បទ៨ព្យាង្គ
ព្រះអង្គ!
បើសោយបាយមាន់ កុំចោលគូទវា
បើសោយបាយទា កុំភ្លេចទឹកសៀង
បើសោយបុកល្ហុង កុំភ្លេចត្រួយល្ងៀង
សោយឆ្អែតចង់ច្រៀង កុំឮក្រៅវាំង។
បើសោយបាយឆា កុំភ្លេចតែក្ដៅ
បើសោយញាំស្ដៅ កុំភ្លេចត្រួយរាំង
បើសោយខគោ កុំភ្លេចទំពាំង
ឫស្សីក្រៅវាំង កុំភ្លេចដាំផង។
បើសោយនំប៉័ង កុំភ្លេចប្រហុក
បើសោយហហ្មុក កុំភ្លេចក្ដាមខ្យង
បើសោយត្រីដុត កុំភ្លេចអង្ក្រង
សួនក្នុងរបង ប្រយ័ត្នវល្លិ៍ខ្ញែរ។
បើសោយគុយទាវ កុំភ្លេចប៉ែនចុក
សោយបាយម្ចាស់ស្រុក កុំភ្លេចអ្នកស្រែ
ដាក់ឈ្មោះកូនចៅ កុំភ្លេចឈ្មោះខ្មែរ
ទើបយើងអាចថែ ជាតិខ្មែរខ្លាំងបាន។
———-
បទព្រហ្មគីតិ
ព្រះអង្គចូរកុំភ្លេច
ស្រែខាងលិច គេទន្ទ្រាន
រាស្ត្រយើងកំពុងឃ្លាន
គេឈ្លានពាន ដឹកស្រូវចេញ។
រីឯស្រែខាងកើត
អ្នកចូលអើត ផ្តើតទន្ទេញ
ចូលមកចម្លងម្រេញ
ឆ្លងពាសពេញ ដែនបូព៌ា។
រាស្ត្រយើងចាកចោលស្រុក
ឆ្ងាយក្ដីសុខ រស់គ្រាំគ្រា
ឆីបាយឥតស្លាបព្រា
ទុក្ខវេទនា ជាអាហារ។
រាស្ត្រយើងកំពុងទ័ល
ឥតដែលស្គាល់ ក្ដីសុខា
បាត់ដីស្រែចម្ការ
គេបោះត្រា ដូរម្ចាស់ដើម។
មន្ត្រីខ្លះក្បាលខូច
រស់ប្រៀបដូច បិសាចឆ្នើម
បន្លំលបស៊ីថ្លើម
រលួយហើម ពាសនគរ។
————-
បទកាកគតិ
ព្រះអង្គយាងទត មើលសម្បុកខ្មូត
តាមធ្នឹមអង្គរ ដួងព្រលឹងជាតិ
ចង្អៀតពុទ្ធោ អ្នកឆ្មាំស៊ីជោរ
បន្ទរក្បួនខុស។
ព្រះអង្គយាងស្ដាប់ សំឡេងឈឺចាប់
រាស្ត្រយើងប្រាប់ចុះ ថ្លែងសារពិតទូល
ដីផុងដីស្លុះ អ្នកណាត្រូវខុស
គ្មានអ្នកការពារ។
ព្រះអង្គយាងយាស ឱ្យពាល់ដល់រាស្ត្រ
ច្បាស់នឹងដឹងគ្នា មន្ត្រីណាខូច
មួយណាល្អជា រាស្ត្ររងវេទនា
ជារឿងត្រូវខ្វល់។
ព្រះអង្គយាងគិត ទៅទតឱ្យជិត
រឿងពិតឥតកល កុំភ្លេចក្បួនប្រាជ្ញ
ជួយដោះបន្ទាល់ គឺប៉ះឱ្យដល់
ពាល់ឱ្យដឹងផ្លូវ។
———
បទភុជង្គលីលា
ព្រះអង្គ! បើសោយក្រយា កុំភ្លេចនឹកថា អ្នកណាដាំស្រូវ។
ស្រែខ្មុកនៅស្រុកម៉ែឪ វស្សានរដូវ រណ្ដំជាំជោក។
ខំប្រឹងដាំដុះគរគោក តែបាយមួយស្ពក រកដោយពិបាក។
ព្រោះសងបំណុលឥតស្រាក ជីវិតតោកយ៉ាក គេខាកគេស្ដោះ។
ទឹកភ្នែករែកមិនពេញសោះ ហូរចេញឡើងខ្សោះ ស្ទើរខ្វាក់នេត្រា។
អ្នកក្រស្រែកបន់ទេព្ដា សំឡេងឥតការណ៍ រំពងមិនឮ។
ដេកយប់បារម្ភមេឃភ្លឺ ថ្ងៃរះព្រួចព្រឺ ភ័យខ្លាចអត់បាយ។
ជំពាក់រុំកោះជិតឆ្ងាយ បំណុលស្រោបកាយ ក្លាយត្រីវិស័យ។
ចង្អុលទិសណាក៏ក្ស័យ បន់យប់បន់ថ្ងៃ សូមត្រឹមតែរស់។
ព្រះអង្គជាស្ដេចពេញយស មានងារពីរោះ ឈ្មោះល្បីខ្ទ័រខ្ទារ។
សូមកុំទុករាស្ត្រប្រជា ឱ្យរស់គ្រាំគ្រា វេទនាទៀតថ្វី។
នគរថ្កើងប្រជាប្រិយ លុះត្រាប្រុសស្រី មានសិរីថ្កាន។
អំណាចព្រះអង្គប៉ុន្មាន បើរាស្ត្រក្ស័យប្រាណ បានអ្នកណាទ្រ?
ច្នេះហើយ មេត្ដាផ្លាស់ប្ដូរ គ្រោងការណ៍នគរ យករាស្ត្រផ្ចិតផ្ចង់។
ជីវិតខ្លីណាស់ ព្រះអង្គ! ឈើវៀចឈើត្រង់ គង់តែឆេះសុស។
ជីវិតមានត្រូវមានខុស ចុងក្រោយចំណុះ ឱនមុខយមបាល។
សូមកម្ពុជាកណ្ដាល រក្សាក្រាស់ក្រាល ដោយថ្នាលសន្តិ។
លឹម វិរិយា
ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែមេសា គ.ស. ២០២៣

