ជាងពីរឆ្នាំមុន តូចតន់ទៅដីសណ្ដ
អួតរូបរាងល្អ ទេសចរកម្ពុជាក្រោម
ខេត្តព្រះត្រពាំង ខ្ញុំភាំងព្រោះបានយល់ឆោម
ដូចគេប្រលោម បំពេឱ្យលង់ចិន្ដា។
ទឹកដីល្អល្អាច់ លើកសាច់ឈាមខ្ញុំឡើងភ្លឺ
រងាព្រួចព្រឺ ឮសូរសំនៀងដូនតា
សាស័ព្ទសាសង ឆ្លើយឆ្លងទំនៀមភាសា
ទំនុកខេមរា ចរចាពេចន៍ខ្មែរតែមួយ។
បានយល់សេចក្ដី អាល័យអាឡោះខ្សោះចិត្ត
វិប្បយោគរួមរឹត គិតយូរចង់តែយោងជួយ
តែទៅមិនរួច លបលួចព្រួចចិត្តសែនព្រួយ
ឈាមខែ្មរតែមួយ ប៉ិចត្រួយខុសដែនសីមា។
ឆ្នាំណាជួបទៀត នឹងឆ្លៀតនាំញាតិទៅម្ដង
ឱ្យបានស្គាល់ផង ទុកចងជាអនុស្សារ
ខេត្តព្រះត្រពាំង ឃាំងបេះដូងលងស្នេហា
ខ្ញុំសូមផ្ញើសារ បោះត្រាគប់ទៅតាមខ្យល់។
បើមាននិស្ស័យ យប់ថ្ងៃដីវិលគ្រប់ខួប
ភ្នំពេញចេញចួប នឹងបានផ្គួបដៃម្ចាស់ថ្ពាល់
ដីមេគង្គក្រោម ចោមព័ទ្ធឃាត់ចិត្តរចល់
សូមថើបតាមខ្យល់ ឱ្យពាល់ប៉ះម្ចាស់ស្រុកដើម។
_________
វិរិយា![]()
ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១០ ខែសីហា គ.ស. ២០២១






