ខ្លែងហោះបានខ្ពស់ ព្រោះកម្លាំងខ្យល់
មារយាទលាក់កល ព្រោះខ្វល់កិលេស
ដូងផ្អែមថែមរស ព្រោះគល់កប់ផេះ
ម្នឹះល្ងង់ធេីចេះ អាចឆេះផែនដី។
ទឹកជ្រៅតែងស្ងប់ កប់ចិត្តអ្នកប្រាជ្ញ
អ្នកឆោតមាត់ដាច ប្រសាចសម្ដី
បេីទឹកត្រជាក់ ជាក់ជាផ្ដុំត្រី
ពេចន៍ផ្អែមមានន័យ ស្រីប្រុសប្រឡាញ់។
ពួកបក្សបីសាច ខ្លាចខ្មោចក្នុងផ្នូរ
គោះប៉ោតទូងស្គរ ជន្លបោះបាញ់
ទាត់ចោលពាក្យព្រះ ឈ្នះទៅទាំងចាញ់
សាងគ្រាប់ទុកបាញ់ ប្រមាញ់គ្នាឯង។
————-
លឹម វីរីយ៉ា🌸
០៥ តុលា ២០១៩
ថតនៅស្រះចិញ្ចឹមត្រី ក្នុងចម្ការរបស់សាច់ញាតិបងសុមន្ថា បន្តចេញពីទីនេះទៅ គឺចម្ការអំពៅ ចម្ការដូង ចម្ការដំណាំហូបផ្លែជាច្រើន ក្នុងខេត្តព្រះត្រពាំង កម្ពុជាក្រោម
ចែករំលែករឿងនេះ (Share this):
ព្រឹកព្រាងថ្ងៃរះ ជះប៉ះចុងដួន
ចុះស្រែថែសួន ពួនតាមដងព្រែក
ជីវិតស្រុកស្រែ ខ្មែរនៅក្រោមមេឃ
តោះ! ងេីបពីដេក ទៅរែកអាចម៍គោ។
ខេត្តព្រះត្រពាំង ឃាំងដោយទឹកប្រៃ
ដងព្រែកពេញព្រៃ ដីដុះហួសអូរ
ខ្មែរលេីខ្មែរក្រោម ឡោមរកពុទ្ធោ
អ្នកណាស៊ីជោរ មកកូរគ្នាលេង។
លឹម វីរីយ៉ា🌸
២៩ កញ្ញា ២០១៩
នៅមាត់ព្រែក ក្នុងចម្ការពោតរបស់ឳពុកម្ដាយ បង សុមន្ថា ក្នុងភូមិបាយឆៅ ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម
ចែករំលែករឿងនេះ (Share this):
ភ្លៀងធ្លាក់មិនដាច់គ្រាប់ គាប់ចិត្តអ្នកស្រែ
ឮសូរតែរ៉ែៗ ក្បែរភពមនុស្សា
វេនបិណ្ឌក្នុងថ្ងៃនេះ វិសេសមហា
រីករាយក្នុងចិន្ដា ជ្រះថ្លាកន្លង។
យេីងទៅបុណ្យភ្ជុំធំ ម្ដុំខ្មែរខាងត្បូង
កុំឱ្យខ្មោចវាលង អន្ទងផ្ដោះផ្ដង
ខេត្តឃ្លាំងពាំងថ្មភ្នំ មុំផ្លោះរបង
ជាតិខ្មែរថែគ្នាផង ខ្ញុំឆ្លងទៅហេីយ។
————
លឹម វីរីយ៉ា🌸
២៥ កញ្ញា ២០១៩
ចែករំលែករឿងនេះ (Share this):
ភ្ជុំបិណ្ឌនៅកម្ពុជា
អ្នកណាបាត់គ្នា ហួចជាសញ្ញា។
អញ្ជើញណាត់ជួបតាមសារ
សាសងផ្លែផ្កា ចរចាចិចី។
រដូវបុណ្យទានឈានដី
ណាត់មិត្តប្រុសស្រី ប្រាស្រ័យរាក់ទាក់។
ភ្ជុំបិណ្ឌក្លិនចំប៉ាលក្ខណ៍
រដូវភ្លៀងធ្លាក់ ជំពាក់ម្ចាស់ថ្លេីម។
អ្នកណាប៉ិនទប់ដង្ហេីម
ចំហៅថាឆ្នេីម ផ្ដេីមច្នៃផ្ដោះផ្ដង។
ផ្ការីកនៅក្នុងរបង
អ្នកក្លាហានឆ្លង ចម្លងដួងចិត្ត។
ភ្ជុំរួចខ្នួចចងក្រងក្រិត្យ
ក្រាបដៃយកស្និត ទុកសិតសក់ក្រង។
សៀតផ្កាចំប៉ីមួយទង
ពានាល្បាប់ផង ដងទឹកផ្កាម្លិះ។
បួងសួងលួងសូមជំនិះ
ដែលព្រះឥន្ទជិះ ឆ្លងឡេីងឋានសួគ៌។
សារខ្លីន័យវែងពេញតួ
បេីគួរមិនគួរ កុំប្រកាន់ថ្វី។
រឿងអាថ៌កំបាំងផែនដី
អ្នកណាវៀងវៃ លៃលកយកបុណ្យ។
ឆ្គាំឆ្គងរំលងថ្ងៃមុន
សូមត្រឹមម្ចាស់គុណ គន់គិតអភ័យ។
សូមបានសិរីសួស្ដី
ស្ដុកស្ដម្ភថ្លាថ្លៃ មានជ័យជោគអ៊េីយ!
———
លឹម វិរិយា🌸
២៥ កញ្ញា ២០១៩
រូបថតនៅផ្សារទំនើប Aeon Mall ទី២ ក្នុងទីក្រុងសែនសុខ អំឡុងរដូវបុណ្យភ្ជុំបិណ្ឌ ថតដោយ កុមារា ព្រហ្ម ជ័យបុត្រ កូនច្បងរបស់ម៉ាក់យ៉ា
ចែករំលែករឿងនេះ (Share this):
កម្មពៀរមានពិត គិតមេីលខ្លួនឯង
បំផ្លាញបែកផ្សែង គ្មានក្រែងអារក្ខ
ខ្មោចព្រាយព្រាត់ប្រាស ព្រោះម្នឹះចិត្តខ្វាក់
ស្រេកឃ្លានមាសប្រាក់ បំផ្លាញផែនដី។
កម្មពៀរមានពិត ជិតផលបង្កេីយ
បណ្ដាសាឆ្លេីយ កម្ទេចឱ្យក្ស័យ
អ្នកណាលោភលន់ នឹងរស់រីងរៃ
ដង្ហើមដកខ្លី ដង្ហោយឈឺចាប់។
កម្មពៀរមានពិត ខិតចូលមកដល់
ម្នឹះបៀមកិច្ចកល នឹងខ្វល់រាយរ៉ាប់
ប្រឌិតសាច់រឿង បំភ្លៃសម្លាប់
ចុងក្រោយនឹងស្លាប់ ត្រាប់ឈ្មោះតៃហោង។
កម្មពៀរមានពិត ផ្ដិតពាក្យប្រដៅ
ម្នឹះលោកក្បាលខ្មៅ សែនខ្លៅប្រហោង
បង្ហិនខ្លួនឯង រួចស្រែកច្រឡោង
ព្រះហុចដៃតោង ក៏មិនរួចឡេីយ។
កម្មពៀរមានពិត សូមគិតឱ្យជ្រៅ
ឈប់វង្វេងផ្លូវ ងាកត្រូវរកត្រេីយ
គោលដៅជីវិត គឺរស់ឱ្យស្បេីយ
រស់នៅត្រូវហេីយ សឹមស្លាប់ឱ្យសម។
កម្មពៀរមានពិត អ្នកល្ងិតហេីយល្ងេី
ឈប់ល្ងង់ភ្លីភ្លេី ស្លឺស្លុងខុសក្រម
កុំប្រឆាំងមេឃ រែកតាមសណ្ដំ
ជឿព្រះឈ្នះមាំ នាំសុខរៀងអ៊េីយ!
————-
លឹម វិរិយា🌸
២០ កញ្ញា ២០១៩
រូបភាពយកមកពីក្នុងអ៊ីនធើណិត
ចែករំលែករឿងនេះ (Share this):
កណ្ដាលរាត្រី ស្រីគេងមិនលក់
ខ្ជិលនៅទ្រមក់ ស្ទក់កាយសម្ពឹក
ងេីបលីងខ្ទឹមម្ទេស បេះទុកពីព្រឹក
ឈ្ងុយទ្រុប ងប់ភ្លឹក នឹកចង់ក្រហាយ។
គ្រឿងផ្សំ ហំហួន អង្រួនឱ្យឃ្លាន
បាយឆ្ងាញ់លេីកពាន គ្មានអីខ្វល់ខ្វាយ
ប្រហុកអាំងខ្ចប់ កប់ទៅទាំងកាយ
កៀរគរអ្នកឆ្ងាយ ឱ្យចេះស្ដាយស្រុក។
រាត្រីសួស្ដី ចង្ក្រានចុងភៅ
ម្ទេសខ្ទឹមដាក់ទៅ ហៅសែនស្រណុក
ញ៉ាំច្រើនស្រណោះ អង្គុយសំកុក
សោយរាជ្យសែនសុខ មុខក្នុងបង្គន់។
————-
លឹម វីរីយ៉ា🌸
១៩ កញ្ញា ២០១៩
មិនមែនចេះតែថាទេ គឺពិតជាងើបមកលីងខ្ទឹមម្ទេសទាំងកណ្ដាលយប់មែន មិនដឹងជាកើតថីខ្ញុំ ឆ្ងល់ដែរ!!!
ចែករំលែករឿងនេះ (Share this):
សាយណ្ហរីករាយ លាយរឿងការងារ
ក្រោមភ្លៀងរងា គ្រាដែលភ្លេចទុក្ខ
ជំនោរភទ្របទ សាងស្នេហ៍បរិសុទ្ធ
ផលល្អបំផុត ក្នុងដែនសុវណ្ណ។
នឿយកាយក៏ព្រម សូមឱ្យតែសុខ
ដីខ្មែរម្ចាស់ស្រុក ចុកមាត់ម្ចាស់ខណ្ឌ
កំណប់មាសប្រាក់ ស្លាក់ក្នុងដៃខ្មាន់
ខ្មុកស្រែកំណាន់ ក្រវ៉ាន់លាស់ថ្មី។
សប្បាយនឹងហត់ ឃាត់ចិត្តមិនបាន
បេីកភ្នែកថ្មេីរម៉ាន បានដោយសិរី
សម្រស់រំដួល ឆួលក្លិនដូរដី
ផ្ដោះផ្ដងអាល័យ ថ្ងៃមួយមិនខាន។
លឹម វីរីយ៉ា🌸
១៩ កញ្ញា ២០១៩
ចានអាហារដែលមានសុទ្ធតែសាឡាដ ដែលខ្ញុំញ៉ាំបណ្ដើរធ្វើការងារបណ្ដើរជាមួយអ្នកមីង ឈឹម ម៉ាណាវី និង អ្នកមីង លឹម បុប្ផា នៅក្នុងហាងកាហ្វេ ប្រោន ទួលគោក ដើម្បីពិភាក្សាលើពង្រាងរចនាសម្ព័ន្ធដឹកនាំរបស់គម្រោង មាតុភូមិ ព្រលឹងខ្មែរ នៅក្នុងទីក្រុង ឃីងមែន រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក
ចែករំលែករឿងនេះ (Share this):
សកវាទ៍ ឱ! ផ្កាកប្បាស
អ្នកណាមុខចាស់ ច្បាស់ជាចិត្តក្មេង។
ការងារហត់នឿយ មិនលែង
យប់យន់ចូលគេង អេងលក់ស្រួលពេក។
ទឹករាក់ធ្លាក់ភ្លៀង ផ្អៀងមេឃ
រលឹមក្នុងភ្នែក រែកពន់ទុក្ខព្រួយ។
ដល់លង់ ហៅគេទៅជួយ
រង៉ែរងួយ រំអួយច្រេីនយ៉ាង។
ផ្ដែផ្ដាំឱ្យចាំត្រេីយម្ខាង
សម្អិតសម្អាង កាងស្ពានកៀនកោះ។
ហេតុផលកលរឿង គេស្មោះ
អាល័យអាឡោះ ផ្ដោះផ្ដងសន្យា។
ឱ្យគេបំពេញកិច្ចការ
ខ្លួនឯងហ៊ឺហា ដេីរហួចឡេីងហំ។
គេហ្អេីយ ដេីរតួសែនស្នំ
ឯខ្ញុំវិញខំ សម្ងំខេីចជេីង។
សកវាទ៍ ផ្កាផ្លូវរទេះភ្លេីង
ខ្យល់ផាត់ពីជេីង យេីងនឹងផុតព្រួយ។
ព្រឺព្រួច លួចព្រុយ៉ុងមួយ
ទុកជាភូឈួយ ជួយគ្រារ៉ោករ៉ាក។
វាំងននបាំងមុខក្រោយឆាក
ឥលូវអាចស្រាក សម្រាកបន្តិច។
ថ្ងៃស្អែក ចែកជេីងទៅលិច
រលឹមស្រិចៗ ច្បិចស្នាមញញឹម។
ខែក្រោយ អាចមានសង្ឃឹម
កាច់ផ្កាដកខឹម ព្រលឹមសួស្ដី។
ដោតលាយបទុមវន្តី
លាយម្លិះរីកថ្មី ពរជ័យស្រុកខ្មែរ។
________
លឹម វីរីយ៉ា🌸
១៨ កញ្ញា ២០១៩
រូបថត Selfie ពីទូរស័ព្ទដៃរបស់លោកគ្រូ ឆាយ បូរ៉ា ក្នុងអំឡុងពេលប្រជុំគណកម្មការដឹកនាំ មហោស្រពភាពយន្តខ្លីអាស៊ាន ២០១៩ នៅឯការិយាល័យ មូលនិធិអាស៊ី ម្ដុំបឹងកេងកង ដែលមានលោក បូរ៉ា ជានាយកគម្រោង និង ខ្ញុំជាជំនួយការគាត់
ចែករំលែករឿងនេះ (Share this):
យប់ជ្រៅភ្លៀងធ្លាក់ ភ្លឹកនឹកដល់អ្នក
ត្រជាក់ចុងដៃ ខ្យល់បក់ផាយផាត់
ដូចរសាត់ស្បៃ បបោសអាល័យ
រាត្រីបាត់ខែ។
យប់យន់ទន់ជ្រៅ ភ្លៀងធ្លាក់លិចផ្លូវ
ពៅអ៊ើយសល់តែ ទឹកដក់ក្នុងភ្នែក
រែកពុនឥតល្ហែ យកលុយទិញស្នេហ៍
ថែបានត្រឹមកាយ។
យប់ឆ្លងអធ្រាត្រ ដួងចន្ទចោលម្សៀត
ឲ្យញាតិខ្វល់ខ្វាយ មិនចេញមករះ
ព្រោះខ្លាចក្រហាយ ស៊ូនៅលាក់កាយ
ឆ្ងាយពីភ្លៀងផ្គរ។
យប់ស្ងាត់បាត់ផ្កាយ សល់តែចំហាយ
ខ្ចាយតាមជំនោរ ស្អែកឆ្លង១រោច
ដូចរកពុទ្ធោ បើសិនអាចប្ដូរ
សូមពរល្អមួយ។
យប់យន់ទន់ចុះ មេឃភ្លៀងល្អៀងសុះ
ឆ្លុះចិត្តរលួយ រឡេះបេះដូង
ឈោងដៃទៅជួយ បានត្រឹមរំអួយ
ស្ទួយស្ទើរលែងរួច។
យប់គេងលែងលក់ ព្រលឹងហ៊ឹងស្ទក់
គក់ទ្រូងព្រឺព្រួច ព្រឹកព្រាងស្អែកថ្មី
ស្ដីដូចគេហួច ស្ដីថាតិចតួច
លួចខឹងស្ងៀមស្ងាត់។
យប់ហើយគេងទៅ គ្របភួយផងពៅ
កុំនៅរសាត់ អណ្ដែត លយលង់
ជង់ចិត្តសម្ងាត់ ស្ងៀមដោយប្រយ័ត្ន
ស្ងាត់ក្នុងសុបិន។
———
លឹម វីរីយ៉ា🌸
រាត្រី ថ្ងៃសុក្រ ១៥ កើត ពេញបូណ៌មី ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា គ.ស. ២០១៩
ចែករំលែករឿងនេះ (Share this):
បុប្ផារីកស្រស់ ព្រោះសន្សេីម
ស្នេហារីកឆ្នេីម ផ្ដេីមពី Friend
ភ្លៀងស្រោចលំនៅ ផ្លូវបត់បែន
ផ្ការីកឆ្លងដែន សែនល្អពេក។
ឥលូវចុងខែ ប្រែខូចចិត្ត
សុរិយាងងឹត ស្អិតកែវភ្នែក
សុបិនឥតខ្លឹម ត្រឹមជេីងមេឃ
រុះរោយទឹកភ្នែក រែកញញឹម។
ភ្លៀងផ្គររន្ទះ ឈ្នះម្នឹះលោក
ខ្យល់បក់ពពក យកសង្ឃឹម
ជំនោរសីហា ថ្លាប៉ប្រឹម
លួងលោមចិញ្ចឹម ចិត្តបោកប្រាស់។
សន្ធឹកវាយោ ហូរដុនដាប
ដិតដាមកំណាព្យ ខាបឡេីងច្បាស់
ខិតខំក្រែងខាត ស្អាតល្អណាស់
ផ្ការីកខុសម្ចាស់ ដាស់រឿងថ្មី។
សំឡេងភ្លៀងធ្លាក់ ខ្ជាក់ទាំងពិស
ហូរស្រោចភពម្នឹះ ទង្គឹះដី
ភ្លៀងខ្យល់ពាល់ត្រូវ ផ្លូវអាល័យ
អាឡោះដោះដៃ លៃសូមសុខ។
—————
លឹម វីរីយ៉ា🌸
២៩ សីហា ២០១៩
តាមពិតនេះគឺជាផ្កាជ័រទេ ខ្ញុំទិញវាមកពីផ្សារទំនើបសុរិយា សម្រាប់ដាក់តាំងក្នុងផ្ទះ ប៉ុន្តែឃើញសួនច្បារពីមុខស្នំស្នួនដែរ ទើបលើកយកទៅដាក់តាំងថតមួយប៉ុស្តិ៍អីចឹងទៅ តែងកំណាព្យបញ្ឆោតអ្នកអានបានមួយសន្លឹកដែរ។ ចំណូលចិត្ត កវី តែប៉ុណ្ណឹង!
ចែករំលែករឿងនេះ (Share this):
កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ