Tag Archives: រីករាយ

អនុស្សាវរីយអយនសមយ័

អនុស្សាវរីយអយនសមយ័

***[អយន = (អានថា អៈ យ៉ៈ ណៈ) មាននយ័ថា ផ្លូវ គន្លង សុរិយគតិ ដែលមានវេលាថ្ងៃ និង យប់ស្មើគ្នា]

អនុស្សាវរីយជាទីស្នេហា
ស្រីប្រុសសង្ហាយាត្រាជួបគ្នា
ជួបពេលព្រលឹមប៉ប្រឹមរម្យនា
ម្នាក់ៗសោភា រង់ចាំថ្ងៃរះ។

មិនាម្ភៃបី ឃ្មាតខ្មីមិនខក
ទេសចរណ៍ឡើងកក ច្រកដើរឡើងស្ទះ
តាំងពីងងឹតដល់សូរិយារះ
រង្សីចាំងជះ រំលេចឆព្វណ្ណ។

អនុស្សាវរិយអយនសមយ័
ដូចពេជ្រចរណៃ ថ្លៃគ្រប់ជំនាន់
កូនខ្មែរត្រូវដឹងរៀនយល់ឲ្យទាន់
កុំឲ្យភាំងភាន់នាំខកការពិត។

អយនសមយ័ថ្លៃជាងដុំមាស
បរទេសឆ្លៀតឈ្លាសរំកិលមកជិត
ប្រាសាទអង្គរល្អឆើតវិចិត្រ
ព្រះសូរ្យអើតស្និទ្ធពីប្រាង្គកណ្ដាល។

កូនខ្មែរត្រូវចាំផ្ដាំប្រាប់តគ្នា
មិនមែនពណ៌នាត្រឹមអយនកាល
ឬសគល់នៃហេតុអច្ឆរិយៈផុសច្រាល
អង្គរត្រកាល ក្រាលដោយបណ្ឌិត។

អនុស្សាវរីយជាទីមោទនៈ
ប្អូនៗសស្រាក់រូតរះជួបជិត
តាមពាក្យសន្យាមិនបានប្រឌិត
និស្សយ័មានពិត ឆ្នាំក្រោយជួបទៀត។
——————————–

ដោយ លឹម វីរីយ៉ា,
សៀមរាប, ថ្ងៃសុក្រ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧ ត្រូវនឹងថ្ងៃទី២៨ ខែមិនា គ.ស ២០១៤

អាម៉ុកត្រីរ៉ស់

អាម៉ុកត្រីរ៉ស់

អាម៉ុកអ៊ើយអាម៉ុកត្រីរ៉ស់
អន្ទងខាបអស់ស្លឹកញក្រោយផ្ទះ
អាម៉ុកថ្ងៃនេះធ្វើដោយរូតរះ
ប៉ុបប៉ាប់ខ្ទឹមម្ទេសស្រេះចិត្តលោកប្ដី។

អាម៉ុកផ្ទះខ្ញុំមិនចាយស្លឹកចេក
ព្រោះប្រញ៉ាប់ពេកខ្លាចមិនទាន់ឆី
ចំហុយម៉ាចានអស់បាយម៉ាល្អី
មានទៅតិចអីត្រីបីគីឡូហ្អ៎!!!
———————-
ផ្ញើរជូនពីផ្ទះបាយ លឹម វីរីយ៉ា,
សៀមរាបថ្ងៃពុធ ៣កើត ខែចេត្រ ឆ្នាំម្សាញ់បញ្ចសក័ ព.ស ២៥៥៧ ត្រូវនឹងថ្ងៃទី២ ខែមេសា គ.ស ២០១៤

ជួបដោយនិស្សយ័

ជួបដោយនិស្សយ័

ជំនោរមិគសិរខ្យល់ត្រជាក់
អព្ទ័ក្រាស់ចុះធ្លាក់នៅស្រុកខ្មែរ
សៀមរាបអង្គរមិនប្រួលប្រែ
ណាត់ជួបម្ចាស់ស្នេហ៍តារាល្បី។

កេរ្តិ៍ឈ្មោះក្រអូបដូចផ្កាម្លិះ
សុះសាយគ្រប់ទិសទាំងប្រាំបី
អ្នកណាមិនស្គាល់ Jasmine ស្រី
សាសងរាល់ថ្ងៃតែកាព្យា។

ទោះបីឥន្រ្ទជិតគង់ខន្តី
លួចបង្ខិតដីឲ្យជិតគ្នា
គ្រាន់បានជួបភក្រ្ត័មួយវេលា
ដប់ឆ្នាំឃ្លាតគ្នា មិនអល់អែក។

ជួបហើយនិងព្រាត់ជាធម្មតា
ទោះជាតិទេវតាក៏គង់បែក
ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក
និស្សយ័ល្អឯកយើងជួបទៀត។
——————————–
លឹម វីរីយ៉ា, ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៣

ស្នាមញញឹមថ្ងៃអាទិត្យ

ស្នាមញញឹមថ្ងៃអាទិត្យ

ស្នាមញញឹមថ្ងៃអាទិត្យ ផ្ញើរជូនមិត្តគ្រប់អាត្មា
ស្នាមញញឹមចុងសប្តាហ៍ ឥតមុសាចារជាប់ប្រាណ។

ស្នាមញញឹមសង្ឃឹមជាក់ ជូនមិត្តភក្រ្ត័គ្រប់ទីឋាន
សូមញញឹមតបវិញថ្កាន ដើម្បីបានសុខសួស្តី។

ស្នាមញញឹមបប្រឹមជាប់ ជាទម្លាប់នាំសិរី
សូមញញឹមរៀងរាល់ថ្ងៃ ភ្ជាប់និស្សយ័កុំឲ្យធ្លាក់។

ស្នាមញញឹមផ្កាត្រកួន បើសមសួនពេញចិត្តអ្នក
សូមឆ្លើយតបដោយរាក់ទាក់ សង្ហាជាក់ទាំងអស់គ្នា។

ស្នាមញញឹមខ្លឹមបរិសុទ្ធ មិនស្រយុតផុតសួគ៌ា
យើងញញឹមគ្រប់អង្គា រាល់វេលាជានិរន្តរ៍។
———————————-
លឹម វីរីយ៉ា
សៀមរាប, ថ្ងៃអាទិត្យ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

កូនប្រុសប្រិមប្រិយ…

IMG_3590

ថុញថប់អផ្សុកក្នុងអារម្មណ៍
ខំប្រឹងធ្វើការទាំងយប់ថ្ងៃ
បើសិនមានម្នាក់ជួយបំភ្លៃ
ទុក្ខសោករីងរៃរលាយបាន។

អីយ៉ាស់កូនឆ្កែធ្មេញប្រាំបី
ភ្ញាក់ឡើងថ្មីៗពីសម្រាន្ដ
ឲ្យគេលើក-ព ដោយក្លាហាន
សើចគ្មានរំខានពេញត្រចៀក។

មុខមានមន្តស្នេហ៍ថែមិនណាយ
មង្គលរសាយថ្វាយជូនញាតិ
ឲ្យតែអានាងនៅមិនឃ្លាត
អ្នកផងព្រោងព្រាតបៀតមិនឆ្ងាយ។

ពាក់អាវក្រហមសមអ្វីម្លេះ
ដូចសុរិយារះឈ្នះហ្វូងផ្កាយ
ទឹកមាត់រងើមស្រក់ខ្ចាត់ខ្ចាយ
អញ្ជើញញាតិជិតឆ្ងាយមេត្រីស្និទ្ធ។
—————————————

ដោយ ម៉ាក់យ៉ា
សៀមរាប, ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៣