Tag Archives: ជំនឿខ្មែរ

ជំនឿ (កំណាព្យបទ៧ព្យាង្គ)

ទំនៀមទម្លាប់ ជាប់ពីព្រេង
មនុស្សអ្នកតាក់តែង ចែងជាច្បាប់
គេឱ្យគោរព ងប់ចំណាប់
អ្នកណាមិនត្រាប់ ចាប់ទៅចង។

រឿងខ្លះប្រតិដ្ឋ គិតមិនដល់
អ្នកជឿខ្វាយខ្វល់ ឆ្ងល់កន្លង
បុណ្យបាបជាអ្វី ស្ដីប្រាប់ផង
មួយជាតិហែលឆ្លង បំណងអី?

គេឲ្យលុតក្រាប លែងចាបរស់
ស្រោចទឹកកាត់គ្រោះ ឈ្មោះម្នឹះថ្មី
ក្រណាត់ពណ៌ស គ្របផ្ទាល់ដី
ច្រៀងលើករាសី ក្រែងផុតទុក្ខ។

គិតទៅផ្លូវមនុស្ស ជុះហើយស៊ី
ដេកដើរសំភី ភ្លីពេញមុខ
យកពុទ្ធសាសនា ញាត់ជង្រុក
ខ្លួនឯងចូលគុក កម្មអាក្រក់។

សែនខ្មោចបោចស្មៅ ហៅអារក្ខ
ដួសបាយដាក់ស្រាក់ ហាក់កខ្វក់
ស្លៀកពាក់ភ្ញាក់ព្រឹក នឹកអ្នកក្ដក់
ភ្លៀងស្រក់តិកតក់ ក៏តស៊ូ។

ខំជឿខំបន់ ស្រន់ព្រលឹង
រួចហើយទន្ទឹង ធ្មឹងសែនយូរ
រង់ចាំដូនតា ជួយគិតគូរ
ព្រោះរស់មិនធូរ មិនដឹងហេតុ។

ព្រះមានមិនជឿ ទៅជឿខ្មោច
ព្រលឹងអសោច ល្អោចក្រុងខេត្ត
សព្វពាសពេញដី ផ្ទៃវាស់ម៉ែត្រ
ខែភ្លៀងខែចេត្រ ឃើញតែបន់។

រឿងភពងងឹត គិតឲ្យជ្រៅ
បើមិនស្គាល់ផ្លូវ ត្រូវ​អាសន្ន
ដូរផ្នត់គំនិត ក្រិតឱ្យគ្រាន់
ក្រែងរស់បានទាន់ ស្គាល់និព្វាន។
___________

វិរិយា🌸

ថ្ងៃសុក្រ ៩រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី១១ ខែកញ្ញា គ.ស. ២០២០