Tag Archives: កំណាព្យខ្មែរ

ឱ! ដីស្រុកខ្មែរ

ឱ! ដីស្រុកខ្មែរ មានមន្តគួរស្នេហ៍
ថួនថែសម្រាំង ល្អស្រស់ឆើតឆាយ
ឆ្ងាយផុតពីខ្មាំង ខំរស់ប្រណាំង
នឹងសន្តិភាព។

ឱ! ដីស្រុកខ្មែរ នៅសល់ធំដែរ
តែរាស្ត្រនៅទាប ឈោងចាប់មិនដល់
ទីទ័លក្នុងឃ្នាប នឹកឡើងឈឺឆៀប
រៀបរាប់ជាប់ទោស។

ឱ! ដីស្រុកខ្មែរ ខ្ញុំសូមរស់ដែរ
កុំតែបន្ទោស សូមតែមួយដុំ
ផ្គុំទុកបញ្ចុះ ឲ្យគេឆ្លាក់ឈ្មោះ
ដាក់ជួសមុខផ្នូរ។
———
លឹម វីរីយ៉ា🌸

ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែ មិថុនា គ.ស ២០១៧

20170601_174119

ទៅញ៉ាំមីហឹរ…

ថ្ងៃនេះបងយ៉ាញ៉ាំមី​ 🍜
អាហឹរប្រាំពីរ​ជំនាន់ដូនតា
ពីរនាក់អូនលក្ខិណា​
និយាយពីថា​ វាហឹរស្រិចស្រក់
ទឹកភ្នែកបងយ៉ាហូរដក់
ធ្លាក់ឮតក់ៗ​ ស្រក់ជោគភក្ត្រា😓
ឃ្លានពេកក្រពះឡើងផ្សា​
ញ័រទាំងហត្ថា​ ឆ្លេឆ្លា​ផ្លុំហុត
មួយភ្លែតអាឃ្លានទៅផុត​
ចូលវគ្គស្រយុត​ ស្លុត​ស្លុងដួងចៃ😢
ព្រោះខ្ជឹលញ៉ាំបាយពីថ្ងៃ​
ដល់ល្ងាចលោភឆី​ មានអី? លេបថ្នាំ!💊
ពេទ្យតឿនមិនដែលចេះចាំ
អារឿងឃ្លានញ៉ាំខុសម៉ោងខុសផ្លូវ🕚🕞
ថែមម្ទេសហឹរឆេះសន្ធៅ🔥
ដល់តែអីចឹងទៅ​ សូវដេកស្រណោះ😷
ទ្រាំឈឺមុខឡើងចង់ខ្សោះ😰
ញញឹមក្រៀមក្រោះ​ បង្ហោះហ្វេសប៊ុគ(1)😬
សន្យាខ្លួនឯងថ្ងៃមុខ
ឈប់សន្សំទុក្ខ​ អារឿង​ច្រំដែល
ពីរនាក់ប្រហាក់ប្រហែល
ក្រពះក្រវ៉ែលចង់រត់ចេញក្រៅ
ដោយសារអាហារសែនក្ដៅ🍲
ទម្លាក់ចូលទៅក្រហល់ក្រហាយ
ពីរនាក់អោបពោះខ្វល់ខ្វាយ
ម្នាក់ព្រោះឆីស្វាយ​ ម្នាក់បាយខុសម៉ោង
នាំគ្នាអង្គុយចំកោង
អ្នកបាយខុសម៉ោង​ តោងអ្នកឆីស្វាយ
សូមស្លេះឈប់អភិប្រាយ
សូមសម្រាកកាយ​ ស្ដាយម៉ោងសុបិន😴
យប់ហើយណា៎ខ្ញុំគេងសិន
ឱ្យក្រពះកិន​ កំដរដង្ហើម😣
ចាំស្អែកបើកភ្នែកជ្រែកផ្ដើម
ចាំរកពេទ្យឆ្នើម​💉 ព្យាបាលតាមក្រោយ!
——-

(1) បានសរសេរបង្ហោះហ្វេសប៊ុគ មុនមួយថ្ងៃ

លឹម​ វីរីយ៉ា​🌸
០២​ មិថុនា​ ២០១៧

យ៉ា និង លក្ខិណា

អនុស្សាវរីយ៍នៅរតនគីរី…

ទឹកជ្រោះគោះថ្មរណ្ដំ
កាទៀងភិរម្យ ចាអ៊ុងដួងចិត្ត
កាចាញ ត្រជាក់អម្រឹត
គង្គារហៀស្និទ្ធ ផ្ដិតហូរសង្ឃឹម។💦

ទឹកធ្លាក់ខ្ជាក់សូរឥតផ្ទឹម
ឦសានព្រលឹម ប៉ប្រឹមភូមិគ្រឹង
បានលុង គង់វង្សដល់ម្លឹង
ចារ៉ាយស្លៀកប៉ឹង ឯបឹងយក្ខឡោម។🌳

កូនម៉ុម អូរជុំ ឆើតឆោម
កម្សាន្តប្រឡោម ឯអណ្ដូងមាស🚏
ជ្រោះអូរយ៉ាដាវ ហូរវាស🎋
បរកែវចែវចៀស ក្បៀសដល់តាតតៃ។🎑

ទេសភាពល្អស្រស់ពេកក្រៃ🌻
លំផាត់ម្ចាស់ថ្លៃ ដែនដីខ្មែរលើ🌺
វ៉ើនសៃក្រមុំជំទើរ 👰
ពួនក្នុងខ្ទមឈើសង់ខ្ពស់ផុតដី។🏡

ឯឡាបានសៀកអាល័យ🌄
សាយណ្ហល្ងាចថ្ងៃ វិលវៃបឺតស្រា🍶
ក្បែរបឹងកន្សែងស្នេហា🌿
ស្អែកទៅពេជ្រាដា ទស្សនាជ្រោះធំ។🌲

នៅអូរស៊ីនលែរត្រសុំ🍁
ត្រសាយខ្ចាយជុំម៉ុមរឭកហួស
ទន្លេស្រែពកជ្រកឈ្មោះ🌅
ខណ្ឌចែកបែកយស យកឈ្មោះកោះញែក។🗻

អនុស្សាវរីយ៍ល្អឯក😋
ថតរូបស្រស់ប្លែក អល់អែកអៀនអន់😜
ទុករូបឡើងឆ្លងជំនាន់🍃
ឭសៀងផ្គរលាន់ បន់ទៅម្ដងទៀត។🍂

រតនគីរីមានជាតិ🌱
ដីស្អិតមិនគ្រាត ឃ្លាតយូររឭក🌿
ទេសចរអំណរឡើងភ្លឹក😘
ឆ្ងាញ់ទាំងបាយទឹក នឹកណាស់ម្ចាស់ស្រុក!!!😇
———
លឹម វីរីយ៉ា🌸

ថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទិ ០១ ខែមិថុនា គ.ស ២០១៧

IMG_4359_002

សិស្សរត់រកគ្រូ

អាណិតខ្លាំងណាស់ ម្ចាស់ថ្លៃអ៊ើយ
ខំស្កាត់ឆ្លងត្រើយ ដង្ហោយស៊ូ
ស្ពាយយកកិច្ចការ ប្រាថ្នាគ្រូ
ស៊ីញេមិនយូរ ធូរចិត្តម្លេះ។

សិស្សនៅសៀមរាប ប្រៀបឆ្ងាយក្រៃ
អ្នកគ្រូម្ចាស់ថ្លៃ ដីឯណេះ
ការងារបន្ទាន់ ស្លន់ស្ទើរប្រេះ
តាំងចិត្តដល់ម្លេះ ច្នេះអស់ខ្វល់។

គាត់ឈ្មោះស្រីអូន កូនសិស្សខ្ញុំ
មិននៅច្រិមច្រុម សូមបន្ទាល់
ដឹងគ្រូរវល់ ទល់រចល់
ស្រូតហោះច្រាសខ្យល់ ដល់ទាន់ចិត្ត។

ការងារសារណា ខ្វះត្រាគ្រូ
គេតឿនកុំយូរ ជូរចត់ស្អិត
ខលតាមទូរស័ព្ទ ប្រាប់ការពិត
រៀបរាប់ជាប់ក្រិត្យ គិតមិនចេញ។

ខ្ញុំក៏ប្រាប់ទៅ នៅកុំស្មុគ
បើស្មាញក្រាញទុក្ខ មុខរមិញ
ដោះស្រាយការងារ លាមិនចេញ
ថ្ងៃលិចវិលវិញ តាមសម្រួល។

ស៊ីញេរួចហើយ ឆ្លើយអរគុណ
ប៉ុន្មានថ្ងៃមុន គន់គូរជ្រួល
ឆោឡោក្នុងក្រុម ខ្ញុំក្ដុកក្ដួល
ឥលូវធូរស្រួល បបួលសើច។

គ្មានទេពាក្យ “ទ័ល” កល់ភពមនុស្ស
សាងចិត្តមុតធ្លុះ គូសសំណើច
ឈប់ធ្វើសញ្ជឹង ធ្មឹងនាំខើច
ហ៊ានឈ្នះបញ្ចើច ស្ងើចជីវិត។
———
លឹម វីរីយ៉ា
៣១ ឧសភា ២០១៧

2017-05-30

រំដួលផ្កាតូច

ដំណើរផ្សងព្រេង​ ផ្លូវវែងកាត់ទឹក
យំសើចល្ងាចព្រឹក​ កក្អឹក​ខ្សឹកខ្សួល
ឡើងភ្នំជម្រាល ទេរទាលវាលទួល
ផ្សែងខ្មៅហុយខ្មួល​ ដួលងើបមានន័យ💪

ពីជើងមេឃម្ខាង​ អាងតែមានព្រះ
បបួលទៅឈ្នះ​ ជះជោគសិរី
រស់នៅសាងធម៌​ ពណ៌ឥន្ទធនូជ័យ
រំដួលលាស់ថ្មី​ ដីដុះលើថ្ម🍃🌿
——-
លឹម​ វីរីយ៉ា​

រំដួលផ្កាតូច

មេរៀនមួយ

រសាប់រសល់ ខ្វល់គិត
ឆ្ងល់រឿងអតីត គិតទៅខ្លោចផ្សា
ផ្លូវដើរសុទ្ធតែបន្លា
ក្រពើត្រៀបត្រា ខ្លាតោគ្រហឹម។

ធ្លាប់ដើរទាំងអស់សង្ឃឹម
ឥលូវព្រលឹមផ្ទឹមសាយព្រលប់
ទោះថ្ងៃសាយណ្ហទាន់យប់
មិនសូវជ្រុលជ្រប់ងប់តាមគេថា។

រឿងរ៉ាវទោះធ្ងន់ម្ដេចម្ដា
គង់មានទេវតាអាសាតាមថែ
រស់រានមានមិត្តហូរហែ
វាធូរចិត្តដែរ តែមិនសូវហ៊ាន។

សព្វថ្ងៃគេរាប់អ្នកមាន
មិត្តភក្ត្រព្រៀងលានឈានចូលបូលមុខ
ពីនេះតទៅថ្ងៃមុខ
រួមសុខរួមទុក្ខផ្ទុកដាក់ខ្លួនឯង។

តាំងឈ្មោះជួសឱ្យបែកផ្សែង
ផ្លាស់ប្ដូរមិនក្រែងចែងចាំងពណ្ណរាយ
រំកិលទៅទាំងសម្ពាយ
វេចខ្ចប់អប់ភាយលាយឡំផ្សំចិត្ត។

ម្នឹះលោកបើសិនប៉ិនស្និទ្ធ
ត្រកាលអម្រឹតដិតដោយបោយដៃ
បើព្រហ្មលិខិតចង្រៃ
ថ្លើមធំប្រល័យ ខ្ញុំក្ស័យឱ្យមើល។

តែណ្ហើយ! នៅឡើយអ្នកព្រើល
ងងល់ងងើល មើលសឃើញខ្មៅ
ជននោះពិតជាកម្លៅ
បើគិតៗទៅសូវបែកល្អជាង។

រស់ជួបដូចខួបដីផ្អៀង
ខែរះមិនទៀងភ្លៀងធ្លាក់មិនត្រូវ
ណ្ហើយចុះ! អតីតខុសផ្លូវ
តែថ្ងៃនេះទៅ សុខហង ជ័យអ៊ើយ!
———
(បទភុជង្គលីលា)

ដោយ លឹម វីរីយ៉ា🌸

ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១១ ខែមករា គ.ស ២០១៧Image may contain: one or more people and indoor

ឆោមឆើតឆាយ…

ឆោមឆើតឆាយ ចាយសម្រស់ ស្រស់ប្រិមប្រិយ
គួរបេតី ស្ដីសាសង ល្បងសាសព្ទ
គួរពុំគួរ សួរឱ្យដឹង នឹងបានស្ដាប់
ពាក្យរ៉ាយរ៉ាប់ ចាប់សំនួន ចួនសំណើរ ។

ឆោមឆើតឆាយ ឆ្ងាយពីគ្នា ជាទម្លាប់
គន់គូររាប់ ជាប់វេលា ជាអន្លើ
ចំណងមិត្ត គិតៗទៅ នៅបណ្ដើរ
ម៉ោងហោះហើរ ដើរហិចហែល ឆ្វែលហត្ថា។

ឆោមឆើតឆាយ ស្ដាយវេលា គ្រាកន្លង
ចិត្តចាំចង ប៉ងចិចី ស្ដីចរចា
ចង់ជួបណាស់ ឆ្លាស់នាទី ស៊ីមាត្រា
ចែងចិន្ដា ប្រាថ្នាជួប ផ្គួបឆ្លងឆ្នាំ។

កូនមិត្តខ្ញុំ សូមណែនាំ ពាំពាក្យពេចន៍
មិនដែលគេច ក្ដិចចំណង ក្រងបំណាំ
តាំងពីតូច ដូចស្រមោល ដោលឡើងសាំ
មិត្តពាន់ឆ្នាំ ចាំជានិច្ច ភ្លេចមិនបាន។
——-
(បទពាក្យប្រាំបួន ចង្វាក់ពាក្យរណ្ដំ)

ដោយ លឹម វីរីយ៉ា🌸

ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២ ខែមករា គ.ស ២០១៧

15781021_10210313051119092_6241507563557003765_n

រដូវត្រជាក់…

រដូវត្រជាក់ ត្រជុំក្បែរអ្នក❄
ត្រជាក់ក្បែរម៉ុម ខែបុស្សស្រុកយើង💧
ខ្យល់ផាត់រណ្ដំ ដណ្ដប់ជើងភ្នំ🌄
រងំជើងមេឃ។ 🌌

រដូវរំហើយ រំយោលស្លឹកតើយ🍃
រហើយទងមែក រំដួលដូរដី🌺
ដំរីឆ្លងព្រែក តែស្ពានផុយពេក💥
ដេកដួលធ្លាក់ទឹក។ 🐘🐾

រដូវរងា រងំជុំគ្នា🎄
រងាឡើងភ្លឹក ដំណក់សន្សើម💦
ដណ្ដើមពេលព្រឹក កកផ្ដុំរដឹក🌠
នឹកដៃកាន់ដើរ។ 👫

រដូវហេមន្ត ហិម:ធ្លាក់ទន់🍂
ភាយគន្ធប្រហើរ ប្រហែលប្រហែស🌾
ធ្វេសពេចន៍សរសើរ រសើបហើបដើរ👣
ស្នើសូមលោមសុខ។ 💕

រដូវឆ្កែលូ ខ្យល់បក់វូៗ🐕
ធូរចិត្តអ្នកស្រុក យប់ជ្រៅឥតផ្គរ🎶
សូរក្ដក់តិកតុក សៀងស័ព្ទឆ្កែស្រុក🎼
សុខសាន្តពេញភូមិ។ 😇
——–
(បទកាកគតិ ចង្វាក់ធម្មតា)

ដោយ លឹម វីរីយ៉ា🌸

ថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ១ ខែមករា គ.ស ២០១៧

15826657_10210303835568709_4270031726206488608_n

សំបុត្រចុងក្រោយពីអ្នកគ្រូ

ជាគ្រូបង្រៀន គ្មានទេទ្រព្យ
ធ្វើការអភ័ព្វ ជាប់ក្រដាស
ដេកមិនពេញភ្នែក រែកធ្ងន់ណាស់
ជីវិតវិបល្លាស ខ្មាសអ្នកឈ្មួញ។

ជាគ្រូបង្រៀន មានតែទុក្ខ
គ្មានទេពាក្យសុខ មុខឡើងជ្រួញ
ស៊ូស្លូតមិនកាច ខ្លាចសិស្សទួញ
រហាមឡើងរួញ ជួញជំងឺ។

ជាគ្រូបង្រៀន លៀនគ្រាប់ភ្នែក
ការងារឡើងស្អេក ដេកតែឈឺ
ស៊ីអត់ស៊ីឃ្លាន គ្មានអ្នកឮ
ពេលខ្លះសិស្សឌឺ ឈឺចាប់ណាស់។

ជាគ្រូបង្រៀន ហ៊ានតែក្អក
គេលួចចំអក ឡកឡាយដាក់
សុខចិត្តខាំមាត់ ខ្សត់ប្រត្យក្ស
ជីវិតក្នុងថ្នាក់ ឆ្លាក់វិជ្ជា។

ជាគ្រូបង្រៀន ឃ្លានតែចែក
ខំប្រឹងពោលស្រែក បែកវេលា
ចង់ចែកឲ្យចេះ ស្រែះគ្រប់គ្នា
នឹងបានពណ៌នា ជាសិស្សល្អ។

ដូច្នេះបើដឹង ប្រឹងរៀនផង
កុំដើររំលង ឆ្គងសីលធម៌
បេះដូងគ្រូម្នាក់ ធ្លាក់ត្រាច់ចរ
រស់ក្រោមភ្លៀងផ្គរ ព្រហ្មលិខិត។

គ្រូសូមបួងសួង លួងទេវតា
ក្រែងលោកមេត្តា ចារពរពិត
បាចស្រោចពីលើ ទើរដួងចិត្ត
ក្លាយពរអម្រឹត ខិតរកជ័យ។

អនុស្សាវរីយ៍ ពីគ្រូម្នាក់
ផ្ញើជូនគ្រប់ថ្នាក់ ឆ្លាក់សិរី
កុំសោកទ្រហោ ចូរឃ្មាតខ្មី
គ្រូម្នាក់ទន់ដៃ ថ្ងៃបែកគ្នា។

អនុស្សាវរីយ៍ ទីស្នេហា
ខ្មួលខ្មាញ់សិក្សា ត្រារមនា
ពាក្យពេចន៍សាសង ក្រងកាព្យា
ចងដៃគ្រប់គ្នា គ្រាចុងក្រោយ។

លាហើយប្រុសស្រី នៃសិស្សខ្ញុំ
បើនិស្ស័យផ្ដុំ សូមដង្ហោយ
កុំភ្លេចឈ្មោះគ្រូ តស៊ូឲ្យ
ទៅសាងផ្នូរហើយ ទុកក្រាបគេង។
———-
ពីអ្នកគ្រូ លឹម វីរីយ៉ា
ថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ គ.ស ២០១៦
———-
(ថ្ងៃនេះជាថ្ងៃខួបកំណើតអ្នកម្ដាយខ្ញុំ បើសិនជាម៉ាក់នៅមានជីវិត កូននឹងស្មូត្រកំណាព្យនេះជូនម៉ាក់ជាចំណងដៃមិនខានឡើយ)

designed-with-proverb

រឿងមេឃដី

ពាក្យចាស់លោកពោល បូលតផៅ
ភ្នំទាបជាងស្មៅ ខ្លៅមិនយល់
សំពៅធំពិត ឥតចន្ទល់
ចុងក្រោយវិលវល់ យល់សំប៉ាន។

មានរក្សាក្រ ត-អាយូស
ក្នុងភូមិឆ្កែព្រុស លុះសុខសាន្ត
ទៀបមានដង្កូវ នៅផ្អែមបាន
ឃ្លោកធំប៉ុន្មាន បានតែទើស។

ទឹកស្ទឹងដែលស្ងប់ កប់ជម្រៅ
តា-បស-ព្រៃជ្រៅ នៅពន្លើស
ខ្យល់ខែត្រជាក់ ធ្លាក់តែញើស
ដើរមិនចេះទើស ម្នឹះក្រោមមេឃ។

ពពកក្នុងខ្យល់ កល់ធាតុទឹក
ជំនោររអឹក ភ្លឹកពន់ពេក
ផ្គរលាន់ផ្ដេសផ្ដាស ខ្មាសជើងមេឃ
ផ្កាយរះភ្លឹបភ្លែត ច្បេតរង្សី។

ផ្កាស្មៅក្រៅផ្ទះ ឈ្នះយីហ៊ុប
ចន្ទ្រាពេលយប់ ជប់រស្មី
ខ្យល់ផាត់បាត់រូប លូកលាន់ដី
ផ្កាភ្លើងរាត្រី ដីចាញ់ទឹក។
———
ចង្វាក់ Rock & Roll ពោលតាមបទពាក្យ៧
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

ថ្ងៃចន្ទ ៧កើត ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា គ.ស ២០១៦

viriya_rock-star