Tag Archives: វីរីយ៉ា

មើលឃើញកោះត្រល់ពីកំពូលភ្នំ

សម្លឹងទៅឆ្ងាយស្ដាយស្រណោះ មើលឃើញដីកោះស្រស់ញញឹម
គេយកទៅអស់ខ្សោះសង្ឃឹម ឈឺចិត្តគ្មានផ្ទឹមបានត្រឹមនឹក។

ឈរពីលើភ្នំខ្ពស់ហួសមេឃ ទេសភាពល្អពេកត្រេករឭក
មើលឃើញកោះត្រល់ខ្វល់សន្ធឹក បេះដូងញ័រក្អឹកភ្លឹកស្ទើរក្ស័យ។

សូមនៅបានសុខស្រណុកចិត្ត កុំបីរិបរិតឆ្អិតអាល័យ
ដីខ្មែរកណ្ដាលមិនជាថ្វី សន្តិរាល់ថ្ងៃថ្លៃឥតទាស់ :p

យ៉ាងយូរឆ្នាំក្រោយខ្ញុំនឹងទៅ ឈានដល់លំនៅដីម្ចាស់កោះ
សុខទុក្ខយ៉ាងណាឬក្រៀមក្រោះ? ណ្ហើយ! ឈប់អាឡោះសោះនឹងឈឺ។

_____

ដោយ លឹម វីរីយ៉ា

IMG_4046.JPG

 

ទំនួញទ្រខ្មែរ

I. ទំនួញទ្រខ្មែរញ័រខ្សែទាំងបី កូតដោយដៃស្រី បំពេរហឫទ័យម្ចាស់ចិត្ត ទឹកខ្មៅកវី រឿងពីអតីត គេច្រៀងប្រឌិតទេបង។
II. កាលគេងកើយភ្លៅរស់នៅស្រុកស្រែ ទឹកភ្នែកឥតល្ហែ នឿយចិត្តចង់តែរត់ផង ជើងពានផ្កាស្លាអំបោះចំណង ភ្លើងទៀនអូនផ្សងលែងឆេះ។
R. ឥលូវស្នាមក្ដិចបាត់ឈឺ ស្នាមថើបទៀបភ្លឺ ឌឺដងរលេះ លេបក្រួសព្រួសភ្លើងសូមឆ្លើយមិនចេះ ខ្សែទ្រអូនដាច់ប្រេះ សូមស្លេះនិទានរឿងចាស់។
III. សុរិយាបាំងភ្នំទោចយំឆ្លងជ្រោះ រឿងកន្លងហួស ថ្ងៃថ្មីចូលជួសល្អណាស់ ស្ពានថ្មឆ្លងស្នេហ៍នៅតែស្រឡះ គ្មានថ្ងៃភ្លេចម្ចាស់ទ្រខ្មែរ។
____
ច្រៀងតាមទំនុកភ្លេងដើម “ទំនួញទ្រខ្មែរ”
ដោយ លឹម វីរីយ៉ា កវីខ្វះទីផ្សារព្រោះចាស់ហួសដឺឡេ។

(សូមអភ័យទោសដោយរូបភាពភ្ជាប់ជាមួយជារូបទ្រអ៊ូ ខ្សែ២)

ទ្រអ៊ូ

អង្គរក្សក្មេង

អង្គរក្សវ័យក្មេងទាំងពីរនាក់
រូបរាងសមសក្ដិស្ម័គ្រការពារ
អាចពឹងពរបានគ្រប់វេលា
ទោះក្ដៅរងាមិនហ៊ានត្អូញ។

សូមអរគុណច្រើនក្រើនរំឭក
ពរម៉ាសន្ធឹកដឹកឱ្យប្អូន
ថែមម៉ាយន្តហោះចែក-ត-កូន
សណ្ដោងដូចក្បូនជូនមង្គល។

បើបានឃើញហើយឆ្លើយបីម៉ាត់
សាធុ ស្ងាត់ៗ ខ្ចាត់កង្វល់
ពីថ្ងៃនេះទៅជោគជ័យដល់
ឈ្នះដោយគ្មានកលសល់តែសុខ។

អង្គរក្ស

ដេកមិនលក់…

ដេកមិនលក់ ភ្នក់ចង់ងើប ទើបបើកភ្នែក
មួយស្រឡេត ឆេតទៅគេ? ទេកុំអី!
ដេកទៅវិញ ដេញតែមូស ធ្លុះរាត្រី
ព្រោះពីថ្ងៃ ដៃមិនស្ងៀម ត្រៀមកាហ្វេ។

យប់ក៏ជ្រៅ ឥលូវត្រជាក់ ធ្លាក់សន្សើម
ដកដង្ហើម ផ្ដើមឮវែង គេងនឹកគេ
ចង់ស្ដីរក យកដំណឹង តឹងម្លេះទេ
ឫក្សចុងខែ ក្បែរមិនបាន ចានក៏បែក។

ឱ! ស្នេហា ហារវាស្លាក់ ចាក់អណ្ដាត
មានមិនខាត ស្អាតគេកោត ឆោតមិនប្លែក
ចំណេញមួយ ព្រួយមិនដល់ ខ្វល់មិនរែក
គឺតួឯក ហែកដួងចិត្ត ស្និតដៃថែរ។

ឱ! ស្នេហា ចារឱ្យជួប ផ្គួបតែកម្ម
រយខែឆ្នាំ ចាំតែឌឺ ឈឺឥតល្ហែ
តែមិនថ្វី ស្រីមានកូន អូនជាម៉ែ
បងចង់ក្បែរ តែចង់ឡូយ ធ្លោយមិនបាន។

នឹកប្រុសតូច ដូចព្រលឹង ពឹងរូបរស់
ប្រុសធំខ្ពស់ ហួសនិស្ស័យ ថ្លៃរំខាន
ណ្ហើយឈប់គិត ខិតបេះដូង គ្រោងថ្មើរម៉ាន
ថែមិនបាន ក្សាន្តនឹងកូន អូនក៏សុខ។

១១១

សកវាទ៍ចម្រុះ

សកវាទ៍ ផ្កាចន្ធូ នៅ BBU ជំនាន់១៣

សកវាទ៍ ផ្កាចំប៉ី ជំនាន់១៣ នៃឆ្នាំទី២

សកវាទ៍ ផ្កាលីលី ក្នុងឆ្នាំទី២ ឆមាសទី១

សកវាទ៍ ផ្កាកំពីងពួយ ឆមាសទី១ ជួយចប់អស់ហើយ

សកវាទ៍ ផ្កាកន្ត្រើយ មិនទាន់បានស្បើយ នៅឡើយ២ក្រុម

សកវាទ៍ ផ្កាម្រុំ នៅសល់២ក្រុម វេនយប់ទាំងអស់

សកវាទ៍ ផ្កាប៉េងប៉ោះ អាល័យអាឡោះ ដោះស្រាយសែនតឹង

សកវាទ៍ ផ្កាកំភ្លឹង មួយឆមាសហ្នឹង តឹងទ្រូងចង់ស្ទះ

សកវាទ៍ ផ្កាម្រះ ខំរៀនទើបឈ្នះ ហៅអ្នកពូកែ

សកវាទ៍ ផ្កាស្រងែ អ្នកឈ្នះមានស្នេហ៍ បានក្បែរសក្ដិធំ

សកវាទ៍ ផ្កាចេកទុំ ក្រអូបឈ្ងុយងំ ស្រូបមិនជិនណាយ

សកវាទ៍ ផ្កាសារាយ ត្រសុំត្រសាយ ខ្ចាយឈ្មោះគេកោត

សកវាទ៍ ផ្កាដើមត្នោត រសផ្អែមទៀតសោត ក្រេបមួយជីវិត។

IMG_3329-Text on Board

ល្បើកស្នេហ៍ខ្ញុំ

ធ្លាប់ញញឹម ប្រិមប្រិយជាប់ គាប់ចិត្តបង
គ្រានេះម្ដង ល្បងធ្វើមុខ ទុក្ខក្រៀមក្រំ
ខ្ពើមញញឹម ស្រឹមបន្តិច ក្ដិចអារម្មណ៍
អាចបន្លំ ខំបន្លប់ ចប់មិនសូន្យ។

មុខប៉ុណ្ណឹង ដឹងឬនៅ? ព្រៅមិនយូរ
បងរអ៊ូ ធូរតែឯង ក្រែងតែអូន
ក្ដក់មួយម៉ាត់ ស្ងាត់មួយម៉ោង តោងរយោង
សាររាប់ផ្លូន អូនរាប់ភ្លេច ធ្មេចមិនខ្វល់។

កុំសូវហ៊ាន! មានគេបន់ ជាន់បន្ថែម
ថ្វាយសាច់ក្លែម ថែមអ្នកតា ប្រាថ្នាស្គាល់
ហ៊ានតែទៅ ពៅកើតទុក្ខ ស្មុគ្រអំពល់
ច្បាស់ច្របល់ ទាល់គំនិត ខិតមកវិញ។

ណ្ហើយកុំឡូយ! ធ្លោយជាជួប រួបរឹតហើយ
ធ្វើកន្តើយ ស្បើយកន្ទេល ពេលកន្ទេញ
តិចស្ដាយក្រោយ ឱ្យទៅហើយ ឆ្លើយមកវិញ
ដេកទន្ទេញ ចេញតែស័ព្ទ ប្រាប់ថានឹក។

ឈ្មោះរីយ៉ា ចារឱ្យជាប់ គាប់បេះដូង
ស្រស់បំព្រង ជ្រោងដោយយស ជួសធាតុទឹក
អស់ទាំងគេ ជ្រេចង់ស្នេហ៍ ក្បែរល្ងាចព្រឹក
បើឈប់ផឹក ដឹកដៃអូន កូនក៏អរ។
______

ចប់ល្បើកស្នេហា
ឆ្លងតាមអក្ខរា
វោហារជាប់ទង
មិនសូវក្បោះក្បាយ
បានរូបថតយោង
អញ្ជើញញាតិបងប្អូន
មើលម៉ាសេរី។
——–
ដោយ៖ លឹម វីរីយ៉ា

12669719_10207341629715414_8539819751171583268_n

មិត្តចាស់ខ្ញុំ

មិត្តចាស់ផ្លាស់ស្បែកចែកសម្រស់

ម្នាក់ៗអស់ទាស់ស្រស់គន់ភ្លឹក

បែកគ្នាពេលវែងរែងរឭក

ពេលខ្លីរអឹកនឹកជួបម្ដង។

 

សម្លាញ់មុខក្លឹង “ខោល វាសនា”

ជួបខែវិច្ឆិកាឆ្នាំកន្លង

ជជែកជាធ្នាក់ទាក់សាសង

មានភរិយាផងថែមកូនពីរ។

 

ពួកម៉ាកថ្ពាល់ខួច “ថុង សំបូរ”

ជួបគ្នាហែហូរប្រូវក់វី

ពួកយើងមានកូនសុទ្ធម្នាក់ពីរ

ខ្ញុំប្រុសទាំងទ្វី រីឯងស្រី។

 

ម្នាក់ទៀតពាន់ឆ្នាំទើបជួបម្ដង

ចាំមិនរំលងប៉ិនសម្ដី

គឺ “គង់ សាវេត” ប្រជាប្រិយ

រស់លើផែនដីនៅឡើយទេ។

 

សូមស្លេះត្រឹមនេះក្រែងគេដេញ

ទ្រលាន់ជូរជ្រេញនាំខ្មាសគេ

តើមានមិត្តផ្សេងណាទំនេរ?

ថ្ងៃហូលីដេយ៍ តេមកលេងផង!!!

១១១១១

ខ្ទមស្រែ

ខ្ទមស្រែឥតស្រូវនៅស្រះស្រង់
ភ្ញៀវឲ្យរហង់ចង់ទៅលេង
ញ៉ាំបាយស្លឹកចេកថៅកែក្មេង
ព្រោកប្រាជ្ញបន្លែងចែងចរចា។

ខ្ទមស្រែក្បែរទឹកនឹកដល់បង
១ខែកន្លងដើមវិច្ឆិកា
កាលនោះជួបគ្នាសាងស្នេហា
ផ្អើលអស់បក្សាលើចុងស្វាយ។

ខ្ទមស្រែម្ហូបស្រុកបុកលាយម្ទេស
ហឹរឡើងចង់ឆេះប្រេះក្រហាយ
ម្ទេសខ្មាំងអ្នកស្រុកញ៉ាំលាយបាយ
អស់លុយមិនស្ដាយព្រោះបាយឆ្ងាញ់។

ខ្ទមស្រែម្ចាស់ប្រុសច្រមុះប៉ោង
ភ្នែកលឹបបាត់ក្ដោងសក់អង្កាញ់
សម្បុរស្រអែមមាឌចុកខ្លាញ់
ស្រីតាមស្រលាញ់ផ្អើលពេញភូមិ។

សូមអញ្ជើញជាវសេវាគាត់
មានមាន់គន្ធាត់ដុតទឹកឃ្មុំ
អង្ករសម្រូបអប់ក្ដៅងំ
ស្លឹកចេកខ្ចប់រុំម៉ូដមិនស៊ាំ។

បើចង់ទៅលេងសូមកក់ទុក
ទូរសព្ទ័នាំមុខសូន្យដប់ប្រាំ
សាមបី សែបួន សូត្រហើយផ្ដាំ
លេខក្រោយឲ្យចាំ កៅប្រាំមួយ។

——

ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ គ.ស ២០១៥

IMG_1353

បណ្ដាំគ្រូម៉ាឃីតធីង

ថ្ងៃនេះមេរៀនចុងក្រោយ
គ្រូប្រាប់ឲ្យហើយកុំឡើយភ្លេចភ្លាំង
រកស៊ីប្រជែងប្រណាំង
ប្រយុទ្ធតតាំងប្រើធម៌ដាក់មុខ។
រូបមន្ដគ្រូតាក់តែងទុក
សិស្សឆ្លាតបំផុតទាញប្រាក់ចំណេញ
ចង់មានប្រើល្បិចកាច់កិន
ប្រសព្វហើយប៉ិនបូករួមសីលធម៌។
នឹងបានមានឈ្មោះល្បីខ្ទ័រ
អ្នកស្រុកត្រេកអរមូលមីររាប់អាន
មិត្តភាពរីកច្រើនប៉ុន្មាន
រាលដាលស្មើបានលាភមាសលាភប្រាក់។
ថ្ងៃក្រោយខ្ពស់ដោយ យសសក្ដិ
កុំភ្លេចសច្ចៈឥរិយាទៀងត្រង់
ឃើញខុសហ៊ានពត់តម្រង់
កុំនៅបង្អង់អាចបង់ប្រយោជន៍។
អែបអបនាំតែខ្មាសខ្មោច
កេរ្ដិ៍ឈ្មោះអសោចក្លិនស្អុយច្រាសខ្យល់
មនុស្សលោកលាក់ពុតមានកល
គង់ធ្លាយជ្រាបដល់ត្រចៀកអ្នកតា។
អួតអាងច្រើនចាញ់អាត្មា់
គង់មានទេវតាតាមផ្ចាញ់អុកគូទ
ច្នោះហើយពោលពាក្យកុំភូត
ភរច្រើនខូចពូជគេអស់ជំនឿ។
រកស៊ីអ្នកទិញឈប់ជឿ
អស់ឫកអីអឿ
ទើបជឿពាក្យគ្រូ!… “អើ មែន!”
(ចប់ល្បើកបណ្ដាំគ្រូម៉ាឃីតធីង)
———–
លឹម វីរីយ៉ា
សៀមរាប, ថ្ងៃអាទិត្យ ១១រោច ខែកត្ដិក ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស ២០១៥
IMG_1831 + Sam Aun (Ads)

អនុស្សាវរីយ៍ជំនាន់ទី១១

គ្មានអ្វីនឹងថ្លែងចែងរ៉ាយរ៉ាប់
តាមពិតចង់ប្រាប់ស្ដាប់ឲ្យបាន
ស្ដីថាប្រដៅទាំងប៉ុន្មាន
ព្រោះស្នេហ៍ប្រៀបបានដូចប្អូនបង។
 
ហេតុចង់ឲ្យល្អទើបបន្ទោស
សូមកុំទ្រគោះនាំសៅហ្មង
គិតហើយសញ្ជឹងគ្រានេះម្ដង
អាក្រក់ល្អផងត្រូវតែស៊ូ។
 
ចេះពីខំរៀនមានពីខំរក
រស់នៅក្នុងលោកកុំមូទូ
មនុស្សបរាជយ័ប៉ិនរអ៊ូ
អ្នកខំតស៊ូគ្រូឲ្យពរ។
 
ជីវិតនៃមនុស្សដូចឆាកល្ខោន
ទុក្ខធ្ងន់មួយតោនដូចល្ខោនភរ
សំណើចក្អាកក្អាយក្លាយជាផ្គរ
រន្ទះខ្ទារខ្ទ័រ ប្ដូរឥន្ទធនូ។
 
មុនឃ្លាតគ្នាទៅទាំងអាល័យ
សូមនឹកដល់ថ្ងៃសិស្សនិងគ្រូ
មួយឆាកជីវិតមិនដែលធូរ
ភ្លក្សតែរសជូរចត់ដូចស្លែង។
 
សូមជូនពរជយ័ពីចម្ងាយ
សូមសុខសប្បាយឆ្ងាយចំបែង
ជំពប់យសសក្ដិដេញប្រឡែង
ជំពើបតំណែងខ្ពស់ហួសមេឃ។
———-
សៀមរាប, ថ្ងៃអាទិត្យ ១១រោច ខែកត្ដិក ឆ្នាំ មមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស ២០១៥
IMG_1906​ (Ads)