
សុរិយារះហើយ ម្តេចឡើយមិនភ្ញាក់
ទ្រាំធ្វើភ្នែកខ្វាក់ សុខណាស់ទៅឬ?
គ្រួសារគេស្លាប់ អ្នកមិនចេះឈឺ
មិនខ្ចីដឹងឮ ឬខួរវាធ្ងន់?
សមយ័លង្វែកខ្មែរបែកព្រោះសៀម
ប្រាក់ដួងគំរាម ឈាមមនុស្សលោភលន់
កាប់ឆ្កាឫស្សី មិននៅទម្រន់
ចោរសៀមចូលមុន ប្លន់អស់មួយសារ។
មានចាំខ្លះទេមេរៀនប្រវត្តិ
កំសត់ជូចត់ ព្រាត់ព្រោះអ្នកណា?
ច្រើនលើកច្រើនគ្រា ខ្មែរច្រើនមរណា
យួន-សៀម មហា ចាំណា៎ កុំស្និទ្ធ។
ដឹងហើយឮហើយ នៅតែខំផ្គើន
បំពានព្រហើនប្រឆាំងការពិត
ដើម្បីលាភយសប្រយោជន៍បាំងបិទ
បំភ្លៃប្រឌិត ចិត្តអបរាធ(១)ឯង។
កើតមកជាមនុស្សឈ្មោះថាខេមរា
ក្រោមជោគជតាដែលព្រេងតាក់តែង
ប្រវត្តិខ្មែរខ្លាំង ភស្តុតាងជាក់ស្តែង
ហេតុអ្វីមិនស្ញែង ក្រែងខូចយសកេរ្តិ៍?
បើសិនផែនដីនេះសល់តែអ្នក
ទ្រព្យធនបុណ្យសក្តិមាននយ័ទៀតទេ?
ហេតុម្តេចមិនគិតប្រយោជន៍ផងគេ
រិះរេសំរាំងច្បាំងយកឡើងម៉ត់។
បើសិនបារមីមានប្រាកដជាក់
សូមរាយអន្ទាក់សម្លាប់ជនក្បត់
ឲ្យសូន្យវិនាសផុតបង់ខ្ចាត់ព្រាត់
ធរណីសង្កត់នរកចាំស្ទាក់។
បើសិនប្រាសាទព្រះវិហារខ្លាំង
សូមជួយតតាំងរុញច្រានទម្លាក់
សណ្តានមនុស្សពាលតាមខ្សែកន្ត្រាក់
បរទេសអបលក្សណ៍ មនុស្សខ្វាក់មិនប្រុង។
បើសិនអង្គរពិតមានតេជ:
អំណាចប្រត្យក្សជំនឿផ្លូវក្នុង
សូមបារមីលោកតាមជួយថែក្រុង(២)
ដល់ឋានអនង្គរុងរឿងសន្តិ។
————————————————-
(១) អបរាធ (អានថា អៈប៉ៈរ៉ាត) = ( ន. ) កំហុស; ទោសល្មើស
(២) ក្រុង = (កិ.) ថែរក្សា, ការពារ
—————————————————–
ដោយ លឹម វីរីយ៉ា
សៀមរាប ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៣