Tag Archives: វីរីយ៉ា

សុបិនអាក្រក់

យប់ប្រាំមួយរោច ដូចបាត់ផែនដី

មេឃចាស់ចន្ទថ្មី  គ្មានន័យសោះឡើយ

ចង់ដៀលហ្វូងផ្កាយ តែឆ្ងាយឥតត្រើយ

ព្យុះភ្លៀងគ្មានល្ហើយ កើយទុក្ខឥតល្ហែ។

 

យប់ថ្ងៃព្រហស្បតិ៍  ខ្សោះអស់ព្រលឹង

ទឹកភ្នែកថ្មើរហ្នឹង ខឹងនឹងព្រះខែ

មេឃខ្វះពន្លឺ ម្ដេចមិនជួយថែ

ព្រះសុរិយាដែរ សុទ្ធតែមានស្នៀត។

 

បើស្អែកថ្ងៃរះ  ជះដួងឆព្វណ្ណ

បើស្អែកក្រោកទាន់ គ្រាន់អាចរស់ទៀត

កំដរទ្វីបលោក ស្មោកគ្រោកចោលម្សៀត

ខ្ពើមចង់រស់បៀត  ចង់ឃ្លាតមនុស្សក្បត់។

 

ចង់ស្រែកឲ្យខ្លាំង ប្រណាំងផ្គរលាន់

ចង់ហោះលែងជាន់ ផែនដីគម្រក់

ចង់ប្ដឹងសមុទ្រ ឲ្យស្រុតនរក

ម្នឹះសត្វលង់លក់ ឈ្លក់ក្នុងសុបិន។

លឹម វីរីយ៉ា-Viriya Lim

ដោយ លឹម វីរីយ៉ា

សៀមរាប រាត្រីព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា គ.ស ២០១៦

អង្កាល់ខ្ញុំនៅរៀន

(បទពាក្យរណ្ដំ ឬ បទជាប់ទង)

ចង់រ៉ាយរ៉ាប់ ប្រាប់រឿងមួយ ជួយគិតផង
រឿងកន្លង ចងអារម្មណ៍ ផ្សំចរិត
កាលពីតូច ដូចកុមារ ថ្លាគំនិត
រិះរេគិត ចិត្តចង់រៀន ហ៊ានរកគ្រូ។

ឆ្នាំកៅបី ស្រីនៅក្មេង លេងហើយរៀន
លុយក៏គ្មាន មានតែខ្លួន ជួនរអ៊ូ
សែនលំបាក ចាកពីផ្ទះ ស្ទះដូចលូ
វាមិនធូរ គូរមុនគិត ចិត្តហានក្លា។

ផ្ដើមសន្សំ ខំទុកដាក់ ម្កាក់ម៉ាសេន
ចង់ពិតមែន គេងរកនឹក ភ្លឹកមហា
ប៉ងចង់ចេះ ច្នេះត្រូវស៊ូ គ្រូឯណា?
នៅម្ដុំផ្សារ ហារសួគេ ជ្រេចូលថ្នាក់។

បាន១ឆ្នាំ ចាំមិនភ្លេច លេចបែកការណ៍
ម៉ាក់និងប៉ា ថាហួសចិត្ត គិតឡើងស្លាក់
សួរហេតុអី ថីបានលាក់ ស្ទាក់ចិត្តម៉ាក់?
រៀនក្នុងថ្នាក់ ដាក់អារម្មណ៍ ខំតែភ័យ!

ក៏រ៉ាយរ៉ាប់ ប្រាប់តាមត្រង់ ផ្ចង់ពិនិត្យ

ពោលពាក្យពិត ដិតដោយឡែក ហែករកន័យ

ថាកូនព្រួយ មួយទិវា ហៀហូរក្រៃ

ម្ដេចមិនលៃ ច្នៃអ្វីផ្សេង ក្រែងចំណេញ។

 

សែនឆោតនុះ ហួសនឹងចែង ថ្លែងខុសគេ

រៀនឥតល្ហែ បែជាខ្លាច អាចទុក្ខម្នេញ

ព្រោះចាយប្រាក់ ហាក់នៅខ្សត់ ហត់ឡើងល្មេញ

ស៊ូប្រដេញ ចេញសោហ៊ុយ លុយសន្សំ។

 

ប្រាំរយម្ង៉ៃ ច្នៃក្រោមខ្នើយ កើយរងកម្ម

ដាច់ខែផ្ដាំ ចាំតែផ្គាប់ រាប់ឡើងហំ

គ្រប់ចំនួន ជួនក៏ខ្វះ ប្រវាស់គេផ្សំ

ទោះក្រៀមក្រំ ខំតែរៀន ឃ្លានចំណេះ។

 

ប៉ាម៉ាក់ស្ដាប់ ចាប់ដួងចិត្ត អាណិតកូន

ថាបើសូន្យ ក្បូនជីវិត ពិតរឡេះ

ទាញដៃវឹង សម្លឹងទៅ ផ្លូវក្បែរផ្ទះ

ហើយរូតរះ ជះលុយប្រាវ ប៉ាវថ្នាក់ថ្មី។

 

ជូនទៅរៀន គ្មានអល់អែក ហែកវេលា

បណ្ណាគារ ហៀហូរលក់ ទក់សម្ដី

ទិញមួយក្បាល ក្រាលគ្របបើក ផ្ដើកថ្មីៗ

ឌីហ្សិននែរ៍ ខ្លី ស្រីលួចប៉ង ផ្សងជាយូរ។

 

បានសៀវភៅ នៅមិនសុខ ស្រណុកសោះ

អារម្មណ៍ហោះ ផ្លោះទៅលើ ស្លឺផុតលូ

រំភើបពេក ដេកមិនលក់ ជក់គិតគូរ

វក់រមូរ ស៊ូឡើងខ្ទេច គ្រេចកែវភ្នែក។

img1458704552988

(បទភុជង្គលីលា)

និយាយពីរឿងសៀវភៅ ជក់ប្រើពេកទៅដូចហៅថាញៀន

រីករាយសប្បាយភ្លេចឃ្លាន បាយម្ហូបត្រីចៀនគ្មាននឹកនាដល់

ភ្លេចអស់ទុក្ខសោកអំពល់ បកប្រែគ្មានសល់សៀវភៅមេរៀន

រួចហើយកត់ដាក់ក្ដាខៀន ទំនេរឆ្លៀតប្រៀនបង្រៀនខ្លួនឯង

ទន្ទេញយកចាំគ្មានក្រែង ឡែតៗបែកផ្សែង គ្មានក្រែងនរណា

ប្រើប្រាស់យ៉ាងឥតមេត្តា សៀវភៅឈឺផ្សាររហែករយ៉ៃ

បិទស្កុតថែមកាវអាថ្លៃ គ្មានត្រាប្រណីបើកឆែក តទៀត

ប៉ិនភ្លេចព្យញ្ជនៈចង្អៀត មិនចេះអស់ស្នៀត ត្បៀត ដូយចេញក្រៅ (សូមមើលរូប)

តស៊ូមិនឲ្យខ្លួនខ្លៅ ស៊ូខ្ទេចសៀវភៅ យើងនៅរុងរឿង

នេះហើយអ្នករៀនចិត្តសឿង ជីវិតមិនគឿង គ្រឿងផ្សំឲ្យឈ្នះ

ចែកជូនអ្នកពោលថាស្ទះ សូមអ្នករូតរះប្ដូរផ្លូវគំនិត

បើសិនជាអ្នកធ្លាប់គិត ថា ឱ! ជីវិតអញម្ដេចអភ័ព្វ?

អីចឹងសូមចាំឲ្យជាប់ កំសត់ឬភ័ព្វ ភ្ជាប់ពីនិស្ស័យ

បើអ្នកកំជិលអាំងថ្ងៃ រអ៊ូលុះក្ស័យក៏គ្មានអ្នកជួយ

មនុស្សយើងខួរក្បាលតែមួយ ព្រះដែលអាចស្ទួយគឺជួយខ្លួនឯង

សូមឈប់ដើរស្រែកក្ដែងៗ បន្ទោសគេឯងក្រែងក្មេងវាចាប់ (ចាប់កំហុស)

ដើរតួឲ្យវាចំណាប់ រស់ឲ្យគេត្រាប់ ស្លាប់ឲ្យគេស្ដាយ!

បើខ្ជិល ស៊ូនៅនឹងម្ដាយ បម្រើម្ហូបបាយ ចាយពេលថែទាំ

ល្អជាងចេញដើរទន្ទ្រាំ រុករានបន្លំ សន្សំរឿងក្ដៅ

មនុស្សលោកទោះបីល្ងង់ខ្លៅ ឲ្យតែស្លូតទៅ គង់គេអាណិត

តែបើខ្លៅហើយខ្មៅចិត្ត  ទោះព្រះសណ្ឋិតគង់ជួយមិនបាន!

រឿងរ៉ាវបរិយាយប៉ុន្មាន សូមប្រៀបស្មើបានគតិជីវិត

បួងសួងសូមបារមីពិត វត្ថុសក្ដិសិទ្ធិតាមថែរក្សា

មនុស្សលោកលើដែនចក្កវាឡ ជីវិតភ្លឺថ្លាក្រោមម្លប់សន្តិ។

_____

រក្សាសិទ្ធិដោយ លឹម វីរីយ៉ា

សរសេរនៅសៀមរាប

ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា គ.ស ២០១៦

 

អ្នកស្នេហាជាតិ

បើស្នេហាជាតិត្រូវខំរៀន

កសាងធនធានមានបញ្ញា

សង្គ្រោះប្រទេសផុតទុក្ខា

តាមក្បួនតម្រាចារដោយព្រះ!

___

រក្សាសិទ្ធិដោយ លឹម វីរីយ៉ា

Lim Viriya's Quote in Khmer

គប់មិត្តមិនល្អ ក្រខ្លួន

Viriya Lim Quote

ចូរចាំផ្ដាំត ពេលខ្លះយើងល្អ ក៏គេមិនរាប់

ព្រោះហេតុយើងដើរ ចូលមនុស្សមិនគាប់

គេខ្លាចមានជាប់ មារយាទដូចគ្នា។

_____

រក្សាសិទ្ធិដោយ លឹម វីរីយ៉ា

ពាក្យពិតច្រើនចត់

Viriya Quote 2016

ពាក្យពិតច្រើនចត់ ច្រើនធ្ងន់សង្កត់ ព្រលាត់រឿងគេ

មនុស្សដែលមានខ្លួន មិនចង់ឮទេ ទុកមាត់ទំនេរ សូត្រមេរៀនវិញ។

——–

រក្សាសិទ្ធិដោយ លឹម វីរីយ៉ា

ផ្ការាជខែចេត្រ

លឿងរាជខែចេត្ររីកនៅស្រុកខ្មែរ   គន់ហើយជាប់ស្នេហ៍ដកចិត្តមិនរួច

លឿងរាជចោលក្លិនសេកសោមបូលហួច   សារិកាអរព្រួចលួចស្រូបគន្ធា។

 

ផ្ការាជរីកល្អ អបអរចូលឆ្នាំ   អ្នកស្រុកចំណាំផ្ដាំតៗគ្នា

លឿងរាជស្រុកខ្មែរស្រស់ស្អាតរមនា   រំចេក-ក្ដាំងងា គង់ប្រៀបមិនបាន។

 

រាជអ៊ើយកុំរោយ ធ្លោយចិត្តអាល័យ   សូមចាំដល់ថ្ងៃ ចប់បុណ្យសង្ក្រាន្ត

ទុកគ្រាន់ស្វាគមន៍ ទេសចរគ្រប់ប្រាណ   បានគន់កុំខាន សម្រាន្តចិន្តា។

 

ឱ! លឿងរាជអ៊ើយ សូមឆ្លើយបានទេ?   ឆ្នាំនេះម្ចាស់ស្នេហ៍ខ្ញុំនៅឯណា?

ស្ងាត់ឈឹងយូរហើយចាំភ្នែកឡើងផ្សា   ចាំលុះមរណា នាដីអង្គរ។

IMG_3177_New Color

លឹម វីរីយ៉ា,

សៀមរាប – ថ្ងៃព្រហស្បត្តិ៍ ១កើត ខែចេត្រ ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា គ.ស ២០១៦

ពណ៌ស្វាយថ្ងៃអង្គារ

ពណ៌ស្វាយចាយឫកថ្ងៃអង្គារ

ជនខ្មែរគ្រប់គ្នាធារធន់ណាស់

ព្រោះលើករាសីល្បីល្អល្អះ

ជំនឿចាស់ៗខ្លះផ្ដាំទុក។

 

ពណ៌ស្វាយចាយឆោមប្រលោមស្និទ្ធ

ប្រាថ្នាកៀកកិតចិត្តមិនស្មុគ

ប្រើថ្ងៃអង្គារ វារផុតទុក្ខ

សិរីនាំមុខសុខចិន្ដា។

 

ពណ៌ស្វាយចាយរូបអ័រគីដេ

ឆើតឆាយជាងគេលើសបុប្ផា

នាំលាភមង្គលផ្ដល់ស្នេហា

ល្អស្រស់អស្ចារ្យថ្លានិរន្ដរ៍។

 

ពណ៌ស្វាយចាយឈ្មោះចិត្តសាវា

ជាពាក្យមុសាប្រាថ្នាជាន់

តាមពិតពណ៌ស្វាយល្អគ្រប់គ្រាន់

រុងរឿងមិនអន់ដូចនិន្ទា។

 

ពណ៌ស្វាយចាយចិត្តគិតអាល័យ

បួងសួងម្ចាស់ថ្លៃ ថ្ងៃអង្គារ

សូមវិលវិញឆាប់រ៉ាប់ជាគ្នា

ព្រោះថ្ងៃអង្គារជាគូគាប់។

_____

លឹម វីរីយ៉ា
ថ្ងៃអង្គារ ១៥កើត ពេញបូណ៌មី ខែផល្គុន ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី២២ មីនា គ.ស ២០១៦

IMG_3697_Edit Color

អនុស្សាវរីយ៍ក្រុម D’1

ថ្នាក់មួយចប់ទៅ នៅច្រើនទៀត

សិស្សគ្រូធ្លាប់បៀត ឃ្លាតលែងស្និទ្ធ

សល់ត្រឹមស្រមោល ក្រោលអតីត

អនុស្សាក្រិត ផ្ដិតភស្ដុ័តាង។

 

ជីវិតជាគ្រូ ធូរតិចណាស់

តឹងតែងកម្មក្រាស់ ខ្វះសំណាង

រែកពុនការងារ  ហៀមិនស្វាង

មនុស្សរស់ក្បែរខាង ក្អាងពេបជ្រាយ។

 

សិស្សខ្សោយដៀលគ្រូ ឈូឆរត្រាប់

ថាគ្រូនឹងយ៉ាប់ ស្ដាប់មិនងាយ

មុសាក្រោយខ្នង ប៉ងរំលាយ

គ្រូហ្នឹងឲ្យធ្លាយ ពាយលុះក្ស័យ។

 

សិស្សរៀនពូកែ ថែកេរ្ដិ៍ឈ្មោះ
ពិន្ទុក៏ខ្ពស់ យសក៏ថ្លៃ

ចេះដឹងខុសត្រូវ សព្វសេចក្ដី

ឈ្លាសឆ្លាតប្រពៃ ច្នៃចំណេះ។

 

សូមស្នើជាមិត្ត ចិត្តដ៏ស្មោះ

កុំមានមួម៉ោះ សោះរលេះ

សូមរក្សាគ្នា ជាមិនប្រេះ

កុំអុជឲ្យឆេះ ស្លេះវាទៅ។

 

សូមសំណាងល្អ តទៅមុខ

កុំបីមានមានទុក្ខ រុកតាមផ្លូវ

សូមបារមីព្រះ ជះឲ្យត្រូវ

ដណ្ដប់ក្រាលនៅ ផ្លូវទៅឈ្នះ!

 

ជ័យហង? ជ័យ!
សួគ៌ហង? សួគ៌!
ថ្ងៃនេះថ្ងៃជាវេលាល្អមែនហង? មែន!

បានអ្វីជាបន្ទាល់? គឺនិស្សិតជំនាន់ទី១៣, ឆ្នាំទី២, ឆមាសទី១, វគ្គ៣, ក្រុម D’1BA, បន្ទប់ B105! Yeahhhhh……

 

________

 

ពីអ្នកគ្រូ លឹម វីរីយ៉ា

សៀមរាប, ថ្ងៃចន្ទ ទី១៤កើត ខែផល្គុន ឆ្នាំមមែខ្មែរ (វកចិន) សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា គ.ស ២០១៦IMG_4863

ស៊ីការបងប្អូន

សាច់ញាតិបងប្អូន មិនក្រោមដប់ផ្លូន

ទាំងកូននិងចៅ លោហិតច្រើនខ្សែ

ប្រែតាមវង្សផៅ មានក្នុងប្លុងក្រៅ

ដៅគ្រប់ខេត្តក្រុង។

 

នេះញាតិខាងម្ដាយ តាំងពីព្រេងនាយ

មិនដែលចេះឆុង រាប់តាមតំណ

តតាមខ្សែក្នុង ជីទួតរួមធ្លុង

កុងម៉ារួមគ្នា។

 

គាត់ឈ្មោះឈួងួន បើរាប់តាមក្បួន

ជួនហៅថាមា ប៉ុន្តែពូជចិន

ហៅតាមៗគ្នា ពួកយើងរាល់គ្នា

ហៅគាត់អាគូ។

 

ការកូនគូងួន ម្នាក់ៗតែងខ្លួន

ស្ងួនខ្ញង់កប់លូ ជួយលើករាសី

ថ្ងៃការកូនពូ មិននៅរអ៊ូ

គិតគូរថតមួយ។

 

ម៉ាបុស្ដិ៍ប្រាំនាក់ ថ្លៃហ្អើយមិនលាក់

នៅច្រើនរងួយ ចាំស្អែក Post ទៀត

តែឥលូវដាក់មួយ ទុកជាជំនួយ

យប់សិទ្ធិនារី។

______

រាត្រីសួស្ដីពី លឹម វីរីយ៉ា,

យប់ថ្ងៃអង្គារ ទី៨ ខែមិនា ឆ្នាំ២០១៦

B28A7123

បេះដូងកវី

បេះដូងកវីដូចផ្ទៃសាគរ

អារម្មណ៍ជន់ជោរហូរនាចគ្មានឈប់

ដូចទឹករលកព្រលឹមព្រលប់

ទោះព្រួយនឹងមុខគង់សុខនឹងកាព្យ។

 

ទឹកចិត្តកវី ទឹកប្រៃមិនស្មើ

អាចលូនហោះហើរ ប្រើអក្ខរាខាប

អន្ទងដួងចិត្ត មិត្តភ័ក្ដ្រដុនដាប

ដូចព្រោះសំណាបសាងស្លាបសង្ឃឹម។

 

ដើមទ្រូងកវី គ្មានថ្ងៃវាស់បាន

ប្រាំហត្ថកុំស្មាន បានស្មើនឹងខ្លឹម

សូម្បីរលក បោកផ្ទប់ទ្រហឹង

គង់នៅស្ងៀមទ្រឹង ធ្មឹងលែងប្រណាំង។

 

អារម្មណ៍កវី បីដូចពពក

វិលវល់ទៅមក លើមេឃក្ដៅខ្លាំង

ស៊ូទ្រាំមិនភ្លៀង តាមផ្ទៀងថ្ងៃបាំង

ជួយមនុស្សតតាំងច្បាំងសែងសុរិយា។

 

សំណេរកវី គ្មានន័យអាក្រក់

មិនដែលគិតល្អក់ ដក់ត្រងវាចា

ច្រោះតែន័យខ្ពស់ ព្រួសតែខ្លឹមសារ

មនុស្សលោកមុសា ថាកវីឆ្កួត។

 

ពាក្យពេចន៍កវី ន័យជ្រៅត្រជាក់

រួមអភិរក្ស ជាក់ច្បាស់មិនអួត

កវីម្នាក់នេះ មិនមែនមនុស្សឆ្កួត

សមុទ្ររីងហួត ទើបស្ងួតចិត្តខ្ញុំ!

 

———-

លឹម វីរីយ៉ា

ថ្ងៃច័ន្ទ ៧រោច ខែមាឃ ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩

ត្រូវនឹងថ្ងៃទី ២៩ កុម្ភ: គ.ស ២០១៦

IMG_3568