Tag Archives: ហួត បុប្ផាណា

លិខិតជូនបុប្ផាណា ៖ ៥០ឆ្នាំនៃការចងចាំ និងការតស៊ូ

ជូនចំពោះ អ្នកស្រី ហួត បុប្ផាណា ជាទីគោរពស្រលាញ់!

៥០ឆ្នាំ បានអណ្ដែតផុតទៅយ៉ាងឆ្ងាយ បក់ផាត់ ដោយទៅទាំងរំហូរទឹកភ្នែក របស់បងប្អូនរួមឈាមខ្មែរ ដែលហូរស្រក់ចុះមិនដាច់តំណក់ ដូចជាចរន្ដទឹកទន្លេដ៏សែនវែងអន្លាយ ជាទន្លេដែលហូររហ៊ឹមទៅដោយលម្អងមនោសញ្ចេតនាឈឺចាប់ និរាសព្រាត់ប្រាស ចារជាប់ក្នុងក្រាំងប្រវត្តិសាស្ត្រមនុស្សជាតិទូទាំងសាកលលោក។

ថ្វីដ្បិតថាពេលវេលាកន្លះសតវត្សរ៍ វាហាក់ដូចជាយូរអង្វែងក៏ពិតមែន ប៉ុន្តែរយៈពេលត្រឹមប៉ុណ្ណេះ តាមពិត វាខ្លីណាស់សម្រាប់ជនជាតិខ្មែរផ្ទាល់ ព្រោះមកដល់ពេលនេះ ស្រមោលអវិជ្ជន្ធការនោះ នៅតែមិនទាន់អាចផ្សះស្នាមរបួសផ្លូវចិត្តរបស់បងប្អូនខ្មែរយើងបានជ្រះស្រឡះ សះស្បើយនៅឡើយទេ។

ក្នុងនាមខ្ញុំជាស្ត្រីខ្មែរមួយរូប ដែលមានវិចារណញ្ញាណ តម្កល់នៅទីតាំងមួយ ស្រដៀងគ្នានឹងអ្នកស្រីដែរនោះ ខ្ញុំពិតជា មិនអាចឃាត់ខ្លួនឯងបាន ពីកម្លាំងជំរុញចិត្ត ឱ្យត្រូវតែសរសេរសំបុត្រមួយច្បាប់ផ្ញើទៅអ្នកស្រី ឱ្យបានក្នុងថ្ងៃនេះ។

ក្រោយពីខ្ញុំបានអានម្ដងហើយ ម្ដងទៀត នូវខ្លឹមសារ ក្នុងលិខិតជាច្រើនច្បាប់ ដែលអ្នកស្រីបាន ហៅខ្លួនឯងថាជានាង សិតា ផ្ញើសារទៅព្រះរាម ដែត ជាស្វាមី ដើម្បីអង្វរលន់តួប្ដី ឱ្យបានមកជួបជួន ជួយសង្គ្រោះជីវិត ដ៏អពមង្គលរបស់នាងចេញពីគុកនរក ដែលអ្នកស្រីហៅថា ជាក្រុងរាពណ៍ របស់ពួកហ្វូងយក្សកំណាចឈុតខ្មៅស្អីអស់នោះ ខ្ញុំសែនកោតស្ញប់ស្ញែងមនោសញ្ចេតនារបស់គូស្វាមីភរិយាអ្នកស្រីខ្លាំងណាស់ វាជាស្នេហាដ៏ខ្ពង់ខ្ពស់មួយ ជាគំរូនៃវិរភាពមួយ ដែលខ្ញុំ និងប្រហែលមានស្ត្រីឯទៀតផងដែរ បានផ្ដិតជាប់ក្នុងដួងចិត្តជាទីនឹករឭក។

 អ្នកស្រី ពិតជាមានសេចក្ដីក្លាហានណាស់ ដែលបានប្រថុយជីវិត ហ៊ានកាន់ដងប៉ាកកា​ សរសេរអក្សរ ទាំងខេមរភាសា និងភាសាបរទេស នៅលើក្រដាសជាច្រើនសន្លឹក ដើម្បីបង្ហាញចេញនូវឆន្ទៈដ៏មុតស្រួច មិនចុះញ៉មនឹងបដិវត្ដន៍ដ៏ឆ្កួតលីលាប់ របស់ពួកបិសាចផ្ដាច់ការ។ អ្នកស្រី អស្ចារ្យណាស់ ដែលហ៊ានបង្ហាញភក្ដីភាពស្នេហាបរិសុទ្ធចំពោះប្ដីខ្លួន ដោយឥតញញើតនឹងពាក្យថា ខ្មាំង ដែលពួកឈ្លបបិសាច តែងតែ យកទៅកម្ទេចចោល ឥតរលស់ពេល។ អ្នកស្រី បានបន្សល់ទុកនូវ អនុស្សាវរីយ៍ ដ៏មហាសែនក្ដុកក្ដួល រំជួលចិត្តពន់ប្រមាណ ចំពោះអ្នកដែលនៅរស់រានមានជីវិត ក្រោយរបបយង់ឃ្នង អវិជ្ជា នេះ។ អ្នកស្រី គឺជាអ្នកទោសមនសិការ មួយរូប ដែលបានបូជាជីវិតដើម្បីបុព្វហេតុ ជំរុញថាមពលផ្លូវចិត្តដល់ស្ត្រីដទៃផ្សេងទៀតរាប់មិនអស់នៅកម្ពុជា ឱ្យមានសេចក្ដីអង់អាចក្លាហានរហូតដល់ដង្ហើមចុងក្រោយនៃជីវិត។

អ្នកស្រី បុប្ផាណា ជាទីគោរព ជាទីស្រលាញ់អើយ! រឿងរ៉ាវឆាកជីវិតរបស់អ្នកស្រី ហាក់ដូចជាមានសំឡេង មានសម្រែកដ៏កងរំពង ពេញដោយការឈឺចាប់ខ្លាំងម្ល៉េះ! ខ្ញុំអានសំបុត្ររបស់អ្នកស្រី ម្ដងហើយម្ដងទៀត ហាក់មិនអស់ចិត្តទាល់តែសោះ។ ហេតុអ្វី បានជាស្ត្រីបញ្ញវន្ត ដ៏ស្លូតបូត និងរឹងមាំ ប្រកបដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ម្នាក់ មិនអាចទទួលបានសុភមង្គល ក្រោមទង់ក្រហមនៃអង្គការបដិវត្ដន៍ដ៏រុងរឿងនោះផង?

ខ្ញុំជឿជាក់ថា អ្នកស្រី ច្បាស់ជាបានបដិសន្ធិនៅក្នុងទីស្ថានដ៏ឧត្ដុង្គឧត្ដមមួយប្រកបដោយសន្តិភាព ជាមួយនឹងស្វាមីជាទីស្រលាញ់របស់អ្នកស្រីជារៀងរហូត!

ពីខ្ញុំ លឹម វិរិយា

ស្ត្រីខ្មែរមួយរូប