Tag Archives: កំណាព្យខ្មែរ

សកវាទ៍…

សកវាទ៍​ ឱ​ ផ្កាព្រលឹត! ​
ព្រលឹងបណ្ដូលចិត្ត​ គិតបណ្ដេីរ​ សេីចបណ្ដេីរ។
នឹកឃេីញ​រឿង​រ៉ាវ​ហោះហេីរ​
ធ្លាប់​ដាក់សំណេី​ ស្នេីសូមស្នេហ៍ស្មោះ។
សកវាទ៍​ ឱ​ ផ្កាប៉េងប៉ោះ​!
នឹករឿងអង្កាល់ណោះ​ ខុសអស់មួយគ្រា។
បេីសិនកាច់កិន​ ធានា​
ច្បាស់​រស់រមនា​ ជាដាច់រោគចិត្ត។
សកវាទ៍​ ឱ​ ផ្កាស្រឡឹត!
​ នឹកឡេីងអាណិត​ ស្រណោះខ្លួនក្រៃ។
បេីដឹងថារស់រីងរៃ​
ច្បាស់​ជាអូនស្រី​ មិនខ្ចីឈឺទេ។
ផ្កាអ៊េីយ​ ផ្កាអរគីដេ!
អ្នកល្អម្លេះទេ​ គេលេីកដាក់ផេីង។
សកវាទ៍​ ផ្កាផ្សិតចំបេីង!
អ្នកឫក្សចេីងរ៉េីង​ ឆ្មេីងឆ្មៃ​ ដេីរងេីយ។
ប្រយ័ត្ន​ទាក់ស្មៅកន្ត្រេីយ!
ខ្ញុំ​ប្រាប់​ឱ្យ​ហើយ​ ឆ្លេីយផងបេីយល់។
សកវាទ៍​ ឱ​ ផ្កាម្ជុល!
ដកឃឹម​ និមល​ ជ្រុលជ្រួសហួសឆ្ងាយ។
សកវាទ៍​ ឱ​ ផ្កាសារាយ!
អ្នកណាពាក់ផ្កាយ​ ចាំមេីលស្ដាយចន្ទ។
ផែនដី​ ផ្ទៃមេឃ​ កំណាន់
គូគេលានឆ្នាំ​ ផ្ដាំម្ចាស់ព្រលឹង។
សកវាទ៍​ ឱ​ ផ្កាកំភ្លឹង!
សូមស្លេះត្រឹមហ្នឹង​ រឿងតឹងរឿងធូរ។
សកវាទ៍​ ឱ​ ផ្កាចន្ធូ!
សរសេរយូរៗ​ ដូចជាយ៉ាកទៅ។
សកវាទ៍​ ឱ​ ផ្កាម្រះព្រៅ!
ខ្ញុំ​លាហេីយពៅ​ នៅទៀតលែងបាន។
សូមមិត្តបានសុខគ្រប់ប្រាណ
សម្រាក​សម្រាន្ត​ ក្សាន្ត​ចិត្ត​រៀងអ៊េីយ។
———
លឹម​ វីរីយ៉ា​🌸
២៤​ សីហា​ ២០១៩

ខ្ញុំ និង បងស្រី “ទូចស្រី សុភា” ដែលគាត់ជាម្ចាស់ភោជនីយដ្ឋានវិហ្គោសាឡាដ និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលខ្ញុំមិនចាំឈ្មោះអស់ គ្រាន់តែចាំច្បាស់បំផុត គាត់ជាសមាជិកា នៃ សមាគមសហគ្រិនស្ត្រីកម្ពុជា។ រូបថតនេះ ថតនៅក្នុងថ្ងៃពីព៌ណគ្រឿងអលង្កានៅ កោះពេជ្រ ភ្នំពេញ

រសៀលមេឃក្ដៅ…

រសៀល​មេឃក្ដៅ​ អ្នកក្នុងអ្នកក្រៅ
ហួចហៅខ្សឹបដៀង ខ្លះភ្នក់លេងភ្នាល់
ខ្លះខ្វល់រឿងពាង​ ខ្លាចឥតទឹកភ្លៀង
ទុកលាងជេីងដៃ។

រសាប់រសល់​ រសេីបហេីបដល់
រឿងទ័លចង្រៃ​ រឿងរាក់កំផែល
ខ្លះហែលលេីដី​ គេខ្សឹបម្សិលម្ង៉ៃ
អាល័យ​អ្នកស្ដាប់។

គេថាភ្លេីងខៀវ​ ពេលមាន់រងាវ
កញ្ជ្រៀវ​ស្ទេីរស្លាប់​ អ្នកណាឥតបុណ្យ
កុនការងាប់ឆាប់​ ធ្វេីមនុស្សចំណាប់
គេចាប់ទៅចង។

គេខ្សឹបតិចៗ​ ប្រាប់ក្រោយថ្ងៃលិច
ក្ដិចភ្លៅថែមផង​ ភាពយន្ដ​សម្ដែង
គេក្លែងម្ដងៗ​ ល្ខោន​ស្នេហ៍​អូនបង
ថេីបភ្លាមលង់ភ្លាម។

រឿងត្រូវទៅខុស​ រឿងស្រីនិងប្រុស
ច្រមុះចេញឈាម​ ស្នេហ៍​រន្ទះបាញ់
ស្រឡាញ់រលាម​ ថេីបបឺតអង្កៀម
ត្រៀមទាក់អ្នកមេីល។

ស្នេហា​ចុះក្អួត​ គេលេងឆ្កួតៗ
អួតមនុស្សងងេីល​ ងងឹត​ងេងង៉ាង
អាងយ៉ាងគគ្រេីល​ ល្ខោនអស់អ្នកមេីល
ផ្អេីលរឿងថ្មីទៀត។
————-
លឹម​ វីរីយ៉ា​🌸
២០​ សីហា​ ២០១៩

រូបនេះថតជូនដោយ កូនប្រុសច្បងម៉ាក់យ៉ា កុមារា ជ័យបុត្រ នៅក្នុងរោងភាពយន្ត Major CinePlex ក្នុងផ្សារទំនើប Aeon Mall 2 ខណ្ឌសែនសុខ ភ្នំពេញ ម្ដុំៗជិតផ្ទះដែរហ្នឹងណា! ថតមុនចូលទៅទស្សនាភាពយន្តរឿង Angry Bird វគ្គ២ (កំដរអាប្រុសពៅទេចាស)

កំណាព្យផ្ញើជូនប្អូនស្រីបូផា

ផ្លូវ​ដើរ​វែងឆ្ងាយ​ ក្លាយជា​ខ្លី
ស្វែងរកសួស្ដី​ សិរីជា
ឈប់តូចចិត្តទៅ​ ពៅពំងារ
ជីវិត​គ្រប់គ្នា​ ជារឿងល្ខោន។

អ្នកខ្លះតួឆ្កួត​ អួតក្រោមមេឃ
ខ្លះកំជិលពេក​ ដេកកំប្រោន
ខ្លះទៀតរីងរៃ​ ភ័យ​បង្អោន
ផ្អេីលៗត្រោនៗ​ ឱនហេីយក្រាប។

អ្នកខ្លះមានទ្រព្យ​ ផ្គាប់ទេវតា
ខ្លះចិត្តឫស្យា​ ប្រាថ្នា​បាប
ខ្លះទៀតសោយទុក្ខ​ មុខឡេីងឆ្អាប
រស់នៅត្រដាប​ ស្ងាបក្នុងមុង។

សៀវភៅ​អ្នកតែង​ សម្ដែងរឿង
រៀបរាប់​ទ្រាប់ក្បឿង​ កឿងជាប់ជង់
លំហូរដួងចិត្ត​ ក្រិត្យ​គង់​វង្ស​
ឱ្យដិតយូរលង់​ ក្នុងក្រាំងមាស។

មនុស្ស​លោក​ យកជាតិ​ ឆ្លៀតតុបតែង
គេចេះសម្ដែង​ ក្លែងពោរពាស
កុហកបញ្ឆោត​ ដោតនិរាស
ឡេីងខ្ពស់ហួសរាស្ត្រ​ ក្បៀសមិនបាន។

អូនអ៊េីយ! នេះហេីយ​ ឆាកជីវិត
អ្នកឆ្លាតលាក់ជិត​ ដិតក្សេមក្សាន្ត
អ្នកល្ងង់លង់ជឿ​ អឿអស់ប្រាណ
ចុងក្រោយ​រស់បាន​ ត្រឹម​បាយឆី។

អ្នកល្អជាងគេ​ គឺខ្លួនឯង
មិនបាច់សម្ដែង​ ក្លែងសម្ដី
ពោលតែពាក្យពិត​ ឆ្អិតជាប់ដី
សាងភពមានន័យ​ ប្រពៃ​មួយ។

សូមជូនពរជ័យ​ ន័យឧត្ដម
ដល់អ្នកដែលខំ​ លូតលាស់​ត្រួយ
សូមបានធំឡេីង​ ថ្កេីងជាមួយ
ពាក្យ​ថាអ្នកស្ទួយ​ ជួយសង្គម។

សូមឱ្យប្អូនស្រី​ ស្គាល់​តែសុខ
ថ្ងៃ​នេះទៅមុខ​ ស្រណុកជុំ
ជួបតែពាក្យឈ្នះ​ រះរងំ
រុងរោចន៍​ដូចដុំដួងសុវណ្ណ។

សូមឱ្យ​ស្នាដៃ​ ក្មេងស្រីល្អិត
បានជ្រាបចូលដិត​ ស្ថិតអាត្ម័ន
រញ្ជួយ​អ្នកអាន​ ដែលបានកាន់
រំភេីបណែនណាន់​ ដួងហឫទ័យ។

សូមប្អូនបានស្គាល់តែមង្គល
រស់នៅបានយល់តែសិរី
ដង្ហេីមចេញចូល​ ប្រផ្នូលថ្លៃ
រស់សាងស្នាដៃ​ ថ្លៃជាងពេជ្រ។

—————
សារខ្លី​ តែន័យវែងឆ្ងាយ
ជូនអភិប្រាយ​ ក្លាយ​កាព្យរំលេច។
គ្រូម្នាក់ធ្លាប់រះធ្លាប់លិច
សូមផ្ញេីពាក្យពេចន៍​ ក្ដិចដួងចិន្ដា។
សរសេរចេញពីឱរា
ជូនប្អូនបុប្ផា​ ម្ចាស់​ស្នាដៃតូច។
សូមឱ្យប្អូនរះប្រៀបដូច
ដួងចន្ទ្រឆ្ងាយរោចន៍​ ភ្លឺដូចបូណ៌មី។
សូមឱ្យ​ជីវិត​ឡេីងថ្លៃ
ខ្ពង់ខ្ពស់​អាល័យ​ ដូចដួងតារា។
សូមឱ្យ​ជីវិត​ស្នេហា​
រីកស្រស់ដូចផ្កា​ ផ្អែមដូចទឹកឃ្មុំ។
សូមបានរស់នៅជួបជុំ
ក្អាកក្អាយ​រងំ​ សុខជានិរន្តរ៍!
————
លឹម​ វីរីយ៉ា​🌸
១៦​ សីហា​ ២០១៩

អ្នកនិពន្ធវ័យក្មេង ម្ចាស់សៀវភៅទាំង៤ក្បាលនេះ នាងឈ្មោះ សុត បូផា

ឆ្នាំណាទើបដល់?

រសៀលគងព្រៃ​ រៃច្រៀងកំដរ
ស្រមោលទិនករ​ លម្អជេីងមេឃ
ជំនោរខែស្រាពណ៍​ ខាបទឹកដងព្រែក
ផ្លូវដេីរឆ្ងាយពេក​ រែកចិត្តរង់ចាំ។

ខ្យល់​បក់លាយភ្លៀង​ សៀងស័ព្ទទឹកហូរ
ដីខ្មែរថ្ងួចថ្ងូរ​ ប្ដូរផ្ដាច់​បណ្ដាំ
ទង់ជាតិ​បីពណ៌​ ញ័រជេីងអ្នកផ្ដាំ
តេីឱ្យខ្ញុំចាំ​ ឆ្នាំ​ណាទេីបដល់?
————-
លឹម​ វីរីយ៉ា​🌸
១៣​កេីត​ ខែស្រាពណ៍​ ព.ស.​ ២៥៦៣​ /​ ១៣​ សីហា​ ២០១៩

ថតនៅមុខផ្ទះក្នុងបុរីប៉េងហួត ដោយស្នាដៃកូនប្រុសច្បង កុមារា ជ័យបុត្រ ពេលព្រឹកម៉ោង ៩:០០

ជំនាញមិនឈ្នះចំណារ…

ជំនាញ​ ចំណានល្អដល់ម្ល៉ា
មិនឈ្នះ​ ចំណារ​ចារពីលេី
អ្នករៀនចេះដឹង​ រំពឹង​ធ្វេី
ចំណារថ្នាក់លេី​ ឱ្យល្ងេីអស់។

ខំរៀន​ពូកែ​ ថែសៀវភៅ
ធ្វើ​ការយូរទៅ​ ផ្លូវលែងស្មោះ
គេក្រិត្យបោះត្រា​ ចារចោះៗ
រលួយ​វ៉ល់អស់​ ហោះពេញស្រុក។

បេីហ៊ាន​តវ៉ា​ ចំណារ​ស្ដេច
ច្បាស់​ជាប្រកាច់​ ផ្ញាច់ក្រោមតុ
អ្នកធំស៊ីញេ​ គេបានសុខ
អ្នកតូចឈឺចុក​ ខ្មុកពេញស្រែ។

រឿងរ៉ាវ​គេសោះ​ ខ្សោះចិត្ត​ខ្ញុំ
ស្ដាប់​ហើយ​សម្ងំ​ ខំស្ងាត់ដែរ
ឃេីញគេថោកទាប​ ប្រៀបកូនឆ្កែ
ស្រណោះខ្លួនដែរ​ ធ្វើ​មិនដូច។

រាត្រី​អាទិត្យ​ គិតឡេីងវ៉ល់
រសាប់រសល់​ ខ្វល់ប៉ផ្លូច
ដឹងរឿងម្នឹះខ្លះ​ ដែលក្បាលខូច
ចង់តែរត់ប្រូច​ ផាយចោលស្រុក។

ណ្ហើយ​ចុះគេងវិញ​ ទន្ទេញធម៌
ក្រែងស្អែកលែងញ័រ​ ខ្ទររំអុក
ម្នឹះ​លោកក្បាលខ្មៅ​ ខ្លៅខួរចុក
សុបិន​លែងស្មុគ្រ​ ហុកចិតប៉ែត។
————
លឹម​ វីរីយ៉ា​🌸
២៨​ កក្កដា​ ២០១៩

រូបថត Selfie ពីមុខកញ្ចក់ឆ្លុះ ក្នុងបន្ទប់គេង នៅទីក្រុង Brisbane ប្រទេស Australia ខណៈដែលខ្ញុំកំពុងស្នាក់នៅសិក្សារៀនសូត្រទាក់ទងនឹងជំនាញធុរកិច្ចនិងការនាំចេញរបស់ស្ត្រី

រាត្រីខែអាសាឍ

រាត្រីភ្លៀងធ្លាក់ ត្រជាក់គ្រែដេក
តុកកែបូលស្រែក ដូចក្អែកបូលឆ្លេីយ
ចង្រិតបន្ទរ វាយោរំហើយ
យប់ជ្រៅណាស់ហើយ ខ្នើយកើយហៅគេង។

រាត្រី​អាសាឍ​ ខាតពេលនឹងគិត
យប់យន់​ងងឹត​ រិតតែវង្វេង
សូមត្រឹមបិទភ្នែក​ ដេកស្ដាប់បទភ្លេង
ចម្រៀង​ពីក្មេង​ ស្ដាប់លេងមុនលក់។

រាត្រី​សួស្ដី​ ស្ដីសួរដោយស្មោះ
បេីស្អែកភ្លៀងច្រោះ​ ហូរអស់លែងស្ទក់
ខ្ញុំ​សូមបន់ផ្សង​ ឆ្លងរឿងគម្រក់
មិនត្រូវ​ការភ្លក្ស​ នរកសុបិន។

រាត្រី​សុវត្ថិ​ យប់បាត់ដួងផ្កាយ
ចន្ទ្រា​ក៏ឆ្ងាយ​ ក្លាយ​១០រោចឆ្អិន
ជំនោរកក្កដា​ ប្រាថ្នាមួយសិន
សូមបានស្គាល់ក្លិន ភូមិន្ទ​ម្ចាស់​សារ។
————-
លឹម​ វីរីយ៉ា​🌸
២៦​ កក្កដា​ ២០១៩

នៅហាងម៉ាស្សាខំហ្វត ប្រូហ្វេស្យូណល ខេត្តសៀមរាប

កូនពៅស្ទូងស្រូវ…

កូនពៅ​មាសម្ដាយ! ​ ក្រណាស់នាងអាយ
កុំស្ដាយជេីងដៃ​ យេីងរស់ព្រោះស្រែ
គួរតែអាល័យ​ ភក់ល្បាប់កប់ដី
កូនស្រី​កុំឆ្អេីម។

ងេីបឈរមកកូន​! រាងរៅ​ស្រលន
កូនស្រឡះឆ្នេីម​ ដកស្ទូងទាន់ព្រឹក
កុំភ្លឹកដង្ហេីម​ ដេកដួលដីសេីម
ដូចផ្ដេីមទៅស្លាប់។

កូនពៅព្រលឹង​! ស្រែមួយហាត់ហ្នឹង
ដឹងទេម៉ែប្រាប់? ជាទ្រព្យតផៅ
ឆ្អិនឆ្អៅ​ចំណាប់​ ចិញ្ចឹម​កូនឆាប់
ធំធាត់​រុងរឿង​។
————
លឹម​ វីរីយ៉ា​🌸
ថ្ងៃ​ទី​ ៨​ ខែកក្កដា​ ឆ្នាំ​២០១៩

ផ្ញេីជូនកូនពៅទាំងអស់!

កាហ្វេក្ដៅ…

កំណាព្យឆ្លងឆ្លើយ ជាមួយលោក នរាយណ៍

វីរីយ៉ា៖
កាហ្វេ​ក្ដៅ​ ហៅក្ដុកក្ដួល​ ឆួល​ដួងចៃ
មេឃបេីកថ្ងៃ​ ដៃត្រជាក់​ លាក់ចំហាយ
កាហ្វេក្ដៅ​ ក្រៅបង្អួច​ លួចគិតឆ្ងាយ
រងាកាយ​ ស្ដាយរស្មី​ ដីខាងលិច។

នរាយណ៍៖

កាហ្វេខ្មៅ ក្តៅហុយផ្សែង ក្រែងឆុងប៉ិន
សាកផឹកសិន ក្លិនជាតិរស ឈ្មោះរំលេច
ក្រេបសញ្ជឹង ទ្រឹងបញ្ជ្រាប ជ្រាបបន្តិច
ប្លែកតិចៗ លិចទឹកដី ស្រីមកដល់។

វីរីយ៉ា៖

កាហ្វេខ្មៅ ក្ដៅខ្លាំងពេក រែករំឭក
ក្រេបទាំងស្ពឹក នឹកស្គាល់ជាតិ ឆ្លៀតបន្សល់
ស្រស់បំព្រង យោងប៉ប្រិម ផ្ទឹមរចល់
ក្រេបបន្ទាល់ សល់តែពែង រែងស្រមៃ។

លឹម​ វីរីយ៉ា​🌸
០៧​ មិថុនា​ ២០១៩

រូបថតនៅក្នុងថ្នាក់រៀន នៅស៊ីដនី ប្រទេសអូស្ត្រាលី ខែមិថុនា ២០១៩ ថតជូនដោយ លោកស្រី តិច ស៊ីមហៀង

រាត្រីត្រជាក់នៅស៊ីដនី…

រដូវត្រជាក់​ រាត្រី​ម្នែងអ៊ាក់
នៅតែម្នាក់ឯង​ ជិះទូកលេីទឹក
នឹករឿងដាច់ខ្លែង​ នឹកទាំងកន្លែង
ធ្លាប់​តែងកំណាព្យ​។

រដូវធ្លាក់ខ្យល់​ ស្រឹបៗរចល់
ខ្វល់ដល់ត្រដាប​ ហេតុផល​ម្នឹះ​លោក
យកបុណ្យលាងបាប​ ពេលខ្លះចាញ់ច្រាប
ខាបព្រលឹងខុស។

រដូវហេមន្ត​ ផ្កាយ​រះស្រទន់
ជន់មេឃចាំងឆ្លុះ​ រនោចពិសាខ
ឆាកល្ខោនបញ្ចុះ​ បញ្ចេីចខេីចអស់
ទាស់ចិត្ត​អ្នកមេីល។

រដូវរងា​ រងំជុំគ្នា
មិនជា​ ​ ងងេីល​ រងេីកភ្លេីងចាស់
ច្បាស់​ជាល្អមេីល​ អ្នកល្ងង់គង់ផ្អេីល
កេីលកល់ខ្វល់គិត។

រដូវស្លឹកឈេី​ ជ្រុះរាយមាយទេី
ហេីរលេីដួងចិត្ត​ ផ្កាស្នេហ៍រីកថ្មី
លេីដីអម្រឹត​ ញញឹម​បង្ខិត
ដិតល្ខោនលាក់តួ។
————-
លឹម​ វីរីយ៉ា​🌸
០២​ មិថុនា​ ២០១៩

ជិះទូកពេលយប់ គយគន់ទេសភាពទីក្រុងស៊ីដនីទាំងមូល ជាមួយអាកាសធាតុដ៏ត្រជាក់រណ្ដំ ប្រមាណជា ១១ អង្សារសេ នាម៉ោង ០៨:០០ យប់។

កាច់រាង…

កាច់រាង​ផ្អៀងឫក្ស​ រំលឹក​ខ្លួន​ឯង
រស់កុំចំបែង ក្រែងវាច្របល់
បង្អួត​ថ្ងៃរះ​ ឈ្នះអស់សោកសល់
ស្អែកគង់លែងឆ្ងល់​ ព្រោះ​ដល់ឆ្នាំថ្មី។

កាច់រាង​អឿអាង​ កាងកាចបន្តិច
បន្លាច​ថ្ងៃ​លិច​ ធ្មេច​ចោលផែនដី
ឆ្លងឆ្នាំយប់ហ្នឹង​ មិនដឹងកេីតថី
ចាំដល់រាត្រី​ ស្ដីប្រាប់តាមខ្យល់។
——
លឹម​ វីរីយ៉ា​🌸
៣១​ ធ្នូ​ ២០១៨

yaya 2018