Category Archives: ពីនេះពីនោះ

មិត្តចាស់ខ្ញុំ

មិត្តចាស់ផ្លាស់ស្បែកចែកសម្រស់

ម្នាក់ៗអស់ទាស់ស្រស់គន់ភ្លឹក

បែកគ្នាពេលវែងរែងរឭក

ពេលខ្លីរអឹកនឹកជួបម្ដង។

 

សម្លាញ់មុខក្លឹង “ខោល វាសនា”

ជួបខែវិច្ឆិកាឆ្នាំកន្លង

ជជែកជាធ្នាក់ទាក់សាសង

មានភរិយាផងថែមកូនពីរ។

 

ពួកម៉ាកថ្ពាល់ខួច “ថុង សំបូរ”

ជួបគ្នាហែហូរប្រូវក់វី

ពួកយើងមានកូនសុទ្ធម្នាក់ពីរ

ខ្ញុំប្រុសទាំងទ្វី រីឯងស្រី។

 

ម្នាក់ទៀតពាន់ឆ្នាំទើបជួបម្ដង

ចាំមិនរំលងប៉ិនសម្ដី

គឺ “គង់ សាវេត” ប្រជាប្រិយ

រស់លើផែនដីនៅឡើយទេ។

 

សូមស្លេះត្រឹមនេះក្រែងគេដេញ

ទ្រលាន់ជូរជ្រេញនាំខ្មាសគេ

តើមានមិត្តផ្សេងណាទំនេរ?

ថ្ងៃហូលីដេយ៍ តេមកលេងផង!!!

១១១១១

បណ្ដាំគ្រូម៉ាឃីតធីង

ថ្ងៃនេះមេរៀនចុងក្រោយ
គ្រូប្រាប់ឲ្យហើយកុំឡើយភ្លេចភ្លាំង
រកស៊ីប្រជែងប្រណាំង
ប្រយុទ្ធតតាំងប្រើធម៌ដាក់មុខ។
រូបមន្ដគ្រូតាក់តែងទុក
សិស្សឆ្លាតបំផុតទាញប្រាក់ចំណេញ
ចង់មានប្រើល្បិចកាច់កិន
ប្រសព្វហើយប៉ិនបូករួមសីលធម៌។
នឹងបានមានឈ្មោះល្បីខ្ទ័រ
អ្នកស្រុកត្រេកអរមូលមីររាប់អាន
មិត្តភាពរីកច្រើនប៉ុន្មាន
រាលដាលស្មើបានលាភមាសលាភប្រាក់។
ថ្ងៃក្រោយខ្ពស់ដោយ យសសក្ដិ
កុំភ្លេចសច្ចៈឥរិយាទៀងត្រង់
ឃើញខុសហ៊ានពត់តម្រង់
កុំនៅបង្អង់អាចបង់ប្រយោជន៍។
អែបអបនាំតែខ្មាសខ្មោច
កេរ្ដិ៍ឈ្មោះអសោចក្លិនស្អុយច្រាសខ្យល់
មនុស្សលោកលាក់ពុតមានកល
គង់ធ្លាយជ្រាបដល់ត្រចៀកអ្នកតា។
អួតអាងច្រើនចាញ់អាត្មា់
គង់មានទេវតាតាមផ្ចាញ់អុកគូទ
ច្នោះហើយពោលពាក្យកុំភូត
ភរច្រើនខូចពូជគេអស់ជំនឿ។
រកស៊ីអ្នកទិញឈប់ជឿ
អស់ឫកអីអឿ
ទើបជឿពាក្យគ្រូ!… “អើ មែន!”
(ចប់ល្បើកបណ្ដាំគ្រូម៉ាឃីតធីង)
———–
លឹម វីរីយ៉ា
សៀមរាប, ថ្ងៃអាទិត្យ ១១រោច ខែកត្ដិក ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស ២០១៥
IMG_1831 + Sam Aun (Ads)

អនុស្សាវរីយ៍ជំនាន់ទី១១

គ្មានអ្វីនឹងថ្លែងចែងរ៉ាយរ៉ាប់
តាមពិតចង់ប្រាប់ស្ដាប់ឲ្យបាន
ស្ដីថាប្រដៅទាំងប៉ុន្មាន
ព្រោះស្នេហ៍ប្រៀបបានដូចប្អូនបង។
 
ហេតុចង់ឲ្យល្អទើបបន្ទោស
សូមកុំទ្រគោះនាំសៅហ្មង
គិតហើយសញ្ជឹងគ្រានេះម្ដង
អាក្រក់ល្អផងត្រូវតែស៊ូ។
 
ចេះពីខំរៀនមានពីខំរក
រស់នៅក្នុងលោកកុំមូទូ
មនុស្សបរាជយ័ប៉ិនរអ៊ូ
អ្នកខំតស៊ូគ្រូឲ្យពរ។
 
ជីវិតនៃមនុស្សដូចឆាកល្ខោន
ទុក្ខធ្ងន់មួយតោនដូចល្ខោនភរ
សំណើចក្អាកក្អាយក្លាយជាផ្គរ
រន្ទះខ្ទារខ្ទ័រ ប្ដូរឥន្ទធនូ។
 
មុនឃ្លាតគ្នាទៅទាំងអាល័យ
សូមនឹកដល់ថ្ងៃសិស្សនិងគ្រូ
មួយឆាកជីវិតមិនដែលធូរ
ភ្លក្សតែរសជូរចត់ដូចស្លែង។
 
សូមជូនពរជយ័ពីចម្ងាយ
សូមសុខសប្បាយឆ្ងាយចំបែង
ជំពប់យសសក្ដិដេញប្រឡែង
ជំពើបតំណែងខ្ពស់ហួសមេឃ។
———-
សៀមរាប, ថ្ងៃអាទិត្យ ១១រោច ខែកត្ដិក ឆ្នាំ មមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស ២០១៥
IMG_1906​ (Ads)

បួងសួងជូនម្ដាយ

បើសិនលោកនេះមានបារមី
ពូកែខ្លាំងក្រៃដូចនិទាន
អាចចម្លងមនុស្សផុតស្រេកឃ្លាន
រស់ក្នុងនិព្វានឋានផុតទុក្ខ។

បើសិនជីវិតពិតមានកម្ម
កូនសុខចិត្តទ្រាំជំនួសមុខ
បួងសួងឧទ្ទិសម្ដាយបានសុខ
ផុតចាកក្ដីទុក្ខរួចគុកកម្ម។

សូមអធិដ្ឋានអស់បារមី
កំពូលខ្លាំងល្បី ចូរចងចាំ
បើម្ដាយខ្ញុំជា ផុតជ្រោះកម្ម
មិនបាច់រង់ចាំ ខ្ញុំសាងផ្នួស។

ដោយ លឹម វីរីយ៉ា

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤

viriya_lim_pray_for_mother

អយនកាលសម័យនៅប្រាសាទអង្គរវត្ត (Equinox in Angkor Wat)

Equinox ប្រែមកថា អយនកាល ដែលមានសេចក្តីប្រែសម្រាយថា ផ្លូវឬគន្លងសុរិយគតិ ដែលមានវេលាថ្ងៃនិងយប់ស្មើគ្នា គឺនៅថ្ងៃទី២១ ឬ ២២ ឬ ២៣ មិនា និង ថ្ងៃទី ២១ ឬ ២២ ឬ ២៣ កញ្ញា ជារៀងរាល់ឆ្នាំ ។

បាតុភូតនេះកើតឡើងដោយសារតែ ដំណើរនៃអក្ស័ផែនដី ទ្រេតចុះមកយ៉ាងទាប ពោលគឺវាស្ថិតនៅក្នុងខ្សែស្របមួយជាមួយនឹងព្រះអាទិត្យ ។ ចំណុចកណ្តាលនៃព្រះអាទិត្យ ស្ថិតនៅក្នុងផ្ទៃតែមួយជាមួយនឹងខ្សែអេក្វាទរ័ផែនដី ។

ក្នុងពេលដំណាលគ្នានេះ រូបភាពដ៏អច្ឆរិយៈមួយនឹងផុសឡើង ក្នុងទឹកដីអង្គរខេត្តសៀមរាប ពោលគឺយើងទាំងអស់គ្នានឹងបានមើលឃើញ ព្រះអាទិត្យរះដ៏ធំមួយបណ្តែតខ្លួនឡើង ពីក្រោយកំពូលកណ្តាលនៃប្រាង្គប្រាសាទអង្គរវត្ត ដែលនេះជាភស្តុ័តាងឆ្លុះបញ្ចាំងឲ្យឃើញថា បុព្វបុរសខ្មែរដែលជាវិស្វករសាងសង់ប្រាសាទអង្គរ មិនមែនចេះត្រឹមតែ វិសយ័សំណង់ និង សិល្បះប៉ុណ្ណោះទេ លោកថែមទាំងយល់ដឹងច្បាស់ពីដំណើរនៃតារាវិថី ក្នុងចក្រវាលនេះទៀតផង ។

ដូច្នេះ អ្នកសាងប្រាសាទអង្គរ គឺជា វិស្វករ ជា ស្ថាបត្យករ ជាសិល្បករ ជាហោរាសាស្រ្ត និងជាតារាវិទូ ផងដែរ។សំណេរមួយនេះ គឺជាការក្រើនរំឭក និងជាការចែករម្លែកចំណេះដឹង ដល់ប្រជាជនកម្ពុជាទាំងអស់ដែលមិនទាន់បានយល់ដឹងអំពីរឿងរ៉ាវទាំងនេះបានទទួលជ្រាប និងចូលរួមក្នុង អយនកាល ដ៏កម្រ និងដ៏អស្ចារ្យក្នុងពិភពលោក នៅថ្ងៃទី ២១, ២២, ២៣ ខែ មិនា ឆ្នាំ ២០១៣ (និងជារៀងរាល់ឆ្នាំ) ។

ចំណែកឯ អយនកាល នាវេលាថ្ងៃទី ២១, ២២, ២៣ ខែកញ្ញាវិញ ជាថេរវេលានៃរដូវវស្សាក្នុងតំបន់ត្រូពិក ប្រទេសកម្ពុជាជាតួយ៉ាង។ ដូច្នេះ អយនកាល ក្នុងខែកញ្ញា ធ្វើឲ្យយើងពិបាកនឹងមើលឃើញទិដ្ឋភាពថ្ងៃរះចំពីលើកំពូលប្រាសាទអង្គរនោះណាស់ ដោយសារតែ មេឃភ្លៀងរលឹម ពពកខ្មៅបាំងបិទ ស្ទើរគ្រប់វេលា ។

ដូចនេះ ឱកាសល្អនៃអ្នកស្រលាញ់វិសយ័ថតរូប គឺមានតែក្នុងខែមិនា តែប៉ុណ្ណោះ ។ ខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវក្នុងការគោរពអញ្ជើញបងប្អូនទាំងអស់គ្នាឡើយ ខ្ញុំគ្រាន់តែជាអ្នកស្រលាញ់វិសយ័ថតរូបម្នាក់ និងជាអ្នកដែលចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរដោយស្មគ្រ័ចិត្ត ដែលចង់ប្រកាសដំណឹងនេះទៅដល់មិត្តទាំងអស់គ្នាដែលមានចំណង់ចំណូលចិត្តដូចជាខ្ញុំដែរ។ ហើយបើសិនជាមាននិស្សយ័យើងនឹងជួបជុំគ្នានាវេលាព្រឹកព្រហាមម៉ោង ៥.៣០ នាទី ក្នុងថ្ងៃណាមួយនៃថ្ងៃទាំង៣នោះជារៀងរាល់ឆ្នាំ។

បញ្ជាក់! ក្នុងចំណោមអច្ឆរិយៈវត្ថុទាំង៧ធំៗក្នុងពិភពលោក មានតែប្រាសាទអង្គរ១គត់ដែលត្រូវបានសាងសង់ឡើង ស្របទៅតាមរូបមន្ត តារាភូគព្ភសាស្រ្ត ដែលសំណង់បុរាណនានាលើផែនដីនេះមិនអាចផ្ទឹមបាន។

សរសេរនៅថ្ងៃទី៥ ខែមីនា គ.ស ២០១៣

equinox_lim_viriya