ដីទួលដីខ្ពស់ ឦសានល្បីឈ្មោះ
ព្រោះធាតុត្រជាក់ ជំនោរចុងឆ្នាំ
ផ្ដែផ្ដាំជាក់លាក់ ម្ចាស់ភូមិរាក់ទាក់
ស្ទាក់បេះដូងខ្ញុំ។
លឹម វីរីយ៉ា🌸

ដីទួលដីខ្ពស់ ឦសានល្បីឈ្មោះ
ព្រោះធាតុត្រជាក់ ជំនោរចុងឆ្នាំ
ផ្ដែផ្ដាំជាក់លាក់ ម្ចាស់ភូមិរាក់ទាក់
ស្ទាក់បេះដូងខ្ញុំ។
លឹម វីរីយ៉ា🌸

រៀបឫក្សសមសួន ពួនថតក្រោយឆាក
វាំងននបើកខ្វាក ឆាកល្ខោនឡើងភ្លឺ
អ្នកភ្លេងប្រគុំ ងំលាន់រន្ទឺ
រន្ទាលឡើងព្រឺ ឮឡើងស្រយុត។
សិទ្ធាជ្រះថ្លា ចារទុកម្សិលមិញ
មេខ្ញុំគាត់ចេញ ប្រាំរយឱ្យគត់
ដុល្លារអាគាំង ហុចមិនតក់ស្លុត
ជំនួយអ្នកខ្មុក ទុកថែវប្បធម៌។
អនុប្រធាន គង់សូរីតា
ពីររយដុល្លារ ប្រាថ្នាជួយទ្រ
អគ្គលេខា កណ្ណិកាបន្ទរ
ដាក់ថែមជន់ជោរ មួយរយដុល្លារ។
សូមអរគុណក្រៃ ថ្លៃហ្អើយថ្លៃថ្លើម
បេះដូងល្អឆ្នើម ផ្ដើមផ្ដួចគួចត្រា
ទុកជាគំរូ ធូរធារខេមរា
សិល្បៈដូនតា នឹងបានរុងរឿង។
———
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសិល្បៈវប្បធម៌វត្តភ្នំ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការទិវាបេតិកភណ្ឌ លើកទី៤ ពីថ្ងៃ ១២ ដល់ ១៤ ខែធ្នូ ២០១៨ ក្រោមប្រធានបទ ល្ខោនខោលមរតកជាតិខ្មែរ។🌸🇰🇭
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការល្ខោនសម្ដែងម្សិលមិញដោយក្រុមយុវជនស្មគ្រចិត្ត លោកជំទាវទន្ដបណ្ឌិត អេង លីគង់ ដែលជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (សសសក) បានឧបត្ថម្ភនៅនឹងកន្លែងដល់ក្រុមសិល្ប:ចំនួន $៥០០, និងមានការចូលរួមផងដែរពីលោកស្រី គង់ សូរីតា ជាអនុប្រធានសមាគម ចំនួន $២០០ និងសប្បុរសជន១រូបទៀត លោកស្រី ឡាយ កណ្ណិកា ជាអគ្គលេខាធិការសមាគម ចូលរួម $១០០។ 💕
សូមគោរពអរគុណជាពន្លឹក និង សូមគ្រប់គ្នាទទួលបានតែពរជ័យគ្រប់ប្រការពីវត្ថុសក្ដិសិទ្ធក្នុងលោក។ 🙏😇
រលកក្រោយ ដង្ហោយសូម លោមមួយគ្រា
រាប់ជាគ្នា ទារសិក្សា ប្រាថ្នាយល់
ចែករំលែក រែកចំណេះ ឆេះពីគល់
សាងជន្ទល់ ទល់ជីវិត ស្រិតបញ្ញា។
រលកក្រោយ ឆ្លើយឥតអាក់ ចាក់បេះដូង
ភ្នែករលោង អន្ទងស្អិត ដិតសោតា
ចងសណ្ដាប់ ប្រាប់សេចក្ដី ស្ដីតាមសារ
ចែងអក្ខរា ចាររៀបរាប់ ជាប់ដួងចិត្ត។
សូមអរគុណ មុនឃ្លាតទៅ នៅទន្ទឹង
ទន្ទេញដឹង ប្រឹងប្រែងខំ ចម្រើនក្រិត្យ
យកទាំងក្រម ថ្នមទុកប្រើ ស្នើរជីវិត
ជោគជ័យពិត ជិតដៃឈោង យោងកេរ្តិ៍ឈ្មោះ។
សូមជូនពរ ហូរហែតាម ដាមសំណេរ
សំណាងទ្វេ ស្មេរតាក់តែង ណែងណងជួស
សូមបានឈ្នះ ជះជោគលាភ ប្រៀបពីរោះ
មានកិត្តិយស រស់រុងរោចន៍ ដូចសុបិន។
———
ពីអ្នកគ្រូ លឹម វីរីយ៉ា🌸
ជូនសិស្សនិស្សិតថ្នាក់ Soft Skill ជំនាន់៦ នៅ LSi
ភ្នំពេញ ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨
ហ៊ានទេ? បើខ្ញុំ សូមចាប់ដៃ ឡើងឆាកដន្ត្រី ស្ដីផ្ដោះផ្ដង
រាំទន្ទ្រាំជើង ភ្លើងបៃតង រួចច្រៀងសាសង បទស្នេហា?
ហ៊ានទេ? បើខ្ញុំ សូមថើបមួយ ទុកបណ្ដុះត្រួយ ស្ទួយអាត្មា
រួចអោបចង្កេះ ទះហត្ថា ក្រសោបកាយា ប្រាថ្នាចិត្ត។
————
លឹម វីរីយ៉ា🌸
២០ ធ្នូ ២០១៨

ស្រណោះជេីងធ្មេញ អូនស្ញេញតែឯង
ញញឹមផ្កាត្រែង បែកផ្សែងពេញផ្សារ
ឆ្នាំចាស់ជិតដាច់ បណ្ដាច់សន្យា
មិនឃេីញចៅមហា ចរចាចូលស្ដី?
ស្រណោះជេីងសក់ អូនកក់ហេីយផ្លុំ
តម្រឹមទាំងចុង ចម្រុងសួស្ដី
រដូវរងា ដូចជាឥតន័យ
អាឡោះអាល័យ ដៃលាក់ក្រោយខ្នង។
——-
លឹម វីរីយ៉ា🌸
២២ ធ្នូ ២០១៨

មកលេងផ្ទះខ្ញុំ ម្ដុំវត្តចក
មានទាំងបាយកក សាច់ក្រកអាំង
សម្លនៅក្ដៅ ខ្មៅគូទឆ្នាំង
ប្រហុកម្ទេសខ្មាំង បាំងស្លឹកជីរ។
មានទាំងម្ជូរក្ដាត ក្ដឹបចង្វា
ទឹកគ្រឿងអ្នកផ្សារ ឆាត្រួយផ្ទី
ស្អំចៀនពងទា បវេណី
អន្លក់ញាំញី ទីរឭក ។
បើបានមកលេង ក្មេងឬចាស់
ធានាមិនផ្លាស់ ច្បាស់ជាភ្លឹក
ម្ចាស់ផ្ទះដាក់ស្នេហ៍ ថែល្ងាចព្រឹក
សម្បត្តិបាយទឹក នឹកលុះក្ស័យ។
_________
លឹម វីរីយ៉ា🌸
ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំចរ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃ២៤ ខែធ្នូ គ.ស ២០១៨

ញ៉ាំបាយជួបជុំ ពួកម៉ាកចាស់
រីករាយខ្លាំងណាស់ ខះសំឡេង
សំណើចក្អាកក្អាយ សប្បាយលេង
បាញ់គ្នាផ្អើលគ្រេង រែងពាក្យពិត។
មានអ្នកមុខចាស់ ខ្លះនៅក្មេង
ខ្លះមិនបានគេង ព្រោះចង់ស្និទ្ធ
ក្រសាលឆាលឆើត ផ្តើតដួងចិត្ត
ឆ្លៀតរាយមន្តស្អិត ដិតមុនបែក។
គេបង្អាប់ខ្ញុំ ផ្លុំតែកាព្យ
សំណេរកំណាព្យ ស្លាបរហែក
រហេនរហន់ បន់ឱ្យស្អែក
បានឡើងយន្ដដែក ហោះទៅវិញ។
ម្ភៃប្រាំឆ្នាំប្លាយ ក្លាយពីមុន
តាំងពីតូចតន់ ប៉ុនគ្រាប់រំដេញ
បានចងជាមិត្ត ចិត្តរមេញ
រមួលឆួលវេញ ចេញតែខ្យល់។
មិត្តអ៊ើយ! ឥលូវ យើងចាស់អស់
ឯងនៅកម្លោះ សោះឥតខ្វល់
សង្ឃឹមឆ្នាំក្រោយ ដោយបន្ទាល់
ជួបគ្នាវ៉ល់ៗ កល់កិច្ចការ។
ជូនពរដំណើរ ហើរត្រលប់
បានពើបប្រសព្វ តែសុខា
មួយឆ្នាំជួបម្ដង ចងអក្ខរា
ក្រងអនុស្សារ ចារប្រវត្តិ។
———
លឹម វីរីយ៉ា🌸
ភ្នំពេញ, ២០ វិច្ឆិកា ២០១៨
ខ្ញុំបានលង់កាន់តែជ្រៅទៅ ជ្រៅទៅ ក្នុងផេះមនោសញ្ចេតនាខ្លួនឯង ដែលពិបាកពន្យល់ជាទីបំផុត នៅពេលដែលរូបកាយរបស់ខ្ញុំ ត្រូវបានគេនាំយកទៅដល់ពិភពថ្មីមួយពោរពេញដោយសុខសន្តិភាព និង ភាពស្រស់បំព្រងនៃធម្មជាតិ។ ខ្ញុំភ្ញាក់ផ្អើលនឹងព្រលឹងវិញ្ញាណខ្លួនឯង រកថ្លែងមិនត្រូវ ក្នុងខណៈដែលខ្ញុំកំពុងបណ្ដែតអារម្មណ៍ស្លុងស្លុយទៅក្នុងកូនផ្ទះតូចៗកណ្ដាលព្រៃដ៏ស្ងប់ស្ងាត់ ស្រាប់តែឮសូរមាត់មនុស្សក្បែរខាងពោលថា “ជួលទៀត ក៏មិនមកនៅដែរ! កន្លែងស្អីស្ងាត់អន្ទ្រងរកតែឡានម៉ូតូបរកាត់មួយមិនឃើញអីចឹងនុះ”។ ខ្ញុំភ្ញាក់ព្រើតនឹងការបញ្ចេញអារម្មណ៍របស់អ្នកដទៃដែលផ្ទុយស្រឡះពីអ្វីដែលខ្ញុំកំពុងតែសុបិន។
មែនហើយ! ទីនេះ ស្ងាត់ណាស់ បើទោះបីជាវាមានផ្ទះជាច្រើន នៅបន្តគ្នាជាប់រដឹកក៏ពិតមែន ប៉ុន្តែរចនាប័ទ្មជីវិតរបស់ប្រជាពលរដ្ឋសាសន៍នេះ មិនមែនជាមនុស្សក្ឌុងក្ឌាំង អ៊ឺងកង ដូចសាសន៍ចិនយួននោះទេ។ ពួកគេរស់នៅយ៉ាងស្ងៀមស្ងាត់ ប្រកបដោយសីលធម៌ និងការគោរពឲ្យតម្លៃបរិដ្ឋានជុំវិញ រវាងគ្នា និង គ្នា។
ខ្ញុំជាអ្នកណា? មកពីណា? ហេតុអ្វីបានជាខ្ញុំមកភ្លាត់មនោសញ្ចេតនាកណ្ដាលទ្រូងព្រៃនេះទៅវិញ? ខ្ញុំចាប់ផ្ដើមស្គាល់ខ្លួនឯងកាន់តែច្បាស់ខ្លាំងឡើង នៅពេលដែលខ្ញុំត្រូវបានផ្ដល់ជម្រើសសម្រាប់ ជីវិតរស់ក្នុងសុភមង្គលផ្ទាល់ខ្លួន។
ពីមួយថ្ងៃ ទៅមួយថ្ងៃ ខ្ញុំកាន់តែស្អប់ខ្ពើមភាពអ៊ូអរ ខ្ញុំរអើមនឹងហ្វូងមនុស្ស ដែលនិយមបង្អួតទ្រព្យសម្បត្តិគ្នា លើកដម្កើងគ្នាជ្រុលហួសហេតុ។ ខ្ញុំចង់គេចចេញពីហ្វូងមនុស្សដែលឲ្យតម្លៃមាសប្រាក់ ជាងចំណេះដឹង និងគុណធម៌។ ខ្ញុំចង់រស់នៅកន្លែងនេះ!!!
អាស៊ីខាងកើត ឆៀងអើតមួយភ្លែត
មិនហ៊ានត្រតត្រេត ខំច្បេតរាងអាយ
វេលាចង្អៀត តែឆ្លៀតសប្បាយ
តែងតួឆើតឆាយ អួតកាយក្នុងសួន។
ដីកោះសាគរ ខ្ញុំឈរហួសចិត្ត
នឹកឡើងអាណិត រឿងពិតស្រុកខ្លួន
បើសិនអាចជប់ ប្រាជ្ញឈប់លាក់ពួន
ចេញចរអង្រួន យោងក្បួនបណ្ឌិត។
ហេមន្តរដូវ តាមផ្លូវវែងឆ្ងាយ
អ័ព្ទក្រាស់ស្រោបកាយ ខ្ញុំស្រាយការពិត
ពពកពេញដី រស្មីពាំងជិត
ក្រោមដីងងឹត បែរចិត្តប៉ងទៅ។
ខ្យល់ខែត្រជាក់ ខ្ជោលខ្ជាក់យប់ថ្ងៃ
ខ្ញុំឈរស្រមៃ អាល័យលំនៅ
លំចង់តែងខ្លួន លបពួនក្រោមស្បូវ
ខ្លាចឆ្លងទឹកជ្រៅ រដូវរងា។
ដីកោះជប៉ុន តូចតន់តែលតោល
ដើរឥតស្រមោល ចោលជើងឥតគ្នា
ទីក្រុងតូក្យូ ទឹកហូរក្រោយទ្វារ
ឥលូវសូមលា ជួបគ្នាឆ្នាំក្រោយ។
សាយូណារ៉ា នឹកផ្កាទឹកកក
ឆ្នាំមុនខ្ញុំខក មិនដកអំណោយ
ឆ្នាំនេះជួបអ្នក ខ្យល់ធ្លាក់បក់បោយ
អោបដៃបណ្ដោយ កោយស្មាខ្លួនឯង។
អ៊ីតិគីម៉ាស ចាំច្បាស់ទន្ទេញ
ផ្ការីកវិលវិញ ចេញចរឥតក្រែង
ជួបរដូវក្ដៅ នៅហៅប្រលែង
និស្ស័យតាក់តែង ចែងជាប់ក្រាំងមាស។
———
លឹម វីរីយ៉ា
ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ គ.ស ២០១៨
