Tag Archives: រៀនរស់

រៀនរស់ (កំណាព្យបទព្រហ្មគីតិ)

នឹកដល់កល់រឿងចាស់ មានច្រើនណាស់ ពោលពុំអស់
សើចយំក្រពុំស្រស់ ចួនធ្លោយថ្លោះ អស់ទាំងប្រាក់។

កើតទុក្ខមុខឡើងជ្រួញ​ សរសៃរួញ ទួញអួលអាក់
ភ្នែកភ្លឺដូចជាខ្វាក់ ខ្វល់ដល់ស្លាក់ ខ្ជាក់ទៅស្លែង។

កាលណោះស្រុកសាន្តត្រាណ ទ្រព្យប៉ុន្មាន ភ្លើសម្ញែង
មិនសូវកោតគេឯង ឥតបើក្រែង ដល់នរណា។

ឥឡូវខុសពីមុន ធ្លាប់ទារុណ ពន់ទុក្ខា
ច្នោះហើយទើបគិតថា លាក់អាត្មា ទើបប្រពៃ។

បានរៀននឹងព្រះធម៌ លែងខ្វាក់ពណ៌ ឃើញតម្លៃ
សត្វលោករោគចង្រៃ ព្រោះស្រមៃ ខុសតម្រា។

បានដឹងថ្លឹងធម៌ព្រះ រស់យកឈ្នះ តួអាត្មា
គឺលះដល់ចិន្ដា ល្អក្រៃណា សែនវិសេស។

បានយល់ជន្ទល់កម្ម ព្រះពុទ្ធផ្ដាំ កុំបីធ្វេស
គ្រប់ពេលមិនប្រហែស ចើងចចេស នឹងជួបទុក្ខ។

ឥឡូវដូចស្រាលខ្លួន រោគធ្លាប់ពួន លែងរានរុក
ព្រោះតែមានជង្រុក សន្សំទុក ការពារឃ្លាន។

រៀនរស់លស់ដោយកម្ម ផលវាផ្ដាំ ចាំហេតុមាន
ទុក្ខសោកលែងទន្ទ្រាន ព្រោះចែកទាន ដល់អ្នកអត់។

ដើរផ្លូវត្រូវលះបង់ ពត់តម្រង់ ផ្ចង់អំណត់
ធម៌មួយជួយលែងខ្សត់ គឺសង្កត់ ឃាត់តណ្ហា។

ពេលនេះបានយល់ដឹង ថាជាតិហ្នឹង ស្បើយទុក្ខា
ព្រោះធម៌ល្អក្រៃណា ព្រះសាស្ដា រក្សាបាន។

នឹងលែងមានបារម្ភ រស់បានមាំ សមថ្កើងថ្កាន
រហូតអាចរុញច្រាន ឈានដល់បាន ឋាននិព្វាន។
_________
វិរិយា🌸

ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា គ.ស. ២០២១

រូបថតនៅមុខប្រាសាទអង្គរវត្ដខេត្តសៀមរាប ថតពេលព្រឹកព្រលឹមម៉ោង៧ ក្រោយទស្សនាថ្ងៃរះចំកំពូលកណ្ដាល Equinox Day Shooting Post