Category Archives: ពីនេះពីនោះ

កណ្ដាលរាត្រី…

កណ្ដាល​រាត្រី​ ស្រីគេងមិនលក់
ខ្ជិល​នៅទ្រមក់​ ស្ទក់កាយសម្ពឹក
ងេីបលីងខ្ទឹមម្ទេស​ បេះទុកពីព្រឹក
ឈ្ងុយទ្រុប​ ងប់ភ្លឹក​ នឹកចង់ក្រហាយ។

គ្រឿងផ្សំ​ ហំហួន​ អង្រួន​ឱ្យ​ឃ្លាន
បាយឆ្ងាញ់លេីកពាន​ គ្មាន​អីខ្វល់ខ្វាយ
ប្រហុកអាំងខ្ចប់​ កប់ទៅទាំងកាយ
កៀរគរ​អ្នកឆ្ងាយ​ ឱ្យ​ចេះស្ដាយស្រុក។

រាត្រី​សួស្ដី​ ចង្ក្រាន​ចុងភៅ
ម្ទេសខ្ទឹមដាក់ទៅ​ ហៅសែនស្រណុក
ញ៉ាំ​ច្រើន​ស្រណោះ​ អង្គុយសំកុក
សោយរាជ្យ​សែនសុខ​ មុខក្នុងបង្គន់។
————-
លឹម​ វីរីយ៉ា​🌸
១៩​ កញ្ញា​ ២០១៩

មិនមែនចេះតែថាទេ គឺពិតជាងើបមកលីងខ្ទឹមម្ទេសទាំងកណ្ដាលយប់មែន មិនដឹងជាកើតថីខ្ញុំ ឆ្ងល់ដែរ!!!

អាហារនិងការងារ…

សាយណ្ហ​រីករាយ​ លាយរឿងការងារ
ក្រោមភ្លៀងរងា​ គ្រាដែលភ្លេចទុក្ខ
ជំនោរ​ភទ្របទ​ សាងស្នេហ៍បរិសុទ្ធ
ផលល្អបំផុត​ ក្នុងដែនសុវណ្ណ។

នឿយកាយក៏ព្រម​ សូមឱ្យ​តែសុខ
ដីខ្មែរម្ចាស់ស្រុក​ ចុកមាត់​ម្ចាស់​ខណ្ឌ
កំណប់មាសប្រាក់​ ស្លាក់​ក្នុងដៃខ្មាន់
ខ្មុកស្រែ​កំណាន់​ ក្រវ៉ាន់លាស់ថ្មី។

សប្បាយ​នឹងហត់​ ឃាត់​ចិត្ត​មិនបាន
បេីកភ្នែកថ្មេីរម៉ាន​ បានដោយ​សិរី​
សម្រស់​រំដួល​ ឆួលក្លិនដូរដី
ផ្ដោះផ្ដង​អាល័យ​ ថ្ងៃ​មួយ​មិនខាន។

លឹម​ វីរីយ៉ា​🌸
១៩​ កញ្ញា​ ២០១៩

ចានអាហារដែលមានសុទ្ធតែសាឡាដ ដែលខ្ញុំញ៉ាំបណ្ដើរធ្វើការងារបណ្ដើរជាមួយអ្នកមីង ឈឹម ម៉ាណាវី និង អ្នកមីង លឹម បុប្ផា នៅក្នុងហាងកាហ្វេ ប្រោន ទួលគោក ដើម្បីពិភាក្សាលើពង្រាងរចនាសម្ព័ន្ធដឹកនាំរបស់គម្រោង មាតុភូមិ ព្រលឹងខ្មែរ នៅក្នុងទីក្រុង ឃីងមែន រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក

សកវាទ៍ផ្កាកំណាព្យ…

សកវាទ៍​ ឱ! ផ្កាកប្បាស​
អ្នកណាមុខចាស់​ ច្បាស់​ជាចិត្តក្មេង។

ការងារហត់នឿយ​ មិនលែង
យប់យន់ចូលគេង​ អេងលក់ស្រួលពេក។

ទឹក​រាក់​ធ្លាក់​ភ្លៀង​ ផ្អៀងមេឃ
រលឹមក្នុងភ្នែក​ រែកពន់ទុក្ខព្រួយ។

ដល់លង់​ ហៅគេទៅជួយ
រង៉ែរងួយ​ រំអួយច្រេីនយ៉ាង។

ផ្ដែផ្ដាំ​ឱ្យ​ចាំត្រេីយម្ខាង
សម្អិតសម្អាង​ កាងស្ពានកៀនកោះ។

ហេតុ​ផលកលរឿង​ គេស្មោះ
អាល័យ​អាឡោះ​ ផ្ដោះផ្ដង​សន្យា​។

ឱ្យ​គេបំពេញកិច្ចការ
ខ្លួន​ឯង​ហ៊ឺហា​ ដេីរហួចឡេីងហំ។

គេហ្អេីយ​ ដេីរតួសែនស្នំ
ឯខ្ញុំ​វិញខំ​ សម្ងំ​ខេីចជេីង។

សកវាទ៍​ ផ្កាផ្លូវរទេះភ្លេីង
ខ្យល់​ផាត់​ពីជេីង​ យេីងនឹងផុតព្រួយ។

ព្រឺព្រួច​ លួចព្រុយ៉ុងមួយ
ទុកជាភូឈួយ​ ជួយគ្រារ៉ោករ៉ាក។

វាំងនន​បាំងមុខ​ក្រោយ​ឆាក
ឥលូវអាចស្រាក​ សម្រាក​បន្តិច​។

ថ្ងៃ​ស្អែក​ ចែកជេីងទៅលិច
រលឹមស្រិចៗ​ ច្បិច​ស្នាមញញឹម​។

ខែក្រោយ​ អាចមានសង្ឃឹម
កាច់ផ្កាដកខឹម​ ព្រលឹមសួស្ដី។

ដោតលាយបទុមវន្តី
លាយម្លិះរីកថ្មី​ ពរជ័យ​ស្រុក​ខ្មែរ​។
________

លឹម​ វីរីយ៉ា​🌸
១៨​ កញ្ញា​ ២០១៩

រូបថត Selfie ពីទូរស័ព្ទដៃរបស់លោកគ្រូ ឆាយ បូរ៉ា ក្នុងអំឡុងពេលប្រជុំគណកម្មការដឹកនាំ មហោស្រពភាពយន្តខ្លីអាស៊ាន ២០១៩ នៅឯការិយាល័យ មូលនិធិអាស៊ី ម្ដុំបឹងកេងកង ដែលមានលោក បូរ៉ា ជានាយកគម្រោង និង ខ្ញុំជាជំនួយការគាត់

ញ៉ាំបាយចាយឫក្ស…

ញ៉ាំ​បាយ​ចាយឫក្សថ្ងៃត្រង់​
តម្រែតម្រង់​ ផ្ចង់​អាហារបួស។

នៅហាងសាឡាត់ល្បីឈ្មោះ
គេហៅពីរោះ​ ឈ្មោះ​ថា​ Vego។

រសជាតិ​សែនឆ្ងាញ់មិនប្រូ
សម្រកគីឡូ​ ប្ដូរ​រសជីវិត។

សំខាន់​ថៅកែអង្គុយជិត
នៅក្បែរនែបនិត្យ​ ផ្ដិតរូបឱ្យទៀត។

ញ៉ាំ​រួចព្រួចព្រឺចង្អៀត
ម្ចាស់​ហាង​ឥតឃ្លាត​ ឆ្លៀតទាំងប៉ាវបាយ។

គាត់​ធ្វើ​ឱ្យ​ខ្ញុំ​ Surprise
រីករាយ​ក្អាកក្អាយ​ សប្បាយ​ដួងចៃ។

ទៅញ៉ែញ៉េះញ៉ោះម្សិលម្ង៉ៃ
អាឡោះអាល័យ​ រឿងដីភ្លេីងខ្យល់។

ចរចា​ចិចី​ រចល់​
ជួបឥតបន្ទាល់ ខ្វល់ខ្វាយ​រឿង​ជាតិ​។

បាយបួសជំនួសត្រីងៀត
សែនឆ្ងាញ់ផ្ដាំញាតិ​ ឃ្លាតហេីយរឭក។

ឃេីញរូបធ្វេីឱ្យអូនភ្លឹក
ម្ចាស់​បាយម្ចាស់ទឹក​ នឹកចង់ទៅទៀត។

ណ្ហើយ​ចុះ​! ថ្ងៃ​ក្រោយ​នឹងឆ្លៀត
ទៅស្រង់ស្រូបជាតិ​ ប៉ាវជូនវិញម្ដង។
————-
លឹម​ វីរីយ៉ា​🌸
១៦​ កញ្ញា​ ២០១៩

រូបភាពថតជូនដោយ បងស្រី “ទូចស្រី សុភា” ជាម្ចាស់ភោជនីយដ្ឋានអាហារបួស វេហ្គោសាឡាត់ ជាប់របងវត្តលង្កា រាជធានីភ្នំពេញ។ គាត់បានអញ្ជើញខ្ញុំញ៉ាំបាយថ្ងៃត្រង់មួយពេលប្រកបដោយ ភាតរភាពយ៉ាងក្រៃលេង!

ណែមស្លឹកកន្ទួត…

ណែមស្លឹកកន្ទួត​ អួតតិចចុះ​
ទិញទៅមិនខុស​ ទាស់ចិត្ត​ទេ​
រសជាតិ​ម្ចាស់​ដេីម​ ឆ្នេីមប្លែកគេ​
ក្លិនត្រីទន្លេអប់ស្លឹកចេក។

មីនា​ប្អូនស្រី​ ផ្ញេីមកជូន​
ចែកជាជំនូន​ ល្អអនេក​
ញ៉ាំ​រួច​ផ្ដួចចិត្ត​ ផ្ដិតជេីងមេឃ​
រឭកស្រុកពេក​ ភ្នែក​មមី។

ណែមបាត់ដំបង​ ក្រងបណ្ដូល
ម្ទេសខ្ទឹមញីឈ្មោល​ រោលវក់វី
ក្រហាយ​ក្រហល់​ ខ្វល់ញក់ញី
ក្នុងភពធរណី​ គ្មាន​ពីរឡេីយ។

អរគុណ​ច្រើន​ណាស់​ ម្ចាស់​អំណោយ​
ស៊ីចុកខ្មុកដោយ​ ដង្ហោយ​ឆ្លេីយ
តបថា​ល្អពិត​ ស្អិតងំ​ហើយ​
ភ្ជុំ​បិណ្ឌ​ឆ្លងត្រេីយ​ ស្បេីយនឹកស្រុក។

លឹម​ វីរីយ៉ា​🌸
១៦​ កញ្ញា​ ២០១៩

ណែមស្លឹកកន្ទួតដែលប្អូនស្រី ប៉ែន មីនា ជូនមកខ្ញុំចំនួន ២០០ណែម ឆ្ងាញ់ណាស់អូនអ៊ើយ!!!

បទសម្ភាសរវាងសារពត៌មានអន្តរជាតិ Khmer Times និង ខ្ញុំ ស្ដីពីប្រធានបទ៖ តុល្យភាពទីផ្សារការងារ និង ចំណង់ចំណូលចិត្តអ្នករៀន

លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា២០១៨-២០១៩ ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ហើយ​កាលពីដើម​សប្តាហ៍​នេះ បង្ហាញ​ឲ្យ​ដឹងថា​បេក្ខជន​ទូទាំងប្រទេស​ប្រមាណ​ជិត ៨០ម៉ឺន​នាក់ បានបញ្ចប់​ការសិក្សា​កម្រិត​មធ្យ​មសិក្សា​ដោយ​ជោគជ័យ។ ក្នុងឱកាស​ដែល​សិស្សានុសិស្ស​ត្រូវ​រៀបចំខ្លួន ជ្រើសរើស​វិថី​សិក្សា​ថ្មី​មួយកម្រិត​ទៀត ដើម្បី​ពង្រឹង សមត្ថភាព​ឆ្ពោះទៅកាន់​ទីផ្សារការងារ​ដ៏​ប្រកួតប្រជែង វ៉ា សុនី​កា បាន​ជួប​ជាមួយ អ្នកស្រី លឹម វី​រី​យ៉ា ជា​សាស្ត្រាចារ្យ​ផ្នែក​ធុរកិច្ច និង​ជា​គ្រូបង្វឹក​ផ្នែក​ជំនាញ​ទន់ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​ពិភាក្សា​លើ​ចំណុចខ្លះៗដែល​យុវជន​គួរ​យល់ដឹង​មុននឹង​ជ្រើសរើស​ជំនាញ​នៅ​មហាវិទ្យាល័យ​ឲ្យ​ត្រូវ​តាម​ចំណង់​ចំណូលចិត្ត និង ទីផ្សារការងារ។

VIRIYA LIM and Students in BBU

សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់មធ្យមសិក្សាថ្មីៗនេះ​ជាច្រើន​នាក់ អាច​កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​សម្រេចចិត្តថា​តើ​គួរ​ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ ឬ​ជំនាញ​ដែល​សម្បូរ​ទីផ្សារការងារ។ ក្នុងករណី​ដូចនេះ តើ​សិស្ស​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មាន​តុល្យភាព រវាង​ចំណង់​ចំណូលចិត្ត​និង​ជំនាញ​ដែល​ត្រូវ​ទីផ្សារការងារ?

កាលពី​ដើមឡើយ គឺ​ជំនាន់​ដែល​ខ្ញុំ​នៅ​ក្មេង​វ័យ បច្ចេកវិទ្យា​ព័ត៌មាន មិនទាន់​សម្បូរបែប ដូច្នេះ​សេចក្ដីសម្រេចចិត្ត​គ្រប់​យ៉ាង​រុលទៅមុខ​ទាំងព្រាវៗ សម្រេចចិត្ត​ទាំងស្មានៗ ទៅតាម​ការយល់ឃើញ​ក្នុង​ជ្រុង​មួយ​តូច តាមរយៈ​បណ្ដុំ​ព័ត៌មាន​បន្តិចបន្តួច។ ដូចជា ឃើញ​គេ​រៀន​អី មានការ​ងារ​ធ្វើ ក៏​រៀន​តាម​គេ តាម​ឯង ខណៈដែល​ពេលនោះ រដ្ឋាភិបាល ក៏​មិនបាន​យកចិត្តទុកដាក់​ក្នុង​បញ្ហា​នេះ​ស្រាប់​ផង។

ដូច្នេះ ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​ចំណង់​ចំណូលចិត្ត​ពី​ធម្មជាតិ​របស់​អ្នក​សិក្សា ហើយ​ថែមទាំង​អាច យក​ចំណង់​ចំណូលចិត្ត​នោះ​ទៅ​បង្កើត​ប្រាក់ចំណូល និស្សិត​ត្រូវ​គិតដល់ ជំនាញ​វិជ្ជាជីវៈ និង ជំនាញ​បន្ទាប់បន្សំ។

បើ​ចំណង់​ចំណូលចិត្ត​នោះ មាន​ទីផ្សារ​សម្បូរបែប​ស្រាប់​ហើយ រាប់​ថា​ជា​ភ័ព្វសំណាង​ទៅ​ចុះ។ រៀន​ចប់ គ្រាន់តែ​អភិវឌ្ឍ​ទេពកោសល្យ​បន្ថែម​ពីលើ​ជំនាញ​វិជ្ជាជីវៈ ធានាថា ក្រៅពី​ដណ្ដើម​ការងារ​បាន​លឿន​ហើយ ថែមទាំង​អាច​ឡើង​តំណែង​ខ្ពស់​ឆាប់ ប្រាក់ខែ​ធំ​ក្នុង​រយៈពេល​ខ្លី​ទៀតផង។

ឧទាហរណ៍ បើសិនជា​យើង​ចូលចិត្ត​សិល្បៈ​បែប​រចនា អាច​និយាយថា​អ្នកសិក្សា​ស្រឡាញ់​ខ្លាំង​ចំពោះ​ការងារ គូរគំនូរ ច្នៃ​ម៉ូដ តុបតែង……ជាដើម។ ពី​ជំនាន់​ខ្ញុំ​នៅ​ក្មេង បើសិន​ពោល​ប្រាប់​ចាស់ទុំ​ថា​ចង់​រៀន គូររូប ច្បាស់​ជា​គាត់ ខ្ជាក់​អនុសាសន៍​ថា “អើ! រៀន​គូរ​ទៅ ហើយ​ទៅ​អង្គុយ​មុខ​វាំង​ទៅ។ ហេតុអ្វី? ព្រោះ​ចាស់​ពី​ដើម និង ក្មេង​ពី​ដើម ល្ងង់​ដូចគ្នា មូលហេតុ​មកពី​យើង​នៅ​ក្រីក្រ យើង​រស់​ដូច​កង្កែប​ក្នុង​អណ្ដូង យើង​ខ្វះ​ព័ត៌មាន យើង​មិនដែល​ដឹង​ទាល់តែសោះ​ថា ពិភពលោក​នេះ មាន​គេ​ប្រើ​វិជ្ជា ទេពកោសល្យ​សិល្បៈ​គំនូរ បង្កើត​លុយ​ធ្វើ​អ្នក​មានបាន។ អីចឹង​និស្សិត​ច្បាស់​ជា​ចោទសួរ​ប្រដេញ​ទៀតថា បង្កើត​លុយ យ៉ាងម៉េច​ទៅ? ខ្ញុំ​សូមជម្រាបថា រស់នៅក្នុង​យុគសម័យ​នេះ យើង​មិនអាច​ជោគជ័យ​ដោយ​ការសិក្សា​រៀនសូត្រ​ជំនាញ​តែមួយ​មុខ​បានទេ។ យើង​ត្រូវតែមាន​ជំនាញ​បន្ទាប់បន្សំ សម្រាប់​ទ្រទ្រង់​ជំនាញ​គោល។ បើ​គ្រាន់តែ​ចេះ​គូររូប ផាត់​ពណ៌​ល្អ​ស្អាត​ដាច់​គេ​ក្នុង​លោក​នេះហើយ យើង​ក៏​មិនដឹងថា​យក​វា​ទៅ​លក់​នៅទីណា​ដែរ។ ដូច្នេះ ជំនាញ​បន្ទាប់បន្សំ រួមមាន​ដូចជា ៖

ចេះ​ភាសា​អង់គ្លេស​ល្មមប្រើ​ការ​បាន ទាំង​អាន សរសេរ ស្ដាប់ និង និយាយ ដើម្បី​ស្វែងរក​អាហារូបករណ៍​វគ្គខ្លីៗ​នៅ​បរទេស ទាក់ទង​នឹង​ចំណេះដឹង ជំនាញ​ដែល​ខ្លួន​កំពុងមាន​ស្រាប់ ឬ ដើម្បី​ចូលរួម​ប្រកួត​ស្នាដៃ​នៅ​បរទេស ឬ ដើម្បី​ទាក់ទង​គ្នា​ងាយស្រួល ជាមួយ​ពិភពលោក​ខាងក្រៅ​ក្នុងការ​បង្កើត ឬ អ​វិ​វ​ឌ្ឍ​អាជីវកម្ម។ ហើយ​រិត​តែ ពិសេស​នោះ គឺ​ដើម្បី​បង្កើត ម៉ាឃីតធីង អន​ឡាញ (Online Marketing)  ចុងក្រោយ ដើម្បី​ដាក់លក់​ផលិតផល​ខ្លួនឯង​ក្នុង​ទីផ្សារ e-Commerce ។

ចេះ​កុំព្យូទ័រ​កម្មវិធី រដ្ឋបាល​ទូទៅ (MS Words, Excel, and PowerPoint) ហើយ​បើ​អាច​ឆ្លៀត​រៀន​កម្មវិធី PhotoShop, CorelDraw បន្ថែម​ខ្លះ​ផង នុះ សក្ដានុពល​ចំណេះដឹង​ខ្លួនឯង រិត​តែ​អស្ចារ្យ​មួយកម្រិត​ទៀត។ ទូរសព្ទដៃ SmartPhone តែ​ម្យ៉ាង មិនបាន​ជួយ​កិច្ចការ​ធំដុំ​ទេ លុះត្រា​តែមាន​ជំនួយ​ពី​កុំព្យូទ័រ។ ការចេះ​កុំព្យូទ័រ ធ្វើ​ឲ្យ​យើង​សន្សំ​ពេលវេលា​ការងារ​បាន​ច្រើនជាង​ធម្មតា ហើយ​រៀនសូត្រ​និង​ធ្វើការ ឆាប់​បែក​បញ្ញា​ទៀតផង។

ចេះ​ប្រើប្រាស់ អ៊ី​ន​ធើ​ណិ​ត (e-mail, social media, etc.) ព្រោះថា វា​ជា​កិច្ចការងារ​ផ្លូវការធំៗ ដែល​ផ្ដល់​សារៈសំខាន់​ដល់​យើង គឺ​ទំនាក់ទំនង​តាម e-mail។ ព្រោះ​មធ្យោបាយ​នេះ មាន​សុវត្ថិភាព​ខ្ពស់ និង ប្រកបដោយ​វិជ្ជាជីវៈ។ យ៉ាងណាក៏ដោយ បើ​មិន​ប្រើ​បណ្ដាញ​សង្គម​អបស្ទប​ទៅជា​មួយ​ទេ ក៏​ធ្វើការ​មិនទាន់​គេ​ដែរ ព្រោះថា ឧបករណ៍​ទាំងនោះ វា​ជួយ​ស៊កសៀត​ឱកាស​ធ្វើការ​ដ៏​តឹង​ចង្អៀត​របស់​ពិភព​មនុស្ស​សម័យ​សត​វត្សរ៍​ទី២១នេះ ឲ្យ​មាន​ភាពរលូន។

មាន​ជំនាញ​ទន់ (Soft Skill) ដែល​ភាគច្រើន គេ​ពោល​ដល់ ឥរិយាបថ អត្តចរិត ការប្រព្រឹត្តទៅ​ជាប្រចាំរ​បស់​បុគ្គលម្នាក់ៗ ដូចជា​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុងសង្គម សិល្បៈ​និយាយ សិល្បៈ​បង្កើត​មិត្តភក្តិ។ល។

ចុះ​បើសិនជា​និស្សិត​ដែល​រៀន​ចប់​ចេះដឹង​ច្បាស់លាស់​នូវ​ជំនាញ​វិជ្ជាជីវៈ (គូររូប ឬ រចនា​ម៉ូដ) នោះ​ហើយ តែ​គ្មាន​ជំនាញ​បន្ទាប់បន្សំ គាត់​គួរ​ធ្វើយ៉ាងណា? ចម្លើយ​គឺ យកលុយ​ទៅ​ជួល​គេ​មកជួយ​ធ្វើ តែបើ​អត់លុយ នៅតែ​ត្រូវ​ខំរៀន​ដោយ​ខ្លួនឯង​ដដែល​ជា​ដដែល។

Viriya Lim and Her Students_BBU

ចុះ​បើសិនជា​ត្រូវ​ជ្រើសរើស​វិញ តើ​សិស្ស​គួរ​ធ្វើ​ជ្រើសរើស​មួយណា​រវាង ចំណង់​ចំណូលចិត្ត និង​ជំនាញ​ដែល​ត្រូវ​ទីផ្សារការងារ?

ជឿ​ទៅ! មានតែ​ជ្រើសរើស​រៀន​ជំនាញ​ដែល​សមស្រប​តាម​សេចក្ដីស្រឡាញ់​ពេញចិត្ត​របស់​យើង​ទេ ទើប​យើង​អាចធ្វើ​ការងារ​នោះ ប្រកបដោយ​គុណភាព​ពិតប្រាកដ។ ការធ្វើការងារ ​ដែល​មិនត្រូវ​នឹង​ចំណង់​ចំណូលចិត្ត យើង​ត្រេកអរ​បានតែ​ប៉ុន្មាន​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ លុះ​យូរ​ទៅ យើង​នឹង​ធុញទ្រាន់។ តែបើ​យើង​បានធ្វើ​ការងារ​ដែល​ស្រឡាញ់​ពេញចិត្ត យើង​នឹង​ខិតខំ​ព្យាយាម ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និង ថាមពល​សព្វ​គ្រប់បែប​យ៉ាង រហូត​ទាល់តែ​បង្កើត​ភាព​អស្ចារ្យ ក្នុង​ការងារ​នោះ។

មាន​មិត្ត​ខ្ញុំ​ម្នា​ក់នៅ​ខេត្តសៀមរាប ពួកគេ ស៊ូ​ស៊ី​អត់ ស៊ី​ឃ្លាន លាលែង​ប្រាក់ខែ​ខ្ទង់ពាន់​ដុល្លារ ដើម្បី​ចាប់​ក្ដី​សុបិន​ខ្លួនឯង នោះ​គឺ​ការផលិត​ភាពយន្តតូចៗដើម្បី​អប់រំ​សង្គម។ វា​មិនបាន​ផល​កម្រៃ​ជា​វិជ្ជមាន​ផ្នែក​លុយកាក់ ក៏ពិតមែន ប៉ុន្តែ​ពួកគេ​ទាំង២នាក់​ប្ដី​ប្រពន្ធ បាន​ផលិត​ម្ដង​ហើយ​ម្ដងទៀត ជាច្រើន​ដង រហូតដល់​មាន​គេ​ទទួលស្គាល់​ស្នាដៃ។ បើទោះបីជា​ស្នាដៃ​នោះ​នៅមានកម្រិត ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា អ្នក​ដែល​កំពុង​ត្រេកត្រអាល​នឹង​ការងារ​ខ្លួនឯង គ្មាន​ពេល​បាន​ខ្វល់​នឹង​ការងារ​អ្នកដទៃ​ទេ ម្ល៉ោះហើយ​គេ​នឹងធ្វើ​ការ​ដោយ​អារម្មណ៍​មូល ផ្ដោត មោះមុត ស្រួចស្រាវ ចុងក្រោយ​គេ​នឹង​បង្ហាញ​ភាពខ្លាំង​ក្នុង​អាជីព ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​មោទកភាព​ជំនួស។

“មនុស្ស​ខ្សោយច្រើនតែ រត់​រក​ទីផ្សារ​ដែលមានស្រាប់ៗ តែ​មនុស្ស​ខ្លាំង គេ​បង្កើត​ផលិតផល​រួច ទើប​ពួកគេ​ទៅរក​ទីផ្សារ​តាម​ក្រោយ!” មានន័យថា ធ្វើ​កិច្ចការ បង្កើត​ផលិតផល​ខ្លួនឯង រួច​ស្វែងរក​អ្នក​ម៉ាឃីតធីង​ជួយ​ផ្សព្វផ្សាយ​តាម​ក្រោយ បើ​ចេះ​យុទ្ធសាស្ត្រ​ម៉ាឃីតធីង​ខ្លួនឯង​ស្រាប់​ផង រិត​តែ​ពិសេស។

Viriya Lim - Graduation

តើ​សិស្ស​ត្រូវ​សិក្សា​លើ​ចំណុច​អ្វីខ្លះ ដើម្បី​ឲ្យ​ដឹងថា​ជំនាញ​ដែល​ពួកគេ​នឹង​រើស នឹង​ផ្តល់ឱកាស​ការងារ​ខ្ពស់​ឲ្យ​ពួកគេ​នៅពេល​រៀន​ចប់?

ទី១ បើ​ខ្ញុំ​និយាយថា គួរតែ​សិក្សា​ពី​នយោបាយ​ប្រទេសជាតិ និង អន្តរជាតិ ច្បាស់​ជា​គេ​នាំគ្នា​សើច​មិន​ខាន។ ហេតុអ្វី​បានជា​វា​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​ទៅវិញ? ចូរ​ចាំ​ថា បើ​យើង​ព្យាយាម​សង្កេត ពីរ​បត់​នយោបាយ​ស្រុកទេស​ដែល​ខ្លួន​កំពុង​រស់នៅ រួមទាំង​នយោបាយ​បរទេសខ្លះៗផង​នោះ និស្សិត​នឹងមាន​បញ្ញា​វិនិច្ឆ័យ​ថា តើ​លំហូរ​ចូល​នៃ​ជនបរទេស និង​លំហូរ​ចេញ​នៃ​ជនជាតិខ្មែរ​ខ្លួនឯង​ទៅ​ក្រៅប្រទេស បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​អ្វីខ្លះ​នៅ​ខាងក្នុង​ស្រុក? តើ​វា​នឹងមាន​ភាពខ្វះខាត ចន្លោះប្រហោងនៅ​ក្នុងផ្នែក​ណាមួយ ដែល​ត្រូវបំពេញ​បញ្ចូល? ក្រៅពីនោះ ការសង្កេត​ពិនិត្យ​បញ្ហានយោបាយ​ជាប្រចាំ ធ្វើ​ឲ្យ​និស្សិត អាចធ្វើ​ព្យាករណ៍ អាច​ទស្ស​ទាយ ពី​បញ្ហា​ប្រឈម​នៅ​រវាង​ពីរ​បី​ឆ្នាំ​ទៅមុខ​បាន​ដោយ​មិនសូវ​ខុស​ខ្លាំង។ សមត្ថភាព​ទស្ស​ទាយ បញ្ហា​អនាគត​នោះ​ហើយ ដែល​អាច​ឲ្យ​គេ​ចាប់យក​ជំនាញ​ណាមួយ សម្រាប់​ត្រៀម​បំពេញ​ចូលក្នុង​ទីផ្សារការងារ​បាន។

ជាក់ស្ដែង នាពេលនេះ ប្រទេសជាតិ​យើង ​កំពុងតែ​ច្របល់​បញ្ចូល​ទៅដោយ​ជនបរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់។ សម្រាប់​ក្រុមអ្នក​ជាតិនិយម គេ​រំពឹង​ចង់​ឲ្យ​ជនបរទេស​រៀន​ភាសា​ខ្មែរ។ តែ​សម្រាប់​អ្នក​ឱកាសនិយម គេ​រំពឹង​ទាញយក​ប្រយោជន៍​ពី​ជនបរទេស តាមរយៈ​ការសិក្សា​ភាសាបរទេស ដើម្បី​ប្រាស្រ័យ​ទាក់ទង បកប្រែ សម្រួល​ការងារផ្សេងៗ នៅក្នុង​ក្រុមហ៊ុន​ដែលមាន​បរទេស​ជា​ម្ចាស់​វិនិយោគ។

យើង​អាច​មើល​ឧទាហរណ៍​ជាក់ស្ដែង​មួយ​នៅ​បាងកក ប្រទេស​ថៃ។ ជនជាតិខ្មែរ​ជាច្រើន​រាប់មិនអស់ នរណា​ក៏​ស្គាល់​តំបន់ ឌិន​ឌែ​ង ប្រះ​ទូ​ណា​ម ដែល​នៅ​ទីនោះ មាន​ជនជាតិ​ថៃ រៀន​ភាសា​ខ្មែរ​មិនតិច​នាក់​ឡើយ។ ពួកគេ​មិន​ខ្វល់​ពីអ្វី​ផ្សេង ក្រៅពី​ទាក់​ម៉ូយ​ខ្មែរ​ឲ្យ​ទៅ​ដេក​នៅ ស៊ីចុក ទិញ​ទំនិញ​ពួកគេ​ឡើយ ដូច្នេះ ចង់​មិន​ចង់ គេ​នាំគ្នា​រៀន​ភាសា​ខ្មែរ​ហើយ។ នេះ​ខ្ញុំ​និយាយ​ពី​អ្នករក​ការងារ​ជំនាញ ដើម្បី​រកប្រាក់​ចំណូល ស្របតាម​ភាពបត់បែន​នៃ​សង្គម។

ទី២ ត្រូវ​មើលថា ជំនាញ​នោះ មាន​គេ​រៀន​ច្រើន​ដែរឬទេ? បើ​គេ​រៀន​ច្រើនណាស់​ហើយ មិនគួរ​ទៅទៀត​ទេ។ ប្រយ័ត្ន​ផុងខ្លួន​ក្នុង​វិបត្តិ​អតិផរណា​ការងារ។ មានន័យថា អ្នកចេះ​ជំនាញដូចៗគ្នា មាន​ចំនួន​ច្រើនជាង​តម្រូវការ​ទីផ្សារការងារ។ ជាក់ស្ដែង​កន្លងមក យើង​ឃើញ​ឡើង​ហូរហៀរ​យកទៅ​ណា​មិន​អស់ និស្សិត​បញ្ចប់​បរិញ្ញាបត្រ គណនេយ្យ និង ធនាគារ ខណៈដែល​ធនាគារ​មួយចំនួន ឈានដល់​បង្កើត​សាលាបង្រៀន​គណនេយ្យ​ដល់​និស្សិត​ដើម្បី​ស្រូបយក​និស្សិត​ចូលក្នុង​ធនាគារ​ខ្លួនឯង​ទៀតផង។ ហេតុអ្វី ជំនាញ​ផ្សេងទៀត មើលមិនឃើញ?

ទី៣ កុំ​វាយតម្លៃ​ជំនាញ​អ្វីមួយ​ថា​អន់​ខ្សោយ ដោយសារតែ​ឃើញ​អ្នក​ប្រកប របរ​នោះ ភាគច្រើន​ក្រីក្រ ពិបាក។ ឧទាហរណ៍ ជំនាញ​កាត់ដេរ ធ្វើ​ម្ហូប ធ្វើ​នំ ជួសជុល​រថយន្ត កាត់សក់ អ៊ុតសក់ ជាដើម ប្រហែល​មនុស្ស​ភាគច្រើន គិតថា​អន់​ខ្សោយ គ្មាន​មុខមាត់ ខ្សត់​កិត្តិយស។ មូលហេតុ​ដែល​អ្នក​ប្រកប​របរ​នោះ នៅតែ​ក្រ ព្រោះតែ​គេ​គ្មាន​ជំនាញ​បន្ទាប់បន្សំ ដែល​ខ្ញុំ​បានលើកឡើង​ពី​ខាងដើម។ បើ​កាត់ដេរ​ហើយ ថែមទាំងចេះ​អង់គ្លេស និង កុំព្យូទ័រ រួមទាំង​អ៊ី​ន​ធើ​ណិ​ត អ៊ីមែល​ផង​នោះ គេ​នឹង​ក្លាយជា​ម្ចាស់​រោងចក្រ​កាត់ដេរ ច្នៃ​ម៉ូដ បង្កើត​ស្លាក​យីហោ​សម្លៀកបំពាក់​ខ្លួនឯង នាំ​ចេញទៅ​បរទេស នៅ​ថ្ងៃ​ណាមួយ។ តែបើ​ចេះ​កាត់ដេរ ហើយ​គ្មាន​ជំនាញ​បន្ទាប់បន្សំ គេ​បានត្រឹមតែ អង្គុយ​កាត់​និង​ដេរ​តែម្នាក់ឯង​យ៉ាង​កម្សត់​មួយជីវិត។ បើ​ចេះ​ជំនាញ​ធ្វើ​ម្ហូប ហើយ​ចេះ​អង់គ្លេស​និង​កុំព្យូទ័រ​ច្បាស់ គេ​នឹង​ក្លាយជា​ម្ចាស់​ភោជនីយដ្ឋាន​ល្បីឈ្មោះ មាន​អ្នកចូលរួម​វិនិយោគ​ជាមួយ បង្កើន​ដើមទុន ពង្រីក​សាខា ឈានដល់​ចែកចាយ​ស្លាក​យីហោ និង ផ្សេងទៀត​ជាច្រើន!

Viriya Lim 2016

ដើម្បី​ជា​គន្លឹះ​ជួយ​សិស្ស​ឲ្យ​ជ្រើសរើស​មុខជំនាញ​ឲ្យ​ត្រូវ​នឹង​ទីផ្សារការងារ​ផង និង​ចំណង់​ចំណូលចិត្ត​ផង តើ​អ្នកស្រី​មាន​ចំណុច​អ្វីខ្លះ​ដើម្បី​ចែករំលែក?

ខ្ញុំ​បានបញ្ជាក់​រួច​អស់ហើយ ប៉ុន្តែ​ក៏​ចង់​រំលេច​គំនិត​នោះ​ជាថ្មី​ម្ដងទៀត​ដែរ​ថា គួរតែ​ជ្រើសរើស ​រៀន​អ្វីដែលយើង​ស្រឡាញ់​ពេញចិត្ត កុំ​ខ្វល់​ពី​រឿង​សញ្ញាបត្រ។ មិន​ខ្វះ​ទេ សាលា​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស នៅ​ពាសពេញ​ផ្ទៃ​ប្រទេស។ រៀន​ចប់​ស្ពាយ​យកចំណេះ​ធ្វើ មក​ប្រឡូក​ក្នុងសង្គម មិនមែន​រៀន​ចប់ស្ពាយ​ក្រដាស១​សន្លឹក​ថតរូប​បង្អួត​គេ បន្ទាប់មក អត់​ចេះ​ធ្វើ​អី​នោះទេ។

មនុស្ស​ភាគច្រើន ចូលចិត្ត​និយាយថា “ចេះតែរៀនៗទៅ! គ្រាន់​បាន​សញ្ញាបត្រ​បិត​លើ​ជញ្ជាំងបង្អួត​កូន។ សូម​ឈប់​បង្កើត​​គំនិត​បង្ហិន​ពេលវេលា​នេះ​ទៀត​ទៅ ពេលវេលា​មានតម្លៃ​ណាស់។ បំណាច់នឹង​រៀន​អស់​បួន​ប្រាំ​ឆ្នាំ គួរតែ​រៀន​អ្វីដែល​ចប់​ទៅ​អាច​ប្រើ​បាន ដូច​ខ្ញុំ​លើក​ពី​ខាងដើម​អុីចឹង។ ប៉ុន្តែ​រៀន​អ្វី​ក៏ដោយ បើ​គ្មាន​ជំនាញ​បន្ទាប់បន្សំ​ទេ នឹង​ពិបាក​ខ្លួន​ហើយ!

viriya.

អាចស្វែងរកអានក្នុងគេហទំព័រដើម គេហទំព័រ Khmer Times

ចែករំលែកអត្ថបទនេះ តាមរយៈ Facebook  Instagram  LinkedIn  Twitter

ចង់តែងកាព្យមួយ…

ចង់តែងកាព្យមួយ​ ឱ្យ​វារញ្ជួយ​ បេះដូង​អ្នកខ្លះ
ព្រលឹមស្វាងរះ​ សែងជះស្រឡះ​ សម្លឹងឃេីញច្បាស់
ដាស់​ចិត្ត​កវី។

ចង់​តែងទំនុក​ ឱ្យទាក់ចូលគុក​ ធ្លាក់​ជង្ហុក​ដី
អ្នកណាអានហេីយ​ ឱ្យ​ដេកតែភ័យ​ ប៉ុន្ដែ​អូនស្រី
ស្ដីវាមិនរួច។

ចង់តែងអក្សរ​ បន្លាចអ្នកល្អ​ ឱ្យ​ដេកលបលួច
លប​ខឹងក្នក់ខ្នាញ់​ បញ្ឈឺព្រឺព្រួច​ អ្នកណាថ្ពាល់ខួច
ទទួល​យកទៅ។

អរុណសុវត្ថិ​ ពីជ្រុងម្ខាងនៃភពផែនដី!
————-
លឹម​ វីរីយ៉ា​🌸
០៦​ កញ្ញា​ ២០១៩

ភ្នំពេញរង់ចាំអ្នក

ភ្នំពេញភ្លៀងធំ ជំរុំងងឹត
ពពកដាសស្អិត កិតកៀកក្រៀកសែង
ថ្ងៃលិចទៅហេីយ ឆ្លងត្រើយម្នាក់ឯង
ភ្លៀងខ្លាំងបែកផ្សែង ក្លែងបោកជើងមេឃ។

ភ្នំពេញ​មានព្យុះ​ បោកទម្លុះដី
មនុស្ស​ម្នាក់​ឥតស្ដី​ ព្រួយ​ភ័យ​អនេក
ចុងឆ្នាំ​ផ្ដាំខ្យល់​ ផ្ដល់​ជូនទឹកភ្នែក
សុបិន​រហែក​ ស្អែក​អ៊េីយម៉ឺនដង។

ភ្នំពេញ​អំពល់​ បានយល់តែទុក្ខ
មនុស្ស​ម្នាក់​ឱនមុខ ខ្លាចគុកចាប់ចង
ចម្លេីយការពិត​ ស្លាក់​ ក​ អ្នកផង
រងគ្រោះ​ម្នាក់​ម្ដង​ ឆ្លងមិនរួចឡេីយ។

ភ្នំពេញ​រង់ចាំ​ ផ្ដាំអ្នកខាងលិច
រស្មីព្រិចៗ​ រំលេចផ្លូវហេីយ
វិលតាមសន្យា​ ប្រាថ្នាផុតត្រេីយ
ដីខ្មែរថែខ្នេីយ​ គេងកេីយស្កប់ស្កល់។

ភ្នំពេញ​រងកម្ម​ រង់ចាំអ្នកជួយ
ពន្លកប៉ិចត្រួយ​ គេក្ដិចគ្មានសល់
មនុស្ស​ម្នាក់​លួចផ្សង​ ប៉ងផុតកង្វល់
សូមអ្នកជួយផ្ដល់​ សង្ឃឹម​ជាថ្មី។

ភ្នំពេញ​ឥតភ្លេីង​ ឈ្លេីងឡេីងតាមទឹក
តោងទាមសន្ធឹក​ ឱ្យ​ភ្លឹកស្ទេីរក្ស័យ
ម្ចាស់​សារនៅឆ្ងាយ​ ពោលស្ដាយទឹកដី
សន្យាវិលវៃ​ រួមកសាងជាតិ។

ភ្នំពេញ​ម្ចាស់​ស្នេហ៍​ សូមថែខ្លួនផង
រំដួលកម្រង​ គេក្រងទុកសៀត
ថ្ងៃ​អ្នកត្រលប់​ សូមស្ងប់វរនាថ
ស្រាយចិត្តចង្អៀត​ វាតសន្តិភាព។
————-
លឹម​ វីរីយ៉ា​🌸
០៤​ កញ្ញា​ ២០១៩

ផ្ការីកឆ្លងដែន…

បុប្ផា​រីកស្រស់​ ព្រោះ​សន្សេីម
ស្នេហា​​រីកឆ្នេីម​ ផ្ដេីមពី​ Friend
ភ្លៀងស្រោចលំនៅ​ ផ្លូវបត់បែន
ផ្ការីកឆ្លងដែន​ សែនល្អពេក។

ឥលូវចុងខែ​ ប្រែខូចចិត្ត
សុរិយា​ងងឹត​ ស្អិតកែវភ្នែក
សុបិនឥតខ្លឹម​ ត្រឹម​ជេីងមេឃ
រុះរោយ​ទឹកភ្នែក​ រែកញញឹម។

ភ្លៀងផ្គររន្ទះ​ ឈ្នះម្នឹះលោក
ខ្យល់បក់ពពក​ យកសង្ឃឹម
ជំនោរសីហា​ ថ្លាប៉ប្រឹម
លួងលោម​ចិញ្ចឹម​ ចិត្ត​បោកប្រាស់​។

សន្ធឹក​វាយោ​ ហូរដុនដាប
ដិតដាម​កំណាព្យ​ ខាបឡេីងច្បាស់
ខិតខំ​ក្រែងខាត​ ស្អាតល្អណាស់
ផ្ការីកខុសម្ចាស់​ ដាស់​រឿងថ្មី។

សំឡេងភ្លៀងធ្លាក់​ ខ្ជាក់ទាំងពិស
ហូរស្រោចភពម្នឹះ​ ទង្គឹះដី
ភ្លៀងខ្យល់ពាល់ត្រូវ​ ផ្លូវអាល័យ
អាឡោះដោះដៃ​ លៃសូមសុខ។
—————
លឹម​ វីរីយ៉ា​🌸
២៩​ សីហា​ ២០១៩

តាមពិតនេះគឺជាផ្កាជ័រទេ ខ្ញុំទិញវាមកពីផ្សារទំនើបសុរិយា សម្រាប់ដាក់តាំងក្នុងផ្ទះ ប៉ុន្តែឃើញសួនច្បារពីមុខស្នំស្នួនដែរ ទើបលើកយកទៅដាក់តាំងថតមួយប៉ុស្តិ៍អីចឹងទៅ តែងកំណាព្យបញ្ឆោតអ្នកអានបានមួយសន្លឹកដែរ។ ចំណូលចិត្ត កវី តែប៉ុណ្ណឹង!

សកវាទ៍…

សកវាទ៍​ ឱ​ ផ្កាព្រលឹត! ​
ព្រលឹងបណ្ដូលចិត្ត​ គិតបណ្ដេីរ​ សេីចបណ្ដេីរ។
នឹកឃេីញ​រឿង​រ៉ាវ​ហោះហេីរ​
ធ្លាប់​ដាក់សំណេី​ ស្នេីសូមស្នេហ៍ស្មោះ។
សកវាទ៍​ ឱ​ ផ្កាប៉េងប៉ោះ​!
នឹករឿងអង្កាល់ណោះ​ ខុសអស់មួយគ្រា។
បេីសិនកាច់កិន​ ធានា​
ច្បាស់​រស់រមនា​ ជាដាច់រោគចិត្ត។
សកវាទ៍​ ឱ​ ផ្កាស្រឡឹត!
​ នឹកឡេីងអាណិត​ ស្រណោះខ្លួនក្រៃ។
បេីដឹងថារស់រីងរៃ​
ច្បាស់​ជាអូនស្រី​ មិនខ្ចីឈឺទេ។
ផ្កាអ៊េីយ​ ផ្កាអរគីដេ!
អ្នកល្អម្លេះទេ​ គេលេីកដាក់ផេីង។
សកវាទ៍​ ផ្កាផ្សិតចំបេីង!
អ្នកឫក្សចេីងរ៉េីង​ ឆ្មេីងឆ្មៃ​ ដេីរងេីយ។
ប្រយ័ត្ន​ទាក់ស្មៅកន្ត្រេីយ!
ខ្ញុំ​ប្រាប់​ឱ្យ​ហើយ​ ឆ្លេីយផងបេីយល់។
សកវាទ៍​ ឱ​ ផ្កាម្ជុល!
ដកឃឹម​ និមល​ ជ្រុលជ្រួសហួសឆ្ងាយ។
សកវាទ៍​ ឱ​ ផ្កាសារាយ!
អ្នកណាពាក់ផ្កាយ​ ចាំមេីលស្ដាយចន្ទ។
ផែនដី​ ផ្ទៃមេឃ​ កំណាន់
គូគេលានឆ្នាំ​ ផ្ដាំម្ចាស់ព្រលឹង។
សកវាទ៍​ ឱ​ ផ្កាកំភ្លឹង!
សូមស្លេះត្រឹមហ្នឹង​ រឿងតឹងរឿងធូរ។
សកវាទ៍​ ឱ​ ផ្កាចន្ធូ!
សរសេរយូរៗ​ ដូចជាយ៉ាកទៅ។
សកវាទ៍​ ឱ​ ផ្កាម្រះព្រៅ!
ខ្ញុំ​លាហេីយពៅ​ នៅទៀតលែងបាន។
សូមមិត្តបានសុខគ្រប់ប្រាណ
សម្រាក​សម្រាន្ត​ ក្សាន្ត​ចិត្ត​រៀងអ៊េីយ។
———
លឹម​ វីរីយ៉ា​🌸
២៤​ សីហា​ ២០១៩

ខ្ញុំ និង បងស្រី “ទូចស្រី សុភា” ដែលគាត់ជាម្ចាស់ភោជនីយដ្ឋានវិហ្គោសាឡាដ និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលខ្ញុំមិនចាំឈ្មោះអស់ គ្រាន់តែចាំច្បាស់បំផុត គាត់ជាសមាជិកា នៃ សមាគមសហគ្រិនស្ត្រីកម្ពុជា។ រូបថតនេះ ថតនៅក្នុងថ្ងៃពីព៌ណគ្រឿងអលង្កានៅ កោះពេជ្រ ភ្នំពេញ