រំឭករឿងចាស់ ច្បាស់នៅនឹងភ្នែក នឹកមិត្តពន់ពេក ដេកដើរស្រម៉ៃ
ស្រណោះគ្រានោះ ទោះរវល់ក្រៃ ឆ្លៀតបានមួយថ្ងៃ ថ្លៃដូចដុំមាស។
រំឭករឿងដើម ផ្ដើមនឹកមិត្តចាស់ ម្ភៃឆ្នាំយូរណាស់ ខ្លះឡើងផុតរាស្ត្រ
រស់ក្នុងមង្គល ស្គាល់តែពាក្យឈ្នះ ដូចបានពរព្រះ ជះដោយរង្សី។
រំឭកថ្ងៃហ្នឹង ប្រឹងណាត់ជួបគ្នា សាសងរមនា នាហាងបើកថ្មី
ឈ្មោះ True Café ម៉ាកគេល្បាញល្បី មកពីស្រុកថៃ ដីជាប់យើងទេ។
សូមណែនាំជូន លូនតាមអក្ខរា សារស័ព្ទវោហារ ទេសនាឡង់សេ
មិត្តយើងបើកហាង អាង Brand ល្បីគេ គឺ True Café ជ្រេម៉ូយពេញធឹង។
ភ្លក្សហើយជាប់ចិត្ត ស្និទ្ធជាប់អណ្ដាត ហាងគេក៏ស្អាត ខ្នាតគេឡូយម្លឹង
ម្ចាស់ហាងប៉ាវផឹក នឹកឃើញរឿងហ្នឹង ផឹកអស់ទើបដឹង ពឹងឯងតែងកាព្យ។
ណ្ហើយចុះពួកម៉ាក ស្លាកឯងល្បីផង អួតតាមទំនង យោងតាមគេប្រាប់
ថា True Café កេរ្ដិ៍ឈ្មោះល្បីឆាប់ ព្រោះរសចំណាប់ ចាប់មាត់ឃាត់ចិត្ត។
មាន អៃស៍-ឡា-តេ កាហ្វេសាកល លក់មិនដែលសល់ ខ្វល់តែអត់លិឍ
កា-ពូ-ឈី-ណូ សូកូឡាពិត វ៉ា-ហ្វល នំស្អិត ខិតអមរសជាតិ។
អញ្ជើញអ្នកភ្នំពេញ ទិញដល់ក្នុងហាង ធានាគ្រប់យ៉ាង អាងឈ្មោះម្ចាស់ទៀត
បើផឹកមិនឆ្ងាញ់ ចាញ់កាហ្វេ វៀត កុំអាលចាកឃ្លាត ឆ្លៀតថែមជូន ហ្វ្រី។
អញ្ជើញអ្នករស់នៅ ផ្លូវបឹងកេងកង អញ្ជើញញាតិប្អូនបង ចងមិត្តមូលមីរ
ជួយជាវកាហ្វេ គេល្បីពេញទី បើផឹកម៉ោងពីរ ហ្វ្រីដល់ម៉ោងបាយ។
សូមអញ្ជើញ សូមអញ្ជើញ! ឃើញហើយកុំហួស ហាងគាត់លើកឈ្មោះ ខ្ពស់ផុតដើមស្វាយ
ឡូហ្គោ មូលៗ ទូលឡើងឆើតឆាយ ចតឡានសប្បាយ ចាយធីបប្រាំរយ។
សង្ឃឹមថាមិត្ត គិតដល់ហាងយើង ខំរុញឲ្យថ្កើង ឡើងថ្កុំ កុំធ្លោយ
លោកអ្នកជាស្ដេច ស្រេចហើយគឺឡូយ បើស្ម័គ្រជាម៉ូយ អូយ! សប្បាយចិត្ត។
តោះយើងលាគ្នា វេលាត្រឹមហ្នឹង ប្រូច្រើនម្លឹងៗ ដឹងតែបានស្និទ្ធ
ភ្លក្សហើយកុំភ្លេច ថតផ្សាយផងមិត្ត ចែកគ្នាលិឍ ដល់និរន្តរ៍ហោង!
——
ដោយ លឹម វីរីយ៉ា
(មិត្តភ័ក្ត្រដែលជាម្ចាស់ហាង គេពឹងឲ្យសរសេរ!)
ថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា គ.ស ២០១៦





