អ្នកការអ្នកងារ ឡើងហៀញើស
ធ្វើមិនដែលទើស ល្មើសតែមួយ
ដេកមិនគ្រប់ម៉ោង តោងរំអួយ
ដល់រកគេជួយ ស្ទួយមិនរួច។
———
លឹម វីរីយ៉ា 🌸
០៦ ធ្នូ ២០១៨

អ្នកការអ្នកងារ ឡើងហៀញើស
ធ្វើមិនដែលទើស ល្មើសតែមួយ
ដេកមិនគ្រប់ម៉ោង តោងរំអួយ
ដល់រកគេជួយ ស្ទួយមិនរួច។
———
លឹម វីរីយ៉ា 🌸
០៦ ធ្នូ ២០១៨

យប់ដប់ប្រាំរោច ដូចខុសសព្វដង
ផ្គរលាន់ឌឺដង ឆ្លងស័ព្ទត្រាប់ខ្យល់
ភ្លៀងកណ្ដាលយប់ បង្គ្រប់កិច្ចកល
មុនស្អែកចូលដល់ ១កើតមិគសិរ។
យប់ដប់ប្រាំរោច ដូចស្ងាត់តុកកែ
មិនឮបូលក្បែរ ថែលួងបំពេ
ភ្លៀងស្រក់តិកតក់ ជីងចក់បាត់មេ
ជើងមុងដាច់ថ្នេរ ដេកជេរតែមូស។
———
លឹម វីរីយ៉ា🌸
រាត្រី១៥រោច ខែកត្ដិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស ២០១៨

ចេះពីខំរៀន មានពីខំរក ក្មេងៗគគោក ខំសូកប៉ាន់គ្រូ
លុះចេញធ្វើការ អង្គុយរអ៊ូ រៀនចប់មិនធូរ យ៉ាប់ទើសឥលូវ។
កាលខ្ញុំពីក្មេង ស្អប់រឿងដើរលេង វក់អានសៀវភៅ
អានឆ្លងអធ្រាត្រស៊ីដាច់យប់ជ្រៅ ចាំដល់ឥលូវ ផ្លូវដែលខ្ញុំឈ្នះ។
លឹម វីរីយ៉ា
០៨ ធ្នូ ២០១៤

រ៉េករ៉ាក រេរា គ្នាឡើងល្អៀច
មុខឡើងកំពៀច វៀចឡើងប៉េវ
យប់យន់រាត្រី សម្ដីខ្សេវ
លាន់ឮ ងេវៗ គ្រេវម៉ាគ្រា។
មណ្ឌលគិរី ស៊ីអារម្មណ៍
រីករាយលែងសម ស្នំវេលា
ស្លៀកខោធ្លាក់គូទ រូតក៏ហៀ
ធើដូចវេទនា គ្នាឡើងក្រាប។
ក្រុងអ៊ើយក្រុងភ្នំ ងំតែឯង
គ្នាសែនចម្បែង ថ្លែងតាមកាព្យ
សែនមនោរម្យ ប្រជុំដាប
ឥសាន្តមិនខាប ឆាបខ្ញុំសោះ។
រាត្រីសួស្ដី ឥលូវដេក
ខ្ញុំសូមបិទភ្នែកទាំងអាឡោះ
សុបិនលើភ្នំ រុំឆ្ងាយកោះ
អាល័យស្ទះអស់… តោះ! ចូលគេង
—————
លឹម វីរីយ៉ា🌸
រាត្រីសុវត្ថិពីក្រុងសែនមនោរម្យ មណ្ឌលគិរី
០៩ ធ្នូ ២០១៨

ដីទួលដីខ្ពស់ ឦសានល្បីឈ្មោះ
ព្រោះធាតុត្រជាក់ ជំនោរចុងឆ្នាំ
ផ្ដែផ្ដាំជាក់លាក់ ម្ចាស់ភូមិរាក់ទាក់
ស្ទាក់បេះដូងខ្ញុំ។
លឹម វីរីយ៉ា🌸

រៀបឫក្សសមសួន ពួនថតក្រោយឆាក
វាំងននបើកខ្វាក ឆាកល្ខោនឡើងភ្លឺ
អ្នកភ្លេងប្រគុំ ងំលាន់រន្ទឺ
រន្ទាលឡើងព្រឺ ឮឡើងស្រយុត។
សិទ្ធាជ្រះថ្លា ចារទុកម្សិលមិញ
មេខ្ញុំគាត់ចេញ ប្រាំរយឱ្យគត់
ដុល្លារអាគាំង ហុចមិនតក់ស្លុត
ជំនួយអ្នកខ្មុក ទុកថែវប្បធម៌។
អនុប្រធាន គង់សូរីតា
ពីររយដុល្លារ ប្រាថ្នាជួយទ្រ
អគ្គលេខា កណ្ណិកាបន្ទរ
ដាក់ថែមជន់ជោរ មួយរយដុល្លារ។
សូមអរគុណក្រៃ ថ្លៃហ្អើយថ្លៃថ្លើម
បេះដូងល្អឆ្នើម ផ្ដើមផ្ដួចគួចត្រា
ទុកជាគំរូ ធូរធារខេមរា
សិល្បៈដូនតា នឹងបានរុងរឿង។
———
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសិល្បៈវប្បធម៌វត្តភ្នំ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការទិវាបេតិកភណ្ឌ លើកទី៤ ពីថ្ងៃ ១២ ដល់ ១៤ ខែធ្នូ ២០១៨ ក្រោមប្រធានបទ ល្ខោនខោលមរតកជាតិខ្មែរ។🌸🇰🇭
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការល្ខោនសម្ដែងម្សិលមិញដោយក្រុមយុវជនស្មគ្រចិត្ត លោកជំទាវទន្ដបណ្ឌិត អេង លីគង់ ដែលជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (សសសក) បានឧបត្ថម្ភនៅនឹងកន្លែងដល់ក្រុមសិល្ប:ចំនួន $៥០០, និងមានការចូលរួមផងដែរពីលោកស្រី គង់ សូរីតា ជាអនុប្រធានសមាគម ចំនួន $២០០ និងសប្បុរសជន១រូបទៀត លោកស្រី ឡាយ កណ្ណិកា ជាអគ្គលេខាធិការសមាគម ចូលរួម $១០០។ 💕
សូមគោរពអរគុណជាពន្លឹក និង សូមគ្រប់គ្នាទទួលបានតែពរជ័យគ្រប់ប្រការពីវត្ថុសក្ដិសិទ្ធក្នុងលោក។ 🙏😇
សាយណ្ហសួស្ដី ពីដីសណ្ដ
សូរសែងទិនករ កំដរពីលិច
ខ្យល់មាត់ទន្លេ បំពេតិចៗ
រស្មីព្រិចៗ រំលេចព្រលឹង។
សាយណ្ហទន់ទាប ដីរាបទន់ទេរ
រសៀលទន់ជ្រេ មាសមេទន្ទឹង
ទន្ទេញពាក្យចាំ ផ្ដាំដល់ម្ចាស់ស្ទឹង
សន្យាបាត់ឈឹង ប្ដឹងទៅនរណា?
សាយណ្ហហួសទៅ នៅសល់ដួងចន្ទ្រ
ដេកមិនប្រកាន់ ធ្វើខ្មាន់វេហា
តារារយដួង លួងសូមស្នេហា
ព្រះឥន្ទ្រ ឥតត្រា ប្រាថ្នាយកត្រើយ។
សាយណ្ហកល់ខ្នើយ នៅឡើយរាត្រី
ចរចាចិចី ស្ដីសូមឱ្យឆ្លើយ
ដីកោះនៅម្ខាង កាងដល់ណាហើយ?
មេឃកុំកន្តើយ សូមឆ្លើយប្រាប់ផង!
———-
លឹម វីរីយ៉ា🌸
១៤ ធ្នូ ២០១៨

រលកក្រោយ ដង្ហោយសូម លោមមួយគ្រា
រាប់ជាគ្នា ទារសិក្សា ប្រាថ្នាយល់
ចែករំលែក រែកចំណេះ ឆេះពីគល់
សាងជន្ទល់ ទល់ជីវិត ស្រិតបញ្ញា។
រលកក្រោយ ឆ្លើយឥតអាក់ ចាក់បេះដូង
ភ្នែករលោង អន្ទងស្អិត ដិតសោតា
ចងសណ្ដាប់ ប្រាប់សេចក្ដី ស្ដីតាមសារ
ចែងអក្ខរា ចាររៀបរាប់ ជាប់ដួងចិត្ត។
សូមអរគុណ មុនឃ្លាតទៅ នៅទន្ទឹង
ទន្ទេញដឹង ប្រឹងប្រែងខំ ចម្រើនក្រិត្យ
យកទាំងក្រម ថ្នមទុកប្រើ ស្នើរជីវិត
ជោគជ័យពិត ជិតដៃឈោង យោងកេរ្តិ៍ឈ្មោះ។
សូមជូនពរ ហូរហែតាម ដាមសំណេរ
សំណាងទ្វេ ស្មេរតាក់តែង ណែងណងជួស
សូមបានឈ្នះ ជះជោគលាភ ប្រៀបពីរោះ
មានកិត្តិយស រស់រុងរោចន៍ ដូចសុបិន។
———
ពីអ្នកគ្រូ លឹម វីរីយ៉ា🌸
ជូនសិស្សនិស្សិតថ្នាក់ Soft Skill ជំនាន់៦ នៅ LSi
ភ្នំពេញ ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨
ហ៊ានទេ? បើខ្ញុំ សូមចាប់ដៃ ឡើងឆាកដន្ត្រី ស្ដីផ្ដោះផ្ដង
រាំទន្ទ្រាំជើង ភ្លើងបៃតង រួចច្រៀងសាសង បទស្នេហា?
ហ៊ានទេ? បើខ្ញុំ សូមថើបមួយ ទុកបណ្ដុះត្រួយ ស្ទួយអាត្មា
រួចអោបចង្កេះ ទះហត្ថា ក្រសោបកាយា ប្រាថ្នាចិត្ត។
————
លឹម វីរីយ៉ា🌸
២០ ធ្នូ ២០១៨

ស្រណោះជេីងធ្មេញ អូនស្ញេញតែឯង
ញញឹមផ្កាត្រែង បែកផ្សែងពេញផ្សារ
ឆ្នាំចាស់ជិតដាច់ បណ្ដាច់សន្យា
មិនឃេីញចៅមហា ចរចាចូលស្ដី?
ស្រណោះជេីងសក់ អូនកក់ហេីយផ្លុំ
តម្រឹមទាំងចុង ចម្រុងសួស្ដី
រដូវរងា ដូចជាឥតន័យ
អាឡោះអាល័យ ដៃលាក់ក្រោយខ្នង។
——-
លឹម វីរីយ៉ា🌸
២២ ធ្នូ ២០១៨
