ពាក្យថាកូនប្រុស ចូរកូនចាំចុះ
ប្រៀបសសរផ្ទះ ទ្រទ្រង់រឹងមាំ
ប៉ិនទ្រាំស៊ូឈ្នះ ពេញដោយឆន្ទះ
ជាទីបង្អែក។
ពាក្យថាកូនប្រុស ចរិយាមិនស្លុះ
ស្អប់ពាក្យចាំស្អែក រូតរះម្នីម្នា
ហត់មិនយំស្រែក ឈ្លាសវៃបែងចែក
រែកពុនជួសឪ។
ពាក្យថាកូនប្រុស ចេះស្គាល់កំហុស
ខុសដូរឲត្រូវ ក្រោកមុនថ្ងៃរះ
ឈ្នះអស់សត្រូវ ទោះភ្លាត់ខុសផ្លូវ
គង់មានខ្មោចជួយ។
ពាក្យថាកូនប្រុស ដោះបានទាំងអស់
មិនងាយរំអួយ ស្ថាបនិកគ្រួសារ
តួជាភូឈួយ ឪចាស់លែងព្រួយ
ព្រោះមានកូនប្រុស។
ច្នេះបើបានដឹង កូនប្រុសព្រលឹង
កុំនៅត្រេះត្រុះ ឆាប់ឡើងម្ចាស់ការ
ទេព្ដាយាងចុះ ឲពរកូនប្រុស
ឈ្នះអស់ភារកិច្ច។
ឥលូវឪចាស់ ជម្ងឺច្រើនណាស់
រស់សង្ឃឹមតិច ម្ដាយក៏មិននៅ
កូនហ្អើយធ្វើម្ដេច មានតែពាក្យពេចន៍
ផ្ដាំទុកជាទ្រព្យ។
បើសិនឪស្លាប់ កូនច្បាស់ជាយ៉ាប់
រស់នៅមិនគាប់ កំព្រាមេបា
ក្លាយជាអភព្វ័ ព្រោះកូនមិនធ្លាប់
ស្គាល់ភាពពិបាក។
អត់ម៉ែអត់ឪ ដំណើរឆ្ពោះទៅ
ឪក្លាចកូនយ៉ាក ជីវិតហេងហាង
រតេករតាក ទោះភ្ញាក់ខ្លួនខ្ញាក
វាហួសបាត់ហើយ។
កូនហ្អើយកូនប្រុស ឪខំបណ្ដុះ
សង្ឃឹមជាខ្នើយ ពេលដែលឪចាស់
បានផ្ដេកទ្រេតកើយ កូនស្គាល់តែល្ហើយ
ឪរស់យ៉ាងណា?
ណ្ហើយចុះកូនពៅ ឪបែបគ្មានផ្លូវ
តម្រង់ជីវ៉ា ឲភ្ញាក់រឭក
មុនមានសង្ខា ចាំឪមរណា
បួសភ្លើងឲផង។
ឥលូវសូមស្លេះ ព្រោះទាល់តម្រិះ
ខ្លាចកូនសៅហ្មង អាក់អន់មន្ទិល
ក្នុងគ្រានេះម្ដង ធ្វើម្ដេចឪផ្សង
មិនបានសម្រេច។
——————————–
ដោយ លឹម វីរីយ៉ា
ថ្ងៃចន្ទ័ ៦រោច ខែមាឃ ឆ្នាំមមី ឆសក័ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ គ.ស ២០១៥
ចែករំលែករឿងនេះ (Share this):