Tag Archives: ស្នេហា

ឈ្មោះចារលើខ្សាច់…

ឈ្មោះចារលើខ្សាច់...

រលកបោកខ្សាច់ផ្តាច់ស្នាមស្នេហ៍ចាស់
ទឹកហូរបញ្ច្រាស់ដាស់ខ្យល់សមុទ្រ
ឈ្មោះបងបីម៉ាត់ដែលអូនចារទុក
មិនទាន់រលុបពីបេះដូងឡើយ។

រលករលេញប្រដេញមិនដាច់
រលាស់គ្រាប់ខ្សាច់ផ្ដាច់ឈ្មោះអូនហើយ
Lim Viriya ដែលបងឆ្លាក់ឲ
ទឹកប្រៃដង្ហោយហូរគ្មានសល់អ្វី។

ឈ្មោះបងអូនបានឆ្លាក់ក្នុងបេះដូង
ប៉ុន្តែឈ្មោះអូនបងឆ្លាក់លើដី
អនុស្សាវរីយ៍ហាក់នៅថ្មីៗ
សមុទ្រសាក្សីរឿងស្រីនិងបង។

ឩ ទឹករលកកុំបោកខ្លាំងពេក
ខ្ញុំស្ទើរដួលដេកឈឺចាប់កន្លង
នៅលើលោកនេះគ្មានអ្នកស្មោះម្ដង
ឈប់គិតឈប់ផ្សងហើយក្នុងជាតិនេះ។
————————————————–
លឹម វីរីយ៉ា, ថ្ងៃអាទិត្យ ១កើត ខែកត្តិក ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

វាលស្រែស្នេហ៍ខ្ញុំ…

វាលស្រែស្នេហ៍ខ្ញុំ...

សម្រស់វាលស្រែ ខែស្រាពណ៍ឆ្នាំម្សាញ់
ទឹកភ្លៀងដក់ពេញ រលេញគុម្តស្រូវ
ធម្មជាតិបៃតង ផ្សងចិត្តប៉ងនៅ
ស្រូបខ្យល់រដូវ ត្រជាក់ដួងចិត្ត។

សម្រស់ស្រុកខ្មែរ ក្បែរដងបុព្វតា
វែងផុតនេត្រា ចាររឿងអឌិត
កាលបងនិងអូន សាងក្បូនស្នេហ៍ពិត
ប្រលោមកាយស្និទ្ធ ក្រោមទឹកសន្សើម។

វាលស្រែវាលស្រូវ ខ្ទមស្បូវរនាប
បងលូកដៃស្ទាប អង្អែលថ្ពាល់ឆ្នើម
វាយោត្រជាក់ ធ្លាក់ឈ្លក់ដង្ហើម
អស្ចារ្យសម្បើម ផ្ដើមស្នេហ៍ថែចង។

សម្លឹងមើលមេឃ ផ្លេកបន្ទោព្រាក
ភ្ញាក់ខ្លួនស្ទុះងាក ក្រសោបអោបបង
នឹកឡើងសែនខ្មាស់ កំពិសក្តាមខ្យង
ហិចហែលត្រសង ចងចិត្តម្ចាស់ថ្លៃ។

សម្រស់ស្រុកខ្មែរ វាលស្រែជើងភ្នំ
ផ្គរលាន់រងំ ប្រគំយប់ថ្ងៃ
ភិរុណបង្អុរ ជោគដួងហឫទ័យ
ថ្ងៃស្អែកថ្ងៃថ្មី យើងជួបគ្នាទេ?

——————————
ដោយ លឹម វីរីយ៉ា
សៀមរាប, ថ្ងៃទី ៣១ កក្កដា ឆ្នាំ២០១៣