Tag Archives: មរតកជាតិខ្មែរ

អនុស្សាវរីយ៍ព្រៃរំដួល (កំណាព្យបទ៧ព្យាង្គ)

អនុស្សាវរីយ៍ ទីរឭក
រលកចិត្តនឹក ភ្លឹកដល់ពៅ
រលីងរលោង អន្ទងដៅ
លបហួចលួចហៅ ក្នុងសុបិន។

ស្លឹកឈើជ្រុះអស់ លាស់ត្រួយថ្មី
ខ្យល់ទិសនិរតី ដីភូមិន្ទ
ភូមិមួយធ្លាប់ស្ងប់ អប់រសក្លិន
រំដួលមាសឆ្អិន រីកក្រោយគេ។

ឥឡូវនៅសល់ តែសង្ឃឹម
ដោតផ្កាញញឹម ត្រឹមសំណេរ
សំណោកដួងចិត្ត ស្អិតម្ល៉េះទេ
ចង់ស្អប់កប់កេរ រេរាគិត។

បើសិនថ្ងៃស្អែក ហែកភពបាន
ព្រឹក្សព្រៃកល្យាណ ច្រានមកជិត
នឹងអាចឈានដល់ ពាល់ប៉ះរឹត
ពឹងពរវម្មិត ក្រឹត្យបង្ហើប។

សូមឱ្យទងផ្ការំដួលព្រៃ
បានរីកជាថ្មី លៃកាច់ថើប
ស្ញប់ស្ញែងក្រែងឫទ្ធិ ពិតគេស្ញើប
គន្ធាហៀរស្រើប ពិដោរសាយ។
———
វិរិយា 🌸

ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា គ.ស. ២០២១

ទៅមើលល្ខោន…

រៀបឫក្សសមសួន​ ពួនថតក្រោយឆាក
វាំងនន​បើកខ្វាក​ ឆាកល្ខោនឡើងភ្លឺ
អ្នកភ្លេងប្រគុំ​ ងំលាន់រន្ទឺ
រន្ទាលឡើងព្រឺ​ ឮឡើងស្រយុត។

សិទ្ធាជ្រះថ្លា​ ចារទុកម្សិលមិញ
មេខ្ញុំគាត់ចេញ​ ប្រាំរយឱ្យគត់
ដុល្លារ​អាគាំង​ ហុចមិនតក់ស្លុត
ជំនួយអ្នកខ្មុក​ ទុកថែវប្បធម៌។

អនុប្រធាន​ គង់សូរីតា
ពីររយដុល្លារ​ ប្រាថ្នាជួយទ្រ
អគ្គលេខា​ កណ្ណិកា​បន្ទរ
ដាក់ថែមជន់ជោរ​ មួយរយដុល្លារ។

សូមអរគុណ​ក្រៃ​ ថ្លៃ​ហ្អើយថ្លៃថ្លើម
បេះដូងល្អឆ្នើម​ ផ្ដើម​ផ្ដួចគួចត្រា
ទុកជាគំរូ​ ធូរធារ​ខេមរា
សិល្បៈ​ដូនតា​ នឹងបានរុងរឿង។
———
ថ្ងៃ​ព្រហស្បតិ៍​ ទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅមជ្ឈមណ្ឌល​សិល្បៈ​វប្បធម៌​វត្ត​ភ្នំ​ រាជធានី​ភ្នំពេញ​ ក្នុងព្រឹត្តិការ​ទិវាបេតិកភណ្ឌ​ លើកទី៤​ ពីថ្ងៃ​ ១២​ ដល់​ ១៤​ ខែធ្នូ​ ២០១៨​ ក្រោមប្រធានបទ​ ល្ខោន​ខោលមរតកជាតិខ្មែរ។🌸🇰🇭

សូមបញ្ជាក់ថា​ ក្នុងព្រឹត្តិការ​ល្ខោនសម្ដែងម្សិលមិញដោយក្រុមយុវជនស្មគ្រចិត្ត​ លោកជំទាវ​ទន្ដបណ្ឌិត​ អេង​ លីគង់​ ដែល​ជា​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (សសសក)​ បានឧបត្ថម្ភនៅនឹងកន្លែងដល់ក្រុមសិល្ប:ចំនួន​ $៥០០​,​ និងមានការចូលរួមផងដែរពីលោកស្រី​ គង់​ សូរីតា​ ជាអនុប្រធានសមាគម​ ចំនួន​ $២០០​ និងសប្បុរសជន១រូបទៀត​ លោកស្រី​ ឡាយ​ កណ្ណិកា​ ជាអគ្គលេខាធិការសមាគម​ ចូលរួម​ $១០០។ 💕

សូមគោរពអរគុណជាពន្លឹក​ និង​ សូមគ្រប់គ្នាទទួលបានតែពរជ័យគ្រប់ប្រការពីវត្ថុសក្ដិសិទ្ធក្នុងលោក។ 🙏😇