Tag Archives: Khmer Artist

កុំទុកចិត្ត (កំណាព្យបទកាកគតិ)

កុំទុកចិត្តមេឃ ពេលយប់ចូលដេក
កុំធ្មេចលឿនលយ ក្រែងលោអាចម៍ផ្កាយ
ក្លាយជាបែកធ្លោយ ជ្រុះមករាយរោយ
ស៊យដល់ផែនដី។

កុំទុកចិត្តខ្យល់ យប់យន់ចូលដល់
កុំខ្វល់នឹងស្រី ជជែកញ៉ែងញ៉ង
ឆ្លងផុតយាមបី កណ្ដាលរាត្រី
ស្ដីច្រើនអស់កេរ។

កុំទុកចិត្តផ្កាយ តារារះឆ្ងាយ
ក្លែងក្លាយផងទេ ភ្លើងទៀនក្នុងគោម
គេលោមបំពេរ ហោះបាំងចង្អេរ
បន្លំចន្ទ្រា។

កុំទុកចិត្តដី ពុកផុយរាល់ថ្ងៃ
បំភ្លៃមេឃា បាក់ចូលទន្លេ
ហូរជ្រែដល់ហៀរ សណ្ដក្លាយជា
ពសុធាដូរឈ្មោះ។

កុំទុកចិត្តទឹក យប់ថ្ងៃល្ងាចព្រឹក
នឹកសៀងពីរោះ ហូរចូលដីក្រុង
ឡើងស្លុងរង្គោះ ចុងក្រោយសាបព្រោះ
គ្រោះកាចចង្រៃ។

កុំទុកចិត្តខ្ញុំ ចាត់ឱ្យនៅម្ដុំ
កុំចូលរញ៉ៃ ក្រែងខ្ញុំមានរោគ
ខូវីដចេញថ្មី មកប៉ះជើងដៃ
តិចក្ស័យទាំងរស់។
____________
វិរិយា🌸

ថ្ងៃ ចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា គ.ស.​២០២០

នេះជារូបថតអ្នកនិពន្ធណា តិចមើលឥតស្គាល់ចុះ!!!

លម្ហមេឃនិងផ្កាយ (កំណាព្យបទ៧ព្យាង្គ)

ឃើញលម្ហមេឃដេកលែងលក់
ឃើញផ្កាយគម្រក់រះព្រោងព្រាត
ផ្គរលាន់ឥតភ្លៀងល្អៀងខុសស្នៀត
ខ្យល់បក់ស៊កសៀតនៅតែក្ដៅ។

ឃើញលម្ហមេឃស្លេកប្រមាត់
ឃើញផ្កាយសម្ងាត់រះក្រឡៅ
ឈ្មោះដល់ទៅពីរអ្នកស្រុកដៅ
ព្រឹកល្ងាចគេហៅមិនដូចគ្នា។

ឃើញលម្ហមេឃរែកដួងចិត្ត
ឃើញផ្កាយតូចល្អិតឈ្មោះមាន់ទា
ខ្លះយាមនង្គ័លស្គាល់វេលា
ប៉ុន្តែបែរជាឥតប្រយោជន៍។

ឃើញលម្ហមេឃវែកការពិត
ឃើញកាន់តែជិតគិតដូចខ្មោច
ផ្កាយព្រឹកផ្កាយចោរប៉ប្រោល្អោច
ចុងក្រោយដាច់ដោចហោចហិនអស់។

ឃើញលម្ហមេឃជជែកគ្នា
ឃើញបទសន្ទនាឃ្លាស្រស់ៗ
គេពោលលាក់ពុតសែនស្រណោះ
អាល័យអាឡោះខ្សោះសង្ឃឹម។

ឃើញលម្ហមេឃត្រេកត្រអាល
ឃើញផ្កាយត្រកាលក្រាលបស្ចិម
រះពីព្រលប់ដល់ព្រលឹម
ទឹកភ្នែករឹមៗសង្ឃឹមខុស។

ឃើញលម្ហមេឃក្រឡេកមើល
ឃើញផ្កាយងងើលរះចម្រុះ
បង្អួតសន្ធិយាជាចំណុះ
ក្អេងក្អាងផុលផុសពេញភពខ្មៅ។

ឃើញលម្ហមេឃដេកតែឆ្ងល់
ឃើញផ្កាយហ្នឹងថ្កល់សល់ចន្ទ្រខ្លៅ
ខំរះសោយរាជ្យតកូនចៅ
ផ្កាយព្រឹកគេហៅពូជផ្កាយចោរ។

ឃើញលម្ហមេឃដេកតែព្រួយ
ផ្កាយខ្លះរលួយជ្រុះបាក់សោ
បែកបាក់ធ្លុះធ្លាយទំនាយហោរ
ម្នឹះរត់ស្លន់ស្លោព្រោះអាចម៍ផ្កាយ។
———-
វិរិយា🌸

ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា គ.ស. ២០២១

រៀនរស់ (កំណាព្យបទព្រហ្មគីតិ)

នឹកដល់កល់រឿងចាស់ មានច្រើនណាស់ ពោលពុំអស់
សើចយំក្រពុំស្រស់ ចួនធ្លោយថ្លោះ អស់ទាំងប្រាក់។

កើតទុក្ខមុខឡើងជ្រួញ​ សរសៃរួញ ទួញអួលអាក់
ភ្នែកភ្លឺដូចជាខ្វាក់ ខ្វល់ដល់ស្លាក់ ខ្ជាក់ទៅស្លែង។

កាលណោះស្រុកសាន្តត្រាណ ទ្រព្យប៉ុន្មាន ភ្លើសម្ញែង
មិនសូវកោតគេឯង ឥតបើក្រែង ដល់នរណា។

ឥឡូវខុសពីមុន ធ្លាប់ទារុណ ពន់ទុក្ខា
ច្នោះហើយទើបគិតថា លាក់អាត្មា ទើបប្រពៃ។

បានរៀននឹងព្រះធម៌ លែងខ្វាក់ពណ៌ ឃើញតម្លៃ
សត្វលោករោគចង្រៃ ព្រោះស្រមៃ ខុសតម្រា។

បានដឹងថ្លឹងធម៌ព្រះ រស់យកឈ្នះ តួអាត្មា
គឺលះដល់ចិន្ដា ល្អក្រៃណា សែនវិសេស។

បានយល់ជន្ទល់កម្ម ព្រះពុទ្ធផ្ដាំ កុំបីធ្វេស
គ្រប់ពេលមិនប្រហែស ចើងចចេស នឹងជួបទុក្ខ។

ឥឡូវដូចស្រាលខ្លួន រោគធ្លាប់ពួន លែងរានរុក
ព្រោះតែមានជង្រុក សន្សំទុក ការពារឃ្លាន។

រៀនរស់លស់ដោយកម្ម ផលវាផ្ដាំ ចាំហេតុមាន
ទុក្ខសោកលែងទន្ទ្រាន ព្រោះចែកទាន ដល់អ្នកអត់។

ដើរផ្លូវត្រូវលះបង់ ពត់តម្រង់ ផ្ចង់អំណត់
ធម៌មួយជួយលែងខ្សត់ គឺសង្កត់ ឃាត់តណ្ហា។

ពេលនេះបានយល់ដឹង ថាជាតិហ្នឹង ស្បើយទុក្ខា
ព្រោះធម៌ល្អក្រៃណា ព្រះសាស្ដា រក្សាបាន។

នឹងលែងមានបារម្ភ រស់បានមាំ សមថ្កើងថ្កាន
រហូតអាចរុញច្រាន ឈានដល់បាន ឋាននិព្វាន។
_________
វិរិយា🌸

ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា គ.ស. ២០២១

រូបថតនៅមុខប្រាសាទអង្គរវត្ដខេត្តសៀមរាប ថតពេលព្រឹកព្រលឹមម៉ោង៧ ក្រោយទស្សនាថ្ងៃរះចំកំពូលកណ្ដាល Equinox Day Shooting Post

ខ្ជិលរស់ (កំណាព្យបទកាកគតិ)

ស្រុកទេសអន់ក្រ អ្នកណាគេល្អ
ក៏គេបានរស់ អ្នកតូចអ្នកទាប
អ្នកទន់ឥតឈ្មោះ ត្រៀមតែដាច់ពោះ
រស់ស្អែកទាំងបន់។

អ្នកក្នុងអ្នកក្រៅ ទោះត្រជាក់ក្ដៅ
ហៅតែអាសន្ន បូលលែងសូវឮ
ភ្លឺឡើងដូចស្កន្ទ គេពុះអង្កន់
លាបពណ៌ឆ្លាស់គ្នា។

លឿងខ្ចីលឿងទុំ ក្រហមឆ្អៅងំ
រង្គំហូរហៀរ គេប៉ាតពាសវាល
ឆ្កៀលដោយអ្នកជា គង់ស្លាប់ជុំគ្នា
កុំឱ្យអផ្សុក។

អ្នកណាចិត្តសឿង ចេញមករករឿង
រកត្រីប្រហុក ច្បាស់ជាគេរុញ
រអឹលគូទអុក ជាប់ឃុំឆ្ងាយស្រុក
ដេកឱបតែផ្តិល។

ទ្រាំបានយ៉ាងយូរ បើកទ្វារមើលទូ
សុទ្ធតែអំបិល អំបែងចានឆ្នាំង
ក្ដាំងច្រែះឡើងរឹល ដូចកើតរោគខ្ជិល
ដូចលែងចង់រស់!
______

វិរិយា🌸

ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា គ.ស. ២០២១


[កំណាព្យនេះ សរសេរក្នុងអំឡុងពេលដែលយុគវិបត្តិ កូវីដ១៩ កំពុងវាយប្រហារសន្ទាប់ពេញទំហឹងមកលើជីវិតអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ កាលនោះ រដ្ឋាភិបាល បានបែងចែកតំបន់ហាមឃាត់ និងបង្កើតច្បាប់រឹតត្បិតដ៏តែងតែងខុសៗគ្នា ធ្ងន់ឬស្រាល តាមរយៈពណ៌ដែលគេគូសនៅលើផែនទីអេឡិចត្រូនិច។ កាលណោះ ពណ៌ក្រហម មានន័យថា ហានិភ័យខ្ពស់បំផុត ហាមចេញពីផ្ទះសោះតែម្ដង ពណ៌លឿងទឹកក្រូច​អាចចេញពីផ្ទះបានម្ដងម្កាល ជាដើម។]

រូបថតនៅក្នុងមជ្ឈមណ្ឌលវប្បធម៌អាល្លឹម៉ង់ រាជធានីភ្នំពេញ ក្នុងអំឡុងពេលខ្ញុំត្រូវបានអញ្ជើញជាវាគ្មិន និយាយពីបញ្ហាការងាររបស់ស្ត្រីខ្មែរ

ជំនឿ (កំណាព្យបទ៧ព្យាង្គ)

ទំនៀមទម្លាប់ ជាប់ពីព្រេង
មនុស្សអ្នកតាក់តែង ចែងជាច្បាប់
គេឱ្យគោរព ងប់ចំណាប់
អ្នកណាមិនត្រាប់ ចាប់ទៅចង។

រឿងខ្លះប្រតិដ្ឋ គិតមិនដល់
អ្នកជឿខ្វាយខ្វល់ ឆ្ងល់កន្លង
បុណ្យបាបជាអ្វី ស្ដីប្រាប់ផង
មួយជាតិហែលឆ្លង បំណងអី?

គេឲ្យលុតក្រាប លែងចាបរស់
ស្រោចទឹកកាត់គ្រោះ ឈ្មោះម្នឹះថ្មី
ក្រណាត់ពណ៌ស គ្របផ្ទាល់ដី
ច្រៀងលើករាសី ក្រែងផុតទុក្ខ។

គិតទៅផ្លូវមនុស្ស ជុះហើយស៊ី
ដេកដើរសំភី ភ្លីពេញមុខ
យកពុទ្ធសាសនា ញាត់ជង្រុក
ខ្លួនឯងចូលគុក កម្មអាក្រក់។

សែនខ្មោចបោចស្មៅ ហៅអារក្ខ
ដួសបាយដាក់ស្រាក់ ហាក់កខ្វក់
ស្លៀកពាក់ភ្ញាក់ព្រឹក នឹកអ្នកក្ដក់
ភ្លៀងស្រក់តិកតក់ ក៏តស៊ូ។

ខំជឿខំបន់ ស្រន់ព្រលឹង
រួចហើយទន្ទឹង ធ្មឹងសែនយូរ
រង់ចាំដូនតា ជួយគិតគូរ
ព្រោះរស់មិនធូរ មិនដឹងហេតុ។

ព្រះមានមិនជឿ ទៅជឿខ្មោច
ព្រលឹងអសោច ល្អោចក្រុងខេត្ត
សព្វពាសពេញដី ផ្ទៃវាស់ម៉ែត្រ
ខែភ្លៀងខែចេត្រ ឃើញតែបន់។

រឿងភពងងឹត គិតឲ្យជ្រៅ
បើមិនស្គាល់ផ្លូវ ត្រូវ​អាសន្ន
ដូរផ្នត់គំនិត ក្រិតឱ្យគ្រាន់
ក្រែងរស់បានទាន់ ស្គាល់និព្វាន។
___________

វិរិយា🌸

ថ្ងៃសុក្រ ៩រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី១១ ខែកញ្ញា គ.ស. ២០២០

គំនូរនិទាន រឿង “ធនញ្ជ័យ” ដោយវិចិត្រករ “អ៊ុត រឿន”

ខ្ញុំនៅចងចាំច្បាស់ណាស់ សៀវភៅគំនូរ ស ខ្មៅ ដែលខ្ញុំធ្លាប់អានយ៉ាងជក់ចិត្តដិតអារម្មណ៍កាលនៅក្មេង។ មិនចាំថាអាយុប៉ុន្មានទេ ប៉ុន្តែសៀវភៅនេះ ប្រហែលជាម៉ាក់ទិញមកពីផ្សារ ហើយជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្ញុំមើលទៅ ទើបពេលនោះ ក្រៅពីអានជាច្រើនលើកច្រើនសារហូតដល់ចងចាំសាច់រឿងទាំងស្រុងហើយ ខ្ញុំនៅរំអុកឱ្យម៉ាក់ទិញគូល័រទៀនសម្រាប់ខ្ញុំផាត់ពណ៌រូបភាពទាំងនេះដោយក្ដីស្រឡាញ់ថែមទៀតផង។ អានរឿងនេះឡើងចាំដូចមេសូត្រហើយ ជាច្រើនឆ្នាំក្រោយមក ទើបខ្ញុំឡើងថ្នាក់ទី៨ និងរៀនអក្សរសីល្ប៍រឿង “ធនញ្ជ័យ” នេះក្នុងកម្មវិធីសិក្សា។ ម្ល៉ោះហើយ ខ្ញុំរៀនពូកែណាស់ ជាពិសេសវិភាគរឿងដាក់ពិន្ទុ និងពេលធ្វើតែងសេចក្ដីបែបវិភាគពីទ្រឹស្ដីផ្សេងៗ ខ្ញុំនិយមលើកយកឧទាហរណ៍ក្នុងរឿងធនញ្ជ័យ ទៅធ្វើជាអំណះអំណាងជាងរឿងផ្សេងទៀត។

ខ្ញុំសូមអរគុណជាពន្លឹកចំពោះលោកពូ អ៊ុត រឿន ដែលបានគូរគំនូរនិទានរឿងនេះ សម្រាប់ទាក់ចិត្តកុមារតូចៗជំនាន់ខ្ញុំ ដែលកាលណោះ គ្មានទូរទស្សន៍ គ្មានអ៊ីនធើណិត គ្មានឧបករណ៍កម្សាន្តសម្បូរបែបដូចក្មេងសម័យឥឡូវនេះ បានសិក្សារៀនសូត្រប្រកបដោយប្រសិទ្ធភាព។ និងសូមអរគុណដល់អ្នកនិពន្ធអាថ៌កំបាំងដែលបាននិពន្ធរឿងធនញ្ជ័យ សម្រាប់ទុកជាគតិអប់រំដល់មនុស្សគ្រប់ៗជំនាន់ឱ្យចេះគិតពិចារណាពីជោគវាសនាប្រទេសជាតិ ដែលកន្លងមកតែងត្រូវបានយាយីដោយបរទេស និងរឹតតែអភ័ព្វដែលប្រទេសជាតិយើងរាប់សិបជំនាន់តៗមកទៀត ភាគច្រើនគ្រប់គ្រងនិងដឹកនាំដោយមេដឹកនាំដែលខ្វះទសពិធរាជធម៌ ដូចស្ដេចទុយស៌ក្នុងរឿងធនញ្ជ័យនេះជាតួយ៉ាង។

សូមរីករាយតាមដាន អានរូបគំនូរលាយអក្សរ ដោយវិចិត្រករ អ៊ុត រឿន ដូចតទៅ៖

សូមអរគុណដល់លោកអ្នកអាន ដែលបានបញ្ចប់អំណានរហូតដល់ទំព័រចុងក្រោយនេះ! សូមស្មារតីជាតិនិយមកើតមានឡើងវិញនៅក្នុងគ្រប់ព្រលឹងរបស់កូនខ្មែរគ្រប់ៗរូប ទោះបីជាកូនខ្មែរនោះកំពុងស្ថិតនៅទីណានៃភពផែនដីនេះក៏ដោយ!