Tag Archives: អក្សរសិល្ប៍

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសមចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រុងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
វិរិយា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅលើយន្តហោះ កំពុងធ្វើដំណើរចេញពី ក្រុងកាតា ឆ្ពោះទៅទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន

កុំទុកចិត្ត (កំណាព្យបទកាកគតិ)

កុំទុកចិត្តមេឃ ពេលយប់ចូលដេក
កុំធ្មេចលឿនលយ ក្រែងលោអាចម៍ផ្កាយ
ក្លាយជាបែកធ្លោយ ជ្រុះមករាយរោយ
ស៊យដល់ផែនដី។

កុំទុកចិត្តខ្យល់ យប់យន់ចូលដល់
កុំខ្វល់នឹងស្រី ជជែកញ៉ែងញ៉ង
ឆ្លងផុតយាមបី កណ្ដាលរាត្រី
ស្ដីច្រើនអស់កេរ។

កុំទុកចិត្តផ្កាយ តារារះឆ្ងាយ
ក្លែងក្លាយផងទេ ភ្លើងទៀនក្នុងគោម
គេលោមបំពេរ ហោះបាំងចង្អេរ
បន្លំចន្ទ្រា។

កុំទុកចិត្តដី ពុកផុយរាល់ថ្ងៃ
បំភ្លៃមេឃា បាក់ចូលទន្លេ
ហូរជ្រែដល់ហៀរ សណ្ដក្លាយជា
ពសុធាដូរឈ្មោះ។

កុំទុកចិត្តទឹក យប់ថ្ងៃល្ងាចព្រឹក
នឹកសៀងពីរោះ ហូរចូលដីក្រុង
ឡើងស្លុងរង្គោះ ចុងក្រោយសាបព្រោះ
គ្រោះកាចចង្រៃ។

កុំទុកចិត្តខ្ញុំ ចាត់ឱ្យនៅម្ដុំ
កុំចូលរញ៉ៃ ក្រែងខ្ញុំមានរោគ
ខូវីដចេញថ្មី មកប៉ះជើងដៃ
តិចក្ស័យទាំងរស់។
____________
វិរិយា🌸

ថ្ងៃ ចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា គ.ស.​២០២០

នេះជារូបថតអ្នកនិពន្ធណា តិចមើលឥតស្គាល់ចុះ!!!