Tag Archives: ធម្មជាតិ

វាលស្រែស្រុកខ្ញុំ

វាយោយោលយោគ រលកទឹក💦
ផ្គរលាន់គគ្រឹក រអ៊ឹកផង
រន្ទះក្ឌុងក្ឌាំង ភាំងក្ដាមខ្យង🐌
កង្កែបហែលឆ្លង ផ្សងខ្លាចឈ្លើង។🐛

ដើមត្រែងលាស់ត្រួយ ជួយកន្ត្រើយ🌱
កន្ទ្រាំងខែត្រស្បើយ ត្រើយខាងជើង
ចង្រិតខំពួន ជួនឃើញភ្លើង🔥
រំភើបពើតពើង ពេញពោងពាយ។🙊

កំប្លោកក្នុងបឹង ប្រឹងបែកគុម្ព🌿
កំភ្លឹងឆួលងំ សណ្ដំភាយ
អណ្ដើកបាតទឹក ស្ពឹករវាយ
រវើស្ទើរធ្លាយ រលាយជុំ។🐢

កញ្ឆែតបោះទង រំលងទឹក
ត្រីក្រាញ់សងសឹក ចឹកកូនគ្រុំ🐚
ដូចជាផែនដីនៃនាងខ្ញុំ
រង្គើរង្គុំសូមរួមកាត់។🙏
———
ដោយ លឹម វីរីយ៉ា
———
ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា គ.ស ២០១៦

2016-02-13-3

កំសាន្តក្នុងព្រៃ

កំសាន្តក្នុងព្រៃ

គយគន់មើលចុងព្រឹក្សា
បក្សីខ្ញៀវខ្ញារ ចរចារអ៊ឺងកង
ញីឈ្មោលហិចហើរត្រសង
ហាក់ដូចឌឺដង បំណងដៀមដាម
ខ្ញុំដើរញើសហូររហាម
គ្មានអ្នកដើរតាម រអាមដួងចៃ
កំសាន្តលើស្ពានក្នុងព្រៃ
ពន្លឺរស្មី ចាំងជះកាយា
ថ្ងៃនេះបើសិនម្តេចម្តា
សូមកុំតវ៉ា មេត្តាកុំមាត់
ចាស់ៗទម្លាប់ហាមឃាត់
នារីស្គមធាត់កុំពាក់ស៊ិចស៊ី
សុំច្បាប់តែប្រាំនាទី
ថតរូបស៊ិចស៊ីបង្អួតFacebook
ថ្ងៃនេះតទៅថ្ងៃមុខ
យីអ៊ុនលែងស្រុត ផុតសៅហ្មងអ៊ើយ………!!!
———————
លឹម វីរីយ៉ា, កំពង់ភ្លុក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣

វាលស្រែស្នេហ៍ខ្ញុំ…

វាលស្រែស្នេហ៍ខ្ញុំ...

សម្រស់វាលស្រែ ខែស្រាពណ៍ឆ្នាំម្សាញ់
ទឹកភ្លៀងដក់ពេញ រលេញគុម្តស្រូវ
ធម្មជាតិបៃតង ផ្សងចិត្តប៉ងនៅ
ស្រូបខ្យល់រដូវ ត្រជាក់ដួងចិត្ត។

សម្រស់ស្រុកខ្មែរ ក្បែរដងបុព្វតា
វែងផុតនេត្រា ចាររឿងអឌិត
កាលបងនិងអូន សាងក្បូនស្នេហ៍ពិត
ប្រលោមកាយស្និទ្ធ ក្រោមទឹកសន្សើម។

វាលស្រែវាលស្រូវ ខ្ទមស្បូវរនាប
បងលូកដៃស្ទាប អង្អែលថ្ពាល់ឆ្នើម
វាយោត្រជាក់ ធ្លាក់ឈ្លក់ដង្ហើម
អស្ចារ្យសម្បើម ផ្ដើមស្នេហ៍ថែចង។

សម្លឹងមើលមេឃ ផ្លេកបន្ទោព្រាក
ភ្ញាក់ខ្លួនស្ទុះងាក ក្រសោបអោបបង
នឹកឡើងសែនខ្មាស់ កំពិសក្តាមខ្យង
ហិចហែលត្រសង ចងចិត្តម្ចាស់ថ្លៃ។

សម្រស់ស្រុកខ្មែរ វាលស្រែជើងភ្នំ
ផ្គរលាន់រងំ ប្រគំយប់ថ្ងៃ
ភិរុណបង្អុរ ជោគដួងហឫទ័យ
ថ្ងៃស្អែកថ្ងៃថ្មី យើងជួបគ្នាទេ?

——————————
ដោយ លឹម វីរីយ៉ា
សៀមរាប, ថ្ងៃទី ៣១ កក្កដា ឆ្នាំ២០១៣