Tag Archives: រុបថត

អំពីខ្ញុំ

About.សួស្តីប្រិយមិត្តជិតឆ្ងាយគ្រប់គ្នាដែលបានចូលមកដល់ទំពរ័របស់នាងខ្ញុំ

វាជារឿងចៃដន្យមួយដែលបណ្តាលឲ្យខ្ញុំបង្កើតគណនី WordPress ទាំងដែលខ្ញុំមិននដឹងអ្វីសោះ សូម្បីតែបន្តិចពីវា ។ ខ្ញុំជាមនុស្សចូលចិត្តការស្រាវជ្រាវ គឺស្រាវជ្រាវគ្រប់មុខ រកប្រាកដប្រជាអ្វីមួយឲ្យច្បាស់លាល់មិនឃើញទេ ដូច្នេះហើយទើបខ្ញុំដាក់ចំណើងជើងជាភាសាខ្មែរថា “ចំណេះដឹងទូទៅ” អញ្ចឹងទៅ គឺវាពិតជាទូទៅមែន។ និយាយលេងសើចអី ខ្ញុំបង្កើតគណនីមួយនេះមកយូរដែរហើយ ប្រមាណជាជិត១ឆ្នាំហើយ ប៉ុន្តែ មិនសូវខុសអីពីមនុស្សមិនចេះអក្សរអង្គុយអានសៀវភៅឡើយ ។ ខ្ញុំបានត្រឹមតែអង្គុយសម្លឹង សញ្ជប់សញ្ចឹង រៀងរាល់ពេលដែលខ្ញុំ Log-in​ ចូលមកម្តងៗ។

ជារ៉ើយៗ ខ្ញុំតែងតែ បើកមើល WordPress របស់គេឯងផ្សេងៗដែលមានការរចនា យ៉ាងប្រណិតស្រស់ត្រកាលគួរឲ្យគយគន់ ហើយចេះតែឆ្ងល់ថា គេចុចតាមណា តាមណី បានជាគេរៀបបានស្អាតម្លេះ ចំណែករបស់ខ្ញុំវិញ មើលទៅ ក្រឡុញឆិ ដូចសំបកប៉ោតទទេ ទាំងដែលខ្ញុំស្រេកឃ្លានក្នុងការចែករំលែកយ៉ាងខ្លាំង។ មិនអស់ចិត្តសោះ ថ្ងៃនេះ ខ្ញុំអង្គុយមុខកុំព្យូទរ័របស់ខ្ញុំអស់រយៈពេលរាប់ម៉ោង និង រាវរកទាល់តែឃើញកន្លែងដែលខ្ញុំកំពុងសរសេរនៅទីនេះ ដែលមិត្តកំពុងតែអាននេះហើយ។

នេះគ្រាន់តែជាការណែនាំខ្លួនត្រួសៗប៉ុណ្ណោះ មុននឹងមិត្តឈានទៅដល់ការរាវរកពត៌មាននានាក្នុងទំពរ័នេះ ប៉ុន្តែប្រហែលជាត្រូវចាយពេលយូរបន្តិចហើយទំរាំតែខ្ញុំអាចបង្កើតជា លំហរពត៌មានសំបូរបែបសំរាប់មិត្តទាញយកបាន នៅយូរណាស់!!! (ព្រោះឥលូវនេះជាប់ការងារច្រើនផង)។

អូរ! សូមដកឃ្លាបញ្ជាក់បន្តិចថា មិនមែនខ្ញុំជាមនុស្សសំបូរចំណេះដឹង ចេះច្រើន អីទេ គ្រាន់តែថា ចង់ចែករំលែកអ្វីដែលបានដឹងជាភាសាខ្មែរសំរាប់ជំនួយដល់ការងារស្រាវជ្រាវរបស់ក្មេងៗទៅថ្ងៃក្រោយតែប៉ុណ្ណឹងឯង ។

មួយទៀត! អ្វីដែលចង់ចែករំលែកជាពិសេសនៅទីនេះ គឺរូបថតណា៎។ ខ្ញុំចូលចិត្តវិសយ័ថតរូបណាស់ ចូលចិត្តថតទេសភាព ថតផ្កា ថតមនុស្ស ថតទីក្រុង ហើយចូលចិត្តលួចឆ្មក់ថតទិដ្ឋភាពប្លែកៗក្នុងសង្គមមនុស្សយើងនេះទៀតផង។ ខ្ញុំមានកាមេរ៉ាកាណុង 60D មួយដែលជានិច្ចកាល តែងតែស្ពាយជាប់នឹងខ្លួនក្នុងដំណើរទស្សនកិច្ចទៅតាមតំបន់នានា។ ក្នុងបរិបទនេះដែរ ខ្ញុំក៏សូមខន្តីអភយ័ទោសដល់បងប្អូនប្រិយមិត្តដែលបាន ទាញយករូបខ្ញុំទៅប្រើហើយសូមរំលឹកនឹកដល់ម្ចាស់រូបថតផង ហើយបើមិនបាននឹកដល់ទេ សូមតែកុំយកទៅកាត់ watermark របស់ខ្ញុំចោល ដាក់ឈ្មោះអ្នកថ្មីទៅបានហើយ។ បើខ្ញុំបានឃើញនិងដឹង នុះ ខ្ញុំនឹង “ឈឺចាប់” ! សូមកុំធ្វើឲ្យខ្ញុំឈឺចាប់អី…

យីស! សរសេរៗបែកអូរហូជាស្ទឹងសង្កែឯណាឯណីឆ្កុយទៅ! ណ្ហើយបញ្ចប់ត្រឹមណ្ណេះចុះ កុំឲ្យគេថាគ្រាន់តែ អាំងត្រូដាក់ស្យុងសោះ វែងអន្លាយឆ្ងាយហួសជើងមេឃទៅហើយ។

ជួបគ្នាក្នុងវគ្គក្រោយទៀត……

សូមជូនពរសំណាងល្អ គ្រប់ពេលវេលា ដល់មិត្តគ្រប់គ្នាដែលបានអានមកដល់ជួរនេះ….​ 🙂

ពីខ្ញុំ វីរីយ៉ា