Tag Archives: កម្សាន្ដ

កាច់រាង…

កាច់រាង​ផ្អៀងឫក្ស​ រំលឹក​ខ្លួន​ឯង
រស់កុំចំបែង ក្រែងវាច្របល់
បង្អួត​ថ្ងៃរះ​ ឈ្នះអស់សោកសល់
ស្អែកគង់លែងឆ្ងល់​ ព្រោះ​ដល់ឆ្នាំថ្មី។

កាច់រាង​អឿអាង​ កាងកាចបន្តិច
បន្លាច​ថ្ងៃ​លិច​ ធ្មេច​ចោលផែនដី
ឆ្លងឆ្នាំយប់ហ្នឹង​ មិនដឹងកេីតថី
ចាំដល់រាត្រី​ ស្ដីប្រាប់តាមខ្យល់។
——
លឹម​ វីរីយ៉ា​🌸
៣១​ ធ្នូ​ ២០១៨

yaya 2018

ស្រែខ្មុក…

កើតមួយជាតិ ធាតុមួយចាន បានឲ្យចាំ
ចាស់លោកផ្ដាំ ចាំកុំផ្ដាស់ ច្បាស់មានជោគ
ចង់ចរចារ ហារចីចី ស្ដីតាមលោក
ធម៌ត្រូវសូត្រ ហូតត្រូវធាតុ ជាតិនៅមុខ។

មុននឹងស្លាប់ ត្រាប់ពាក្យស្លោក ក្រោកតស៊ូ
ដេកកុំយូរ ធូរក្រោយតឹង ដឹងតែសុខ
ស្រុកសាន្តត្រាណ បានផុតត្រើយ ស្បើយតត្រុក
ខ្មែរនឹកស្រុក ខ្មុកពេញស្រែ ថែឲ្យស្រួល។
———
លឹម វីរីយ៉ា
ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា គ.ស ២០១៧

Viriya_at_MI_Flag_Cambodia

ផាមួងខ្មែរ

រំឭកឡើងវិញផាមួង-កទា

កាលយើងរាល់គ្នារស់នៅក្រក្រី

ច្នៃម៉ូដស្រស់ស្អាតផ្គាប់ចិត្តស្រីៗ

គ្រប់ពណ៌ល្បាញល្បីថ្មីចាស់មិនចោល។

 

ស្រណោះផាមួងគេល្បួងបោះបង់

កំព្រា រញង់ បង់បាត់ស្រមោល

ស្ងាត់ច្រៀបដប់ឆ្នាំរស់នៅតែលតោល

រស់ដោយប្រយោលក្នុងក្រោលតម្បាញ។

 

ផាមួង-កទា វេទនាស្ទើរស្លាប់

សូត្រសៀមចំបាប់ប៉ងចាប់បំផ្លាញ

ចាប់ចងទាំងខៀន(១) គ្មានសិទ្ធិបង្ហាញ

ស៊ូទ្រាំនៅក្រាញខ្ជិលសូញសាញឈ្លោះ។

 

ឥលូវផាមួង លួងចូលផ្សារខ្មែរ

ក្មេងចាស់ហូរហែ ប្រែចិត្តជួយលស់

ជាងដេរមានធម៌ ជួយផ្សាយសាបព្រួស

ស្ទូចយោងកេរ្ដិ៍ឈ្មោះ រស់ដោយកេរខ្មែរ។

 

ផាមួងស្រស់ស្អាត មិនខាតថ្លៃដើម

ច្នៃម៉ូដល្អឆ្នើម ពេញថ្លើមម្ចាស់ស្នេហ៍

ទោះមនុស្សមិនស្អាត គង់ចង់នៅក្បែរ

ព្រោះផាមួងខ្មែរ អប់ស្នេហ៍តាមថ្ងៃ។

 

ផាមួងខ្ញុំស្លៀកហៅពណ៌ស៊ីលាប

បុរាណប្រៀបធៀបភពពុធចរណៃ

សម្បុរសម្បកដូចត្រួយស្លឹកខ្ចី

ជួយលើករាសីអ្នកស្លៀកថ្ងៃពុធ។

 

ផាមួងស៊ីលាបចាក់ឃ្នាបគោមជើង

ពណ៌មាសរលើង ពើតពើងមោះមុត

បើបានចងក្បិនច្បាស់ល្អបរិសុទ្ធ

អ្នកមើលស្រយុតស្លុតដល់រត់ពួន។

 

ពេលនេះសូមស្លេះខ្លាចឆេះអ្នកអាន

ឡើងប៉ុស្ដិ៍ថ្មើរម៉ាន បានតែអួតខ្លួន

ណ្ហើយចាំវគ្គក្រោយតែងឲ្យហំហួន

ឡើងមកអង្រួន តាមក្បួនដដែលទៀតណា!

______

សូមចែកចាយសម្រស់ពីជ្រុងម្ខាងនៃផែនដី

ស្មេរ៖ លឹម វីរីយ៉ា

(១)-ខៀន (ន.) = សំពត់ផាឌិបឬទេស មានផ្កាចម្រុះ បោះពុម្ពពណ៌ផ្សេងៗសម្រាប់ស្លៀកចងក្បិន។

IMG_4483

មើលឃើញកោះត្រល់ពីកំពូលភ្នំ

សម្លឹងទៅឆ្ងាយស្ដាយស្រណោះ មើលឃើញដីកោះស្រស់ញញឹម
គេយកទៅអស់ខ្សោះសង្ឃឹម ឈឺចិត្តគ្មានផ្ទឹមបានត្រឹមនឹក។

ឈរពីលើភ្នំខ្ពស់ហួសមេឃ ទេសភាពល្អពេកត្រេករឭក
មើលឃើញកោះត្រល់ខ្វល់សន្ធឹក បេះដូងញ័រក្អឹកភ្លឹកស្ទើរក្ស័យ។

សូមនៅបានសុខស្រណុកចិត្ត កុំបីរិបរិតឆ្អិតអាល័យ
ដីខ្មែរកណ្ដាលមិនជាថ្វី សន្តិរាល់ថ្ងៃថ្លៃឥតទាស់ :p

យ៉ាងយូរឆ្នាំក្រោយខ្ញុំនឹងទៅ ឈានដល់លំនៅដីម្ចាស់កោះ
សុខទុក្ខយ៉ាងណាឬក្រៀមក្រោះ? ណ្ហើយ! ឈប់អាឡោះសោះនឹងឈឺ។

_____

ដោយ លឹម វីរីយ៉ា

IMG_4046.JPG