Tag Archives: សោកសៅ

យប់ភ្លៀងគ្មានផ្គរ

ក្រវេក្រវោ អត់ខ្សែក្រវ៉ាត់
លោកខែបាំងឆ័ត្រ អត់ផ្កាយកំដរ
ពពកពេលយប់ ជប់ភ្លៀងគ្មានផ្គរ
ស្រីឆោមឆើតឈរ ប្ដូរស្នាមញញឹម

រាត្រីសុវត្ថិ បាត់សៀងចង្រិត
ធ្លាប់ច្រៀងកៀកកិត ស្និទ្ធឡើងរហ៊ឹម
យប់យន់ត្រជាក់ ធ្លាក់ដល់ព្រលឹម
នាងមានសង្ឃឹម ផ្ទឹមដោយចិត្តស្មោះ

ដោយ លឹម វីរីយ៉ា

viriya_lim

បេះដូងឯកា

បេះដូងឯកា

សំលឹងមើលមេឃ យល់មេឃងងឹត
តារាជុំជិតអែបអង់ចន្រ្ទា
ផែនដីតែមួយរស្មីចែកគ្នា
បំភ្លឺពសុធាពេលគ្មានសុរិយន័។

សម្លឹងខ្លួនឯងយល់ភាពឯកា
មិនមាននរណានៅក្បែរដូចចន្ទ្រ
បើអាចសុំបានមេឃមិនប្រកាន់
តារាលានពាន់ មួយគ្រាន់ជាគ្នា។

ចង់ឲ្យគេម្នាក់មកស្តាប់បេះដូង
កាន់ដៃសាសងផ្តោះផ្តងវាចារ
ផ្តល់កម្លាំងចិត្តលុះអស់សង្ខា
ដូចដួងតារាមិនដែលឃ្លាតចន្ទ្រ។

ពាក្យបីម៉ាត់សោះហាស្តីមិនរួច
ទ្រាំលាក់កំនួចបៀមទុកក្នុងចិត្ត
ចង់ស្រែកសារភាពឲ្យគេអាណិត
ទម្លាយការពិតឲ្យអស់ហ្មងសៅ។

លឹម វីរីយ៉ា
សៀមរាបថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៣