(បទពាក្យរណ្ដំ ឬ បទជាប់ទង)
ចង់រ៉ាយរ៉ាប់ ប្រាប់រឿងមួយ ជួយគិតផង
រឿងកន្លង ចងអារម្មណ៍ ផ្សំចរិត
កាលពីតូច ដូចកុមារ ថ្លាគំនិត
រិះរេគិត ចិត្តចង់រៀន ហ៊ានរកគ្រូ។
ឆ្នាំកៅបី ស្រីនៅក្មេង លេងហើយរៀន
លុយក៏គ្មាន មានតែខ្លួន ជួនរអ៊ូ
សែនលំបាក ចាកពីផ្ទះ ស្ទះដូចលូ
វាមិនធូរ គូរមុនគិត ចិត្តហានក្លា។
ផ្ដើមសន្សំ ខំទុកដាក់ ម្កាក់ម៉ាសេន
ចង់ពិតមែន គេងរកនឹក ភ្លឹកមហា
ប៉ងចង់ចេះ ច្នេះត្រូវស៊ូ គ្រូឯណា?
នៅម្ដុំផ្សារ ហារសួគេ ជ្រេចូលថ្នាក់។
បាន១ឆ្នាំ ចាំមិនភ្លេច លេចបែកការណ៍
ម៉ាក់និងប៉ា ថាហួសចិត្ត គិតឡើងស្លាក់
សួរហេតុអី ថីបានលាក់ ស្ទាក់ចិត្តម៉ាក់?
រៀនក្នុងថ្នាក់ ដាក់អារម្មណ៍ ខំតែភ័យ!
ក៏រ៉ាយរ៉ាប់ ប្រាប់តាមត្រង់ ផ្ចង់ពិនិត្យ
ពោលពាក្យពិត ដិតដោយឡែក ហែករកន័យ
ថាកូនព្រួយ មួយទិវា ហៀហូរក្រៃ
ម្ដេចមិនលៃ ច្នៃអ្វីផ្សេង ក្រែងចំណេញ។
សែនឆោតនុះ ហួសនឹងចែង ថ្លែងខុសគេ
រៀនឥតល្ហែ បែជាខ្លាច អាចទុក្ខម្នេញ
ព្រោះចាយប្រាក់ ហាក់នៅខ្សត់ ហត់ឡើងល្មេញ
ស៊ូប្រដេញ ចេញសោហ៊ុយ លុយសន្សំ។
ប្រាំរយម្ង៉ៃ ច្នៃក្រោមខ្នើយ កើយរងកម្ម
ដាច់ខែផ្ដាំ ចាំតែផ្គាប់ រាប់ឡើងហំ
គ្រប់ចំនួន ជួនក៏ខ្វះ ប្រវាស់គេផ្សំ
ទោះក្រៀមក្រំ ខំតែរៀន ឃ្លានចំណេះ។
ប៉ាម៉ាក់ស្ដាប់ ចាប់ដួងចិត្ត អាណិតកូន
ថាបើសូន្យ ក្បូនជីវិត ពិតរឡេះ
ទាញដៃវឹង សម្លឹងទៅ ផ្លូវក្បែរផ្ទះ
ហើយរូតរះ ជះលុយប្រាវ ប៉ាវថ្នាក់ថ្មី។
ជូនទៅរៀន គ្មានអល់អែក ហែកវេលា
បណ្ណាគារ ហៀហូរលក់ ទក់សម្ដី
ទិញមួយក្បាល ក្រាលគ្របបើក ផ្ដើកថ្មីៗ
ឌីហ្សិននែរ៍ ខ្លី ស្រីលួចប៉ង ផ្សងជាយូរ។
បានសៀវភៅ នៅមិនសុខ ស្រណុកសោះ
អារម្មណ៍ហោះ ផ្លោះទៅលើ ស្លឺផុតលូ
រំភើបពេក ដេកមិនលក់ ជក់គិតគូរ
វក់រមូរ ស៊ូឡើងខ្ទេច គ្រេចកែវភ្នែក។

(បទភុជង្គលីលា)
និយាយពីរឿងសៀវភៅ ជក់ប្រើពេកទៅដូចហៅថាញៀន
រីករាយសប្បាយភ្លេចឃ្លាន បាយម្ហូបត្រីចៀនគ្មាននឹកនាដល់
ភ្លេចអស់ទុក្ខសោកអំពល់ បកប្រែគ្មានសល់សៀវភៅមេរៀន
រួចហើយកត់ដាក់ក្ដាខៀន ទំនេរឆ្លៀតប្រៀនបង្រៀនខ្លួនឯង
ទន្ទេញយកចាំគ្មានក្រែង ឡែតៗបែកផ្សែង គ្មានក្រែងនរណា
ប្រើប្រាស់យ៉ាងឥតមេត្តា សៀវភៅឈឺផ្សាររហែករយ៉ៃ
បិទស្កុតថែមកាវអាថ្លៃ គ្មានត្រាប្រណីបើកឆែក តទៀត
ប៉ិនភ្លេចព្យញ្ជនៈចង្អៀត មិនចេះអស់ស្នៀត ត្បៀត ដូយចេញក្រៅ (សូមមើលរូប)
តស៊ូមិនឲ្យខ្លួនខ្លៅ ស៊ូខ្ទេចសៀវភៅ យើងនៅរុងរឿង
នេះហើយអ្នករៀនចិត្តសឿង ជីវិតមិនគឿង គ្រឿងផ្សំឲ្យឈ្នះ
ចែកជូនអ្នកពោលថាស្ទះ សូមអ្នករូតរះប្ដូរផ្លូវគំនិត
បើសិនជាអ្នកធ្លាប់គិត ថា ឱ! ជីវិតអញម្ដេចអភ័ព្វ?
អីចឹងសូមចាំឲ្យជាប់ កំសត់ឬភ័ព្វ ភ្ជាប់ពីនិស្ស័យ
បើអ្នកកំជិលអាំងថ្ងៃ រអ៊ូលុះក្ស័យក៏គ្មានអ្នកជួយ
មនុស្សយើងខួរក្បាលតែមួយ ព្រះដែលអាចស្ទួយគឺជួយខ្លួនឯង
សូមឈប់ដើរស្រែកក្ដែងៗ បន្ទោសគេឯងក្រែងក្មេងវាចាប់ (ចាប់កំហុស)
ដើរតួឲ្យវាចំណាប់ រស់ឲ្យគេត្រាប់ ស្លាប់ឲ្យគេស្ដាយ!
បើខ្ជិល ស៊ូនៅនឹងម្ដាយ បម្រើម្ហូបបាយ ចាយពេលថែទាំ
ល្អជាងចេញដើរទន្ទ្រាំ រុករានបន្លំ សន្សំរឿងក្ដៅ
មនុស្សលោកទោះបីល្ងង់ខ្លៅ ឲ្យតែស្លូតទៅ គង់គេអាណិត
តែបើខ្លៅហើយខ្មៅចិត្ត ទោះព្រះសណ្ឋិតគង់ជួយមិនបាន!
រឿងរ៉ាវបរិយាយប៉ុន្មាន សូមប្រៀបស្មើបានគតិជីវិត
បួងសួងសូមបារមីពិត វត្ថុសក្ដិសិទ្ធិតាមថែរក្សា
មនុស្សលោកលើដែនចក្កវាឡ ជីវិតភ្លឺថ្លាក្រោមម្លប់សន្តិ។
_____
រក្សាសិទ្ធិដោយ លឹម វីរីយ៉ា
សរសេរនៅសៀមរាប
ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា គ.ស ២០១៦