំងល្ហិតល្ហៃឆីតែសៀង។

ជាគ្រូបង្រៀនរៀនតែស្មោះ
ស្ម័គ្រត្រង់បង់អស់ដោះពាក្យទៀង
ចុះបើទ័លម្លឹងប្រឹង ក ផ្អៀង
ទោះខំស្រែកច្រៀងក៏ឥតន័យ។

ជាគ្រូស្រុកស្រែ ថែសាលា
គិតគូរអាសា ត្រាមិនថ្លៃ
បោះពុម្ពក្រយៅដៅដប់ថ្ងៃ
គេទុកធ្វើហីមិនខ្ចីពាល់។

ជាគ្រូបង្រៀនស្មៀនត្រឹមកាព្យ
សរសេរកំណាព្យក្រាបមិនដល់
មិនចេះបញ្ជោរបន្ទរផ្ទាល់
ការទូតគូថទាល់ស្គាល់តែក្រ។

ជាគ្រូបង្រៀនប្រឹងរៀនរស់
ក្រែងស្លាប់ជាប់ឈ្មោះហួស ក ខ
មិនដូចគេក្រុងស្លុងអំណរ
ជាប់ជាតិល្អៀត-ត ល្អឡើងភ្លឹង។

ជាគ្រូស្រុកស្រែ ក្បែរគល់ត្នោត
គេដៀលថាឆោត កោតតែប្រឹង
លក់ស្រែមួយហិច ៣តម្លឹង
បើក្រម្លឹងៗ ដឹងយ៉ាងណា។

ចង់បន់ព្រះជួយ រំអួយខ្លះ
ក្រែងព្រះអង្គម្ចាស់ ឆ្លាស់វាសនា
បានកាន់ការងារជាមហា
មានទាំងប៉ាកា ចារបានលិឍ។

តែណ្ហើយ! បំភ្លេច ធ្មេចដេកសិន
ទាំងថ្ងៃសុបិន មិនអាចពិត
ព្រហ្មលិខិតចារ ត្រាអម្រឹត
បានចែងរឿងពិត ដិតពេញក្រាំង។

ជូនពរខ្លួនឯង ថ្លែងដោយស្មោះ
សូមឆាប់រំដោះ អស់ពៀរច្បាំង
ឈ្មោះជាគ្រូម្នាក់ លាក់កំបាំង
រស់នៅប្រឆាំងនឹងការពិត។

សូមឲ្យខ្លួនឯង ដូចខ្លែងឯក
មានសៀងដូចដែក ស្រែកគេគិត
មានរូបនៅរស់ ឈ្មោះប្រណីត
ស្លាប់ទៅឲ្យស្ថិត ដិតផ្នូរមាស។
——–
លឹម វីរីយ៉ា
ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែ មករា គ.ស ២០១៧

Country Teacher

រស់ហើយសឹមស្លាប់…

រស់ឱ្យដឹងជ្រៅ នៅឱ្យដឹងជ្រោះ
ស្លាប់ដូចនៅរស់ កុំរស់ទាំងស្លាប់
ប្រឆាំងនឹងព្រះ ឈ្នះទៅទាំងផ្កាប់
រស់បំពានច្បាប់ ស្លាប់បំប៉ោងដី។

រស់ឱ្យដឹងខ្យល់ ខ្វល់ឱ្យដឹងព្យុះ
រៀនឱ្យស្គាល់មនុស្ស ជុះឆ្ងាយដំរី
កុំខ្វាក់ទាំងភ្លឺ ឮហើយមិនស្ដី
រស់រំលោភដី ន័យស្មើសំរាម។

ស្លាប់ឱ្យគេស្ដាយ ឆ្ងាយឱ្យគេនឹក
ដេកយប់ទើសព្រឹក ស្ពឹកមុខរហាម
ដង្ហើមនៅមាន ហ៊ានរស់ឈ្លោះកាម
កុំល្មើសបំរាម ហាមស្លាប់ទាំងរស់។

រស់ឱ្យគេត្រាប់ ស្លាប់ឱ្យគេយំ
ស្នូលដីតែម្ដុំ កុំឱ្យដូរឈ្មោះ
រៀនត្រាប់អ្នកប្រាជ្ញ ខ្លាចច្បាប់អាប់យស
មុនស្លាប់ថែមឈ្មោះ ជួសពាក្យបណ្ឌិត។

រស់មិនដែលឆាប់ ស្លាប់មិនដែលយូរ
កុំដេករអ៊ូ តស៊ូខុសក្រិត្យ
ទ្រព្យព្រេងសំណាង សាងដោយមនុស្សពិត
យកព្រះជាមិត្ត ស្ថិតនៅផ្លូវសុខ។
———
លឹម វីរីយ៉ា🌸
ថ្ងៃអាទិត្យ ថ្ងៃកោរ ១៣រោច ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែសីហា គ.ស ២០១៧

ថតនៅក្នុងផ្សារទំនើប អ៊ីអន ដោយស្នាដៃ កូនប្រុសច្បងម៉ាក់យ៉ា កុមារា ជ័យបុត្រ ក្រោយចេញពីរោងកុនមកវិញ

ស្រែខ្មុក…

កើតមួយជាតិ ធាតុមួយចាន បានឲ្យចាំ
ចាស់លោកផ្ដាំ ចាំកុំផ្ដាស់ ច្បាស់មានជោគ
ចង់ចរចារ ហារចីចី ស្ដីតាមលោក
ធម៌ត្រូវសូត្រ ហូតត្រូវធាតុ ជាតិនៅមុខ។

មុននឹងស្លាប់ ត្រាប់ពាក្យស្លោក ក្រោកតស៊ូ
ដេកកុំយូរ ធូរក្រោយតឹង ដឹងតែសុខ
ស្រុកសាន្តត្រាណ បានផុតត្រើយ ស្បើយតត្រុក
ខ្មែរនឹកស្រុក ខ្មុកពេញស្រែ ថែឲ្យស្រួល។
———
លឹម វីរីយ៉ា
ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា គ.ស ២០១៧

Viriya_at_MI_Flag_Cambodia

ឱ! ដីស្រុកខ្មែរ

ឱ! ដីស្រុកខ្មែរ មានមន្តគួរស្នេហ៍
ថួនថែសម្រាំង ល្អស្រស់ឆើតឆាយ
ឆ្ងាយផុតពីខ្មាំង ខំរស់ប្រណាំង
នឹងសន្តិភាព។

ឱ! ដីស្រុកខ្មែរ នៅសល់ធំដែរ
តែរាស្ត្រនៅទាប ឈោងចាប់មិនដល់
ទីទ័លក្នុងឃ្នាប នឹកឡើងឈឺឆៀប
រៀបរាប់ជាប់ទោស។

ឱ! ដីស្រុកខ្មែរ ខ្ញុំសូមរស់ដែរ
កុំតែបន្ទោស សូមតែមួយដុំ
ផ្គុំទុកបញ្ចុះ ឲ្យគេឆ្លាក់ឈ្មោះ
ដាក់ជួសមុខផ្នូរ។
———
លឹម វីរីយ៉ា🌸

ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែ មិថុនា គ.ស ២០១៧

20170601_174119

ក្រោមភ្លៀងរលឹម…

រលឹមស្រិចស្រក់ កង្កែបយំក្ដក់ ភ្លៀងស្រក់លើ-ទ
តែក្ដៅមួយពែង ដង្ហើមដកវែង ហត់រែងពុទ្ធោ
សំណាងមានទឹក គេថែមជូនផឹក ក្លែមសន្ធឹកផ្គរ
ជីវិតត្រចះ ត្រចង់ពេកណាស់ ច្បាស់ជាវឹកវរ
ឥលូវខ្លួនមួយ រងោករងួយ ជួយមិនដែលថ្ងូរ
ដេកដើរថ្មើរឈរ និយាយមិនភរ មិនយកលុយទេ!
———
កំណាព្យបទកាកគតិ ក្លាយចូលចង្វាក់ Rap
ដោយ លឹម វីរីយ៉ា🌸

18740789_10211677398986936_7564155642895446052_n

រំដួលផ្កាតូច

ដំណើរផ្សងព្រេង​ ផ្លូវវែងកាត់ទឹក
យំសើចល្ងាចព្រឹក​ កក្អឹក​ខ្សឹកខ្សួល
ឡើងភ្នំជម្រាល ទេរទាលវាលទួល
ផ្សែងខ្មៅហុយខ្មួល​ ដួលងើបមានន័យ💪

ពីជើងមេឃម្ខាង​ អាងតែមានព្រះ
បបួលទៅឈ្នះ​ ជះជោគសិរី
រស់នៅសាងធម៌​ ពណ៌ឥន្ទធនូជ័យ
រំដួលលាស់ថ្មី​ ដីដុះលើថ្ម🍃🌿
——-
លឹម​ វីរីយ៉ា​

រំដួលផ្កាតូច

ដំណើរផ្សងព្រេង…

ដំណើរផ្សងពេ្រង រែងឫក្ស នឹករឿងដើម
ខំទប់ដង្ហើម ផ្ដើមគិត ចិត្តក្ដុកក្ដួល
លើផ្លូវវែងឆ្ងាយ មិនស្ដាយ ក្លាយប្រែប្រួល
ឈឺឆៀបអួលៗ មិនស្រួល រមួលគ្រេច។

ដំណើរកាត់ព្យុះ លុះលង់ ស្ទង់ស្ទាបមើល
មិនហ៊ានងងើល ព្រើលព្រួល ឆួលព្រិចៗ
ភ្លៀងពេលរាត្រី សត្វរៃ ភ័យលង់លិច
ស្រែកច្រៀងតិចៗ បំភ្លេច ភាពឯកា។

ដំណើរវែងឆ្ងាយ ចាយពេល វេលាយូរ
រស់ទាំងតស៊ូ ជូរចត់ កត់សន្យា
សច្ចៈជាទ្រព្យ ផ្គាប់ព្រះ រះភ្លឺថ្លា
ឈ្នះម្នឹះឫស្យា ទេវតា ប្រទានពរ។
———
លឹម វីរីយ៉ា
ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែ មិថុនា គ.ស ២០១៧

មេរៀនមួយ

រសាប់រសល់ ខ្វល់គិត
ឆ្ងល់រឿងអតីត គិតទៅខ្លោចផ្សា
ផ្លូវដើរសុទ្ធតែបន្លា
ក្រពើត្រៀបត្រា ខ្លាតោគ្រហឹម។

ធ្លាប់ដើរទាំងអស់សង្ឃឹម
ឥលូវព្រលឹមផ្ទឹមសាយព្រលប់
ទោះថ្ងៃសាយណ្ហទាន់យប់
មិនសូវជ្រុលជ្រប់ងប់តាមគេថា។

រឿងរ៉ាវទោះធ្ងន់ម្ដេចម្ដា
គង់មានទេវតាអាសាតាមថែ
រស់រានមានមិត្តហូរហែ
វាធូរចិត្តដែរ តែមិនសូវហ៊ាន។

សព្វថ្ងៃគេរាប់អ្នកមាន
មិត្តភក្ត្រព្រៀងលានឈានចូលបូលមុខ
ពីនេះតទៅថ្ងៃមុខ
រួមសុខរួមទុក្ខផ្ទុកដាក់ខ្លួនឯង។

តាំងឈ្មោះជួសឱ្យបែកផ្សែង
ផ្លាស់ប្ដូរមិនក្រែងចែងចាំងពណ្ណរាយ
រំកិលទៅទាំងសម្ពាយ
វេចខ្ចប់អប់ភាយលាយឡំផ្សំចិត្ត។

ម្នឹះលោកបើសិនប៉ិនស្និទ្ធ
ត្រកាលអម្រឹតដិតដោយបោយដៃ
បើព្រហ្មលិខិតចង្រៃ
ថ្លើមធំប្រល័យ ខ្ញុំក្ស័យឱ្យមើល។

តែណ្ហើយ! នៅឡើយអ្នកព្រើល
ងងល់ងងើល មើលសឃើញខ្មៅ
ជននោះពិតជាកម្លៅ
បើគិតៗទៅសូវបែកល្អជាង។

រស់ជួបដូចខួបដីផ្អៀង
ខែរះមិនទៀងភ្លៀងធ្លាក់មិនត្រូវ
ណ្ហើយចុះ! អតីតខុសផ្លូវ
តែថ្ងៃនេះទៅ សុខហង ជ័យអ៊ើយ!
———
(បទភុជង្គលីលា)

ដោយ លឹម វីរីយ៉ា🌸

ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១១ ខែមករា គ.ស ២០១៧Image may contain: one or more people and indoor

ឆោមឆើតឆាយ…

ឆោមឆើតឆាយ ចាយសម្រស់ ស្រស់ប្រិមប្រិយ
គួរបេតី ស្ដីសាសង ល្បងសាសព្ទ
គួរពុំគួរ សួរឱ្យដឹង នឹងបានស្ដាប់
ពាក្យរ៉ាយរ៉ាប់ ចាប់សំនួន ចួនសំណើរ ។

ឆោមឆើតឆាយ ឆ្ងាយពីគ្នា ជាទម្លាប់
គន់គូររាប់ ជាប់វេលា ជាអន្លើ
ចំណងមិត្ត គិតៗទៅ នៅបណ្ដើរ
ម៉ោងហោះហើរ ដើរហិចហែល ឆ្វែលហត្ថា។

ឆោមឆើតឆាយ ស្ដាយវេលា គ្រាកន្លង
ចិត្តចាំចង ប៉ងចិចី ស្ដីចរចា
ចង់ជួបណាស់ ឆ្លាស់នាទី ស៊ីមាត្រា
ចែងចិន្ដា ប្រាថ្នាជួប ផ្គួបឆ្លងឆ្នាំ។

កូនមិត្តខ្ញុំ សូមណែនាំ ពាំពាក្យពេចន៍
មិនដែលគេច ក្ដិចចំណង ក្រងបំណាំ
តាំងពីតូច ដូចស្រមោល ដោលឡើងសាំ
មិត្តពាន់ឆ្នាំ ចាំជានិច្ច ភ្លេចមិនបាន។
——-
(បទពាក្យប្រាំបួន ចង្វាក់ពាក្យរណ្ដំ)

ដោយ លឹម វីរីយ៉ា🌸

ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២ ខែមករា គ.ស ២០១៧

15781021_10210313051119092_6241507563557003765_n

រដូវត្រជាក់…

រដូវត្រជាក់ ត្រជុំក្បែរអ្នក❄
ត្រជាក់ក្បែរម៉ុម ខែបុស្សស្រុកយើង💧
ខ្យល់ផាត់រណ្ដំ ដណ្ដប់ជើងភ្នំ🌄
រងំជើងមេឃ។ 🌌

រដូវរំហើយ រំយោលស្លឹកតើយ🍃
រហើយទងមែក រំដួលដូរដី🌺
ដំរីឆ្លងព្រែក តែស្ពានផុយពេក💥
ដេកដួលធ្លាក់ទឹក។ 🐘🐾

រដូវរងា រងំជុំគ្នា🎄
រងាឡើងភ្លឹក ដំណក់សន្សើម💦
ដណ្ដើមពេលព្រឹក កកផ្ដុំរដឹក🌠
នឹកដៃកាន់ដើរ។ 👫

រដូវហេមន្ត ហិម:ធ្លាក់ទន់🍂
ភាយគន្ធប្រហើរ ប្រហែលប្រហែស🌾
ធ្វេសពេចន៍សរសើរ រសើបហើបដើរ👣
ស្នើសូមលោមសុខ។ 💕

រដូវឆ្កែលូ ខ្យល់បក់វូៗ🐕
ធូរចិត្តអ្នកស្រុក យប់ជ្រៅឥតផ្គរ🎶
សូរក្ដក់តិកតុក សៀងស័ព្ទឆ្កែស្រុក🎼
សុខសាន្តពេញភូមិ។ 😇
——–
(បទកាកគតិ ចង្វាក់ធម្មតា)

ដោយ លឹម វីរីយ៉ា🌸

ថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ១ ខែមករា គ.ស ២០១៧

15826657_10210303835568709_4270031726206488608_n