[បទវង្សវិចិត្រ មេព្យាង្គ ៤+២+៤]
(១) និយាយរឿងងាប់ ទ្រាប់ទុក ទំនុកជីវិត
បង្ហាញរឿងពិត គិតទៅ នៅតែគេខ្លាច
មានច្បាប់ស្លាប់រស់ គោះប៉ោត បញ្ឆោតបិសាច
ពួកម្នឹះកំណាច កាចខ្លាំង ចាំងឆ្លុះនរក។
(២) ផែនដីនេះតូច ប្រដូច លម្អងធរណី
ល្អិតជាងធូលី គ្រវី គ្រវាត់វីវក់
ក្នុងចក្រវាល ក្រាលពាស មាសពេជ្រគម្រក់
គំរាមឱ្យភ្លក្ស គក់ទ្រូង ទូងស្គរក្លងខែក។
(៣) អស្មិមានះ ឈ្នះចាញ់ កណ្ដាញ់ដួងចិត្ត
កំណាញ់តោងស្អិត ប្រិតប្រៀង ផ្ទៀងចង់តែបែក
តាមពិតខ្លាចងាប់ គ្រាប់ផ្លោង កោងផ្ទុះរហែក
ក្ដែងៗខំស្រែក ចែកខណ្ឌ ប្រកាន់ពូជសាសន៍។
[#បទព្រហ្មគីតិ មេព្យាង្គ ៥+៦]
(៤) ភពផែនដែនដីយើង ស្នូលសុទ្ធភ្លើង ក្ដៅខ្លាំងណាស់
ទំនាយព្រះជាម្ចាស់ លោកបានត្រាស់ ថានឹងធ្លាយ។
(៥) ផែនដីយើងនឹងឆេះ ប៉ើងរបេះ ដូចទំនាយ
បន្ទាប់មករលាយ អណ្ដែតភាយ លាយអាកាស។
(៦) រឿងនេះពិតមិនខុស ចាំទុកចុះ ត្រឹមត្រូវច្បាស់
រស់នៅត្រូវចេះខ្មាស ជាន់ដានចាស់ ច្បាស់ជាខុស។
(៧) រឿងងាប់ត្រូវទន្ទេញ រឿងរស់វិញ ប្រយ័ត្នស្លុះ
ដង្ហើមចុងច្រមុះ ដាក់ភ្នែនចុះ ស្ទង់ចិន្ដា។
(៨) ផ្ចង់គិតរវាំងកាយ ក្រែងវាឆ្ងាយ ពីសុខា
ព្រោះមោហ៍បាំងបញ្ញា វាហានក្លា សម្លាប់ខ្លួន។
[#បទភុជង្គលីលា មេព្យាង្គ ៦+៤+៤]
(៩) ផែនដីនៃយើងរាល់គ្នា
នឹងក្លាយទៅជា ផេះផង់ក្រមួន។
(១០) ដោយភ្លើងរងើកឆេះស្ទួន
កក្រើកអង្រួន ព្រោះក្បួនបិសាច។
(១១) អ្នកល្អល្អិតល្អោចពួនខ្លាច
មេបក្សកំណាច បាចពិសតាមខ្យល់។
(១២) សត្វលោកច្របូកច្របល់
ព្រោះរស់ធ្លាប់ខ្វល់ ត្រឹមតែអាត្មា។
(១៣) លុះដល់ផែនដីមរណា
ប្រវេប្រវា ប្រាថ្នាសូមសុខ។
(១៤) អ្នកជិតអ្នកឆ្ងាយស្ដាយស្រុក
ធ្លាប់រស់ស្រណុក មិនដែលអាល័យ។
(១៥) ទូលរែកពួកម្នឹះចង្រៃ
ដូចចិញ្ចឹមចៃ លើក្បាលខ្លួនឯង។
(១៦) ឃើញខុស សរសើរក្ដែងៗ
ដូចឆ្កែកើតស្រែង ថ្លែងអួតគីង្គក់។
(១៧) អាស្រូវដូចឋាននរក
នាំគ្នាពង្វក់ បញ្ជោរតែគ្នា។
(១៨) លុះដល់វេនកម្មវេរា
ពាក្យបញ្ជោរគ្នា ក្លាយជាទោសៈ។
[#បទកាកគតិ មេព្យាង្គ ៤+៤+៤]
(១៩) បើរស់សុខហើយ សូមអ្នកជួយឆ្លើយ
ដោះទុក្ខអ្នកខ្វះ កំពុងតែលតោល
ពិបាកខ្លាំងណាស់ ដូចសត្វឥតម្ចាស់
គេចាប់ដាក់ទ្រុង។
(២០) គ្រាន់តែស្មូមទាន សូមសិទ្ធិរស់រាន
គ្មានអាវុធភ្ជង់ នៅតែគេចាប់
បោចកន្ទេលមុង យកទៅញាត់ទ្រុង
ចោទជនក្បត់ជាតិ។
(២១) អ្នកខ្លះក្បែរគ្នា ប៉ុន្តែបែរជា
មិនហ៊ានចូលបៀត ខ្លាចជ្រុះបុណ្យសក្ដិ
ខ្លាចបង់អស់ញាតិ រឿងរ៉ាវគ្រោតគ្រាត
បំផ្លាញសាសន៍ឯង។
(២២) រឿងខ្លះរឿងល្បី គោះរង្គើដី
បន្ទរក្ដែងៗ ខំប្រឹងតស៊ូ
មតិបែកផ្សែង ត្រង់ជាតិសាសន៍ឯង
ទុកឱ្យគេជាន់។
(២៣) ចាំទុកទៅអ្នក វេនកម្មគង់ធ្លាក់
ចុះយ៉ាងទាន់ហន់ អ្នកណាអ្នកសាង
មិនបាច់ខំបន់ ច្បាប់កម្មបន្ទាន់
វន្តផលឥតខុស។
(២៤) ផែនដីនឹងផ្ទុះ គ្រាប់ផ្លោងទម្លុះ
ឆេះធ្លុះធ្លាយសុស គង់ងាប់ជុំគ្នា
ក្លាយផេះទាំងអស់ សត្វម្នឹះស្រីប្រុស
ស្លុះស្លុងក្លាយខ្យល់។
(២៥) មិនយូរទៀតទេ ផែនដីដាច់ថ្នេរ
យើងនឹងអស់កល គ្មានល្បិចបោកគ្នា
បានប៉ះកម្មផ្ទាល់ ចក្រវាលនៅសល់
ភពផ្សេងរាប់កោដិ។
(២៦) ថ្ងៃនោះមកដល់ ថ្ងៃដែលច្របល់
កំហឹងច្រឡោត ឱ្យរលាយខ្សុល
ទុកជាចំណោទ អ្នកណាឆោតៗ
ច្បាស់កើតមកទៀត។
(២៧) ច្នេះហើយបើដឹង សូមនៅសញ្ជឹង
ប្រឹងឱ្យខ្មីឃ្មាត ជួយសង្គ្រោះគ្នា
បងប្អូនរួមជាតិ ក្រែងបានស្លាប់បៀត
ក្បែរនឹងធម៌ព្រះ។
———
វិរិយា ![]()
ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ មីនា គ.ស. ២០២២



