Tag Archives: ខ្មែរ

បួងសួងជូនម្ដាយ

បើសិនលោកនេះមានបារមី
ពូកែខ្លាំងក្រៃដូចនិទាន
អាចចម្លងមនុស្សផុតស្រេកឃ្លាន
រស់ក្នុងនិព្វានឋានផុតទុក្ខ។

បើសិនជីវិតពិតមានកម្ម
កូនសុខចិត្តទ្រាំជំនួសមុខ
បួងសួងឧទ្ទិសម្ដាយបានសុខ
ផុតចាកក្ដីទុក្ខរួចគុកកម្ម។

សូមអធិដ្ឋានអស់បារមី
កំពូលខ្លាំងល្បី ចូរចងចាំ
បើម្ដាយខ្ញុំជា ផុតជ្រោះកម្ម
មិនបាច់រង់ចាំ ខ្ញុំសាងផ្នួស។

ដោយ លឹម វីរីយ៉ា

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤

viriya_lim_pray_for_mother

អាម៉ុកត្រីរ៉ស់

អាម៉ុកត្រីរ៉ស់

អាម៉ុកអ៊ើយអាម៉ុកត្រីរ៉ស់
អន្ទងខាបអស់ស្លឹកញក្រោយផ្ទះ
អាម៉ុកថ្ងៃនេះធ្វើដោយរូតរះ
ប៉ុបប៉ាប់ខ្ទឹមម្ទេសស្រេះចិត្តលោកប្ដី។

អាម៉ុកផ្ទះខ្ញុំមិនចាយស្លឹកចេក
ព្រោះប្រញ៉ាប់ពេកខ្លាចមិនទាន់ឆី
ចំហុយម៉ាចានអស់បាយម៉ាល្អី
មានទៅតិចអីត្រីបីគីឡូហ្អ៎!!!
———————-
ផ្ញើរជូនពីផ្ទះបាយ លឹម វីរីយ៉ា,
សៀមរាបថ្ងៃពុធ ៣កើត ខែចេត្រ ឆ្នាំម្សាញ់បញ្ចសក័ ព.ស ២៥៥៧ ត្រូវនឹងថ្ងៃទី២ ខែមេសា គ.ស ២០១៤

កន្ទួតឆុងស្ករ

កន្ទួតឆុងស្ករ

កន្ទួត កន្ទួត! ល្ងាចនេះសុំអួត កន្ទួតឆុងស្ករ
ឆុងទុកឲ្យហើយ រៀបរយបវរ
គ្របទុកឲ្យល្អ អប់ដោយក្លិនផ្កា។

កន្ទួតឆុងស្ករ បង្អែមតំណ តពីដូនតា
ចាស់ៗច្រើនធ្វើ ទុកលួងអាង៉ា
ពេលយំឡូឡា ស្រែករកចេកចៀន។

កន្ទួតឆុងស្ក កូនតូចអំណរ ពេលចេញពីរៀន
មិនដឹងល្បិចម៉ែ ថែទុកធ្វើស្ពាន
លួងលោមបង្រៀន អាង៉ាបាត់យំ។

កន្ទួតឆុងស្ករ ក្មេងផ្អើលឈូឆរ រត់មករោមជុំ
ចាស់ៗភូមិខ្ញុំ លៀងក្រោយជំនុំ
កន្ទួតបែកគុម្ព ញ៉ាំមិនដែលខាត។

បង្អែមកូនក្មេង ជួនចាស់ញ៉ាំលេង បន្លប់អណ្តាត

កុំឲ្យមួម៉ៅ គ្រលាស់ច្រើនខាត
ផ្លិបផ្លប់ផ្លុងផ្លាត បាតចានសល់គ្រាប់។
———————————
លឹម វីរីយ៉ា,
សៀមរាប, ថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

ខ្មែរអ៊ើយភ្ញាក់ឡើង

ខ្មែរអ៊ើយភ្ញាក់ឡើង

សុរិយារះហើយ ម្តេចឡើយមិនភ្ញាក់
ទ្រាំធ្វើភ្នែកខ្វាក់ សុខណាស់ទៅឬ?
គ្រួសារគេស្លាប់ អ្នកមិនចេះឈឺ
មិនខ្ចីដឹងឮ ឬខួរវាធ្ងន់?

សមយ័លង្វែកខ្មែរបែកព្រោះសៀម
ប្រាក់ដួងគំរាម ឈាមមនុស្សលោភលន់
កាប់ឆ្កាឫស្សី មិននៅទម្រន់
ចោរសៀមចូលមុន ប្លន់អស់មួយសារ។

មានចាំខ្លះទេមេរៀនប្រវត្តិ
កំសត់ជូចត់ ព្រាត់ព្រោះអ្នកណា?
ច្រើនលើកច្រើនគ្រា ខ្មែរច្រើនមរណា
យួន-សៀម មហា ចាំណា៎ កុំស្និទ្ធ។

ដឹងហើយឮហើយ នៅតែខំផ្គើន
បំពានព្រហើនប្រឆាំងការពិត
ដើម្បីលាភយសប្រយោជន៍បាំងបិទ
បំភ្លៃប្រឌិត ចិត្តអបរាធ(១)ឯង។

កើតមកជាមនុស្សឈ្មោះថាខេមរា
ក្រោមជោគជតាដែលព្រេងតាក់តែង
ប្រវត្តិខ្មែរខ្លាំង ភស្តុតាងជាក់ស្តែង
ហេតុអ្វីមិនស្ញែង ក្រែងខូចយសកេរ្តិ៍?

បើសិនផែនដីនេះសល់តែអ្នក
ទ្រព្យធនបុណ្យសក្តិមាននយ័ទៀតទេ?
ហេតុម្តេចមិនគិតប្រយោជន៍ផងគេ
រិះរេសំរាំងច្បាំងយកឡើងម៉ត់។

បើសិនបារមីមានប្រាកដជាក់
សូមរាយអន្ទាក់សម្លាប់ជនក្បត់
ឲ្យសូន្យវិនាសផុតបង់ខ្ចាត់ព្រាត់
ធរណីសង្កត់នរកចាំស្ទាក់។

បើសិនប្រាសាទព្រះវិហារខ្លាំង
សូមជួយតតាំងរុញច្រានទម្លាក់
សណ្តានមនុស្សពាលតាមខ្សែកន្ត្រាក់
បរទេសអបលក្សណ៍ មនុស្សខ្វាក់មិនប្រុង។

បើសិនអង្គរពិតមានតេជ:
អំណាចប្រត្យក្សជំនឿផ្លូវក្នុង
សូមបារមីលោកតាមជួយថែក្រុង(២)
ដល់ឋានអនង្គរុងរឿងសន្តិ។
————————————————-
(១) អបរាធ (អានថា អៈប៉ៈរ៉ាត) = ( ន. ) កំហុស; ទោសល្មើស
(២) ក្រុង = (កិ.) ថែរក្សា, ការពារ
—————————————————–
ដោយ លឹម វីរីយ៉ា
សៀមរាប ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៣