Tag Archives: ពណ៌នាវិធី

វិធីពណ៌នាប្រលោមលោកដោយប្រើរូបភាពជាជំនួយ | ឧទាហរណ៍មួយដោយ លឹម វិរិយា

នៅចំកណ្ដាលសាលដ៏ធំល្ហល្ហេវ ក្នុងបន្ទប់រង់ចាំលេខ៧២ នៃស្ថានីយចំណត លេខ១ សម្រាប់ការបន្តជើងហោះហើរ ក្នុងអាកាសយានដ្ឋានអន្តរជាតិ ហុងកុង នាវេលាព្រឹកមួយ ដែលមេឃនៅមិនទាន់សម្រេចចិត្តថានឹងភ្លៀង ឬនឹងបើកថ្ងៃផង នារីខ្មែរវ័យកណ្ដាលម្នាក់ក្នុងសម្លៀកបំពាក់សាមញ្ញ អាវហ៊ូឌី ត្បាញពីសម្លីកប្បាសពណ៌ស និងខោខូវប៊យជើងធំៗពណ៌ខៀវដិត ពាក់ទ្រនាប់ជើងឃ្លុបជិតជើងស្រដៀងនឹងទ្រនាប់ជើងអ្នកកីឡា អង្គុយផ្អែកខ្នងទៅនឹងសសរដែកដ៏ធំមាំមួយដើម កៀកនឹងជញ្ជាំងកញ្ចក់ថ្លា។ នាងមានសក់ពណ៌ខ្មៅលាយនឹងសរសៃពណ៌ប្រាក់មួយៗដូចស្កូវដំបូង ដែលទើបតែផ្ដើមលេចខ្លួនឡើងលាយឡំគ្នានឹងសក់ខ្មៅធម្មជាតិក្នុងមជ្ឈិមវ័យ ដែលនាងកាត់ខ្លីប៉ប្រះស្មា តែមានសភាពរួញៗ ដូចវល្លិ៍រពាក់។ ជើងទាំងពីររបស់នាងបត់ជាមុមកែងដើម្បីទប់ខ្នងឱ្យត្រង់ ដូចជាចង់លាក់ខ្លួន ឱ្យតូចជាងទំហំពិតរបស់ខ្លួននាង។

ដៃទាំងពីរក្ដោបពែងកាហ្វេក្តៅមួយដែលផលិតពីក្រដាសកាតុង មានផ្សែងហុយតិចៗកាត់តាមកញ្ចក់វ៉ែនតាម្ញ៉ូបរបស់នាង ដែលគេអាចកត់សម្គាល់ដឹងច្បាស់។ ដៃក្ដាប់ពែងកាហ្វេ​យ៉ាងណែន ដូចជាខ្លាចរបូតបាត់ ដែលនាងទើបតែឆុងថ្មីៗ តាមរយៈការផ្ដល់ជូន ដោយឥតគិតថ្លៃ សម្រាប់អ្នកដំណើរគ្រប់គ្នា ដែលបានឆ្លងកាត់ទីនោះ​ វាជាអាហារពេលព្រឹក ដ៏ពិសេសអស្ចារ្យណាស់ សម្រាប់ការធ្វើដំណើរ ដ៏វែងឆ្ងាយនេះ។ នាងលើកពែងកាហ្វេក្ដៅហុយនោះស្រង់ស្រូបគន្ធពិដោរ តែមិនទាន់ហ៊ានក្រេបនៅឡើយ ប្រហែលជានាងបារម្ភថាវានៅក្ដៅខ្លាំង ដែលអាចបណ្ដាលដល់ការរលាកអណ្ដាត។ ខេមរនារី ផ្លុំខ្យល់ថ្នមៗដើម្បីបានហិតក្លិនអាហារទិព្វពីពែងក្រដាសបណ្ដើរ សម្លឹងទៅឆ្ងាយបណ្ដើរ ជាមួយនឹងស្នាមញញឹមតិចៗ លេចឡើងនៅចុងបបូរមាត់ ហាក់បង្ហាញឱ្យឃើញនូវក្ដីសង្ឃឹមអ្វីម្យ៉ាង ក្នុងដំណើរមាតុភូមិនិវត្ដន៍របស់នាងលើកនេះ។

ផ្ទាំងកញ្ចក់ថ្លាឆ្វង់ ដ៏ធំក្រាស់ឃ្មឹកមួយផ្ទាំងដែលគេដំឡើងជំនួសជញ្ជាំងបេតុង ហាក់ដូចជារនាំងបែងចែកនាង ចេញពីពិភពម្ខាងទៀត ដែលអាចមើលឃើញដោយភ្នែកទទេ។ នៅខាងក្រៅកញ្ចក់ថ្លាដ៏ធំមហិមានោះ យន្តហោះប៊ូអ៊ីងមួយគ្រឿងដែលមានទំហំស្ទើរតែប៉ុនផ្ទះថ្មមួយជង់ពីរល្វែង របស់ក្រុមហ៊ុន ខេតអេយ៍ ប៉ាស៊ីហ្វិក  កំពុងត្រដាងស្លាបដ៏វែង សម្រាកកាយយ៉ាងស្ងប់ស្ងាត់ដូចជានាងដែរ។ វានៅស្ងៀមធ្មឹងតាំងពីយប់មិញ ដូចសត្វបក្សីយក្សដ៏សាហាវមួយក្បាល កំពុងដេក ដកដង្ហើមប្រមូលកម្លាំង ពេញមួយរាត្រី មុននឹងហោះទៅលើមេឃដ៏ធំល្វឹងល្វើយ ជាថ្មីម្ដងទៀត។

ច្រកផ្លូវដើរមួយខ្សែ ដែលមានរាងដូចជាប្រអប់ជ្រុងវែងផលិតពីលោហៈ មានលក្ខណៈបត់បែន មើលទៅ មានទម្រង់ស្រដៀងនឹងបំពង់ខ្យល់ បិទភ្ជាប់យ៉ាងជិតឈឹងទៅនឹងខ្លួនប្រាណរបស់តួបក្សីយក្ស ដែលកំពុងដេកស្ងៀម។ មើលយូរទៅ វាស្រដៀងនឹងទងសុកដែលភ្ជាប់ពីម្ដាយទៅទារកក្នុងផ្ទៃ សម្រាប់ផ្ដល់នូវអុកស៊ីហ្សែន ថាមពល និងជីវិតដល់រាងកាយដល់បក្សីយក្សនោះ ឱ្យវានៅតែរស់រវើក មុននឹងវាអាចប្រសូតចាកផ្ទៃម្ដាយ។

នៅឆ្ងាយជាងនោះទៅទៀត ប៉មត្រួតពិនិត្យខ្ពស់ៗ ឈរដូចជាសន្តិបាលមួយក្រុម កំពុងសង្កេតមើល រាល់ចលនាតូចធំនានា នៅលើដី និងលើមេឃ ខណៈភ្នំដ៏ធំវែង និងខ្ពស់ត្រដែតមួយជួរ ក្រាបនៅពីក្រោយវាលយន្តហោះដ៏ធំល្វឹងល្វើយ មើលពីឆ្ងាយឃើញជាពណ៌កាប់ស្ដាំង ប្រៀបដូចជារបងការពារជម្រកនៅជាយដែនអាកាសដ្ឋាន ឱ្យគេចផុតពីខ្យល់ព្យុះនិងរលកសមុទ្រធំៗក្នុងអាណាចក្រដែនកោះហុងកុង។ ភ្នំវែងនោះ ក្រាលដោយអ័ព្ទស្ដើងៗ នាព្រឹកព្រលឹមដែលថ្ងៃនៅមិនទាន់រះពីទិសបូព៌នៅឡើយ។

កម្រាលព្រំកាំម្ញីពណ៌ខៀវចាស់ មានរំលេចទៅដោយខ្សែទឹកមាសឆ្វាត់ឆ្វែងពាសពីលើ គឺជាផ្លូវដែលមនុស្ស មិនដឹងជាប៉ុន្មានពាន់ម៉ឺននាក់ ក្នុងមួយថ្ងៃ បានដើរកាត់ ដោយនាំយកទៅជាមួយពួកគេ នូវសុបិន ក្ដីសង្ឃឹមថ្មី ការលាគ្នាទាំងអាល័យ និងការជួបជុំគ្នាជាថ្មី… ។ល។ ក្នុងចំណោមអ្នកដំណើររាប់មិនអស់ទាំងនោះ នាងគ្រាន់តែជាចំណុចដ៏តូចមួយ ជាអ្នកដំណើរធម្មតាម្នាក់ ដែលគ្មាននរណាអើពើចាប់អារម្មណ៍ ដែលបានចាកចេញពីក្រុងតូក្យូ មកដល់ទីនេះ តាំងពីយប់ ដើម្បីរង់ចាំជើងហោះហើរបន្ត វិលត្រលប់មកប្រទេសកម្ពុជា ទឹកដីកំណើតរបស់នាង ទីដែលពោរពេញដោយអនុស្សាវរីយ៍ស្អេកស្កះ រាប់ប្រមាណពុំបាន។

ពែងកាហ្វេក្នុងដៃនាង បន្តចេញចំហាយក្ដៅដ៏ស្រទន់ ដូចជាជួយកំដៅបាតដៃទាំងគូរបស់នាង ឱ្យចរន្ដឈាមរត់បានល្អ ខណៈដែលខ្លួនប្រាណនាងទាំងមូល​មានសភាពរងាតិចៗ ដោយសារអាកាសធាតុចុះទាបនៅតំបន់សមុទ្រ និងជាពិសេសម៉ាស៊ីនត្រជាក់ដែលគេបើកឱ្យត្រជាក់ស្ទើរ កក នៅសព្វទិសទីនៃសាលស្ថានីយរង់ចាំចេញដំណើរ។ ភ្នែកនាងសម្លឹងទៅឆ្ងាយ ប៉ុន្តែមិនមានកម្មវត្ថុអ្វីជាក់លាក់ដើម្បីពិនិត្យមើលទេ។ វ៉ែនតារបស់នាង ឆ្លុះពន្លឺផ្ទៃមេឃ ដែលមានពណ៌ខៀវមិនចំខៀវ សក៏មិនចំស ធ្វើឱ្យមុខរបស់នាងក្លាយជាផ្ទាំងកញ្ចក់មួយផ្សេងទៀត ដែលមានបញ្ចាំងវិដេអូទេសភាពមេឃពេលព្រឹក។ ភាពស្ងប់ស្ងាត់របស់នាង មិនមែនជាភាពស្ងប់ចេញពីចិត្តដែលសូន្យទទេនោះឡើយ វាជាភាពស្ងប់ស្ងាត់ដែលកើតពីភាពកកកុញនៃគំនិតដ៏ច្រើនរាប់មិនអស់។ នាងមិនកំពុងស្ថិតនៅក្នុងគំនិតបច្ចុប្បន្នកាលទេ ចិត្តនាងលោតពីអតីតកាល ឆ្ពោះទៅអនាគត ហើយលោតត្រលប់ពីអនាគត បកទៅកាន់អតីតកាលវិញ បែបនេះជារឿយៗ។

នាងនឹកគិតដល់មិត្តភក្តិរួមក្រុមការងារនៅក្រុងតូក្យូ ដែលមានច្រើនជាតិសាសន៍ ទៅពីច្រើនប្រទេសក្នុងលោក ដែលទើបតែនិយាយជជែកគ្នាលេងម្សិលមិញ ម្សិលម្ង៉ៃ ដោយភាតរភាព។ មួយសម្ទុះក្រោយមក នាងក៏គិតទៅដល់វេលាដែលមិនទាន់មកដល់។ តើពេលចុះចតដល់ដី នាវេលាថ្ងៃត្រង់នេះ នាងគួរតែជិះរថយន្ដតាក់ស៊ី ឬក៏គួរតែផ្ញើសារទៅនរណាម្នាក់ ដើម្បីពឹងគេមកទទួល? នាងជានារីរឹងមាំណាស់ នាងមិនដែលមានទម្លាប់ពឹងនរណាម្នាក់ ឱ្យជំពាក់គុណគេទេ។ មែនហើយ! នារីរឹងមាំ ត្រូវតែសម្រេចកិច្ចការនានាក្នុងជីវិតដោយឯករាជ្យ មិនត្រូវរំខាននរណាម្នាក់ឡើយ បើពុំចាំបាច់។

ភាពស្ងប់ស្ងាត់ ត្រូវបានកន្ត្រាក់ឱ្យបែកបាក់ខ្ទេចខ្ទីអស់ ដោយសំឡេងកណ្ដឹង ឌីងដុង ជាប់គ្នាពីរដងផ្ទួនៗ លាន់ឮយ៉ាងច្បាស់ចេញពីគ្រប់ជ្រុងនៃសាលស្ថានីយរង់ចាំទាំងមូល មុននឹងសំឡេងរបស់នាងបាហុនិកាម្នាក់បន្លឺឡើងជាភាសាចិនកាតាំង ដែលជាភាសាជាតិ របស់ដែនដីហុងកុង បន្ទាប់មកជាភាសាចិនកុកងឺ ដែលជាភាសាចិនអន្តរជាតិ និងចុងក្រោយ ទើបជាភាសាអង់គ្លេស ដែលនាងអាចស្ដាប់យល់បានថា ជើងហោះហើររបស់នាង ដែលនឹងត្រូវហោះឆ្ពោះត្រង់ទៅរាជធានីភ្នំពេញ ដល់ម៉ោងឡើងយន្ដហោះហើយ…

រូបថតរបស់ “លឹម វិរិយា” ថតនៅក្នុងស្ថានីយរង់ចាំចេញដំណើរលេខ១ (Terminal 1) បន្ទប់រង់ចាំលេខ ៧២ (Hall 72) នៃអាកាសយានដ្ឋានអន្តរជាតិហុងកុង ថតកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ | ចំពោះរូបថតមួយសន្លឹកនេះ ខ្ញុំសូមអរគុណដល់អ្នកដែលបានថតឱ្យខ្ញុំ គឺកញ្ញា “ធឿន សមនា” ជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងកិច្ចការនារី ដែលបានរួមដំណើរជាមួយខ្ញុំក្នុងបេសកកម្មសិក្សាមួយនៅប្រទេសជប៉ុនកាលពីពេលកន្លងទៅ។

ដោយអ្នកនិពន្ធ លឹម វិរិយា