Tag Archives: Khmer poem

រដូវត្រជាក់…

រដូវត្រជាក់ ត្រជុំក្បែរអ្នក❄
ត្រជាក់ក្បែរម៉ុម ខែបុស្សស្រុកយើង💧
ខ្យល់ផាត់រណ្ដំ ដណ្ដប់ជើងភ្នំ🌄
រងំជើងមេឃ។ 🌌

រដូវរំហើយ រំយោលស្លឹកតើយ🍃
រហើយទងមែក រំដួលដូរដី🌺
ដំរីឆ្លងព្រែក តែស្ពានផុយពេក💥
ដេកដួលធ្លាក់ទឹក។ 🐘🐾

រដូវរងា រងំជុំគ្នា🎄
រងាឡើងភ្លឹក ដំណក់សន្សើម💦
ដណ្ដើមពេលព្រឹក កកផ្ដុំរដឹក🌠
នឹកដៃកាន់ដើរ។ 👫

រដូវហេមន្ត ហិម:ធ្លាក់ទន់🍂
ភាយគន្ធប្រហើរ ប្រហែលប្រហែស🌾
ធ្វេសពេចន៍សរសើរ រសើបហើបដើរ👣
ស្នើសូមលោមសុខ។ 💕

រដូវឆ្កែលូ ខ្យល់បក់វូៗ🐕
ធូរចិត្តអ្នកស្រុក យប់ជ្រៅឥតផ្គរ🎶
សូរក្ដក់តិកតុក សៀងស័ព្ទឆ្កែស្រុក🎼
សុខសាន្តពេញភូមិ។ 😇
——–
(បទកាកគតិ ចង្វាក់ធម្មតា)

ដោយ លឹម វីរីយ៉ា🌸

ថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ១ ខែមករា គ.ស ២០១៧

15826657_10210303835568709_4270031726206488608_n

សំបុត្រចុងក្រោយពីអ្នកគ្រូ

ជាគ្រូបង្រៀន គ្មានទេទ្រព្យ
ធ្វើការអភ័ព្វ ជាប់ក្រដាស
ដេកមិនពេញភ្នែក រែកធ្ងន់ណាស់
ជីវិតវិបល្លាស ខ្មាសអ្នកឈ្មួញ។

ជាគ្រូបង្រៀន មានតែទុក្ខ
គ្មានទេពាក្យសុខ មុខឡើងជ្រួញ
ស៊ូស្លូតមិនកាច ខ្លាចសិស្សទួញ
រហាមឡើងរួញ ជួញជំងឺ។

ជាគ្រូបង្រៀន លៀនគ្រាប់ភ្នែក
ការងារឡើងស្អេក ដេកតែឈឺ
ស៊ីអត់ស៊ីឃ្លាន គ្មានអ្នកឮ
ពេលខ្លះសិស្សឌឺ ឈឺចាប់ណាស់។

ជាគ្រូបង្រៀន ហ៊ានតែក្អក
គេលួចចំអក ឡកឡាយដាក់
សុខចិត្តខាំមាត់ ខ្សត់ប្រត្យក្ស
ជីវិតក្នុងថ្នាក់ ឆ្លាក់វិជ្ជា។

ជាគ្រូបង្រៀន ឃ្លានតែចែក
ខំប្រឹងពោលស្រែក បែកវេលា
ចង់ចែកឲ្យចេះ ស្រែះគ្រប់គ្នា
នឹងបានពណ៌នា ជាសិស្សល្អ។

ដូច្នេះបើដឹង ប្រឹងរៀនផង
កុំដើររំលង ឆ្គងសីលធម៌
បេះដូងគ្រូម្នាក់ ធ្លាក់ត្រាច់ចរ
រស់ក្រោមភ្លៀងផ្គរ ព្រហ្មលិខិត។

គ្រូសូមបួងសួង លួងទេវតា
ក្រែងលោកមេត្តា ចារពរពិត
បាចស្រោចពីលើ ទើរដួងចិត្ត
ក្លាយពរអម្រឹត ខិតរកជ័យ។

អនុស្សាវរីយ៍ ពីគ្រូម្នាក់
ផ្ញើជូនគ្រប់ថ្នាក់ ឆ្លាក់សិរី
កុំសោកទ្រហោ ចូរឃ្មាតខ្មី
គ្រូម្នាក់ទន់ដៃ ថ្ងៃបែកគ្នា។

អនុស្សាវរីយ៍ ទីស្នេហា
ខ្មួលខ្មាញ់សិក្សា ត្រារមនា
ពាក្យពេចន៍សាសង ក្រងកាព្យា
ចងដៃគ្រប់គ្នា គ្រាចុងក្រោយ។

លាហើយប្រុសស្រី នៃសិស្សខ្ញុំ
បើនិស្ស័យផ្ដុំ សូមដង្ហោយ
កុំភ្លេចឈ្មោះគ្រូ តស៊ូឲ្យ
ទៅសាងផ្នូរហើយ ទុកក្រាបគេង។
———-
ពីអ្នកគ្រូ លឹម វីរីយ៉ា
ថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ គ.ស ២០១៦
———-
(ថ្ងៃនេះជាថ្ងៃខួបកំណើតអ្នកម្ដាយខ្ញុំ បើសិនជាម៉ាក់នៅមានជីវិត កូននឹងស្មូត្រកំណាព្យនេះជូនម៉ាក់ជាចំណងដៃមិនខានឡើយ)

designed-with-proverb

រស់កំដរថ្ងៃលិច

សញ្ចេតនាមួយរលួយក្រោមមេឃ
ឃើញភ្នំឥតភ្នែកដេកកើយផែនដី
ផ្កាយខ្វះពន្លឺឈឺពេលរាត្រី
ទេវតាចង្រៃសាងដីមិនស្មើ។

បើអាទិទេពព្រមក្រេបថ្នាំពិស
ចក្រវាលទង្គឹះ ភពម្នឹះប្រសើរ
បើសិនសុរិយា យាត្រាតាមស្នើ
ខ្ញុំសុខចិត្តដើរ កំដរថ្ងៃលិច!!!
_____

លឹម វីរីយ៉ា

 15300619_10209981371707314_707377475_n

ខឹងព្រះចន្ទ

ចន្ទ្រាយប់នេះរះដូចឆ្កួត
រះទាំងអំណួតកណ្ដាលមេឃ
ហ្វូងផ្កាយរយលានលែងហ៊ានដេក
ខ្លាចចន្ទចម្លែកហែកតារា។

ចន្ទ្រាយប់ហ្នឹងដឹងតែឡប់
រះខ្ពស់ហួសកប់ជាប់វេហា
ហេហាច់ច្រាច់ច្រិលខ្ជិលអស្ចារ្យ
ឃើញចន្ទកាលណាថាចង់ជេរ។

ចន្ទ្រាលាក់ពុតស្លុតពពក
លបលួចខ្នួចជ្រករស្មីគេ
ពន្លឺអាទិត្យណាមាសមេ
ផែនដីនេះទេចាំងត្រលប់។

ឃើញក្រុមកវីស្ដីក្នុងកាព្យ
ឆេឆឹលឆែលឆាបខាបជាឈ្នាប់
ខ្ញុំអាសូរផ្កាយឆ្ងាយបន្ទាប់
រះទាំងអភ័ព្វជាប់គុកកម្ម។

ខ្លោចចិត្តអាណិតត្បិតសុរិយា
នឿយហត់អាត្មាការងារឆ្មាំ
បញ្ជូនរស្មីពាន់លានឆ្នាំ
ផែនដីរង់ចាំផ្ទេរជូនខែ។

ខែអ៊ើយខែរះឈ្នះចិត្តព្រាន
រះទាំងបំពានហ៊ានផិតប្រែ
ម្នឹះមួយផែនដីស្ដីលោមស្នេហ៍
មិនដឹងដួងខែរះចោលម្សៀត។
——
ចេញមុខឈ្លោះនឹងលោកខែ ដោយ លឹម វីរីយ៉ា 😫

២រោច កត្ដិក ២៥៦០ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៦

bigstock-dsc-jpg-102960485

ផ្ញើជូនប្រុសក្បត់

បិទតែមថែមស្នេហ៍ ផ្ញើពីស្រុកខ្មែរ
ដីក្បែរអង្គរ សាយណ្ហជ្រេជ្រាល
រសៀលទោចថ្ងូរ ចុងឆ្នាំឥតផ្គរ
ជំនោរត្រជាក់។

បិទតែមផ្ញើទៅ សង្ឃឹមតាមផ្លូវ
មិនសូវរលាក់ រូបថតរលោង
យោងពណ៌ពព្លាក់ ទុកចងដៃអ្នក
លាក់ក្រោមខ្នើយក្បត់។

លឹម វីរីយ៉ា

viriya_007

មេឃងងឹតគិតមមៃ

មើលមេឃងងឹត គិតរឿងមមៃ
មមើពីថ្ងៃ ស្រម៉ៃប្រញឹក
ស្រមេមស្រមាម ដាមគ្នារដឹក
រំដួលលិចទឹក នឹករំដេងព្រៃ។🌱

មើលពពកខ្មៅ ក្រៅបង្អួចឈើ
អាលេអាលើ ភ្នែកស្លឺអាល័យ
អន្លង់សុបិន ឆ្អិនឆ្អៅដៅន័យ
ស៊ូរស់សព្វថ្ងៃ កំដរចក្រវាល។🌍

រាត្រីសុវត្ថិ បាត់អ្នកសួរ សល់តែអ្នកចាំឆ្លើយ! 🌛

លឹម វីរីយ៉ា
យប់៦កើត ខែកត្ដិក ២៥៦០
lim-viriya_2016

ភ្លៀងធ្លាក់ចុងឆ្នាំផ្ដាំស្រុកខ្មែរ

ភ្លៀងធ្លាក់ចុងឆ្នាំផ្ដាំស្រុកខ្មែរ
ថ្ងៃស្អែកដាច់ខែប្រែ-កត្ដិក
ផ្គរលាន់ពេលយប់ខ្ទប់ដល់ព្រឹក
ឥន្ទធនូឆ្លងទឹក ស្ពឹកវេហា។

ពពកដេរដាស ប្រាសលើភ្នំ
ចង្រិតស្រែកយំ ឃ្មុំក្រេបផ្កា
កណ្ដូបបុកស្រូវ ផ្លូវមរណា
តុកកែចរចា ហាឱ្យបូល។

កង្កែបអូបៗ ទ្រោបក្នុងស្មៅ
លបហួចហិចហៅ ដៅមូសចូល
មមាចពភ្លើ ធ្វើជាស្នូល
បណ្ដែតបណ្ដូល បង្គោលកម្ម។

ក្រពើឆ្លេឆ្លា ប្រវាគោក
សន្ធឹកភ្លៀងមក ជោគសស្រាំ
រណ្ដំស្រិចៗ ក្ដិចរអាំ
វស្សារយឆ្នាំ ចាំរដូវ។

ចាបលើចុងឈើ ស្លឺស្លន់ស្លោ
អាស្វាឥតខោ តោនាំផ្លូវ
ក្រសាររវល់ ខ្វល់លំនៅ
ឯហ្វូងដង្កូវ នៅតែខូច។

អ្នកប្រាជ្ញស្រុកខ្មែរ បែរលាក់មុខ
ជនពាលឃ្វាលទុក្ខ រុកប៉ផ្លូច
អ្នកចេះធ្វើភ្លើ ស្ទើរធំតូច
ឯពួកអាខូច ដូចស្វាព្រៃ។

បួងសួងលួងព្រះ សំពះផ្កាយ
ភ្លើងទៀនខ្ចាត់ខ្ចាយ ឆ្ងាយបារមី
សង្ឃឹមទេវតា ត្រាប្រណី
យល់អធ្យាស្រ័យ ព្រះអាទិត្យ។
———
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

សៀមរាប,
ថ្ងៃអាទិត្យ ១៤ រោច ដាច់ខែអស្សុជ (ស្អែកចូលកត្ដិក) ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស ២០១៦

%e1%9f%a0%e1%9f%a0%e1%9f%a0%e1%9f%a0%e1%9f%a0%e1%9f%a0%e1%9f%a1

បើផលបុណ្យមាន…

មើលពីឆ្ងាយ ក្លាយពីឆ្ងល់ ទាល់លែងឈ្ងោក
ម្នឹះគគោក លោកក៏គិត ក្រិត្យហើយគូរ
មានដង្ហើម ផ្សើមជីវិត ស្និទ្ធឱ្យយូរ
ឆាកតស៊ូ ធូរលែងតឹង ដឹងលែងខ្វល់។

មុខឬក្រោយ ឱ្យតែអាច ខ្លាចតែអត់
បើអំណត់ កត់ចងចាំ ផ្ដាំរចល់
កើនបញ្ញា ថ្លាគំនិត ឥតមានខ្វល់
រស់ឥតកល ពាល់លើកិច្ច ច្បិចលើកម្ម។

សូមបួងសួង លួងដួងចិត្ត ខិតដួងចន្ទ្រ
លោមដៃកាន់ ខ្មាន់បេះដូង ឈោងបណ្ដាំ
បើផលបុណ្យ ទុនយើងមាន គ្មានរកាំ
រយខែឆ្នាំ ចាំទុកចុះ ប្រុសព្រលឹង។
——-
ដោយ លឹម វីរីយ៉ា
ភ្នំពេញ ថ្ងៃសៅរ៍ ទី២៩ ខែតុលា គ.ស ២០១៦

1544339_553553721408569_1717332109_n

វាលស្រែស្រុកខ្ញុំ

វាយោយោលយោគ រលកទឹក💦
ផ្គរលាន់គគ្រឹក រអ៊ឹកផង⚡
រន្ទះក្ឌុងក្ឌាំង ភាំងក្ដាមខ្យង🐌
កង្កែបហែលឆ្លង ផ្សងខ្លាចឈ្លើង។🐛

ដើមត្រែងលាស់ត្រួយ ជួយកន្ត្រើយ🌱
កន្ទ្រាំងខែត្រស្បើយ ត្រើយខាងជើង
ចង្រិតខំពួន ជួនឃើញភ្លើង🔥
រំភើបពើតពើង ពេញពោងពាយ។🙊

កំប្លោកក្នុងបឹង ប្រឹងបែកគុម្ព🌿
កំភ្លឹងឆួលងំ សណ្ដំភាយ
អណ្ដើកបាតទឹក ស្ពឹករវាយ
រវើស្ទើរធ្លាយ រលាយជុំ។🐢

កញ្ឆែតបោះទង រំលងទឹក
ត្រីក្រាញ់សងសឹក ចឹកកូនគ្រុំ🐚
ដូចជាផែនដីនៃនាងខ្ញុំ
រង្គើរង្គុំសូមរួមកាត់។🙏
———
ដោយ លឹម វីរីយ៉ា
———
ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា គ.ស ២០១៦

2016-02-13-3

នឹកម្ដាយ

ជំនោរភទ្របទស្លុតបេះដូង
១រោចដូចសូន្យបាត់តារា
ភិរុណបង្អុរដល់កាលណា
នឹកអនុស្សារកាលម្ដាយរស់។
 
កាលពីរឆ្នាំមុនក្នុងខែហ្នឹង
ខ្ញុំអង្គុយធ្មឹងប្រឹងគ្មានលស់
ទឹកភ្នែករហាមដាមដោយឈ្មោះ
អ្នកម្ដាយពេញពោះ ដួសមិនស្រាន្ត។
 
នឹកដល់ម្ដាយថ្លៃស្រម៉ៃគិត
បើម្ដាយនៅជិតស្ថិតក្បែរប្រាណ
ពរជ័យពិរោះ ព្រួសប្រៀបបាន
លោកពោលមិនខានបានដូចទិព្វ។
 
ខែភ្ជុំឆ្នាំទៅម្ដាយឈឺធ្ងន់
ឃើញលោកទារុណកូនអាណិត
ចង់ប្ដូព្រលឹងស្នងគុណពិត
តែព្រហ្មលិខិតបិទមេត្តា។
 
រាល់រដូវភ្ជុំងំដួងចៃ
ព្រោះកូនអាល័យថ្ងៃមរណា
អ្នកម្ដាយបិទភ្នែកសូន្យសង្ខា
នៅក្នុងហត្ថាកូនម្នាក់ឯង។
 
ថ្ងៃនោះមេឃភ្លៀងរៀងងងឹត
កូនឡើងស្លុតចិត្តពិតបែកផ្សែង
ស្រែកជេរយមរាជគ្មានរអែង
កូនយំក្ដែងៗ ផ្អើលខ្លែងស្រាក។
 
ក្នុងបេះដូងកូន ម៉ាក់សែនឆ្នើម
នឹកដល់ដង្ហើមដែលចេញចាក
ម៉ាក់កាន់ដៃកូនទាំងលំបាក
បិទភ្នែកសម្រាកក្នុងសុគតិភព។
 

———
ផ្ញើជូនអ្នកម្ដាយ “មុំ សុផុន ហៅ សេងជូ” ពីឋានកណ្ដាល!

កូនស្រីទី២_លឹម វីរីយ៉ា

សៀមរាប ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០
ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា គ.ស ២០១៦

*** នេះជារូបភាពម្ដាយខ្ញុំ (ពាក់អាវត្របកឈូក) និងអ៊ំស្រី គឹមសាន (អាវស) ជាមិត្តភក្ដិជិតដិតរបស់ម៉ាក់អង្កាល់អ៊ំនៅជាគ្រូពេទ្យក្នុងមន្ទីរពេទ្យធំខេត្តបាត់ដំបងជាមួយគ្នា តែអ៊ំបានផ្លាស់ទៅរស់នៅប្រទេសអូស្ត្រាលីជាង២០ឆ្នាំហើយ។ រូបនេះថតនៅឆ្នេរសមុទ្រ យ៉ុងតាវ ប្រទេសវៀតណាម ក្នុងឆ្នាំ ១៩៨៥។ ប៉ុន្មានថ្ងៃមុន កូនប្រុសអ៊ំសាន បានផ្ញើរូបថតនេះមកឲ្យខ្ញុំតាមប្រអប់សារ។ សូមអរគុណ!

%e1%9f%a1%e1%9f%a1%e1%9f%a1%e1%9f%a1