Tag Archives: កំណាព្យខ្មែរ

ផ្ការាជខែចេត្រ

លឿងរាជខែចេត្ររីកនៅស្រុកខ្មែរ   គន់ហើយជាប់ស្នេហ៍ដកចិត្តមិនរួច

លឿងរាជចោលក្លិនសេកសោមបូលហួច   សារិកាអរព្រួចលួចស្រូបគន្ធា។

 

ផ្ការាជរីកល្អ អបអរចូលឆ្នាំ   អ្នកស្រុកចំណាំផ្ដាំតៗគ្នា

លឿងរាជស្រុកខ្មែរស្រស់ស្អាតរមនា   រំចេក-ក្ដាំងងា គង់ប្រៀបមិនបាន។

 

រាជអ៊ើយកុំរោយ ធ្លោយចិត្តអាល័យ   សូមចាំដល់ថ្ងៃ ចប់បុណ្យសង្ក្រាន្ត

ទុកគ្រាន់ស្វាគមន៍ ទេសចរគ្រប់ប្រាណ   បានគន់កុំខាន សម្រាន្តចិន្តា។

 

ឱ! លឿងរាជអ៊ើយ សូមឆ្លើយបានទេ?   ឆ្នាំនេះម្ចាស់ស្នេហ៍ខ្ញុំនៅឯណា?

ស្ងាត់ឈឹងយូរហើយចាំភ្នែកឡើងផ្សា   ចាំលុះមរណា នាដីអង្គរ។

IMG_3177_New Color

លឹម វីរីយ៉ា,

សៀមរាប – ថ្ងៃព្រហស្បត្តិ៍ ១កើត ខែចេត្រ ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា គ.ស ២០១៦

បេះដូងកវី

បេះដូងកវីដូចផ្ទៃសាគរ

អារម្មណ៍ជន់ជោរហូរនាចគ្មានឈប់

ដូចទឹករលកព្រលឹមព្រលប់

ទោះព្រួយនឹងមុខគង់សុខនឹងកាព្យ។

 

ទឹកចិត្តកវី ទឹកប្រៃមិនស្មើ

អាចលូនហោះហើរ ប្រើអក្ខរាខាប

អន្ទងដួងចិត្ត មិត្តភ័ក្ដ្រដុនដាប

ដូចព្រោះសំណាបសាងស្លាបសង្ឃឹម។

 

ដើមទ្រូងកវី គ្មានថ្ងៃវាស់បាន

ប្រាំហត្ថកុំស្មាន បានស្មើនឹងខ្លឹម

សូម្បីរលក បោកផ្ទប់ទ្រហឹង

គង់នៅស្ងៀមទ្រឹង ធ្មឹងលែងប្រណាំង។

 

អារម្មណ៍កវី បីដូចពពក

វិលវល់ទៅមក លើមេឃក្ដៅខ្លាំង

ស៊ូទ្រាំមិនភ្លៀង តាមផ្ទៀងថ្ងៃបាំង

ជួយមនុស្សតតាំងច្បាំងសែងសុរិយា។

 

សំណេរកវី គ្មានន័យអាក្រក់

មិនដែលគិតល្អក់ ដក់ត្រងវាចា

ច្រោះតែន័យខ្ពស់ ព្រួសតែខ្លឹមសារ

មនុស្សលោកមុសា ថាកវីឆ្កួត។

 

ពាក្យពេចន៍កវី ន័យជ្រៅត្រជាក់

រួមអភិរក្ស ជាក់ច្បាស់មិនអួត

កវីម្នាក់នេះ មិនមែនមនុស្សឆ្កួត

សមុទ្ររីងហួត ទើបស្ងួតចិត្តខ្ញុំ!

 

———-

លឹម វីរីយ៉ា

ថ្ងៃច័ន្ទ ៧រោច ខែមាឃ ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩

ត្រូវនឹងថ្ងៃទី ២៩ កុម្ភ: គ.ស ២០១៦

IMG_3568

ផាមួងខ្មែរ

រំឭកឡើងវិញផាមួង-កទា

កាលយើងរាល់គ្នារស់នៅក្រក្រី

ច្នៃម៉ូដស្រស់ស្អាតផ្គាប់ចិត្តស្រីៗ

គ្រប់ពណ៌ល្បាញល្បីថ្មីចាស់មិនចោល។

 

ស្រណោះផាមួងគេល្បួងបោះបង់

កំព្រា រញង់ បង់បាត់ស្រមោល

ស្ងាត់ច្រៀបដប់ឆ្នាំរស់នៅតែលតោល

រស់ដោយប្រយោលក្នុងក្រោលតម្បាញ។

 

ផាមួង-កទា វេទនាស្ទើរស្លាប់

សូត្រសៀមចំបាប់ប៉ងចាប់បំផ្លាញ

ចាប់ចងទាំងខៀន(១) គ្មានសិទ្ធិបង្ហាញ

ស៊ូទ្រាំនៅក្រាញខ្ជិលសូញសាញឈ្លោះ។

 

ឥលូវផាមួង លួងចូលផ្សារខ្មែរ

ក្មេងចាស់ហូរហែ ប្រែចិត្តជួយលស់

ជាងដេរមានធម៌ ជួយផ្សាយសាបព្រួស

ស្ទូចយោងកេរ្ដិ៍ឈ្មោះ រស់ដោយកេរខ្មែរ។

 

ផាមួងស្រស់ស្អាត មិនខាតថ្លៃដើម

ច្នៃម៉ូដល្អឆ្នើម ពេញថ្លើមម្ចាស់ស្នេហ៍

ទោះមនុស្សមិនស្អាត គង់ចង់នៅក្បែរ

ព្រោះផាមួងខ្មែរ អប់ស្នេហ៍តាមថ្ងៃ។

 

ផាមួងខ្ញុំស្លៀកហៅពណ៌ស៊ីលាប

បុរាណប្រៀបធៀបភពពុធចរណៃ

សម្បុរសម្បកដូចត្រួយស្លឹកខ្ចី

ជួយលើករាសីអ្នកស្លៀកថ្ងៃពុធ។

 

ផាមួងស៊ីលាបចាក់ឃ្នាបគោមជើង

ពណ៌មាសរលើង ពើតពើងមោះមុត

បើបានចងក្បិនច្បាស់ល្អបរិសុទ្ធ

អ្នកមើលស្រយុតស្លុតដល់រត់ពួន។

 

ពេលនេះសូមស្លេះខ្លាចឆេះអ្នកអាន

ឡើងប៉ុស្ដិ៍ថ្មើរម៉ាន បានតែអួតខ្លួន

ណ្ហើយចាំវគ្គក្រោយតែងឲ្យហំហួន

ឡើងមកអង្រួន តាមក្បួនដដែលទៀតណា!

______

សូមចែកចាយសម្រស់ពីជ្រុងម្ខាងនៃផែនដី

ស្មេរ៖ លឹម វីរីយ៉ា

(១)-ខៀន (ន.) = សំពត់ផាឌិបឬទេស មានផ្កាចម្រុះ បោះពុម្ពពណ៌ផ្សេងៗសម្រាប់ស្លៀកចងក្បិន។

IMG_4483

ល្បើកស្នេហ៍ខ្ញុំ

ធ្លាប់ញញឹម ប្រិមប្រិយជាប់ គាប់ចិត្តបង
គ្រានេះម្ដង ល្បងធ្វើមុខ ទុក្ខក្រៀមក្រំ
ខ្ពើមញញឹម ស្រឹមបន្តិច ក្ដិចអារម្មណ៍
អាចបន្លំ ខំបន្លប់ ចប់មិនសូន្យ។

មុខប៉ុណ្ណឹង ដឹងឬនៅ? ព្រៅមិនយូរ
បងរអ៊ូ ធូរតែឯង ក្រែងតែអូន
ក្ដក់មួយម៉ាត់ ស្ងាត់មួយម៉ោង តោងរយោង
សាររាប់ផ្លូន អូនរាប់ភ្លេច ធ្មេចមិនខ្វល់។

កុំសូវហ៊ាន! មានគេបន់ ជាន់បន្ថែម
ថ្វាយសាច់ក្លែម ថែមអ្នកតា ប្រាថ្នាស្គាល់
ហ៊ានតែទៅ ពៅកើតទុក្ខ ស្មុគ្រអំពល់
ច្បាស់ច្របល់ ទាល់គំនិត ខិតមកវិញ។

ណ្ហើយកុំឡូយ! ធ្លោយជាជួប រួបរឹតហើយ
ធ្វើកន្តើយ ស្បើយកន្ទេល ពេលកន្ទេញ
តិចស្ដាយក្រោយ ឱ្យទៅហើយ ឆ្លើយមកវិញ
ដេកទន្ទេញ ចេញតែស័ព្ទ ប្រាប់ថានឹក។

ឈ្មោះរីយ៉ា ចារឱ្យជាប់ គាប់បេះដូង
ស្រស់បំព្រង ជ្រោងដោយយស ជួសធាតុទឹក
អស់ទាំងគេ ជ្រេចង់ស្នេហ៍ ក្បែរល្ងាចព្រឹក
បើឈប់ផឹក ដឹកដៃអូន កូនក៏អរ។
______

ចប់ល្បើកស្នេហា
ឆ្លងតាមអក្ខរា
វោហារជាប់ទង
មិនសូវក្បោះក្បាយ
បានរូបថតយោង
អញ្ជើញញាតិបងប្អូន
មើលម៉ាសេរី។
——–
ដោយ៖ លឹម វីរីយ៉ា

12669719_10207341629715414_8539819751171583268_n

បណ្ដាំគ្រូម៉ាឃីតធីង

ថ្ងៃនេះមេរៀនចុងក្រោយ
គ្រូប្រាប់ឲ្យហើយកុំឡើយភ្លេចភ្លាំង
រកស៊ីប្រជែងប្រណាំង
ប្រយុទ្ធតតាំងប្រើធម៌ដាក់មុខ។
រូបមន្ដគ្រូតាក់តែងទុក
សិស្សឆ្លាតបំផុតទាញប្រាក់ចំណេញ
ចង់មានប្រើល្បិចកាច់កិន
ប្រសព្វហើយប៉ិនបូករួមសីលធម៌។
នឹងបានមានឈ្មោះល្បីខ្ទ័រ
អ្នកស្រុកត្រេកអរមូលមីររាប់អាន
មិត្តភាពរីកច្រើនប៉ុន្មាន
រាលដាលស្មើបានលាភមាសលាភប្រាក់។
ថ្ងៃក្រោយខ្ពស់ដោយ យសសក្ដិ
កុំភ្លេចសច្ចៈឥរិយាទៀងត្រង់
ឃើញខុសហ៊ានពត់តម្រង់
កុំនៅបង្អង់អាចបង់ប្រយោជន៍។
អែបអបនាំតែខ្មាសខ្មោច
កេរ្ដិ៍ឈ្មោះអសោចក្លិនស្អុយច្រាសខ្យល់
មនុស្សលោកលាក់ពុតមានកល
គង់ធ្លាយជ្រាបដល់ត្រចៀកអ្នកតា។
អួតអាងច្រើនចាញ់អាត្មា់
គង់មានទេវតាតាមផ្ចាញ់អុកគូទ
ច្នោះហើយពោលពាក្យកុំភូត
ភរច្រើនខូចពូជគេអស់ជំនឿ។
រកស៊ីអ្នកទិញឈប់ជឿ
អស់ឫកអីអឿ
ទើបជឿពាក្យគ្រូ!… “អើ មែន!”
(ចប់ល្បើកបណ្ដាំគ្រូម៉ាឃីតធីង)
———–
លឹម វីរីយ៉ា
សៀមរាប, ថ្ងៃអាទិត្យ ១១រោច ខែកត្ដិក ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស ២០១៥
IMG_1831 + Sam Aun (Ads)

អនុស្សាវរីយ៍ជំនាន់ទី១១

គ្មានអ្វីនឹងថ្លែងចែងរ៉ាយរ៉ាប់
តាមពិតចង់ប្រាប់ស្ដាប់ឲ្យបាន
ស្ដីថាប្រដៅទាំងប៉ុន្មាន
ព្រោះស្នេហ៍ប្រៀបបានដូចប្អូនបង។
 
ហេតុចង់ឲ្យល្អទើបបន្ទោស
សូមកុំទ្រគោះនាំសៅហ្មង
គិតហើយសញ្ជឹងគ្រានេះម្ដង
អាក្រក់ល្អផងត្រូវតែស៊ូ។
 
ចេះពីខំរៀនមានពីខំរក
រស់នៅក្នុងលោកកុំមូទូ
មនុស្សបរាជយ័ប៉ិនរអ៊ូ
អ្នកខំតស៊ូគ្រូឲ្យពរ។
 
ជីវិតនៃមនុស្សដូចឆាកល្ខោន
ទុក្ខធ្ងន់មួយតោនដូចល្ខោនភរ
សំណើចក្អាកក្អាយក្លាយជាផ្គរ
រន្ទះខ្ទារខ្ទ័រ ប្ដូរឥន្ទធនូ។
 
មុនឃ្លាតគ្នាទៅទាំងអាល័យ
សូមនឹកដល់ថ្ងៃសិស្សនិងគ្រូ
មួយឆាកជីវិតមិនដែលធូរ
ភ្លក្សតែរសជូរចត់ដូចស្លែង។
 
សូមជូនពរជយ័ពីចម្ងាយ
សូមសុខសប្បាយឆ្ងាយចំបែង
ជំពប់យសសក្ដិដេញប្រឡែង
ជំពើបតំណែងខ្ពស់ហួសមេឃ។
———-
សៀមរាប, ថ្ងៃអាទិត្យ ១១រោច ខែកត្ដិក ឆ្នាំ មមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស ២០១៥
IMG_1906​ (Ads)

នឹកម៉ែ

យប់ជ្រៅខ្យល់ធ្លាក់មេឃខ្ជាក់ភ្លៀង
រណ្ដំសំនៀងភ្លៀងរាត្រី
គេងមិនលក់សោះតាំងពីថ្ងៃ
អារម្មណ៍មមៃដូចឡប់ឡិន។

ធ្លាប់តែយប់ជ្រៅនៅមិនសុខ
ខ្លាចម្ដាយឈឺចុកជម្ងឺកិន
ងើបឡើងត្រេះត្រូុះឆ្លុះមើលសិន
ខ្លាចដេកបង្ហិនពេលវេលា។

ឥលូវអាធ្រាត្រដូចយប់មុន
អារម្មណ៍ត្រិមត្រុនឥតខុសគ្នា
ខ្លាចចង្កៀងភ្លឺមិនល្អជា
ខ្លាចលង់និន្រ្ទាដូចបញ្ឆោត។

សម្លឹងអ្នកម្ដាយឆ្ងាយផែនដី
ផ្ញើកូនប្រុសស្រីធាតុមួយកោដ្ឋ
ធូប៣សរសៃអុជហើយដោត
បង្គំមុខកោដ្ឋលុះថ្ងៃសូន្យ។

សូមដួងវិញ្ញាណក្ខន្ធនៃម្ដាយ
រួចចាកផុតឆ្ងាយភាពស្រពោន
សម្រាកសុខស្រួលលើសួគ៌ក្បួន
ដូចកូនបានឃើញក្នុងសុបិន្ត។

10414634_10204306059828064_3341216516093472424_n

ខ្ទមស្រែ

ខ្ទមស្រែឥតស្រូវនៅស្រះស្រង់
ក្បែរគុម្ពរំចង់ប្លង់ខាងត្បូង
ទេសភាពបៃតងវាលស្មៅយោង
គេងលេងយោលទោងក្រោមខ្ចុះស្បូវ។

ខ្ទមស្រែត្រជាក់ធ្លាក់សន្សើម
ស្រូបខ្យល់ដង្ហើមក្លិនម្រះព្រៅ
គន្ធាផ្កាម្អមដុះអមផ្លូវ
ព្រះខ្លបស្ដេចស្មៅដៅស្នាមដើរ។

ខ្ទមស្រែសាងមិត្តជិតបង្កើយ
ផ្អែកខ្នងគងខ្នើយមើលចាបហើរ
ញ៉ាំបាយមាន់ដុតគិតបណ្ដើរ
កម្សាន្តដំណើរស្នើរពីម្សិល។

អនុស្សាវរីយ៍ពីខ្ទមស្រែ
មានរឿងហូរហែសើចឡើងគឹល
មានរឿងឈឺចាប់ស្ដាប់មិនខ្ជិល
ក្រោមដើមអម្ពិលខ្ជិលបកស្រាយ។

Ktorm Sreh20151115_110518 20151115_112335 20151115_11430820151115_111351

ថ្ងៃនេះឆ្នាំមុន…

ថ្ងៃនេះឆ្នាំមុន ដួងចិត្តទារុណ ព្រួយនឹងអ្នកម្ដាយ
ឈឺធ្ងន់ហួសថ្លែង មិនដែលរសាយ
កូនៗខ្វល់ខ្វាយ ខ្លាចម្ដាយទៅចោល។

ថ្ងៃនេះឆ្នាំមុន ម៉ាក់អ៊ើយកូនយំ ខ្លាចបាត់ស្រមោល
គ្រូពេទ្យលួចខ្សឹប ខ្ញុំសួរដេញដោល
ខ្លាចរស់តែលតោល ក្នុងក្រោលឥតម៉ែ។

ថ្ងៃនេះឆ្នាំមុន កូនបន់អ៊ើយបន់ បន់ស្រន់ឥតល្ហែ
សូមឱ្យម្ដាយជា សាងផ្នួសមួយខែ
យមរាជមិនប្រែ ឆក់ម៉ែទាល់តែបាន។

————

២៧ សីហា ២០១៥

មុំ-សុផុន 2014-08-27 09.52.57 2014-08-27 09.55.12 2014-08-27 10.00.33 2014-08-27 10.03.24

ថ្ងៃចូលព្រះវស្សា

រាត្រីចន្ទរះធំមូលក្រឡង់ ពេញបូណ៌ផូរផង់ ត្រចង់ត្រចះ
បឋមាសាឍ យប់នេះដាច់ច្បាស់ ស្អែកសុរិយារះ ចូលព្រះវស្សា។

ថ្ងៃនេះទៅវត្តប្រគេនទានធំ រូបនាគសុខុមឆ្លាក់ដោយខេមរា
ទូងស្គរ លើកទង់ ជាមួយ យាយតា សែនថ្វាយទេវតា សូមពរសុខសាន្ដ។

សូមអនុមោទនា ប្រគេនមគ្គផល ឱ្យបានកើតដល់សាច់ញាតិសន្ដាន
ពេញដោយពន្លឺ ត្រចាលថ្កើងថ្កាន រុងរឿងស្មើបាន នៃឋាននិព្វាន។
———–
ប្រណមពីចម្ងាយ ដោយឧបាសិកា លឹម វីរីយ៉ា
សៀមរាប, ថ្ងៃព្រហស្បតិ៍ ១៥កើត ខែ បឋមាសាឍ ឆ្នាំមមែ សប្ដសក័ ព.ស ២៥៥៩។

IMG_8514